ដៃគូ​ជំនួញ​សែស្រឡាយ​រាជវង្ស​ខ្មែរ​ម្នាក់​ដែល​ដេញថ្លៃ​ទិញ​យក​ក្លឹប​បាល់ទាត់​បារាំង ជាប់ពាក់ព័ន្ធ​នឹង​ករណី «សូកប៉ាន់» អតីត​មេ FIFA

រាជវង្សានុវង្ស​ខ្មែរ បាន​ធ្វើឱ្យ​ភ្ញាក់ផ្អើល​នៅ​ប្រទេស​បារាំង​ជាមួយនឹង​ព័ត៌មាន​ដែលថា ព្រះអង្គម្ចាស់​នរោត្តម រ៉ាវីចក្រ បាន​ដាក់​សំណើ​ដេញថ្លៃ​ទិញ​យក​ក្លឹបបាល់ទាត់​បារាំង​ល្បីមួយ​ឈ្មោះ សាំង-អេទ្យែន(Saint-Étienne) ក្នុងតម្លៃ ១០០ លាន​អឺរ៉ូ (ស្មើនឹង​ប្រមាណ ១១៧ លាន​ដុល្លារ)។ យ៉ាងណាក៏ដោយ វិទ្យុអាស៊ីសេរី អាច​លាតត្រដាង​បានថា សំណើ​ដេញថ្លៃ​នេះ អាច​នឹង​ត្រូវ​បង្អាក់​ទៅវិញ​ដោយសារ​ដៃគូ​អាជីវកម្ម​របស់​ព្រះអង្គម្ចាស់​រូបនេះ​នៅ​ភ្នំពេញ និង​នៅ​ទីក្រុងប៉ារីស បាន​ជាប់ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​​ពី​ការប្រព្រឹត្ត​អំពើសូកប៉ាន់​ដល់​មន្ត្រីជាន់ខ្ពស់​នៃ​​ស្ថាប័ន​គ្រប់គ្រង​កីឡា​បាល់ទាត់​អន្តរជាតិ ហៅកាត់ថា ហ្វីហ្វា (FIFA)។

ព្រះអង្គម្ចាស់ រ៉ាវីចក្រ គឺជា​ព្រះភាគិនេយ្យ (ក្មួយ​ប្រុស​បង្កើត) របស់​ព្រះមហាក្សត្រ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី។ ព្រះអង្គ​ត្រូវបាន​គេ​ស្គាល់​ជា​សាធារណៈ​ថា ជា​ពាណិជ្ជករ និង​ជា​សប្បុរសជន​ម្នាក់។ អ្នកផ្សាយ​ព័ត៌មាន​ឱ្យ​ទូរទស្សន៍​បារាំង ហ្វ្រង់២៤ (France24) បាន​រាយការណ៍​កាលពី​ថ្ងៃទី ២១ ខែកញ្ញា ថា បណ្ដាញ​ជំនួញ​របស់​ព្រះអង្គម្ចាស់​រូបនេះ មាននៅ​ទ្វីបអឺរ៉ុប តំបន់​មជ្ឈិមបូព៌ា និង​នៅ​ប្រទេស​ចិន ដោយ​រួមមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សហគ្រាស​រដ្ឋ និង​មូលនិធិ​វិនិយោគ​ជាច្រើន​ផង។

