ភាគហ៊ុនធ្លាក់ថ្លៃ​ទិញដោយ​កូនស្រី​សមាជិកព្រឹទ្ធសភា​បក្សកាន់អំណាច លាតត្រដាង​ឱ្យដឹង​ពី​វិធី​គេចពន្ធ​នៅកម្ពុជា

កូនស្រី​សមាជិកព្រឹទ្ធិសភា​កម្ពុជាម្នាក់ បានប្រថុយប្រថាន​ចំណាយលុយ ៨លានដុល្លារ ទិញភាគហ៊ុន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​មួយ​របស់​អាមេរិក តាមរយៈ​ភ្នាក់ងារ​កម្រៃជើងសារ​សិង្ហបុរី (Singapore) ម្នាក់។ ប្រតិបត្តិការ​ទិញដូរនោះ បានបញ្ចប់ទៅ​យ៉ាងរលូន​នៅមុនពេល​កម្ពុជា និង​សិង្ហបុរី អនុម័ត​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា។ នេះបើយោងតាម​ឯកសារ​​ហិរញ្ញវត្ថុ​តម្រូវឱ្យ​ដាក់​តាមបញ្ញត្តិ​ច្បាប់ ដែលវិទ្យុអាស៊ីសេរី បាន​ពិនិត្យមើល។

ពេលនោះ ប្រសិនបើ​ការវិនិយោគនោះ​បានប្រព្រឹត្តទៅ​ដូចតាម​ការគ្រោងទុកមែន នោះអ្នកស្រី ឡាវ សុខហ៊ុយ រំពឹងថា​នឹងទទួលបាន​ផលចំណេញ​មកវិញ​ក្នុងចន្លោះពីរវាង ៥០លាន ទៅ ៦០លានដុល្លារ ហើយ​ដែលអាច​ឱ្យអ្នកស្រី​រួចខ្លួន​មិនចាំបាច់បង់ពន្ធ​នៅកម្ពុជា​រហូតដល់​ទៅ ១២លាន​ដុល្លារ ឯណោះ។

ក៏ប៉ុន្តែ ការវិនិយោគ​របស់​អ្នកស្រី​បាន​ប្រែ​ក្រឡាប់ចាក់​ផ្ទុយពី​ការរំពឹងទុក។ ប្រាំពីរឆ្នាំ​ក្រោយពេល​ដែលអ្នកស្រី​បានក្លាយជា​ម្ចាស់ភាគហ៊ុន​ធំជាងគេ​ទីពីរ​នៅក្នុង​ក្រុមហ៊ុន ថូមី អ៊ីនវ៉ាយរិនមែនថល សឺលូសិន អ៊ីង្គ (Tomi Environmental Solutions Inc) អ្នកស្រី ឡាវ សុខហ៊ុយ បានខាតបង់​អស់លុយ​ប្រមាណ ៦លាន ៣សែន​ដុល្លារ។ អ្នកស្រី​បាន​ខឹងសម្បារ​នឹងរឿងរ៉ាវ​ខាតបង់​លុយនេះ។ នេះបើយោងតាម​ស្ថាបនិក និង​ម្ចាស់ភាគហ៊ុន​មួយរូប​នៅក្នុងក្រុមហ៊ុន Tomi ដែល​បានដឹងឮ​អំពីការវិនិយោគនេះ ហើយបាន​និយាយជាមួយ​វិទ្យុអាស៊ីសេរី។

ការវិនិយោគនេះ ស្មើនឹង​ប្រាក់ខែសន្សំ​ជាមធ្យម​ប្រើពេលជាង ​៣ពាន់​ឆ្នាំ​របស់​ពលរដ្ឋ​កម្ពុជា​ទូទៅ។ វាគឺជាការ​វិនិយោគ​មួយ​ដែល​អ្នកស្រី ឡាវ សុខហ៊ុយ ទំនងជាអាចនឹង​ត្រូវប្រកាសថា​ជាការខាតបង់។ តម្លៃភាគហ៊ុន​របស់​ក្រុមហ៊ុន Tomi បាន​ធ្លាក់ចុះ​ទាបខ្លាំង​ដែល​បច្ចុប្បន្ននេះ​​ក្រុមហ៊ុន​មួយនេះ​កំពុងប្រឈមនឹង​ការលុបឈ្មោះ​ចេញពី​បញ្ជី​ទីផ្សារ​ភាគហ៊ុន ណាសដាហ្គ ខាពីថល ម៉ាកឃីត (Nasdaq Capital Market) របស់​អាមេរិក។

ក៏ប៉ុន្តែ ទម្រង់ និង​លំដាប់លំដោយ​ពេលវេលា​នៃ​ការទិញដូរនោះ ជាតម្រុយ​មួយ អាចប្រាប់ឱ្យដឹង​អំពី​របៀប ដែល​​ពួកអ្នកមានលុយ​នៅកម្ពុជា មានឱកាស​ទទួលបាន​ផលប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​នេះ។ កិច្ចព្រមព្រៀង​ទាំងនេះ ត្រូវបាន​ក្រុមអ្នកប្រឹក្សា​ពន្ធ មើលឃើញថា នឹងជួយសម្រួល​ដល់​ការធ្វើពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេសនានា។ ក៏ប៉ុន្តែ កិច្ចព្រមព្រៀង​ប្រភេទនេះ​ ក៏អាចជា​មធ្យោបាយ​មួយ​សម្រាប់​ឱ្យ​ក្រុមអ្នកវិនិយោគ​ ដែលមាន​ទ្រព្យសម្បត្តិ ប្រើប្រាស់​ដើម្បី​គេចចេញ​ពី​ការបង់ពន្ធ​ផងដែរ។

យោងតាម​ការបញ្ចេញឱ្យដឹង​ពីឯកសារ​ហិរញ្ញវត្ថុ ដែលត្រូវបាន​ធ្វើឡើង​ក្នុងពេលដែល​អ្នកស្រី ឡាវ សុខហ៊ុយ ទិញភាគហ៊ុន​របស់​ក្រុមហ៊ុន Tomi ឯកសារ​ទាំងនេះ​បង្ហាញឱ្យឃើញ​កាន់តែច្បាស់ថា ការទិញដូរនេះ​ត្រូវបាន​រៀបចំឡើង​ ដើម្បី​ទទួលផលប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នានេះ។ ការទិញដូរនោះ ធ្វើឡើងដោយ​អ្នកស្រី ឡាវ សុខហ៊ុយ ដោយ​បាន​ផ្តល់កម្ចី​ទៅឱ្យ​ភ្នាក់ងារ​កម្រៃជើងសារ​របស់អ្នកស្រី ដែលធ្លាប់​បាន​ទិញ​ភាគ​ហ៊ុន​​ទាំងនោះ​ពីមុនមក ហើយក្រោយមក​បានយក​ភាគហ៊ុននោះ​ទៅ​បង់សង​កម្ចីនោះវិញ។ កម្ចីនៅពីក្រោយ​ការទិញដូរ​ភាគហ៊ុននោះ ត្រូវបាន​ចុះហត្ថលេខា​កាលពីខែមករា ឆ្នាំ២០១៦ ក៏ប៉ុន្តែ ត្រូវបាន​កែសម្រួលវិញ​ នៅ​ខែឧសភា ក្នុងឆ្នាំដដែល ពោលគឺ​នៅរយៈពេល​តែ​បីថ្ងៃ​ក្រោយ​ថ្ងៃដែល​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា ត្រូវបាន​ចុះហត្ថលេខា។

