ជនពិការជើងពីកំណើតដែលនិយាយរិះគន់ភាពអសកម្មរបស់រដ្ឋាភិបាល ត្រូវបានដោះលែងចេញពីពន្ធនាគារខេត្តសៀមរាបហើយ នៅរសៀលថ្ងៃទី៣០ ខែធ្នូនេះ។ ការដោះលែងនេះ ធ្វើឡើង៤ថ្ងៃក្រោយ សាលាឧទ្ធរណ៍សម្រេចឱ្យជនពិការរូបនេះ មានសេរីភាព ដោយកាត់តម្រឹមនិងព្យួរទោសនៅសល់។ លោក ភុន យុទ្ធ អះអាងថា លោកនឹងបន្តប្រើសិទ្ធិក្នុងការបញ្ចេញមតិលើកឡើងពីភាពអវិជ្ជមានក្នុងសង្គម ដើម្បីចូលរួមកែល្អសង្គមកម្ពុជាឱ្យបានល្អប្រសើរ។
ក្រោយពីចេញពីពន្ធនាគារ ជនពិការជើងពីកំណើត លោក ភុន យុទ្ធ សម្ដែងអារម្មណ៍សប្បាយរីករាយ ដោយបានជួបជុំប្រពន្ធនិងកូនស្រីវិញ។ លោកថា នីតិវិធីដោះលែងរូបលោក ហាក់ដូចជាយឺតយ៉ាវ ដោយត្រូវចំណាយពេលអស់ជាច្រើនថ្ងៃ។ ទោះបីជាយ៉ាងណា លោកសូមថ្លែងអំណរគុណ ដល់ចៅក្រមសាលាឧទ្ធរណ៍ អង្គការសង្គមស៊ីវិល ដែលជួយគាំពារលោកផ្នែកច្បាប់ និងសប្បុរសទាំងអស់ ដែលតែងតែជួយឧបត្ថម្ភដល់ក្រុមគ្រួសារ ក្នុងពេលអំឡុងពេលលោកជាប់ឃុំក្នុងពន្ធនាគាររយៈពេលជាង ៥ខែមកនេះ៖ «អរគុណដល់អង្គការអាដហុក និងលីកាដូ និងមួយទៀត គឺយូអ៊ិន។ ខ្ញុំឃើញលោកមកជួយសុំដែរ ហើយបងប្អូនសប្បុរសជននៅក្រៅប្រទេស និងតុលាការសាលាឧទ្ធរណ៍ដែលកាត់ព្យួរទោសខ្ញុំ ។ អរគុណបងប្អូនដែលបានពេញចិត្ត និងគាំទ្រខ្ញុំ»។
លោក ភុន យុទ្ធ ឱ្យដឹងថា លោកនិងប្រពន្ធ នឹងបន្តមុខរបរវេញខ្សែដៃចេញជាឈ្មោះខ្មែរ និងអង់គ្លេស លក់ជូនភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីបានកម្រៃដោះស្រាយជីវភាពប្រចាំថ្ងៃ និងដោះស្រាយបំណុលដែលគ្រួសារលោកជំពាក់គេ នៅពេលលោកជាប់ឃុំ។ ចំពោះទីតាំងលក់វត្ថុអនុស្សាវរីយ៍នេះ លោកមិនទាន់ដឹងថា ម្ចាស់កន្លែង នឹងអនុញ្ញាតឱ្យលោក លក់បានទៀតដែរឬទេ។
ថ្វីត្បិតពិការជើងទាំងសងខាងក៏ដោយ ក៏បុរសរូបនេះ នៅតែប្រកាន់ជំហរ ចូលរួមកែល្អសង្គមកម្ពុជាឱ្យបានល្អប្រសើរ តាមរយៈការនិយាយរិះគន់បញ្ហាសង្គម ក្នុងន័យស្ថាបនាតទៅទៀត៖ «ឥឡូវនេះ គឺថាមានការព្យួរទោសខ្ញុំ មិនឱ្យខ្ញុំនិយាយពីបញ្ហានយោបាយ និងសង្គម។ ប៉ុន្តែខ្ញុំនៅតែនិយាយរិះគន់ដដែល ពីព្រោះខ្ញុំជាពលរដ្ឋម្នាក់។ ខ្ញុំនៅតែរិះគន់ធម្មតា តាមបែបស្ថាបនា ព្រោះនៅស្រុកខ្មែរមិនខ្វះទេកន្លែងរិះគន់។ ខ្ញុំឃើញច្រើន ក្រែងលោ ខ្ញុំរិះគន់ទៅ គេឈឺអ្វី ខ្ញុំមិនដឹងទេ។ គេឈឺ ព្រោះការរិះគន់របស់ខ្ញុំច្រើនតែគេឈឺ។ ហើយខ្ញុំត្រៀមខ្លួនជានិច្ចក្នុងការរិះគន់។ ខ្ញុំអត់ខ្លាចទេ ព្រោះអីប្រទេសមួយ មិនមែនប្រទេសរបស់គេទេ។ បាទ ! ខ្ញុំមានសិទ្ធិក្នុងហ្នឹងដែរ។ ខ្ញុំមិនមែនរិះគន់ឱ្យគេអាក្រក់ឯណា៎ ខ្ញុំរិះគន់ឱ្យគេល្អតើ បើគេមិនកែ ហ្នឹងជារឿងរបស់គេ»។
