វិធានការ​របស់​រដ្ឋាភិបាល​ចំពោះ​ពលករ​ដែល​ត្រូវ​ថៃ​ចាប់​បញ្ជូន​មក​វិញ

0:00 / 0:00

មក​ដល់​ពេល​នេះ កម្មករ​ខ្មែរ​ចំនួន​ជាង ១០​ម៉ឺន​នាក់​ហើយ ត្រូវ​បាន​រដ្ឋាភិបាល​យោធា​ថៃ ចាប់​បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា​វិញ។ កម្មករ​ចំណាក​ស្រុក​នេះ​បាន​​ក្លាយ​ជា​បន្ទុក​មួយ​ថ្មី​ទៀត​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​ត្រូវ​ដោះស្រាយ ក្នុង​ចំណោម​បញ្ហា​ប្រឈម​ជាច្រើន​របស់​ប្រជាពលរដ្ឋ​កម្ពុជា។ តើ​បញ្ហា​អ្វី​ខ្លះ​ដែល​អាច​កើត​មាន​​ឡើង​បន្ទាប់​ពី​ពលករ​ខ្មែរ​វិល​ពី​ប្រទេស​ថៃ វិញ​នោះ?

បន្ទាប់ពី​យោធា​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​ឲ្យ​ត្រឡប់​មក​ស្រុក​វិញ​ក្នុង​ទ្រង់ទ្រាយ​ធំ​រួច​មក រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​វិធានការ​បន្ទាន់​មួយ​ចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

វិធានការ​​ដំបូង​តម្រូវ​ឲ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រៀបចំ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​រៀបចំ​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ​នៅ​ក្នុង​ប្រទេស​ឲ្យ​ពលករ​ទាំង​នោះ​បាន​ដឹង។ មួយ​វិញ​ទៀត ក្រសួង​មហាផ្ទៃ ក៏​បាន​ចេញ​បទបញ្ជា​បន្ទាន់​មួយ​ទៅ​គណៈ​បញ្ជាការ​រាជធានី​ខេត្ត​នៅ​ទូទាំង​ប្រទេស ឲ្យ​សហការ​គ្នា​សម្របសម្រួល​ដឹក​ជញ្ជូន និង​ធានា​សុវត្ថិភាព​សណ្ដាប់ធ្នាប់​​ឲ្យ​ពលករ​ទៀត​ផង។

មន្ត្រី​សង្គម​ស៊ីវិល​ស្វាគមន៍​វិធានការ​របស់​ក្រសួង​មហាផ្ទៃ តែ​ចាត់​ទុក​ថា វិធានការ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មិន​សូវ​មាន​ប្រសិទ្ធភាព​ឡើយ។

នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម កម្ពុជា (CARAM Cambodia) លោក យ៉ា ណាវុធ ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ត្រូវ​បង្ខំចិត្ត​ធ្វើ​ចំណាក​ស្រុក​ដោយសារ​ពួកគាត់​រក​ការងារ​ធ្វើ​បាន​នៅ​ក្នុង​ស្រុក ផលិតផល​កសិកម្ម​មាន​តម្លៃ​ថោក កង្វះខាត​ដី​ធ្វើ​កសិកម្ម​ជាដើម។ លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​រៀបចំ​ជាបន្ទាន់​នូវ​ផែនការ​រយៈពេល​ខ្លី មាន​ចំណុច​ស្នូល​គឺ​រក​ការងារ​ឲ្យ​ធ្វើ​ហើយ​អាច​រស់​បាន។

ម្យ៉ាង​ទៀត​ភាគី​រដ្ឋ​ក៏​ត្រូវ​រៀបចំ​ផែនការ​រយៈពេល​វែង ដូចជា​ការ​បណ្ដុះបណ្ដាល​ជំនាញ​ឯកទេស ការ​ស្ថាបនា​ប្រព័ន្ធ​ធារាសាស្ត្រ ការ​អភិវឌ្ឍ​វិស័យ​កសិឧស្សាហកម្ម វិស័យ​ឧស្សាហកម្ម វិស័យ​ទេសចរណ៍ និង​វិស័យ​សក្ដានុពល​ដទៃ​ទៀត។

លោក​បញ្ជាក់​ថា ពលករ​ខ្មែរ​នឹង​នៅ​តែ​រងគ្រោះ​បើ​សិន​ជា​រដ្ឋាភិបាល​មិន​បាន​គិតគូរ​នោះ៖ «គោលនយោបាយ​ទឹក បច្ចេកទេស​ជី រក​ទីផ្សារ ច្នៃ​ផលិតផល​កសិកម្ម​ហ្នឹង អា​ហ្នឹង​បើ​យើង​ធ្វើ​បាន​វា​ជា​សក្ដានុពល​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា​យើង។ មួយ​វិញ​ទៀត ដូច​ជា​រ៉ែ​អ៊ីចឹង បើ​យើង​មិន​ចេះ​គ្រប់គ្រង​នឹង​នាំ​មក​នូវ​បញ្ហា ហើយ​ថ្ងៃ​ក្រោយ​យើង​នឹង​មាន​បញ្ហា»