ប្រវត្តិជាប់ទាក់ទងនឹង​បុគ្គលពាក់ព័ន្ធនឹង​អ្នកនយោបាយ​របស់​អ្នកស្រី ឡាវ សុខហ៊ុយ នាំឲ្យមាន​ជា​សំណួរនានា​អំពីថាតើ​វាជាការ​សមស្របដែរឬទេ​ ដែលអ្នកស្រី​ទទួលបាន​ផលប្រយោជន៍​ពី​កិច្ចព្រមព្រៀង​នេះ។ ឪពុក​របស់អ្នកស្រី គឺលោក ឡាវ ម៉េងឃីន គឺជា​សមាជិក​ព្រឹទ្ធសភា​ចាស់វស្សា​ម្នាក់​របស់​គណបក្ស​កាន់អំណាច គឺគណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​គ្រប់គ្រងប្រទេស​នេះ​អស់រយៈពេល​ជាងបីទសវត្សរ៍​មកនេះ ក្រោមទម្រង់​គ្រប់គ្រង​ប្រទេស​ជាច្រើនបែប។ ជំហ៊ានចុងក្រោយ​មួយ​ក្នុងចំណោម​ជំហ៊ាន​ជាច្រើន​​មុននឹង​សន្ធិសញ្ញា​រវាងប្រទេស​ និងប្រទេស​ណាមួយ​អាចក្លាយជា​ច្បាប់​នៅក្នុង​ប្រទេសកម្ពុជា​បាន ដែលក្នុងនោះ​ ក៏រាប់បញ្ចូលទាំង​កិច្ចព្រមព្រៀង​ស្តីពីការ​ចៀសវាង​​ការយកពន្ធត្រួតគ្នា​ជាមួយ​ប្រទេសសិង្ហបុរី​ផង នោះគឺ​ការផ្តល់សច្ចាប័ន​ដោយ​ស្ថាប័នព្រឹទ្ធសភា ទីដែល​ឪពុក​អ្នកស្រី គឺលោក ឡាវ ម៉េងឃីន ធ្វើការ​នៅទីនោះ​ជាសមាជិក​ព្រឹទ្ធសភា។

ឪពុកម្តាយ​របស់​អ្នកស្រី ឡាវ សុខហ៊ុយ ក៏មិនមែន​ជាមនុស្សថ្មីថ្មោង​ទើបនឹង​វិនិយោគ​នៅក្នុង​ប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មួយ​ប្រចាំតំបន់ ហើយដែល​មនុស្សមួយចំនួន​មើលឃើញ​​ថា​ ជាឋានសួគ៌​នៃ​ការរួចពន្ធ នោះ​ទេ។ ម្តាយរបស់អ្នកស្រី គឺអ្នកស្រី ជឹង សុភាព ដែលជា​មនុស្សជំនិត​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ភាគហ៊ុន​តម្លៃ ៣៦,៥លានដុល្លារ​ (៣៦លាន ៥សែន​ដុល្លារ) នៅក្នុង​ក្រុមហ៊ុន​មួយ​ដែលមានមូលដ្ឋាន​នៅក្នុង​ប្រទេសសិង្ហបុរី។ ក្រុមហ៊ុននោះ គឺជាម្ចាស់​ក្រុមហ៊ុន​សាជីវកម្មមួយ​នៅកម្ពុជា ដែលទទួលបាន​អាជ្ញាប័ណ្ណ​ផ្តាច់មុខនាំចូល​ឧស្ម័នរាវ​ធម្មជាតិ​មកក្នុង​ប្រទេសកម្ពុជា។ ទ្រព្យសម្បត្តិ​ទាំងនោះ ស្ថិតក្នុងចំណោម​ទ្រព្យសម្បត្តិ​តម្លៃជាង ២៣០លាន​ដុល្លារ​ដែល វិទ្យុអាស៊ីសេរី បាន​រកឃើញថា ត្រូវ​បុគ្គល​ជាប់ពាក់ព័ន្ធនឹង​អ្នកនយោបាយ​កម្ពុជា កាន់កាប់​នៅក្នុង​ប្រទេសសិង្ហបុរី ។

កិច្ចព្រមព្រៀង​ស្តីពីការ​ចៀសវាង​ការយកពន្ធ​ត្រួតគ្នា (DTA)

កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធត្រួតគ្នា ដែលជារឿយៗ​ហៅកាត់ថា DTAs ត្រូវបាន​បង្កើតឡើង​ដើម្បីធានាថា ក្រុមហ៊ុន ឬ បុគ្គលនានា នឹងមិនត្រូវបាន​ជាប់​កាតព្វកិច្ច​ពន្ធ​លើ​ប្រាក់ចំណេញ​ដូចគ្នា ក្នុងពេលដែល​ពួកគេ​ធ្វើអាជីវកម្ម​នៅក្រៅប្រទេស​ឡើយ។ នៅពេលដែល​ប្រទេសពីរ​ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធត្រួតគ្នា​នេះ ប្រទេសទាំងពីរនេះ​សង្ឃឹមថា កិច្ចព្រមព្រៀងនេះ​នឹងជួយ​លើកកម្ពស់​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ។

សន្ធិសញ្ញា​ជាក់លាក់​បែបនេះ ទំនងជា​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា។ គិតត្រឹមចុងឆ្នាំ២០២១ ​កន្លងទៅ សិង្ហបុរី​គឺជា​ប្រភព​វិនិយោគបរទេស​ធំជាងគេ​បង្អស់​ទីពីរ​របស់កម្ពុជា ដែល​កាលពី​អំឡុង​ទសវត្សរ៍​មុន​​នេះ ប្រទេសនេះ​ស្ទើរតែ​មិនជាប់ឈ្មោះ​ក្នុង​ចំណាត់ថ្នាក់​ពាក់កណ្តាល​ខាងលើ​ផងនោះ។

អ្នកពិគ្រោះយោបល់​ផ្នែកធុរកិច្ច​ម្នាក់​ដែលមានបទពិសោធន៍​ជាងមួយ​ទសវត្សរ៍​នៅក្រុងភ្នំពេញ បានប្រាប់​វិទ្យុអាស៊ីសេរី​ថា ពួកគេចាត់ទុក​កិច្ចព្រមព្រៀងនេះ​ថា ផ្តល់​ផលជា​វិជ្ជមាន​ក្រោយការទូទាត់រួច​ដល់​ប្រទេសកម្ពុជា។