អ្នកបើករ៉ឺម៉កកង់បី លោក ធឿន សារ៉ន ដែលមកទទួលលោក ភុន យុទ្ធ នៅពន្ធនាគារ ឱ្យដឹងថា លោក ផុន យុទ្ធ គឺជនពិការម្នាក់ ប្រឹងប្រែងប្រកបរបរចិញ្ចឹមគ្រួសារ តាមលទ្ធភាពដែលគាត់រកបានពីការលក់វត្ថុអនុស្សាវរីយ៍នៅផ្សាររាត្រី "ផាប់ស្ទ្រីត" (Pub Street)៖ «ខ្ញុំដឹកភ្ញៀវនៅ ផាប់ទ្រីតនេះ ឃើញថា វាវេទនាភ្នែកមើលណាស់ ចុះពីរ៉ឺម៉ក់ទៅ ដើរខ្វាច់ៗទៅ ដល់ហើយ។ អ្នកដឹកភ្ញៀវទាំងអស់ ដណ្ដើមគ្នាជួយហើយ ដោយសារគេថាបើមិនធ្វើបុណ្យអ្វីខ្លះ ជួយរុញរទេះ ជួយលើកអីវ៉ាន់ ទៅដាក់កន្លែងលក់ហ្នឹងទៅ វាក៏រំភើបពិតខ្លះដែរ ពេលឃើញអ៊ីចឹង»។
កាលពីថ្ងៃទី២៦ ធ្នូ ប្រធានចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍ អ្នកស្រី យ៉េត ម៉ូលីន សម្រេចដោះលែងជនពិការឈ្មោះ ភុន យុទ្ធ ដោយកាត់តម្រឹមទោសឱ្យជាប់ពន្ធនាគារត្រឹម ៥ខែ ៨ថ្ងៃ ហើយទោសនៅសល់ត្រូវព្យួរ ដោយផ្អែកលើការសារភាពទទួលស្គាល់កំហុសរបស់ជនជាប់ចោទ និងតម្រូវការចាំបាច់របស់ជនជាប់ចោទ ដែលទទួលរ៉ាប់រងប្រកបរបរចិញ្ចឹមបីប៉ាច់កូនស្រីអាយុ ៦ឆ្នាំ និងប្រពន្ធពិការដូចគ្នា។
កាលពីចុងខែតុលាកន្លងទៅ តុលាការខេត្តសៀមរាប បានផ្ដន្ទាទោសលោក ភុន យុទ្ធ វ័យ ៣៦ឆ្នាំ ដែលជាជនពិការជើងទាំង២ តាំងពីកំណើត ឱ្យជាប់ពន្ធនាគារ ១៨ខែពីបទ “ញុះញង់ឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ”។ ការកាត់ទោសនេះ បន្ទាប់ពីលោក ភុន យុទ្ធ ប្រើគណនេយ្យហ្វេសប៊ុកឈ្មោះ "ខ្ញុំចង់បាននាយករដ្ឋមន្ត្រីថ្មី " និយាយរិះគន់អំពីចំណុចអវិជ្ជមាន របបដឹកនាំសព្វថ្ងៃ និងទាមទារឱ្យលោក ហ៊ុន សែន ចុះចេញពីតំណែង។
អ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេតឃើញថា រាល់អ្នកហ៊ានចេញមុខរិះគន់អំពីភាពអសកម្មរបស់រដ្ឋាភិបាលតាមបណ្ដាញសង្គមហ្វេសប៊ុក អ្នកទាំងនោះតែងតែរងការចោទប្រកាន់ និងចាប់ខ្លួនជានិច្ច ដោយជាប់ចោទពីបទញុះញង់ និងជេរប្រមាទជាសាធារណៈ។
អ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្សរូបនេះ ស្នើដល់ថ្នាក់ដឹកនាំប្រទេស ដែលជាបុគ្គលសាធារណៈ គួរបើកចិត្តឱ្យទូលាយ ទទួលយកការរិះគន់ពីគ្រប់និន្នាការទាំងអស់ ដោយមិនគួរចាត់វិធានការផ្លូវច្បាប់ចំពោះពលរដ្ឋដែលហ៊ានចេញមុខរិះគន់បញ្ហាសង្គមនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។