ចំណែក​ឯ​មន្ត្រី​ក្រសួង​ការងារ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មក​ទល់​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មិថុនា នេះ មាន​សាច់​ញាតិ​ពលករ​ប្រមាណ​រាប់​រយ​នាក់​ហើយ ដែល​បាន​ទូរស័ព្ទ​ទៅ​សួរ​នាំ​ពី​ឱកាស​ការងារ​ដែល​ក្រសួង​រៀបចំ​ជូន​ពលរដ្ឋ។ ការងារ​ដែល​ក្រសួង​រៀបចំ​ជូន​រួម​មាន​ការងារ​ផ្នែក​សំណង់ ការងារ​នៅ​រោងចក្រ ការងារ​ជា​កម្មករ​តាម​ចម្ការ​កៅស៊ូ ចម្ការ​ដំឡូង និង​ជំនាញ​បច្ចេកទេស​ដទៃ​ទៀត។ ប្រាក់ខែ​ដែល​ទទួល​បាន គឺ​ផ្អែកលើ​ការ​ចរចា​រវាង​កម្មករ និង​ថៅកែ​ក្រុមហ៊ុន។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា វិធានការ​របស់​រដ្ឋាភិបាល​ប៉ុណ្ណេះ មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ។ ប្រការ​ដែល​ចាំបាច់​បំផុត​ត្រូវ​គិត​ថា ពេល​ដែល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ តើ​ពលករ​ទាំង​នោះ​នឹង​ចិញ្ចឹម​ជីវិត​ដោយ​វិធី​ណា? លោក​បន្ត​ថា គោលនយោបាយ​សំខាន់ៗ ដូចជា​គោល​នយោបាយ​កំណត់​ប្រាក់ខែ​គោល​តិច​បំផុត គោលនយោបាយ​ផ្ដល់​ការងារ​ធ្វើ​តាម​រយៈ​ក្រុមហ៊ុន ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​គួរ​តែ​ត្រូវ​អនុវត្ត។

​មន្ត្រី​សង្គម​ស៊ីវិល​ព្យាករ​ថា រក​ឃើញ​ថា​ពលរដ្ឋ​នឹង​ប្រឈម​នឹង​បញ្ហា​ដូចជា​ខ្វះ​អាហារូបត្ថម្ភ បាត់បង់​លុយ​កាក់​ដែល​ខំ​រក​បាន​ពី​ប្រទេស​ថៃ ងាយ​ធ្លាក់​ខ្លួន​ប្រព្រឹត្តិ​បទល្មើស​ផ្សេងៗ ដើម្បី​ក្រពះ​ប្រឈម​នឹង​ការ​បាត់បង់​ដីស្រែ​ផ្ទះសំបែង ដើម្បី​សង​បំណុល​គេ ចំពោះ​ស្ត្រី​អាច​ឈាន​ទៅ​ប្រកប​របរ​រកស៊ី​ផ្លូវ​ភេទ​ជាដើម។

របាយការណ៍​ក្រៅ​ផ្លូវការ​បង្ហាញ​ថា ពលករ​ចំណាក​ស្រុក​កម្ពុជា ដែល​ទៅ​ធ្វើ​ការងារ​ខុស​ច្បាប់​នៅ​បរទេស​មាន​ប្រមាណ​ជាង ៤​សែន​នាក់។ នៅ​កម្ពុជា មាន​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រដ្ឋ​ចំនួន ៣៨​កន្លែង​នៅ​គ្រប់​ខេត្ត​ក្រុង​ទូទាំង​ប្រទេស ប៉ុន្តែ​កម្មករ​ពលរដ្ឋ​ភាគ​ច្រើន​លើសលប់​មិន​បាន​ដឹង​ពី​សេវា​នៃ​មជ្ឈមណ្ឌល​ទាំង​នោះ​ឡើយ។ កម្មករ​ចំណាកស្រុក​ខ្មែរ​អាច​រក​បាន​ចំណូល​ពី ២០០ ទៅ ៣០០​បាត ឬ​ពី​ជាង​ពីរ​ម៉ឺន​រៀល ក្នុង​១​ថ្ងៃៗ បើ​ធៀប​នឹង​កម្មករ​នៅ​ស្រុក​ខ្មែរ​ដែល​បាន​ប្រាក់​ចំណូល​ពី ១​ម៉ឺន ទៅ ១​ម៉ឺន ៥​ពាន់​រៀល​ក្នុង​១​ថ្ងៃៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។