អ្នកពិគ្រោះយោបល់​រូបនោះ បាននិយាយ​ក្នុង​លក្ខខណ្ឌ​សុំមិនបញ្ចេញឈ្មោះ​ព្រោះ​បារម្ភពី​លទ្ធភាពអាច​ទទួលរង​នូវការ​ស្តីបន្ទោស​ផ្នែកវិជ្ជាជីវៈ​ដោយសារ​និយាយជា​សាធារណៈ​លើ​ប្រធានបទ​រស៊ើប​ថា៖ «កិច្ចព្រមព្រៀង​ស្តីពីការ​ចៀសវាង​ការយកពន្ធ​ត្រួតគ្នា អាចជួយ​លុបបំបាត់​ការយកពន្ធ​ទ្វេដង សម្រាប់​ក្រុមអ្នកវិនិយោគ​ដែលមក​វិនិយោគ​នៅក្នុង​ប្រទេសកម្ពុជា ដែល​ការធ្វើដូច្នេះ​ពិតជាមាន​សារសំខាន់។ ក្នុងន័យនេះ កិច្ចព្រមព្រៀងនេះ​មានភាពចាំបាច់ ហើយក៏​ត្រូវបាន​ប្រទេសដទៃ​និយម​យកមក​អនុវត្ត និង​ក្លាយជា​ស្តង់ដារ​នៅទូទាំង​ពិភពលោក»

អ្នកពិគ្រោះយោបល់​រូបនោះ​បន្តថា៖ « តើពួកអ្នកមានលុយ​អាចទាញយក​ផលប្រយោជន៍​ពីកិច្ចព្រមព្រៀង​ទាំងនោះ​បាន​ដែរឬទេ ដើម្បី​កាត់បន្ថយ​វិក្កយបត្រ​ពន្ធ​របស់​ពួកគេ? ចម្លើយគឺ​ប្រាកដណាស់ ពួកគេ​ពិតជា​អាចធ្វើ​ដូច្នេះបាន»។ លោកបន្តថា៖ «ក៏ប៉ុន្តែ ពួកគេ​ក៏មាន​មធ្យោបាយ​ដទៃទៀត​​ក្នុងការ​គេចវេស​ពី​ការបង់ពន្ធ​ដែរ។ ដូច្នេះ ក្នុងចំណោម "ការប្រព្រឹត្ត​គេចពន្ធ" អស់ទាំងនោះ​នៅទីនេះ [កម្ពុជា] ខ្ញុំមើលមិនឃើញ​ថា ​ការចុះកិច្ចព្រមព្រៀងនេះ ​គឺ​ជា​រឿងមួយ​ប្រកបដោយ​អត្ថន័យ​នោះទេ»

ការនិយាយដូច្នេះ មិនមែនជា​ការវិភាគមួយ​ដែល​មនុស្សគ្រប់គ្នា​សុទ្ធតែ​យល់ស្រប​តាមឡើយ។ កាលពីចុងឆ្នាំ២០១៦ កន្លងទៅ ធនាគារពិភពលោក (World Bank) បានចេញផ្សាយ​នូវ​អត្ថបទ​ប្លុកមួយ​សរសេរដោយ​បុគ្គលិកជាន់ខ្ពស់​ពីររូប​របស់ខ្លួន គឺលោក ជីម ប្រាំប៊ី (Jim Brumby) និង​លោក ម៉ៃឃឺល ឃីន (Michael Keen) ដែល​ពួកលោក​បានចោទសួរ​ថាតើ​សន្ធិសញ្ញា​ពន្ធ ដូចករណី​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា គឺជា «ការជំរុញ ឬក៏​រារាំង​ដល់​ការអភិវឌ្ឍន៍» នៅក្នុង​ក្រុមប្រទេស​មានចំណូលទាប ដូចជា​ប្រទេសកម្ពុជា​ជាដើមនោះ។ ពួកគេ​នៅមិនទាន់​​រកឃើញ​អំណះអំណាង​គួរឱ្យ​ជឿជាក់​នៅឡើយទេ។

លោក ជីម ប្រាំប៊ី បានសរសេរថា៖ «ក្រុមប្រទេសកំពុង​អភិវឌ្ឍន៍ ប្រើប្រាស់​សន្ធិសញ្ញា​ទាំងនេះ​ក្នុងគោលបំណង​ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច។ ភស្តុតាង​គាំទ្រ​ចំពោះ​អំណះអំណាង​បែបនេះ គឺនៅខ្សោយ​នៅឡើយ»។ លោក​បានសរសេរ​បន្តថា៖ «បញ្ហាគឺ​ស្ថិត​នៅត្រង់ថា សន្ធិសញ្ញា​ពន្ធ​ទាំងនេះ និង​ប្រព័ន្ធអន្តរជាតិ​ស្តីពី​ពន្ធ​និយាយបែបទូលាយទៅ គឺមានលក្ខណៈ​ស្មុគ្រស្មាញខ្លាំង និងបាន​បង្កើតឱ្យមាន​នូវ​ផលវិបាក​ជាច្រើន​ដែល​គេ​មិនអាច​មើលឃើញ​បាន​ភ្លាមៗ»

លោក ជីម ប្រាំប៊ី និង​លោក ម៉ៃឃឺល ឃីន ពន្យល់​បន្ថែមថា៖ «ក្រុមហ៊ុន​ចម្រុះជាតិសាសន៍ ដែលមាន​ភាគហ៊ុនច្រើន អាចប្រើប្រាស់​សន្ធិសញ្ញា​ទាំងនេះ ដើម្បី​បង្វែរ​ចំណូល​តាមរយៈ​ប្រទេសទីបី ក្នុងគោលដៅ​កេងយកប្រយោជន៍​ពី​សន្ធិសញ្ញា​ពន្ធ​បែបអនុគ្រោះ​ទាំងនេះ។ អាជ្ញាធរពន្ធ ជាពិសេស​នៅក្នុង​ប្រទេសកំពុង​អភិវឌ្ឍន៍ កំពុង​ជួបប្រទះនូវ​ការពិបាក​ក្នុងការប្រយុទ្ធ​ប្រឆាំងនឹង "អំពើគេចវេស​ពន្ធ​តាមរយៈ​ប្រទេសទីបី (Treaty Shopping)" យ៉ាងដូច្នេះណាស់»

