ក្រុមគ្រួសារ និងមេធាវី ស្នើទៅកាន់តុលាការកំពូលឱ្យទម្លាក់ការចោទប្រកាន់ទៅលើអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឱ្យមានសេរីភាពឡើងវិញ ខណៈជំងឺបេះដូងលោកមានសភាពធ្ងន់ធ្ងរ។
តុលាការកំពូលគ្រោងនឹងបើកសវនាការ នៅថ្ងៃទី៣១ ខែកក្កដានេះ លើបណ្ដឹងសាទុក្ខរបស់អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ប្រឆាំងនឹងសាលដីកាសាលាឧទ្ធរណ៍ភ្នំពេញដែលតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញកាត់ទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល ក្រោមបទញុះញង់បង្កឱ្យមានភាពវឹកវរក្នុងសង្គម និងបទញុះញង់ឱ្យមានការរើសអើងពូជសាសន៍។
ប្រពន្ធលោក ថាច់ សេដ្ឋា គឺ លោកស្រី ថាច់ សុខបូរ៉ានី ប្រាប់វិទ្យុអាស៊ីសេរីក្រោយចេញពីសួរសុខទុក្ខប្ដីនៅក្នុងពន្ធនាគារ នៅថ្ងៃទី៣០ ខែកក្កដាថា ស្ថានភាពជំងឺប្ដីលោកស្រីកាន់តែធ្ងន់ធ្ងរឡើង។ លោកស្រីបន្តថា ប្ដីលោកស្រី ដែលមានអាយុ ៧១ឆ្នាំកំពុងមានជំងឺជាច្រើន រួមមាន ជំងឺបេះដូង លើសឈាម និងជំងឺប្រចាំកាយផ្សេងទៀត ដែលត្រូវលេបថ្នាំជាប្រចាំ។
លោកស្រី ថាច់ សុខបូរ៉ានី បន្ថែមថា ក្រោយពីប្ដីលោកស្រីជាប់ពន្ធនាគារជិតពីរឆ្នាំមកនេះ បានធ្វើឱ្យគ្រួសារលោកស្រីបាត់បង់នូវសុភមង្គល ដោយសារលោកស្រីជាអ្នករ៉ាប់រងគ្រួសារ ត្រូវរកចំណូល ដើម្បីការចំណាយថវិកាព្យាបាលជំងឺប្ដី និងត្រូវចំណាយពេលវេលាឡើងសវនាការផងដែរ។ លោកស្រីរំពឹងថា តុលាការកំពូលនឹងពិចារណាលើការងារ ដែលប្ដីលោកស្រីបានលះបង់ដើម្បីសង្គមកន្លងមក និងភាពស្អាតស្អំ ហើយលោកស្រីស្នើតុលាការដោះលែងប្ដីលោកស្រីឱ្យបានជួបជុំក្រុមគ្រួសារវិញ។
លោកស្រី ថាច់ សុខបូរ៉ានី៖«គាត់ឈឺជើង ហើយឥឡូវគាត់ថា គាត់ទ្រោមខ្លួន ឈឺពេញខ្លួន ហើយមិញពេលដែលគាត់ដើរចេញមក ជើងគាត់ដើរប៉ាំងពៀចៗ ដើរអត់ចង់រួច និយាយរួមគាត់លាក់គ្រួសារទោះគាត់ឈឺក៏ដោយក៏គាត់ថាមិនឈើដែរ»។
ចំណែកមេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា គឺលោកបណ្ឌិត សឺន ជុំជួន មានប្រសាសន៍ថា កូនក្ដីលោកបានអនុវត្តទោស ចំពោះសំណុំរឿងទីមួយ ដែលកាត់ទោសឱ្យជាប់ពន្ធនាគាររយៈ ១៨ខែ ក្នុងសំណុំរឿងចេញសែកស្អុយ ឬសែកអត់ប្រាក់រួចរាល់ហើយ តែកូនក្ដីរបស់លោកមិនមានលទ្ធភាពបង់លើសំណងចំនួន៣លានរៀលនៅឡើយទេ។ លោកថាសម្រាប់សវនាការនៅតុលាការកំពូលដែលគ្រោងនឹងកាត់ក្ដីលើសំណុំរឿងទីពីរនៅថ្ងៃស្អែកនេះ លោកសង្ឃឹមថាតុលាការនឹងទម្លាក់ការចោទប្រកាន់ និងផ្ដល់យុត្តិធម៌ដល់កូនក្ដីរបស់លោក។
លោក សឺន ជុំជួន៖«ទោះជាយ៉ាងណាក៏ដោយ យើងនៅតែរំពឹងថា តុលាការនឹងនៅតែពិចារណា នៅក្នុងការដំណើរនីតិវិធីហ្នឹង ហើយផ្ដល់ចេញជាសេចក្ដីសម្រេចដោយមានភាពយុត្តិធម៌ដល់កូនក្ដីខ្ញុំ នេះការរំពឹងទុករបស់ខ្ញុំថា នឹងទទួលបានបែបនេះ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ នៅថ្ងៃទី៣០ ខែកក្កដា។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ថា តុលាការគួរតែទម្លាក់ការចោទប្រកាន់ទៅលើអនុប្រធានគណបក្សប្រឆាំងរូបនេះ ហើយអ្នកនយោបាយគួរជជែកគ្នា និងរកដំណោះស្រាយសម្រាប់ផលប្រយោជន៍ពលរដ្ឋ។
លោក អំ សំអាត៖«អ្នកនយោបាយគួរតែពិនិត្យមើលក្នុងការដោះស្រាយគ្នាតាមវប្បធម៌នៃសន្ទនាដើម្បីរកច្រកក្នុងការដោះស្រាយទៅលើបញ្ហានេះដើម្បីបន្ធូរបន្ថយនូវបរិយាកាសនៅក្នុងការរិះគន់ពីសហគមន៍អន្តរជាតិចំពោះករណីឯកឧត្ដម ថាច់ សេដ្ឋា»។
សាលាដំបូងរាជធានីភ្នំពេញកាលពីឆ្នាំមុនបានកាត់ទោស លោក ថាច់ សេដ្ឋា ពីបទញុះញង់បង្កឱ្យមានភាពវឹកវរក្នុងសង្គម និងបទញុះញង់ឱ្យមានការរើសអើងពូជសាសន៍ ពាក់ព័ន្ធនឹងការថ្លែងសាររបស់លោកជាមួយពលករនៅប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ អំពីប្រវត្តិគណបក្សប្រជាជន ស្តូបមិត្តភាពកម្ពុជាវៀតណាម និងប្រវត្តិ ៧មករា ហើយតុលាការចាត់ទុកករណីនេះថា ជាអំពើទុច្ចរិត និងមានគោលបំណងបញ្ឆេះកំហឹងដល់ពលរដ្ឋឱ្យស្អប់គណបក្សប្រជាជនកម្ពុជា រដ្ឋាភិបាល និងមានចេតនាកេងចំណេញនយោបាយមុនការបោះឆ្នោតខិតចូលមកដល់។
ទោះជាយ៉ាងណាក្ដី កន្លងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បានចាត់ទុក ការផ្ដន្ទាទោសនេះថា ជារឿងដ៏ហួសចិត្ត និងមិនអាចទទួលយកបាន ដោយគ្រាន់តែលោក ថាច់ សេដ្ឋា ប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។