កាលពី​ឆ្នាំ២០១៥ ព្រះអង្គម្ចាស់ រ៉ាវីចក្រ បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​ក្រុមហ៊ុន​មួយ​ឈ្មោះ ខេមបូឌា ខនសាល់ធីង គ្រូប (Cambodia Consulting Group) នៅ​ក្រសួង​ពាណិជ្ជកម្ម ជាមួយនឹង​ព្រះរាម​របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ នរោត្តម ណារិទ្ធីពង្ស់ និង​ជនជាតិ​បារាំង​រស់នៅ​ប្រទេសកាតា (Qatar) ពីរនាក់​ទៀត គឺ​លោក អាមេដ បេសឺឌីក (Ahmed Bessedik) និង​លោក អាប់ដែលកាដឺរ បេសឺឌីក (Abdelkader Bessedik) ដែល​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា។ មួយឆ្នាំ​ក្រោយមក ព្រះអង្គម្ចាស់ រ៉ាវីចក្រ និង​លោក អាមេដ បេសឺឌីក បាន​បើក​ហាងមួយ​នៅទីក្រុង​ប៉ារីស (Paris) ជាមួយ​នឹង​ក្រុមហ៊ុន​មួយទៀត​ឈ្មោះ បេ&អ៊ិន កុង្សីយ៍ អេដ៍ ស្ត្រាតេហ្ស៊ី (B&N Conseil et Stratégie) ដែល​ទំនងជា​ឈ្មោះ​អក្សរកាត់​នៃ​នាមត្រកូល​របស់​ដៃគូ​អាជីវកម្ម​នៃ​ក្រុមហ៊ុន​នេះ។

កំណត់ត្រា​ពាណិជ្ជកម្ម​នៅ​ប្រទេស​បារាំង និង​នៅ​កម្ពុជា បញ្ជាក់ថា បងប្អូនប្រុស​ត្រកូល បេសឺឌីក ទាំងពីររូប​នេះ គឺជា​សហកម្មសិទ្ធិករ​តែមួយគត់​នៃ​ក្រុមហ៊ុន​របស់​ព្រះអង្គម្ចាស់ រ៉ាវីចក្រ ដែល​មិនមែន​ជា​សមាជិក​នៃ​សែស្រឡាយ​រាជវង្ស​ខ្មែរ។ គេអាច​យល់បាន​ថា ទំនាក់ទំនង​នេះ​គឺជា​ទំនាក់ទំនង​ជិតស្និទ្ធ​មួយ។

ចំណង​ទាក់ទង​ឆ្លងដែន​របស់​ព្រះអង្គម្ចាស់​រូបនេះ​ជាមួយនឹង​បងប្អូនប្រុស​ត្រកូល បេសឺឌីក អាច​មាន​បញ្ហា​ដោយសារតែ​ការប៉ុនប៉ង​របស់​ព្រះអង្គ​ក្នុងការ​ទិញ​យក​ក្លឹបបាល់ទាត់ សាំង-អេទ្យែន ដែល​ជា​ក្លឹបបាល់ទាត់​ដ៏​ល្បីឈ្មោះ​មួយ​នៅ​ប្រទេសបារាំង។ ក្លឹបបាល់ទាត់ សាំង-អេទ្យែន នេះ មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​នៅ​ប្រទេសបារាំង​កាលពី​អំឡុង​ទសវត្ស​ទី ៦០ និង ៧០ ដែល​នៅពេលនោះ​​ក្លឹប​នេះ​ល្បីឈ្មោះ​ខ្លាំង​ក្នុងចំណោម​កីឡាករ​បាល់ទាត់​បារាំង។ ក្លឹបបាល់ទាត់​នេះ​បន្ត​លេង​ក្នុងក្របខណ្ឌ លីគ ទី១ (Ligue 1) ដែល​ជា​លីគ​បាល់ទាត់​កំពូល​របស់​ប្រទេសបារាំង ហើយ​ក៏មាន​តារា​បាល់ទាត់​លំដាប់​អន្តរជាតិ​ដ៏​លេចធ្លោ​ជាច្រើននាក់​លេង​ឱ្យ​ក្រុម​របស់​ខ្លួន​ផងដែរ។