បើទោះបីជា​មាន​ទ្រព្យសម្បត្តិ និង​អាជីវកម្ម​នៅក្នុង​ប្រទេសជាច្រើន​ក៏ដោយ ក៏​ការវិនិយោគ​របស់​អ្នកស្រី ឡាវ សុខហ៊ុយ មិនអាចចាត់ចូល​ក្នុង​និយមន័យ​បែបប្រពៃណី​ថា ជា​ក្រុមហ៊ុន​ពហុជាតិសាសន៍​មួយឡើយ។ ក៏ប៉ុន្តែ ក្រុមគ្រួសាររបស់​អ្នកស្រី តែងតែ​ធ្វើប្រតិបត្តិការ​អាជីវកម្ម​ដូចគ្នាទៅនឹង​ក្រុមហ៊ុន​ពហុជាតិសាសន៍​យ៉ាងដូច្នោះដែរ ពោលគឺ​មិនសូវជាខុសគ្នា​ប៉ុន្មានពី​ក្រុមអ្នកមានអំណាច​ដទៃទៀត​នៅកម្ពុជា​យ៉ាងដូច្នោះដែរ។ ពួកគេ​តែងតែ​ចរចា​ឱ្យមាន​កិច្ចព្រមព្រៀង​ខុសច្បាប់​នានា​ជាមួយ​រដ្ឋាភិបាល ដែល​កិច្ចព្រមព្រៀង​ទាំងនោះ​គ្មានឡើយ​សម្រាប់​ក្រុមអាជីវកម្ម​តូចៗ ​ដែលមិនសូវជាមាន​ឥទ្ធិពល​នយោបាយ និង​មានលុយកាក់​តិចតួច​​តម្កល់​នៅធនាគារនោះ។ ប្រសិនបើ​ក្រុមមេធាវី និង​គណនេយ្យករ​របស់​ក្រុមគ្រួសារ​អ្នកស្រី ឡាវ សុខហ៊ុយ កត់សម្គាល់ឃើញ​ពី​ចន្លោះប្រហោង​នៃបទប្បញ្ញត្តិ​ពន្ធ​របស់​ប្រទេសសិង្ហបុរី នោះវាទំនងដូចជាថា ​អ្នកមានវិជ្ជាជីវៈ​ផ្នែកហិរញ្ញវត្ថុ ដែល​ផ្តល់​ប្រឹក្សា​ដល់​ក្រុមគ្រួសារ​​របស់​មន្ត្រី​ជាន់ខ្ពស់​ដទៃទៀតនៅ​ក្រុងភ្នំពេញ ក៏អាចនឹង​សម្លឹងឃើញ​នូវឱកាស​ដូចគ្នានេះដែរ។ ដូច្នេះ តើវិធី​នៃ​ការគេចពន្ធ​នេះ​ត្រូវបាន​គេធ្វើឡើង​ដោយរបៀបណា?

nasdaq.jpeg
People pass by the Nasdaq Market Site in Times Square in New York មនុស្សម្នា​ដើរកាត់​អគារទីផ្សារភាគហ៊ុន ណាសដាហ្គ៍ ម៉ាកឃីតសាយត៍ (Nasdaq Market Site) នៅទីប្រជុំជន ថាមស៍ ស្វ្ឃែរ (Times Square) ក្នុងបូរីញូវយ៉ក (New York) សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។ រូប៖ រ៉យទ័រស៍/ប្រេនឌិន ម៉ាកដឺមីឌ (Reuters/Brendan McDermid) (BRENDAN MCDERMID/REUTERS)

ការព្រមព្រៀងទិញលក់​ភាគហ៊ុន

ក្នុងចន្លោះ​ខែឧសភា និងខែកក្កដា ឆ្នាំ២០១៥ ភ្នាក់ងារកម្រៃជើងសារ​សិង្ហបុរី លោក បូហ៍ ស៊ុន លឹម (Boh Soon Lim) បាន​ប្រញាប់ប្រញាល់​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Tomi តម្លៃ ៨លានដុល្លារ ដែលកាលពីពេលនោះ​ស្មើនឹង​ប្រមាណ ១១ភាគរយ​នៃភាគហ៊ុន​ទាំងមូល​នៅក្នុង​ក្រុមហ៊ុននេះ។ នេះបើយោងតាម​ការឯកសារ​ហិរញ្ញវត្ថុ​តម្កល់នៅ​គណៈកម្មាការ​មូលប័ត្រ ដែលជា​និយ័តករ​ទីផ្សារភាគហ៊ុន​នៅ​សហរដ្ឋអាមេរិក។ លោកបាន​ទិញភាគហ៊ុននោះ​ក្នុងនាមជា​ក្រុមហ៊ុន អឺរ៉ៃស៍ អាសិត ម៉ាណេជមែន ភីធីអ៊ី អិលធីឌី (Arise Asset Management Pte Ltd) ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​សិង្ហបុរី ហើយដែលលោក​គឺជា​ម្ចាស់កម្មសិទ្ធិករ​ម្នាក់​ដែលមាន​ភាគហ៊ុន​ច្រើនជាងគេ។ លោកបាន​ពិពណ៌នា​នៅក្នុង​ឯកសារ​ហិរញ្ញវត្ថុ​ដាក់ជូន​គណៈកម្មការ​មូលប័ត្រ​អាមេរិក​ថា លុយទិញដូរនោះ បានមកពី​មូលធនបង្វិល​របស់​ក្រុមហ៊ុន អឺរ៉ៃស៍ អាសិត ម៉ាណេជមែន។ ពាក្យ «មូលធនបង្វិល» នេះ គឺ​សម្តៅដល់​សាច់ប្រាក់ ​ដែល​ក្រុមហ៊ុន​មាន​ទាំងអស់ ផាត់ចេញនូវ​បំណុលដែល​ក្រុមហ៊ុន​ជំពាក់។ ដោយសារតែ​ឯកសារហិរញ្ញវត្ថុ​ក្រោយមកទៀត​ធ្វើក្នុងខែមករា​នៅឆ្នាំបន្ទាប់ ពិពណ៌នា​បែបប្រតិសកម្ម​អំពី​ការទិញដូរ​នេះថា ​ត្រូវបាន​ធ្វើហិរញ្ញប្បទាន​ដោយ​កម្ចី​បានមកពី​អ្នកស្រី ឡាវ សុខហ៊ុយ ទៅឱ្យ​ក្រុមហ៊ុន អឺរ៉ៃស៍ អាសិត ម៉ាណេជមែន វាទំនងដូចជាថា ការដាក់ឯកសារ​ហិរញ្ញវត្ថុ​កាលពី​លើកទី១ គឺជា​ការបញ្ឆោត​ក្នុងបំណង​ឱ្យ​មាន​ការយល់ខុស។

