សង្គម​ស៊ីវិល​រិះគន់លោក ស ខេង ដែល​បើក​ដៃ​ឱ្យ​មេឃុំ​ជ្រើស​តាំង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​តាម​មូល​ដ្ឋាន

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​រិះគន់លោក ស ខេង ដែល​បើក​ដៃ​ឱ្យ​មេ​ឃុំ និង​មេ​ប៉ុស្តិ៍​នគរបាល​ជា​អ្នក​សម្រេច​ក្នុង​ការ​ជ្រើស​តាំង​មន្ត្រី​នគរបាល​កម្រិត​ថ្នាក់​បឋម​ឱ្យ​បម្រើ​ការងារ​តាម​មូលដ្ឋាន។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង ប្រកាស​ថា មេ​ឃុំ និង​មេ​ប៉ុស្តិ៍​នគរបាល​តាម​ឃុំ​សង្កាត់​ត្រូវ​មាន​តួនាទី​សម្ភាស​មន្ត្រី​នគរបាល​កម្រិត​ថ្នាក់​បឋម​ចូល​បំពេញ​ការងារ​ជា​មន្ត្រី​សាធារណៈ​តាម​មូលដ្ឋាន ដោយ​មិន​ចាំ​បាច់​ឱ្យ​ពួកគេ​ទៅ​ប្រឡង ឬ​មាន​​សញ្ញា​ប័ត្រ​​ខ្ពស់​អ្វី​ឡើយ។

មន្ត្រី​សង្គម​ស៊ីវិល លើក​ឡើង​ថា រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​មេ​ប៉ុស្តិ៍​នគរបាល​មូលដ្ឋាន​ជ្រើស​រើស​មន្ត្រី​នគរបាល​កម្រិត​ថ្នាក់​បឋម​ពេល​នេះ នឹង​ធ្វើ​ឲ្យ​ការ​បំពេញ​ការងារ​នៅ​មូលដ្ឋាន​របស់​មន្ត្រី​ទាំង​នោះ​នឹង​គ្មាន​​ប្រសិទ្ធ​ភាព​ឡើយ។

ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៣០ តុលា​ថា បើ​រដ្ឋាភិបាល​គ្មាន​យន្ត​ការ​ច្បាស់​លាស់​ក្នុង​ការ​តាម​ដាន​ត្រួត​ពិនិត្យ​ប្រព័ន្ធ​ដឹក​នាំ​បែប​វិមជ្ឈការ​នេះ មេ​ឃុំ​សង្កាត់ និង​មេ​ប៉ុស្តិ៍​នគរបាល​មូលដ្ឋាន អាច​នឹង​ជ្រើស​តាំង​ក្រុម​បក្ខ​ពួក​របស់​ពួកគេ​ធ្វើ​ជា​មន្ត្រី​នគរបាល ដោយ​មិន​គិត​អំពី​សមត្ថភាព និង​ប្រសិទ្ធ​ភាព​ការងារ ក្នុង​ការ​ឆ្លើយ​តប​បញ្ហា​ពលរដ្ឋ​ឱ្យ​មាន​ភាព​ប្រសើរ​នោះ​ទេ៖

«អំពើ​ពុក​រលួយ​នៅ​ស្រុក​ខ្មែរ​នៅ​តែ​បែប​នេះ ការ​ផ្ដល់​អំណាច​ផ្ដាច់​មុខ​ទៅ​ដល់​ថ្នាក់​មូលដ្ឋាន ដែល​ក្រសួង​អត់​មាន​ការ​តាម​ដាន​នេះ​ធ្វើ​ឱ្យ​ប្រព័ន្ធ​អំពើ​រលួយ​ហ្នឹង​វា​ចាក់​នៅ​ថ្នាក់​មូលដ្ឋាន​ហ្នឹង​ខ្លាំង​ទៀត។ ព្រោះ​ពី​មុន​យើង​ធ្លាប់​មាន​តែ​ក្រសួង​ទេ​មាន​កូន​ផង ប្រពន្ធ​ផង ម៉ែ​ក្មេក​ផង ឪ​ក្មេក​ផង កូន​ប្រសា​ផង ធ្វើ​ការ​ក្នុង​ក្រសួង​តែ​មួយ។ ប្រសិន ជា​ថ្នាក់​មូលដ្ឋាន​ធ្វើ​អ៊ីចឹង ហើយ​ក្រសួង​អត់​មាន​យន្តការ​ក្នុង​ការ​រៀប​ចំ ហើយ​បណ្ដែត​បណ្ដោយ អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ហ្នឹង​វា​ចាក់​ចូល​គ្នា​ហ្មង នៅ​ឃុំ​មួយ​មាន​កូន​ផង មាន​ឪ​ផង ឪ​ក្មេក​ផង កូន​ប្រសា​ផង ដូច្នេះ ការ​អភិវឌ្ឍ​សង្គម​ហ្នឹង​គឺ​ធ្វើ​ទៅ​វា​អត់​រួច»។