វិទ្យុអាស៊ីសេរី បាន​ស្រាវជ្រាវ និង​រកឃើញថា ក្នុងអំឡុងពេល​ដែល​ក្រុមហ៊ុន ខេមបូឌា ខនសាល់ធីង គ្រូប និង​ក្រុមហ៊ុន បេ&អ៊ិន កុង្សីយ៍ អេដ៍ ស្ត្រាតេហ្ស៊ី ត្រូវបាន​បង្កើតឡើង បងប្អូនប្រុស​ត្រកូល បេសឺឌីក បាន​ជាប់ឈ្មោះ​នៅក្នុង​ការស៊ើបអង្កេត​មួយ​ពាក់ព័ន្ធនឹង​ការប្រព្រឹត្ត​អំពើពុករលួយ។ ការស៊ើបអង្កេត​នេះ ធ្វើឡើង​ដោយ​ស្ថាប័ន​អនុវត្ត​ច្បាប់​របស់​ប្រទេសស្វីស (Switzerland) ទៅលើ​មហាសេដ្ឋី​ជនជាតិ​កាតា​ម្នាក់​ឈ្មោះ ណាសឺរ អាល់ ខេឡៃហ្វី (Nasser Al Khelaifi)។ លោក ណាសឺរ អាល់ ខេឡៃហ្វី គឺជា​ប្រធាន​ក្លឹបបាល់ទាត់ ប៉ារីស សាំង-ហ្សឺម៉ាន់ (Paris Saint-Germain) ដែល​ជាក្លឹបបាល់ទាត់​ល្បីឈ្មោះ​មួយទៀត​របស់​បារាំង។ ក្លឹបនេះ​ត្រូវបាន​មូលនិធិ​វិនិយោគ​ដោយ​រដ្ឋាភិបាល​របស់​ប្រទេស​កាតា (Qatar) ទិញ​យក​កាលពី​ឆ្នាំ២០១១។

ការស៊ើបអង្កេត​នេះ ពិនិត្យមើល​លើ​ការចោទប្រកាន់​នានា​ដែលថា អតីត​អគ្គលេខាធិការ FIFA លោក ហ្សេរ៉ូម វ៉ាល់ខេ (Jerome Valcke) បាន​ទទួលយក​សំណូក​ពី​លោក ណាសឺរ អាល់ ខេឡៃហ្វី ជាថ្នូរនឹង​​ការប្រគល់​សិទ្ធិផ្សព្វផ្សាយ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ២០២៦ និង​ឆ្នាំ២០៣០។ ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ២០២៦ នឹង​ប្រព្រឹត្តទៅ​នៅ​សហរដ្ឋអាមេរិក (U.S.) កាណាដា (Canada) និង​ប្រទេស​ម៉ិកស៊ីកូ (Mexico)។ ទីកន្លែង​សម្រាប់​ប្រារព្ធ​កីឡា​បាល់ទាត់​ពិភពលោក​ឆ្នាំ២០៣០ នៅ​មិនទាន់​ប្រកាស​ឱ្យ​ដឹង​នៅឡើយទេ។

រឿងរ៉ាវ​សូកប៉ាន់​ដែល​រងនូវ​ការចោទប្រកាន់​នេះ បាន​កើតមាន​ឡើង​ក្នុង​ទម្រង់​នៃ​ការប្រើប្រាស់​ផ្តាច់មុខ​នៃ​វិមានមួយ​នៅលើ​កោះ សារឌីនីញ៉ា (Sardinia) នៅ​សមុទ្រមេឌីទែរ៉ាណេ (Mediterranean Sea) រយៈពេល ១៨ ខែ ដែល​ជួយ​ឱ្យ​លោក ហ្សេរ៉ូម វ៉ាល់ខេ អាច​សន្សំ​ប្រាក់​បាន​ប្រមាណ ១,៨ លានអឺរ៉ូ (ស្មើនឹង​ប្រមាណ ២,១ លាន​ដុល្លារ) តាមរយៈ​ការជួល​វិមាន​នោះ។ រដ្ឋអាជ្ញា បាន​ចោទប្រកាន់​លោក ហ្សេរ៉ូម វ៉ាល់ខេ ថា​បាន​ផ្តល់ឱ្យ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​​ឈ្មោះ បែលន៍ មីឌា គ្រូប (Beln media group) របស់​លោក ណាសឺរ អាល់ ខេឡៃហ្វី (ដែល​លោក អាមេដ បេសឺឌីក ធ្លាប់​ធ្វើ​ជា​នាយក​ជាន់ខ្ពស់​មួយរូប) នូវ​ការអនុគ្រោះ​តាមរយៈ​ការផ្តល់ឱ្យ​​នូវ​សិទ្ធិ​ផ្សាយ​បាល់ទាត់​ពិភពលោក។