កិច្ចព្រមព្រៀង​ផ្តល់កម្ចី ដែលត្រូវបាន​ចុះហត្ថលេខា​កាលពី​ខែមករា ឆ្នាំ២០១៦ ក៏ប៉ុន្តែ ក្រោយមក​បាន​ចុះកាលបរិច្ឆេទ​ថយក្រោយ​ទៅរដូវក្តៅ​ឆ្នាំ២០១៥ វិញ បានចែងថា លុយទាំងនោះ​ត្រូវបានផ្តល់ឱ្យខ្ចី​សម្រាប់រយៈពេល ១៨ខែ ក្នុងអត្រាការប្រាក់ ០% ដើម្បី​ធ្វើហិរញ្ញប្បទាន​ ចំពោះ​ការទិញដូរ​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន Tomi។ នៅពេលផុត​រយៈពេល ១៨ខែ ជាជាងតម្រូវឱ្យ​ក្រុមហ៊ុន អឺរ៉ៃស៍ អាសិត ម៉ាណេជមែន សង​ប្រាក់ ៨លាន​ដុល្លារ​មកឱ្យ​អ្នកស្រី ឡាវ សុខហ៊ុយ វិញ ផ្ទុយទៅវិញ​កិច្ចព្រមព្រៀង​ផ្តល់កម្ចី​ដដែលនេះ បង្គាប់ឱ្យ​ផ្ទេរ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Tomi ទៅអោយអ្នកស្រី ឬ «អ្នកតំណាងដែលត្រូវបានតែងតាំង» ដោយអ្នកស្រី ឡាវ សុខហ៊ុយ វិញ ដោយសារតែ​អ្នកស្រី​ធ្លាប់បាន​បង់ប្រាក់ «បព្វលាភ» ចំនួន ២៤ម៉ឺន (២៤០.០០០ដុល្លារ) ទៅឱ្យ​ក្រុមហ៊ុនរបស់​លោក បូហ៍ ស៊ុន លឹម ចំពោះ​ឯកសិទ្ធ​ដែលបាន​ផ្តល់កម្ចី​ដោយឥតយកការប្រាក់​ចំនួន ៨លាន​ដុល្លារ។ ក្នុងករណី​មាន​មន្ទិលណាមួយ​ដែលថា តើ​អ្នកស្រី ឡាវ សុខហ៊ុយ គឺជា​ម្ចាស់កម្មសិទ្ធិករ​ ដែលទទួលបាន​ផលប្រយោជន៍​ពី​ភាគហ៊ុន​ពិតមែន​ឬអត់ ចាប់តាំងពីពេល​ដំបូង​ ដែល​ក្រុមហ៊ុន អឺរ៉ៃស៍ អាសិត ម៉ាណេជមែន បានទិញ​ភាគហ៊ុននេះ​កាលពីឆ្នាំ២០១៥ នោះ គេត្រូវពិនិត្យមើល​កិច្ចព្រមព្រៀង​ ដែល​តម្រូវ​ឱ្យ​បង់ភាគលាភ​បានមក​ពី​​ភាគហ៊ុន​របស់​ក្រុមហ៊ុន Tomi ទៅឱ្យ​អ្នកស្រី ឡាវ សុខហ៊ុយ ក្នុងពេលដែល​កិច្ចព្រមព្រៀង​ផ្តល់កម្ចី​នៅចូលជាធរមាន​នៅឡើយ។

គេនៅមិនទាន់​ដឹងច្បាស់​ទាំងស្រុង​នៅឡើយទេថាតើហេតុអ្វី​បានជាលោក បូហ៍ ស៊ុន លឹម ឬអ្នកស្រី ឡាវ សុខហ៊ុយ ចាំបាច់​តម្រូវឱ្យមាន​ខចែង​ពីការបង់ថ្លៃ​ច្រើនបែបនេះ ប្រសិនបើ​ថា​អ្នកស្រី ឡាវ សុខហ៊ុយ គឺជាម្ចាស់​កម្មសិទ្ធិករ​ពិតប្រាកដ​នៃភាគហ៊ុននេះ​ចាប់តាំងពី​គ្រាដំបូង​នៃការទិញដូរ​ភាគហ៊ុននេះ​មកម្ល៉េះនោះ។ ទាំងលោក បូហ៍ ស៊ុន លឹម និង​ទាំង​អ្នកស្រី ឡាវ សុខហ៊ុយ មិនបានឆ្លើយតប​ទៅនឹង​ការស្នើសុំ​អត្ថាធិប្បាយ​ជាច្រើនលើក​ច្រើនសារ​ជុំវិញរឿងនេះ​ឡើយ។

ក៏ប៉ុន្តែ នៅពេលដែល វិទ្យុអាស៊ីសេរី បានសាកសួរ​អ្នកជំនាញ​ផ្នែក​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ លោក ក្រាម បាររ៉ូ (Graham Barrow) ជុំវិញ​ការចាត់ចែង​យ៉ាងដូច្នេះ លោកបាននិយាយថា វាហាក់បីដូចជា​គម្រោង​ដែលត្រូវបាន​ធ្វើឡើង​ ដើម្បី​បញ្ចៀសពី​ការពិនិត្យពិច័យ​ណាមួយ។

លោក ក្រាម បាររ៉ូ បាន​សរសេរ​ក្នុង​សារអេឡិចត្រូនិក​មួយថា៖ «ហេតុអ្វីបានជា​អ្នកណាម្នាក់​ផ្តល់កម្ចី ដែល​គ្មានការប្រាក់​ទៅឱ្យ​ភ្នាក់ងារ​កម្រៃជើងសារ​របស់ខ្លួន​បែបនេះទៅវិញ? ពួកគេ​ជា​ភ្នាក់ងារ​កម្រៃជើងសារ​មួយ។ វាគឺជា​ការងារ​របស់ពួកគេ​ក្នុងការទិញដូរ និង​លក់​ភាគហ៊ុន​តាងនាម​ឱ្យ​មនុស្សដទៃទៀត។ អ្នកផ្តល់ [លុយ] ទៅឱ្យ​ភ្នាក់ងារកម្រៃជើងសារ​របស់អ្នក ដើម្បីឱ្យពួកគេ​ជួយ​ទិញភាគហ៊ុន​ឱ្យអ្នក»

លោក​បាន​ពន្យល់បន្តថា៖ «ម្យ៉ាងវិញទៀត ប្រសិនបើថា​អ្នកមិនចង់​ឱ្យ​មនុស្ស​ដទៃទៀត​ដឹងឮថា ការទិញដូរនោះ​គឺជារបស់អ្នក​ដែល«ផ្តល់ប្រាក់កម្ចី» ដល់​ភ្នាក់ងារកម្រៃជើងសារ​របស់​អ្នក ដែលពួកគេ​នឹងយកទៅទិញ​ភាគហ៊ុន ហើយ​ទាយទៅមើល ក្រោយមកទៀត ភាគហ៊ុនទាំងនោះ​ត្រូវបាន​គេ​ប្រគល់​ទៅឱ្យវិញនោះ ... មើលទៅទំនងដូចជា​ថា​វាជា​មធ្យោបាយ​ដ៏ងាយមួយ​ដើម្បី​គេចចេញ​ពីការពិនិត្យពិច័យ​រក​ភាពមិនប្រក្រតី ដែលបើមិន​ធ្វើ​ដូច្នេះទេ គេអាចនឹង​រកឃើញ​ការពិត»