លោក កើត សារ៉ាយ បន្ថែម​ថា នៅ​ពេល​ដែល​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​អំណាច​ដល់​មូលដ្ឋាន​កាន់​តែ​ច្រើន នោះ​ប្រជាពលរដ្ឋ​ក៏​អាច​ទទួល​សេវា​សាធារណៈ​បាន​ឆាប់​រហ័ស និង​ងាយ​ស្រូល​ដែរ។ ប៉ុន្តែលោក​មើល​ឃើញ​ថា ការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​មួយ​ចំនួន​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​នៅ​តែ​គ្មាន​ប្រសិទ្ធ​ភាព គឺ​ដោយ​សារ​អំពើ​ពុក​រលួយ​ដែល​បាន​រារាំង​ដល់​ពលរដ្ឋ​ដែល​រង​គ្រោះ​ទទួល​បាន​សិទ្ធ​សេរី យុត្តិធម៌ និង​សេចក្ដី​ថ្លៃ​ថ្នូរ​ក្នុង​រស់​នៅ​ប្រចាំ​ថ្ងៃ។ លោក កើត សារ៉ាយ ជំរុញ​ដល់​ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហាផ្ទៃ​គួរតែ​បង្កើន​ការ​ត្រួត​ពិនិត្យ​ថ្នាក់​មូលដ្ឋាន​បន្ថែម​ទៀត ដើម្បី​ធានា​អំពី​ការ​ដោះស្រាយ​បញ្ហា​នានា​ជូន​ពលរដ្ឋ ប្រកប​ដោយ​តម្លាភាព យុត្តិធម៌ និង​អភិបាល​កិច្ច​ល្អ។

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង កាល​ពី​ថ្ងៃ​ទី២៧ តុលា ថ្លែង​ថា ការ​ជ្រើស​តាំង​មន្ត្រី​នគរបាល​ថ្នាក់​មូលដ្ឋាន គឺ​មិន​ទាមទារ​មាន​ការ​សិក្សា​បាន​ជ្រៅ​ជ្រះ​នោះ​ទេ។ លោក​លើក​ឡើង​ថា មន្ត្រី​នគរបាល​ថ្នាក់​មូលដ្ឋាន​ពុំ​ចាំ​បាច់​ត្រូវ​ប្រឡង​ចូល​ក្រប​ខណ្ឌ​រដ្ឋ​ដូច​ពី​មុន​ទៀត​នោះ​ទេ។ លោក​ថា មក​ទល់​ពេល​នេះ មេ​ឃុំ និង​មេ​ប៉ុស្តិ៍​នគរបាល​ជា​អ្នក​ទទួល​បន្ទុក​ក្នុង​ការ​សម្ភាស​ជ្រើស​តាំង​មន្ត្រី​នគរបាល​កម្រិត​បឋម ដែល សំណួរ​ក្នុង​ការ​សម្ភាស​នោះ​រៀប​ចំ​ដោយ​ក្រសួង​មហា​ផ្ទៃ។

ទាក់​ទង​នឹង​រឿង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​ផ្ដល់​សិទ្ធ​អំណាច​ដល់​មូលដ្ឋាន​នេះ​គឺ​ជា​ទម្រង់​វិមជ្ឈការ ដែល​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ។ លោក​ថា ចំពោះ​ការ​ចោទ​ប្រកាន់​ថា​មេ​ឃុំ និង​មេ​ប៉ុស្តិ៍​ជ្រើស​តាំង​តែ​បក្ខ​ពួក​ធ្វើ​ជា​មន្ត្រី​នគរបាល​មូលដ្ឋាន​ដែល​អាច​នាំ​ឱ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នោះ គ្រាន់​ជា​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​តែ​ប៉ុណ្ណោះ៖

«មិន​ទាន់​បាន​ធ្វើ​ផង​គាត់​ចោទ​គេ​ថា ពុក​រលួយ​ហើយ វា​ពិបាក​យល់​ដែរ​អា​ហ្នឹង។ ទាមទារ​កន្លង​មក​ថា ឱ្យ​បើក​សិទ្ធ​សេរីភាព​កុំ​ក្ដោប​ក្ដាប់​នៅ​ថ្នាក់​កណ្ដាល​ច្រើន​ពេក នៅ​ថ្នាក់​ជាតិ​ច្រើន​ពេក បើក​សិទ្ធ​សេរីភាព បើក​អំណាច​ទៅ​ឱ្យ​ថ្នាក់​មូលដ្ឋាន​ហ្នឹង​គេ​ដោះស្រាយ។ ឥឡូវ​គ្រាន់​តែ​ជ្រើសរើស ប៉ូលិស​ប៉ុស្តិ៍​ម្នាក់​ពីរ​នាក់ យើង​ទៅ​ចោទ​មិន​ទាន់​បាន​រើស​ផង យើង​ចោទ​ថា។ មិន​មែន​ចេះ​តែ​ឱ្យ​អស់​លោក​អ្នក​ថា អស់​លោក​អ្នក​ថា​ហ្នឹង​បាន​តែ​ថា​ឱ្យ​គេ​ទេ បើ​ឱ្យ​ខ្លួន​ឯង​ធ្វើ​វិញ​វា​អា​លួយ»។

