សកម្មជនគណបក្សសង្គ្រោះជាតិថ្កោលទោស អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ដែលបានចេញសារគាំទ្រ និងកោតសរសើរដល់ការធ្វើទុក្ខបុកម្នេញលើអ្នកគាំទ្រគណបក្សប្រឆាំង។ ពួកគាត់ថា នេះជាសារផ្គាប់ចិត្តលោក ហ៊ុន សែន ដើម្បីឱ្យបានបន្តអំណាចរបស់ខ្លួនប៉ុណ្ណោះ។ ចំណែកអ្នកវិភាគយល់ថា នេះជាសារគ្មានប្រយោជន៍ដល់ជាតិ និងជាសារធ្វើឱ្យខ្មែរបែកបាក់គ្នា។
ប្រធានយុវជនគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ ដែលភៀសខ្លួននៅក្រៅប្រទេស លោក ឃឹន រឿន ឱ្យអាស៊ីសេរីដឹងនៅរសៀលថ្ងៃទី៣១ ធ្នូ ថា អគ្គស្នងការនគរបាលជាតិ គឺលោក នេត សាវឿន គួរតែផ្ញើសារជូនពរដែលមានប្រយោជន៍ដល់សង្គម ពីព្រោះលោកទទួលប្រាក់ខែពីប្រជាពលរដ្ឋដែលបានបង់ពន្ធជូនរដ្ឋ។ សកម្មជនបក្សប្រឆាំងរូបនេះបញ្ជាក់ថា មូលហេតុដែលពួកគេភៀសខ្លួនដោយសាររដ្ឋាភិបាលឯកបក្សបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា គឺពុំមែនជាជនក្បត់ជាតិដូចការចោទប្រកាន់របស់មេប៉ូលិសខ្មែរនោះទេ៖ «ហើយសារនេះជាសារតម្រូវចិត្តលោក ហ៊ុន សែន ដែលថាការទប់ស្កាត់សកម្មជនបក្សប្រឆាំងថា ជាយុទ្ធសាស្ត្ររបស់លោកហ៊ុន សែន តែផ្ទុយទៅវិញរបបក្រុងភ្នំពេញធ្វើបាបពលរដ្ឋរបៀបណារំលោភយកដីនិងឈូសឆាយផ្ទះពលរដ្ឋ។ក្នុងនោះមិនមែនជាក្រុមហ៊ុនបរទេសទេ សុទ្ធតែជាមន្ត្រីគ្រាក់ៗនិងឧកញ៉ាចំនួនដែលរំលោភយកដីប្រជាពលរដ្ឋ។ អីចឹងហើយសួរថា ប្រជាពលរដ្ឋហ្នឹងបានសុខសប្បាយសន្តិភាពពេញលេញដូចការផ្ញើសារហ្នឹងដែរទេ ?»។
ចំណែក មន្ត្រីគណបក្សសង្គ្រោះជាតិប្រចាំនៅខេត្តបាត់ដំបងដែលភៀសខ្លួននៅប្រទេសថៃ លោក សួន ចំរើន ថ្លែងថា លិខិតជូនពរចុងឆ្នាំរបស់លោក នេត សាវឿន នេះ មិនឆ្លុះបញ្ចាំងការពិតនៅក្នុងប្រទេសឡើយ ហើយសារនេះកាន់តែធ្វើលោកឈឺចាប់។ លោកបញ្ជាក់ថា ពួកលោកជាមនុស្សស្លូតត្រង់ ធ្វើការដើម្បីជាតិពិតប្រាកដ ដែលខុសពីក្រុមរបស់លោក ហ៊ុន សែន ដែលលោកហៅថា ជាអ្នកក្បត់ជាតិ ព្រោះបានបំផ្លាញព្រៃឈើ ប្រព្រឹត្តអំពើពុករលួយ ចាប់មនុស្សដាក់គុកដោយអយុត្តិធម៌ និងសម្លាប់ប្រជាធិបតេយ្យដើម្បីបានគ្រប់គ្រងអំណាចជាដើម៖ «ជោគជ័យដែលគាត់បានកម្ទេចក្រុមបក្សប្រឆាំងហ្នឹងគឺជារឿងអាម៉ាស់បំផុត របស់អគ្គស្នងការនគរបាលជាតិដែលប្រកាសកម្ទេចពលរដ្ឋខ្លួនឯង ដែលពួកគាត់ជាអ្នកស្រលាញ់ប្រជាធិបតេយ្យស្រលាញ់សិទ្ធិ សេរីភាពនិងជាអ្នកចង់សង្គ្រោះជាតិ ពីកណ្ដាប់ដៃជនផ្ដាច់ការ។ នៅស្រុកខ្មែរគឺអីចឹងអ្នកដែលចេះឈឺឆ្អាលរឿងជាតិ មិនត្រូវបានគេឱ្យតម្លៃទេ ប៉ុន្តែអ្នកដែលកម្ទេចអ្នកចេះស្រលាញ់ជាតិ អ្នកដែលចេះផ្គាប់ចិត្តលោក ហ៊ុន សែន តែងតែធ្វើអ្វីបានតាមអំពើចិត្ត»។