ការពន្យល់ដូច្នេះ​ ត្រូវបាន​យល់ស្រប​ដោយ​ម្ចាស់ភាគហ៊ុន​ភាគតិច​នៅក្នុង​ក្រុមហ៊ុន Tomi ដែលបាន​ដឹងឮ​អំពី​ស្ថានភាព​ពាក់ព័ន្ធនឹង​ការវិនិយោគ​របស់​អ្នកស្រី ឡាវ សុខហ៊ុយ នៅក្នុង​ក្រុមហ៊ុននេះ។ វិនិយោគិន​រូបនោះ​បានស្នើសុំលាក់​អត្តសញ្ញាណ​ព្រោះ​បារម្ភពី​សុវត្ថិភាព​ដោយសារតែ​ឥទ្ធិពល និង​អំណាច​របស់​ក្រុមគ្រួសារ​ត្រកូល «ឡាវ»។

វិនិយោគិន​រូបនោះ បាននិយាយថា៖ «ខ្ញុំគិតថា ទំនងដូចជា អ្នកស្រី​​មិនអាចទិញ​ភាគហ៊ុន​ដោយផ្ទាល់​ខ្លួនឯងបាន»«ទាំងនេះគឺជា​លំនាំ​ដែលមនុស្សជាច្រើន​នាំគ្នា​ធ្វើដូច្នេះ។ ប្រសិនបើ​អ្នក​មិនអាច​រួចផុត​ពីយន្តការ​នៃការត្រួតពិនិត្យ​ដែលគេនិយម​ហៅថា "ស្គាល់អតិថិជន​របស់អ្នក" (Know-Your-Customer) អ្នក​មានតែ​ផ្តល់​កម្ចីនោះទៅឱ្យ​មិត្តភក្តិ​របស់​អ្នក ហើយ​ពួកគេ​ជាអ្នកទិញ​ភាគហ៊ុន​ជំនួស​ឱ្យ​អ្នកវិញ»

ប្រធានអគ្គនាយក និងជា​ស្ថាបនិក​ក្រុមហ៊ុន Tomi បណ្ឌិត ហាលឌេន ហ្សេន (Halden Shane) បានប្រាប់ វិទ្យុអាស៊ីសេរី នៅក្នុង​បទសម្ភាសន៍មួយ​កាលពីដើមឆ្នាំ​នេះថា ការពិនិត្យពិច័យ​រកភាពមិនប្រក្រតី គឺជា​កិច្ចការ​ដ៏ពិបាកមួយ​រួចទៅហើយ​សម្រាប់​ក្រុមហ៊ុននានា ​ដូចជា ក្រុមហ៊ុន Tomi ដែលចង់ទទួលបាន​វិនិយោគិន​​ថ្មីៗ នោះ។

បណ្ឌិត ហាលឌេន ហ្សេន និយាយថា៖ «ជាទូទៅ​នៅពេលដែល​នាយកគ្រប់គ្រង​មូលនិធិ មករកអ្នក ហើយនិយាយថា 'យើងមាន​អតិថិជន​ដែល​ធ្វើអាជីវកម្ម​ជាមួយក្រុមហ៊ុន​របស់​យើង​អស់​ជាច្រើនឆ្នាំ​មកហើយនោះ ហើយពួកគេ​ចង់​វិនិយោគ​នៅក្នុង​ក្រុមហ៊ុន​របស់យើង» ជារឿយៗ អ្នកប្រាកដជា​មិនដឹង​អំពី​ឈ្មោះពិតប្រាកដ​របស់​ពួកគេ ថាតើពួកគេមាន​ឈ្មោះអ្វីឡើយ»។ បណ្ឌិត ហាលឌេន ហ្សេន និយាយបន្តថា៖ «អ្នកព្យាយាម​ពិនិត្យមើល ស្វែងរក​ឈ្មោះរបស់ពួកគេ ពិនិត្យពិច័យ​រកភាព​មិនប្រក្រតី និង​សម្ភាស​ពួកគេ​តាមវិធីសាស្ត្រ​ល្អ​បំផុត​តាមដែល​​អាចធ្វើទៅបាន ហើយ​ខ្ញុំចង់​មានន័យថា វាពិបាកណាស់​ក្នុងការពិនិត្យពិច័យ​រកភាពមិនប្រក្រតី​នានា​នៅក្នុង​តំបន់អាស៊ី»

មិនថា​ការពិនិត្យពិច័យរកភាពមិនប្រក្រតី​បែបណាមួយ​ដែល​ក្រុមហ៊ុន Tomi អាចធ្វើបាន​ចំពោះ​អ្នកស្រី ឡាវ សុខហ៊ុយ នោះទេ បណ្ឌិត ហាលឌេន ហ្សេន បានរន្ធត់ចិត្ត​នៅពេលដែល​ប្រាំពីរឆ្នាំក្រោយមក វិទ្យុអាស៊ីសេរី​បានប្រាប់​គាត់ថា ឪពុករបស់​អ្នកស្រី ឡាវ សុខហ៊ុយ គឺជា​សមាជិកព្រឹទ្ធសភា​មួយរូប​នៅ​កម្ពុជា។

បណ្ឌិត ហាលឌេន ហ្សេន ដែលជា​អ្នករស់នៅ​រដ្ឋកាលីហ្វ័រញ៉ា (California) បានចោទសួរថា៖ «អ៊ីចឹង ដូចដែល​យើងមាន​សមាជិកព្រឹទ្ធសភា​នៅទីនេះដែរ ពួកគេ​ក៏មាន​សមាជិកព្រឹទ្ធសភា​នៅទីនោះដែរ មែនទេ?»

បណ្ឌិត ហាលឌេន ហ្សេន ក៏មិនបាន​ដឹងដែរថា​ម្តាយរបស់​អ្នកស្រី ឡាវ សុខហ៊ុយ គឺអ្នកស្រី ជឹង សុភាព គឺជាមនុស្ស​នៅពីក្រោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​វិស័យអចលទ្រព្យ​មួយ​ ដែល​ប្រឡាក់ប្រឡូស​ទៅដោយ​អំពើហិង្សា​ផ្នែកសិទ្ធិមនុស្ស ហើយដែល​ជាមូលហេតុមួយ​បាន​បណ្តាល​ឱ្យ​ធនាគារពិភពលោក (World Bank) ផ្អាក​ការផ្តល់មូលនិធិ​ដល់​ប្រទេសកម្ពុជានោះ។