ទាំងលោក ហ្សេរ៉ូម វ៉ាល់ខេ និង​លោក ណាសឺរ អាល់ ខេឡៃហ្វី ជារឿយៗ​តែង​បដិសេធ​ថា​បាន​ប្រព្រឹត្ត​ខុស​ពាក់ព័ន្ធ​នឹង​ករណីនេះ។ នៅ​ខែតុលា ឆ្នាំ២០២០ តុលាការ​ប្រទេសស្វីស បាន​រកឃើញថា បុគ្គល​ទាំងពីររូបនេះ មិន​បាន​ប្រព្រឹត្ត​ខុស​ពាក់ព័ន្ធនឹង​បទឧក្រិដ្ឋ​ទាក់ទងនឹង​ការជួល​វិមាន​នេះឡើយ។ ក៏ប៉ុន្តែ រដ្ឋអាជ្ញា​នៃ​ប្រទេសស្វីស ប្តេជ្ញា​ប្តឹងទាស់​ទៅ​សាលាឧទ្ធរណ៍​បន្តទៀត។ យ៉ាងណាក៏ដោយ តុលាការ​ដដែល​នេះ​ក៏បាន​រកឃើញ​ដែរថា ដៃគូ​ជំនួញ​ទាំងពីរ​រូបនេះ​បាន​ចុះ​កិច្ចព្រមព្រៀង «ដែល​មានលក្ខណៈ​ជាការរៀបចំ​តាម​បែប​ពុករលួយ» ទាក់ទង​នឹង​រឿងរ៉ាវ​ជួល​វិមាន និង​រឿងរ៉ាវ​ដែលថា ពួកគេ​បាន «អនុវត្ត​នូវ​ទង្វើ​បែប​មិន​យុត្តិធម៌ និង​មិន​ស្របច្បាប់»។

យោងតាម​សាលក្រម​ជា​លាយលក្ខណ៍​អក្សរ​ដែល​វិទ្យុអាស៊ីសេរី បាន​ឃើញ តុលាការ​បាន​រកឃើញ​ថា កាលពី​ខែធ្នូ ឆ្នាំ២០១៣ លោក ណាសឺរ អាល់ ខេឡៃហ្វី បាន​ទិញ​វិមាន​នេះ​តាមរយៈ​ក្រុមហ៊ុន​សញ្ជាតិ​កាតា​មួយ ដែល​ក្នុងនោះ​លោក ណាសឺរ អាល់ ខេឡៃហ្វី និង​លោក អាប់ដែលកាដឺរ បេសឺឌីក គឺជា​ម្ចាស់ភាគហ៊ុន​របស់​ក្រុមហ៊ុន​មួយ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​សេចក្ដីរាយការណ៍​ព័ត៌មាន​នានា​ថាជា ក្រុមហ៊ុន​ឈ្មោះ ហ្គោលឌិន ហូម រៀល អេស្តេដ (Golden Home Real Estate)។ យោងតាម​សាលក្រម​ដដែល លោក ណាសឺរ អាល់ ខេឡៃហ្វី បាន​ធ្វើដូច្នេះ​ផ្អែកតាម​សំណើ​របស់​លោក ហេ្សរ៉ូម វ៉ាល់ខេ ដែល​បាន​ទម្លាក់​លុយ​ចំនួន ៥ សែនអឺរ៉ូ (ស្មើនឹង​ប្រមាណ ៥៨៧.០០០ ដុល្លារ) ជា​ប្រាក់កក់​ដើម្បី​ទិញ​អចលនទ្រព្យ​នោះ​កាលពី​ដើម​ឆ្នាំ២០១៣។ ប៉ុន្តែ ក្រោយមក លោក ហ្សេរ៉ូម វ៉ាល់ខេ ពុំ​មាន​មធ្យោបាយ​ដើម្បី​រកលុយ​យកទៅ​បង្គ្រប់​ការទិញដូរ​វិមាន​នេះ​បានទេ។ លោក ហ្សេរ៉ូម វ៉ាល់ខេ អាចទិញ​វិមាន​​នេះបាន​លុះត្រាតែ​លោក​បង់លុយ​បង្គ្រប់​ឱ្យបាន​ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ បើពុំនោះទេ លោក​នឹង​ត្រូវ​បាត់បង់​នូវ​ប្រាក់កក់​ដ៏ច្រើន​នេះ។