ប្រតិកម្មរបស់សកម្មជនគណបក្សប្រឆាំងនេះ បន្ទាប់ពីមេប៉ូលិសកម្ពុជាបានកោតសរសើរសមត្ថកិច្ច ដែលបានបង្ក្រាបក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិកាលពីពេលកន្លងទៅ។ លោក នេត សាវឿន បានលើកឡើងនៅក្នុងលិខិតជូនពរឆ្លងឆ្នាំចាស់ ផ្លាស់ឆ្នាំថ្មីនៅថ្ងៃទី៣១ ធ្នូថា រយៈពេលកន្លងទៅ កងកម្លាំងនគរបាលជាតិ បានខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាចំពោះគម្រោងធ្វើរដ្ឋប្រហារ និងផែនការធ្វើបដិវត្តពណ៌របស់សកម្មជនបក្សប្រឆាំង ដែលចង់ទម្លាក់រដ្ឋាភិបាលពីអំណាច។ មេប៉ូលិសរូបនេះបានហៅ សកម្មជនបក្សប្រឆាំងដែលភៀសខ្លួននៅក្រៅប្រទេសថា ជាក្រុមឧទ្ទាមក្បត់ជាតិ ដែលប៉ុនប៉ងបង្កអសន្តិសុខដើម្បីធ្វើឱ្យកម្ពុជា ធ្លាក់ចូលក្នុងភាពចលាចល។ ទន្ទឹមនឹងការចោទបក្សប្រឆាំងបែបនេះ លោក នេត សាវឿន បានហៅលោក ហ៊ុន សែន ថា ជាមេដឹកនាំក្លាហាន ស្រលាញ់សន្តិភាព និងស្មោះស្ម័គ្រចំពោះជាតិ សាសនា និងព្រះមហាក្សត្រ។

ផ្ទុយពីការលើកឡើងរបស់អគ្គស្នងការនគរបាលជាតិនេះ អ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ លើកឡើងថា ផែនការវិលចូលស្រុករបស់ថ្នាក់ដឹកនាំគណបក្សប្រឆាំង កាលពីខែវិច្ឆិកា កន្លងទៅ គឺជាការអនុវត្តដើម្បីប្រជាធិបតេយ្យ ដោយពុំមែនជាផែនការផ្ដួលរំលំរដ្ឋាភិបាល ឬជាទង្វើក្បត់ជាតិឡើយ។ អ្នកវិភាគរូបនេះ ចាត់ទុកលិខិតជូនពររបស់មេប៉ូលិសនេះ ថា សារគ្មានប្រយោជន៍ដល់សង្គម និងធ្វើឱ្យពលរដ្ឋខ្មែរមើលមុខគ្នាមិនចំ ដោយសារមាននិន្នាការនយោបាយខុសគ្នា៖ «មកដល់បច្ចុប្បន្នយើងមិនទាន់អាចនិយាយថា អ្នកណាមួយ ក្បត់ជាតិបានទេ។ ខ្ញុំគិតថា ការចោទប្រកាន់ទៅលើក្រុមប្រឆាំង គឺជាអ្នកក្បត់ជាតិ គឺជាពួកឧទ្ទាមហ្នឹងធ្វើឱ្យមានបញ្ហាពាក់ព័ន្ធជាមួយសន្តិភាព ខ្ញុំគិតថា ពាក្យទាំងអស់នេះគឺ ជាការប្រើប្រាស់ហួសទិដ្ឋភាពជាក់ស្ដែងហើយ ក៏វាបង្ហាញថា ភាពយល់ដឹងអំពីប្រជាធិបតេយ្យរបស់អគ្គស្នងការនគរបាលជាតិនៅមានកម្រិត»។
កញ្ញាសង្កត់ធ្ងន់ថា ចំពោះស្ថានការណ៍នយោបាយសព្វថ្ងៃ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល គួរតែផ្ញើសារជូនពរបែបផ្សះផ្សាជាតិ ដែលធ្វើឱ្យការជាប់គាំងនយោបាយបានធូរស្រាល ដូចជាការជំរុញឱ្យមេដឹកនាំគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងងាកមកចរចាគ្នាបញ្ចប់វិបត្តិនយោបាយនៅកម្ពុជាជាដើម។
សកម្មជនគណបក្សប្រឆាំងអះអាងថា ពួកគាត់នៅតែបន្តធ្វើនយោបាយជាមួយគណបក្សសង្គ្រោះជាតិ ទាមទារឱ្យលោក ហ៊ុន សែន ឈប់ធ្វើទុក្ខទុក្ខបុកម្នេញពួកគាត់ និងងាកមកស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់ឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។