វាគឺជា​រឿងរ៉ាវ​មួយ​ប្រកបដោយ​ហានិភ័យ ដែល​មនុស្ស​មួយចំនួន​គិតថា ​វាធ្ងន់ធ្ងរណាស់។ ការណ៍នេះ​បាន​ញ៉ាំង​ឱ្យ​គ្រួសារមួយនេះ​ចាត់វិធានការ​បែបលាក់លៀម​ នៅពេលដែល​ពួកគេ​បង្វិលលុយ​របស់ពួកគេ​នៅជុំវិញ​ពិភព​លោក។ វិទ្យុអាស៊ីសេរី បាន​រាយការណ៍​កាលពីដើមឆ្នាំនេះ​ថា នគរបាល​នៃប្រទេសស៊ីប (Cyprus) បានអះអាង​នៅក្នុង​សេចក្តីថ្លែងការណ៍​ជាលាយលក្ខណ៍អក្សរមួយ​ដាក់ជូន​ទៅ​តុលាការកំពូល​នៃប្រទេសនេះថា ពួកគេជឿជាក់ថា អ្នកស្រី ជឹង សុភាព បាន​បញ្ចប់​ប្រតិបត្តិការ​សាច់ប្រាក់​​ចំនួន ៣លាន ៥សែន​ដុល្លារ​ តាម​រយៈ​​ការ​បង់​ប្រាក់​ជាបន្តបន្ទាប់​ដោយប្រើ​ឥណទាន​ធនាគារ (credit card) ដើម្បី​គេចចេញ​ពី​ការពិនិត្យពិច័យ ដែលអាចនឹង​កើតមានឡើង ​ប្រសិនបើ​ធ្វើដូច្នេះ​តាមការផ្ទេរប្រាក់​តាមធនាគារ។

វិធីខុសច្បាប់​​ដើម្បី​បាន​បង់ពន្ធតិច

ក៏ប៉ុន្តែ បើទោះបីជា​ក្នុងហេតុផល​ផ្សេង​លើសពីការលាក់បាំង​ពីការពិនិត្យពិច័យ​រកភាពមិនប្រក្រតី​ក៏ដោយ ក៏ការទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Tomi ទំនងជា​ត្រូវបាន​រៀបចំឡើង​ក្នុងគោលបំណង​ដើម្បី​គេចចេញ​ពី​កាតព្វកិច្ច​ពន្ធ​នាពេល​អនាគត។

អស់រយៈពេលជាច្រើនឆ្នាំ​មកហើយ​រហូតមកទល់ពេល​បច្ចុប្បន្ននេះ​ ដែល​រដ្ឋាភិបាល​កម្ពុជា​បានធ្វើផែនការ​ដោយ​តម្រូវឲ្យមាន​ការយកពន្ធលើ​ផលចំណេញជាមូលធន​ចំនួន ២០% ពីការលក់ដូរ​ការវិនិយោគ និង​អចលនទ្រព្យ មិនថា​ទ្រព្យសម្បត្តិ​ទាំងនោះ​ស្ថិតនៅទីកន្លែងណា​នៅលើ​ពិភពលោក​ឡើយ។ សេចក្តីព្រាង​ច្បាប់នោះ​គ្រោងនឹង​ចូលជាធរមាន​កាលពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ក៏ប៉ុន្តែ​ដោយសារតែ​វិបត្តិ​ជំងឺរាតត្បាត​សាកល​កូវីដ-១៩ (Covid-19) សេចក្តីព្រាង​ច្បាប់នោះ​ត្រូវបានពន្យាពេល​រហូតដល់​ឆ្នាំ២០២៤ វិញ។ ទោះជាយ៉ាងណា អ្នកជំនាញ​កិច្ចការពន្ធ កត់សម្គាល់ឃើញ​ថា ច្បាប់នានា​របស់​ប្រទេសនេះ មានដាក់បញ្ចូល​នូវ​ខចែង​និយាយយោង​ដល់ «ផលចំណេញ​ជាមូលធន» ថា គឺជាទម្រង់មួយ​នៃ​ផលចំណេញ​ដែលអាច​យកពន្ធបាន។ ការនិយាយ​យោង​ដូច្នេះ បានកើតមាន​ឡើង​ចាប់តាំងពី​យ៉ាងហោចណាស់​កាលពីឆ្នាំ២០០៣ មកម៉្លេះ។

ម្ចាស់ភាគហ៊ុន​ភាគតិច ដែល​បានដឹងឮ​អំពី​ការទិញដូរ​ភាគហ៊ុន​របស់​អ្នកស្រី ឡាវ សុខហ៊ុយ នៅក្នុង​ក្រុមហ៊ុន Tomi បានប្រាប់ វិទ្យុអាស៊ីសេរី ថា កូនស្រី​របស់​សមាជិកព្រឹទ្ធសភា​កម្ពុជា​រូបនេះ ដំបូងឡើយ​រំពឹងថានឹងបាន​ផលចំណេញ​រវាងពី ៥០ ទៅ ៦០លានដុល្លារ។ ប្រសិនបើអ្នកស្រី​ទទួលបាន​ផលចំណេញ​ដូច្នេះមែន នោះ​ការយកពន្ធ ២០% អាចនឹង​តម្រូវឱ្យ​អ្នកស្រី​ត្រូវជំពាក់​រដ្ឋាភិបាល​កម្ពុជា ក្នុងទឹកប្រាក់​ពី ១០ ទៅ ១២លានដុល្លារ​ឯណោះ។ ដោយឡែក ប្រទេសសិង្ហបុរី​វិញ ប្រទេសនេះ​ពុំមាន​បទប្បញ្ញត្តិ​ច្បាប់ណាមួយ​ចែងអំពី​ការយកពន្ធលើ​ផលចំណេញ​ជាមូលធន​នេះទេ ដែលនេះ​គឺជាអ្វីដែល​ការទិញដូរ​ភាគហ៊ុននេះ​ទំនងជា​ត្រូវបាន​ធ្វើឡើង​ក្នុងគោលដៅ​ដើម្បី​កេង​ចំណេញ។

អ្នកស្រី ឡាវ សុខហ៊ុយ និងក្រុមហ៊ុន អឺរ៉ៃស៍ អាសិត ម៉ាណេជមែន បានចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់កម្ចី សម្រាប់​ការទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Tomi នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦។ នៅ​ថ្ងៃទី២០ ខែឧសភា ក្នុងឆ្នាំដដែល កម្ពុជា និង​សិង្ហបុរី បានចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​ជាលើកដំបូង។ បីថ្ងៃក្រោយមក កិច្ចព្រមព្រៀង​ផ្តល់​កម្ចី​នេះ​ត្រូវបាន​គេកែប្រែ។ នេះបើយោងតាម​ឯកសារហិរញ្ញវត្ថុ​តម្កល់នៅ​គណៈកម្មការ​មូលប័ត្រ​របស់​អាមេរិក (SEC)។ ឯកសារទាំងនោះ ពុំបាន​និយាយ​លម្អិត​អំពីការកែប្រែ​លើ​កិច្ចព្រមព្រៀង​នោះឡើយ។

