សមាជិក​ព្រឹទ្ធសភា​សារភាព​ទទួល​កំហុស​ពាក់ព័ន្ធ​ការទន្ទ្រាន​ដី​ខុសច្បាប់​នៅ​មណ្ឌលគិរី

សមាជិក​ព្រឹទ្ធសភា លោក ណយ ស្រូន សារភាព​ទទួល​កំហុស​ឆ្គង និង​សន្យា​ថា ឈប់​ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់ នៅ​តំបន់​ការពារ​ធម្មជាតិ ខេត្ត​មណ្ឌលគិរី។

ក្នុង​សេចក្តី​បំភ្លឺ​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា កាលពី​ថ្ងៃ​ទី​៦ ខែ​តុលា អ្នកនាំពាក្យ​ព្រឹទ្ធសភា ឲ្យ​ដឹង​ថា ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ និង​អនុប្រធាន​ព្រឹទ្ធសភា ២​រូប​ទៀត គឺ​លោក សឹម កា និង​លោក ទេព នន បាន​ណែនាំ​សមាជិកសភា លោក ណយ ស្រូន កាល​ពី​ថ្ងៃ​ទី២៣ កញ្ញា ឆ្នាំ​២០២០ ជុំវិញ​ការ​រំលោភ​បំពាន​យក​ដី​ទំហំ ៥៣១ ហិកតារ​នៅ​ខេត្ត​មណ្ឌលគិរី។

ការ​ជួប​ណែនាំ​នេះ ធ្វើឡើង​ក្រោយពី​មាន​ចំណារ​របស់​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស្ដីពី​ការ​ពាក់ព័ន្ធ​រៀបចំ​ឯកសារ​កាន់កាប់​ដី​ទំហំ ៥៣១ ហិកតារ នៅ​ក្នុង​ភូមិ​ពូហ្សាម ឃុំ​សែនមនោ​រម្យ ខេត្ត​មណ្ឌលគិរី។ សមាជិក​ព្រឹទ្ធសភា​រូប​នេះ ក៏បាន​សុំ​អភ័យទោស នូវ​កំហុស​ឆ្គង​របស់​ខ្លួន និង​បាន​ធ្វើ​លិខិត​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ២៣ ខែ​កញ្ញា ដោយ​បាន​សន្យា​ថា ឈប់​ពាក់ព័ន្ធ​ការ​កាន់កាប់​ដី​ខុសច្បាប់ នៅ​តំបន់​ការពារ​ធម្មជាតិ​ទៀត​ហើយ។

អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង សមាជិក​ព្រឹទ្ធសភា លោក ណយ ស្រូន និង​ប្រធាន​ព្រឹទ្ធសភា ព្រមទាំង​ឥស្សរជន​ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​សួរ​បញ្ជាក់​អំពី​រឿង​នេះ​នៅឡើយ​ទេ កាលពី​យប់​ថ្ងៃ​អង្គរ។ ទោះជា​យ៉ាង​នេះ​ក្តី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ កាលពី​ខែ​សីហា​កន្លង​មក​នេះ​ថា មាន​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ទាំង​នៅ​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្នុង​ជួរ​រដ្ឋាភិបាល បាន​ឃុបឃិត​គ្នា​ទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់ មក​ធ្វើជា​កម្មសិទ្ធិឯកជន​ផ្ទាល់ខ្លួន នៅ​ខេត្ត​មណ្ឌលគិរី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។