តុលាការ​បាន​រកឃើញ​ថា ជាថ្នូរនឹង​ការជួយ​នេះ ហើយនឹង​ការប្រើប្រាស់​វិមាន​នេះ​ដោយមិន​ចាំបាច់​បង់ថ្លៃជួល លោក ហេ្សរ៉ូម វ៉ាល់ខេ «បាន​យល់ព្រម​ឱ្យ​លោក ណាសឺរ អាល់ ខេឡៃហ្វី ប្រើប្រាស់​ឆន្ទានុសិទ្ធិ​របស់​លោក» ក្នុងនាមជា​អគ្គលេខា​របស់ FIFA ដើម្បី «ផ្សព្វផ្សាយ និង គាំទ្រ​បេក្ខភាព» របស់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ បែលន៍ មីឌា គ្រូប ក្នុងការទទួលបាន​នូវ​សិទ្ធិ​ផ្សព្វផ្សាយ​បាល់ទាត់​ពិភពលោក។

សេចក្ដីរាយការណ៍​ព័ត៌មាន​នានា​ពណ៌នា​លោក អាប់ដែលកាដឺរ បេសឺឌីក ថា​គឺជា​មិត្ត​ភក្តិ​ជិតស្និទ្ធ​របស់​លោក ណាសឺរ អាល់ ខេឡៃហ្វី។ លោក ណាសឺរ អាល់ ខេឡៃហ្វី រង​ការចោទ​ប្រកាន់​ថា បាន​ដើរតួនាទី​ដ៏​សំខាន់​មួយ​នៅក្នុង​ប្រតិបត្តិការ​ទិញដូរ​វិមាន​នេះ។ តុលាការ​បាន​រកឃើញថា នៅ​ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ លោក ណាសឺរ អាល់ ខេឡៃហ្វី បាន​ដាក់បញ្ចូល​ក្រុមហ៊ុន​សញ្ជាតិ​កាតា​មួយ «ឱ្យ​ក្លាយ​ជា​ក្រុមហ៊ុន​តែមួយគត់​សម្រាប់​ការទិញដូរ» វិមាន​នេះ។ បីថ្ងៃ​ក្រោយមកទៀត លោក ណាសឺរ អាល់ ខេឡៃហ្វី បាន​ផ្តល់​ឱ្យ​លោក អាប់ដែលកាដឺរ បេសឺឌីក នូវ​លិខិតផ្ទេរសិទ្ធិ​កាន់កាប់​ក្រុមហ៊ុន​សញ្ជាតិកាតា​នេះ។ នៅពេល​ដែល​ប្រតិបត្តិការ​ទិញលក់​វិមាន​នេះ​បាន​បញ្ចប់​នៅ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ គឺលោក អាប់ដែលកាដឺរ បេសឺឌីក នេះហើយ​ដែលជា​អ្នកចុះ​ហត្ថលេខា​តាងនាម​ឱ្យ​ក្រុមហ៊ុន​សញ្ជាតិ​កាតា​នោះ។

លោក ណាសឺរ អាល់ ខេឡៃហ្វី និង​លោក អាប់ដែលកាដឺរ បេសឺឌីក បាន​អះអាង​នៅក្នុង​សេចក្ដីថ្លែងការណ៍​បញ្ជាក់​ប្រាប់​តុលាការ​ថា តាមពិតទៅ លោក អាប់ដែលកាដឺរ បេសឺឌីក គឺជា​អ្នក​ដែល​មាន​បំណង​ចង់​ទិញ​វិមាន​នេះ។ ក៏ប៉ុន្តែ តុលាការ​បាន​សន្និដ្ឋាន​ថា លោក ណាសឺរ អាល់ ខេឡៃហ្វី គឺជា​មនុស្ស​ពិតប្រាកដ​ដែល​បាន​រៀបចំ​ចាត់ចែង​នៅពីក្រោយការ​ទិញដូរ​នេះ។