កម្ចីនោះ​ត្រូវ​ផុតសុពលភាព​នៅរដូវក្តៅ​ក្នុងឆ្នាំបន្ទាប់ គឺនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ពោលគឺ​រយៈពេល​ប្រាំខែ​មុនពេល​ដែល​កិច្ចព្រមព្រៀង​ស្តីពីការ​ចៀងវាង​ការយកពន្ធត្រួតគ្នា ត្រូវចូលជាធរមាន។ ទោះជាយ៉ាងណា ពីរសប្តាហ៍​គត់​នៅមុនពេល​ផុតសុពលភាព​នៃ​កិច្ចព្រមព្រៀង​ផ្តល់កម្ចីនោះ ក្រុមហ៊ុនសិង្ហបុរីមួយ ឈ្មោះថា អ៊ីនវ៉ាយរ៉ុនមែនថល សឺលូសិន ហូលឌីង ភីធីអ៊ី អ៊ិលធីឌី (Environmental Solutions Holding Pte Ltd) ត្រូវបាន​ចុះបញ្ជី​ដោយមានឈ្មោះ អ្នកស្រី ឡាវ សុខហ៊ុយ ជា​ម្ចាស់ភាគហ៊ុន​តែឯង។ នៅពេលដែល​ផុតរយៈពេល​កម្ចីនោះ ភាគហ៊ុន​របស់​ក្រុមហ៊ុន Tomi ត្រូវបាន​គេផ្ទេរទៅ​ក្រុមហ៊ុនមេ​ថ្មីមួយ ជាជាង​ទៅឱ្យ​អ្នកស្រី ឡាវ សុខហ៊ុយ ដោយខ្លួនឯង។

នៅពេលដែល​កិច្ចព្រមព្រៀង​ស្តីពីការចៀសវាង​ការយកពន្ធត្រួតគ្នា ចូលជា​ធរមាន​នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ពេលនោះ គេបានប្រើពេល​បីសប្តាហ៍​គត់ ​ដើម្បី​ផ្ទេរភាគហ៊ុន​របស់​ក្រុមហ៊ុន Tomi ​បន្ត​ទៅជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​របស់​អ្នកស្រី ឡាវ សុខហ៊ុយ ដែល​អ្នកស្រី​បាន​ប្រើ​អាសយដ្ឋាន​នៅក្នុង​ប្រទេសសិង្ហបុរី។

មិនដល់​មួយឆ្នាំ​ក្រោយមកផង ពាក្យស្នើសុំ​មួយ​ត្រូវបានគេដាក់​ដើម្បីលុបឈ្មោះ​ក្រុមហ៊ុន អ៊ីនវ៉ាយរ៉ុនមែនថល សឺលូសិន ហូលឌីង ភីធីអ៊ី អ៊ិលធីឌី ចេញពី​បញ្ជីក្រុមហ៊ុន​នៅក្នុង​ប្រទេសសិង្ហបុរី។ ហេតុផល​ដែលត្រូវបាន​ផ្តល់ឱ្យ គឺថា «ក្រុមហ៊ុននេះ​មិនបាន​ចាប់ផ្តើម​ធ្វើ​ពាណិជ្ជកម្ម​ចាប់តាំងពី​កាលបរិច្ឆេទ​នៃ​ការបង្កើត​ក្រុមហ៊ុន​មកម្ល៉េះ»។ ហេតុផលនេះ​ហាក់បីដូចជា​មិនសមទំនង​ទាល់តែសោះ ដោយសារតែ​ក្រុមហ៊ុននេះបាន​ទិញ​ភាគហ៊ុន និង​ចំណាយ​អស់​ ៨លានដុល្លារ ក្នុងរយៈពេល ១២ខែចុងក្រោយ​នោះ។

ទីបញ្ចប់ទៅ អ្នកស្រី ឡាវ សុខហ៊ុយ ប្រាកដជាមានចម្ងល់​ថាតើ​វាពិតជា​ចាំបាច់ដែរឬទេ​ដែល​ត្រូវធ្វើដូច្នេះនោះ។ ប្រាកដណាស់ វាហាក់បីដូចជា​ចំណេញ​ដល់​ភ្នាក់ងារកម្រៃជើងសារ​របស់​អ្នកស្រី គឺលោក បូហ៍ ស៊ុន លឹម ដែលត្រូវបាន​តែងតាំងឱ្យក្លាយជា​សមាជិក​ម្នាក់​នៃក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន Tomi កាលពី​ខែមករា ឆ្នាំ២០១៨ ហើយដែលលោក​ទទួលបាន​ប្រាក់ខែ​ប្រចាំឆ្នាំ​ចំនួន ៤ម៉ឺន (៤០.០០០) ដុល្លារ។ នេះបើយោងតាម​ឯកសារ​​ហិរញ្ញវត្ថុ​តម្កល់នៅ​គណៈកម្មការ​មូលប័ត្រ​របស់​អាមេរិក។

អ្នកស្រី ឡាវ សុខហ៊ុយ ទំនងជាមិនបានគិតគូរ​ដល់ការណ៍​ដែលថា រឿងរ៉ាវទាំងនេះ​បានដំណើរការទៅ​ដោយ​ប្រសើរ​សម្រាប់​អ្នកស្រី​ឡើយ។ អ្នកស្រី​លែងជាប់​កាតព្វកិច្ច​នៃ​ខចែង​ជាមួយ​លោក បូហ៍ ស៊ុន លឹម ទៀតហើយ។ នេះបើយោងតាម​បណ្ឌិត ហាលឌេន ហ្សេន ដែលជា​ប្រធានអគ្គនាយក​នៃក្រុមហ៊ុន Tomi។

បណ្ឌិត ហាលឌេន ហ្សេន បាននិយាយថា៖ «ខ្ញុំ​មិនគិតថា​អ្នកស្រី ឡាវ សុខហ៊ុយ សប្បាយចិត្ត​ខ្លាំងប៉ុន្មានទេ​ចំពោះ​ការវិនិយោគ​នេះ»

នៅទីបញ្ចប់ទៅ រឿងរ៉ាវសម្ងាត់​នៃប្រតិបត្តិការសាច់ប្រាក់​ទាំងនេះ ពុំបាន​បង្កើតឱ្យមាន​នូវ​ផលចំណេញ​ដែលអាច​នឹងត្រូវយក​ពន្ធ​បានឡើយ។ ក៏ប៉ុន្តែ សម្រាប់​រាល់បរាជ័យ​ដែលគេ​អាចមើលឃើញ ដូចជា​ករណី​របស់​អ្នកស្រី ឡាវ សុខហ៊ុយ ជាដើមនេះ សំណួរគឺ​ថា តើ​នៅមាន​ទ្រព្យសម្បត្តិច្រើនប៉ុណ្ណា​នៅកម្ពុជា ត្រូវបាន​គេយកទៅ​វិនិយោគ​ដោយស្ងាត់ៗ នៅក្រៅប្រទេស ខណៈ​ចំណូល​វិញ​ត្រូវបាន​គេចាត់ចែង​ឱ្យ​រួចពន្ធ​នៅក្នុង​ប្រទេស​សិង្ហបុរីនោះ?

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។