ជុំ​វិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កា​ដូ (LICADHO) លោក អំ សំអាត យល់​ឃើញ​ថា ការ​ជ្រើស​តាំង​មន្ត្រី​នគរបាល​មូលដ្ឋាន​ពី​សំណាក់​មេ​ឃុំ និង​មេ​ប៉ុស្តិ៍ គឺ​អាច​ឱ្យ​ពួកគាត់​បំពេញ​ការងារ​បាន​ជាប់​លាប់។ ប៉ុន្តែ លោក​ថា មន្រ្តី​នគរបាល​កម្រិត​ថ្នាក់​បឋម​ត្រូវ​តែ​មាន​ការ​វឹក​ហាត់​ការងារ ដើម្បី​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​បំពេញ​តួនាទី​តាម​វិជ្ជាជីវៈ​ឆ្លើយ​តប​បញ្ហា​តាម​មូលដ្ឋាន៖

«យើង​ក៏​បារម្ភ​ដែរ​ទាក់​ទង​អំពើ​ពុក​រលួយ។ តើ​មាន​ការ​ត្រួត​ពិនិត្យ​ដិត​ដល់​ទេ ទៅ​លើ​ការ​ជ្រើស​រើស​នៃ​មន្ត្រី​កម្រិត​បឋម ក្នុង​មូលដ្ឋាន​ហ្នឹង? ប្រាកដ​ជា​មាន​អំពើ​ពុករលួយ បក្ខ​ពួក​និយម​កើត​ឡើង​នូវ​ចំណុច​ទាំង​អស់​ហ្នឹង។ ទោះ​បី​ជា​មន្ត្រី​ថ្នាក់​បឋម​ក៏​ដោយ ប៉ុន្តែ ប្រសិន​បើ​គ្មាន​សមត្ថភាព អា​ហ្នឹង​វា​គឺ​ជា​ការ​ប៉ះពាល់​មួយ។ ទី​ពីរ បើ​រើស​ទៅ មាន​រឿង​អំពើ​ពុក​រលួយ​វា​នាំ​ឱ្យ​មាន​ការ​រិះគន់ វា​បង្ក​ឱ្យ​មាន​បញ្ហា​ច្រើន មិន​មាន​ជំនឿ​ទុក​ចិត្ត​សម្រាប់​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន»។

ការ​ផ្ដល់​អំណាច​ពី​សំណាក់​រដ្ឋាភិបាល​ទៅ​ឱ្យ​ថ្នាក់​មូលដ្ឋាន​គឺ​ជា​ទម្រង់​ដឹកនាំ​បែប​វិមជ្ឈការ ដែល​មាន​ន័យ​ថា រដ្ឋាភិបាល​ប្រគល់​នូវ​សិទ្ធិ​អំណាច ការ​ទទួល​ខុស​ត្រូវ​លើ​ធន​ធាន ទ្រព្យ​សម្បត្តិ និង​មន្ត្រី​អាជ្ញាធរ ឱ្យ​ទៅ​ក្រុមប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ ដូចជា​ក្រុម​ប្រឹក្សា​រាជ​ធានី ក្រុម​ប្រឹក្សា​ខេត្ត និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ជាដើម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ពលរដ្ឋ​មូលដ្ឋាន។ ទោះ​បី​យ៉ាង​ណា មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ រដ្ឋាភិបាល​ផ្ដល់​អំណាច​ឱ្យ​ថ្នាក់​មូលដ្ឋាន​ពេល​នេះ អាច​នឹង​មាន​មន្ត្រី​ថ្នាក់​មូលដ្ឋាន​របស់​គណបក្ស​កាន់​អំណាច​ប្រកាន់​បក្ខពួក និង​បែង​ចែក​កៅអី​គ្នា​កាន់​តែ​ច្រើន ជ្រើសរើស​មន្ត្រី​អសមត្ថភាព ធ្វើ​ការ​ខ្វះ​វិជ្ជាជីវៈ ខណៈ​អំពើ​ពុក​តាំង​ពី​ថ្នាក់​ក្រោម​ជាតិ រហូត​ដល់​ថ្នាក់​ជាតិ​កំពុង​ចាក់​ឫស ហើយ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។