ព័ត៌មាន​ដែលថា​ក្លឹបបាល់ទាត់ សាំង-អេទ្យែន អាចនឹង​ត្រូវ​ក្លាយជា​កម្មសិទ្ធិ​ក្នុងពេល​ឆាប់ៗនេះ​របស់​នរណាម្នាក់​ដែល​មានចំណង​អាជីវកម្ម​យ៉ាងជ្រាលជ្រៅ​ជាមួយនឹង​បុគ្គល​ដែល​រងការចោទប្រកាន់​ថាបាន​ដើរតួនាទី​នៅក្នុងការ​សូកប៉ាន់​មន្ត្រី​ជាន់ខ្ពស់​របស់ FIFA ច្បាស់ណាស់ថា នឹងធ្វើឱ្យ​ក្រុមអ្នកគាំទ្រ​ក្លឹបនេះ​មិន​សប្បាយចិត្ត។ ទោះជា​យ៉ាងណា​ក៏ដោយ ការមិនពេញចិត្ត​របស់​ក្រុមអ្នកគាំទ្រ​ទាំងនេះ ប្រហែលជា​មិនគ្រប់គ្រាន់​ដើម្បី​អាច​រារាំង​មិនឱ្យ​ការទិញដូរ​នេះ​សម្រេចទៅបាន​ឡើយ ប្រសិនបើ​អ្នកគ្រប់គ្រង​ក្លឹបនេះ​សម្រេចថា សំណើ​ដេញថ្លៃ​របស់​ព្រះអង្គម្ចាស់​រូបនេះ គឺជា​សំណើ​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​នោះ។

ព្រះអង្គម្ចាស់ រ៉ាវីចក្រ គឺជា​ព្រះរាជបុត្រ​របស់​ព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស់ ដែល​ជា​ព្រះរាម​​​មាតា​ទីទៃ​របស់​ព្រះមហាក្សត្រ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី។ ព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស់ ធ្លាប់ជា​សមាជិក​គណបក្ស​កាន់អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក៏ប៉ុន្តែ ក្រោយមក ព្រះអង្គ​បាន​ធ្លាក់ចេញ​ពី​តំណែង​ថ្នាក់ដឹកនាំ​ក្នុង​គណបក្ស​នេះ ហើយ​បាន​បង្ខំចិត្ត​​ភៀស​ព្រះកាយ​ចេញពី​ប្រទេស​ក្នុងអំឡុងពេល​ព្រឹត្តិការណ៍​រដ្ឋប្រហារ​បង្ហូរ​ឈាម​ថ្ងៃទី០៥-០៦ ខែកក្កដា ឆ្នាំ១៩៩៧។ ក្រោយមក ព្រះអង្គ​បាន​យាង​ត្រលប់​ចូល​កម្ពុជា​វិញ ហើយ​ឈប់​ធ្វើ​នយោបាយ។

ប្រធាន​ក្លឹបបាល់ទាត់ សាំង-អេទ្យែន លោក ប៊ែរណាដ៍ កៃហ្សូ (Bernard Caiazzo) បាន​បដិសេធ​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុអាស៊ីសេរី ដោយ​លើកឡើង​ពី​កិច្ចព្រមព្រៀង​មិន​បញ្ចេញ​ព័ត៌មាន ដែល​ត្រូវបាន​ចុះ​ហត្ថលេខា​រវាង​ក្លឹបបាល់ទាត់​នេះ ជាមួយនឹង​គ្រប់ភាគី​ដែល​បាន​ចូលរួម​ដាក់ពាក្យ​ដេញថ្លៃ​ទាំងអស់។

ក្រុមហ៊ុន ខេមបូឌា ខនសាល់ធីង គ្រូប ព្រះអង្គម្ចាស់ រ៉ាវីចក្រ និង​តំណាង​របស់​ទ្រង់ មិន​បាន​ឆ្លើយតប​ទៅនឹង​សំណើ​សុំ​អត្ថាធិប្បាយ​លម្អិត​ជុំវិញ​រឿងនេះ​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។