នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលគ្រប់គ្រងដោយប្អូនប្រុសពៅរបស់លោក គឺជាអង្គការយុវជន បម្រើមហាជនធំជាងគេ ក្នុងកិច្ចការសង្គម និងដើម្បីបុព្វហេតុជាតិនៅក្នុងប្រទេសកម្ពុជា។ ផ្ទុយពីការលើកឡើងនេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង និងអ្នកវិភាគនយោបាយថា ស.ស.យ.ក គឺជាអង្គការបំផ្លាញប្រជាធិបតេយ្យ និងដើម្បីការពារអំណាចបែបផ្ដាច់ការរបស់គ្រួសារត្រកូល ហ៊ុន តែប៉ុណ្ណោះ។
នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ផងនោះ លោក ហ៊ុន ម៉ាណែត លើកឡើងថា ស.ស.យ.ក ក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ានី ធ្វើការដើម្បីបុព្វហេតុជាតិ ដោយមិនមានការរើសអើងនិន្នាការនយោបាយ វណ្ណៈ និងសាសនានោះឡើយ។
លោក ហ៊ុន ម៉ាណែត បន្តថា ស.ស.យ.ក មានភារកិច្ចចម្បងបំផុសឱ្យយុវជនចូលរួមការងារសង្គម ដើម្បីកសាងសង្គមទំនើបមួយ ដែលមានសន្តិភាព សេរីភាព និងប្រជាធិបតេយ្យផងដែរ។
ការលើកឡើងនេះ ធ្វើឡើងនៅពេលលោក ហ៊ុន ម៉ាណែត ចូលរួមពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ស.ស.យ.ក នៅថ្ងៃទី១៤ ខែមីនា។
កិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ស.ស.យ.ក បានធ្វើឡើងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៣ និងថ្ងៃទី១៤ ខែមីនា ដោយមានអ្នកចូលរួមភាគច្រើន គឺជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល រួមមានដូចជារដ្ឋមន្ត្រីក្រសួងផ្សេងៗ និងអភិបាលខេត្តក្រុងជាដើម។ មន្ត្រីទាំងនេះ គឺភាគច្រើនគឺជាកូនៗ របស់អតីតមន្ត្រីដែលមានតួនាទីគ្រាក់ៗ នៅក្នុងរដ្ឋាភិបាល។ កិច្ចប្រជុំនេះ មានការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការកណ្ដាលថ្មីចំនួន ១១៣នាក់ និងសមាជិកគណៈអចិន្ត្រៃយ៍ចំនួន៥ បន្ថែមទៀត ខណៈរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត ឫទ្ធិ ត្រូវបានជ្រើសរើសជាអនុប្រធាន ស.ស.យ.ក។
ជុំវិញរឿងនេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អំ សំអាត យល់ឃើញថា ដោយសារតែស្ថាប័ន ស.ស.យ.ក ដឹកនាំដោយមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច ដូច្នេះស្ថាប័ននេះបានចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យ ច្រើនជាងបំពេញការងារដោះស្រាយបញ្ហានៅក្នុងសង្គម។ លោកបន្តថា ក្រៅពីបង្កើតបណ្ដាញដើម្បីជួយគ្នាទៅវិញទៅមករវាងមន្ត្រីរាជការ និង សមាជិក ស.ស.យ.ក ហើយនោះ ស្ថាប័ននេះក៏បណ្ដុះយុវជនឱ្យគាំទ្រការផ្ទេរអំណាចបែបបន្តពូជផងដែរ។
លោក អំ សំអាត៖ «ទោះបីជាប្រជាពលរដ្ឋរងភាពអយុត្តិធម៌ បណ្ដេញចេញពីដីធ្លី ក៏យុវជនហ្នឹងធ្វើមិនដឹង ធ្វើមិនឃើញដែរដើម្បីគាំទ្រការដឹកនាំរបស់គណបក្សប្រជាជន គាំទ្រត្រកូល ហ៊ុន ហើយអ៊ីចឹងពួកគេត្រូវតែបញ្ចូលមនោគមន៍វិជ្ជាធ្វើម៉េចឱ្យយុវជនភ្លេចគិតរឿងជាតិ គិតតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួន កាលណាចូលរួមជាមួយសភាពសហព័ន្ធយុវជនកម្ពុជា គឺចូលរួមសម្លាប់ប្រជាធិបតេយ្យ ចូលរួមរំលោភសិទ្ធិមនុស្ស ចូលរួមបំផ្លាញជាតិជាមួយត្រកូលហ៊ុនហើយ»។
សហភាពសហព័ន្ធយុវជនកម្ពុជានេះ មានលោក ហ៊ុន ម៉ានី ដែលជាកូនប្រុសពៅលោក ហ៊ុន សែន និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ គឺជាប្រធាន។ ចំណែកអនុប្រធានវិញមាន ៨នាក់ រួមមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា រដ្ឋមន្ត្រីមន្ត្រីក្រសួងដែនដី លោក សាយ សំអាល់ កូនប្រសាលោក ហ៊ុន សែន គឺលោក ឌី វិជ្ជា អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ព្រមទាំងមន្ត្រីជាន់ខ្ពស់ពីររូបទៀត គឺលោក សុះ មុះសិន និងអ្នកស្រី ដាំ ដារិនី។ ក្រៅពីនេះ ក្រុមមន្ត្រីកំពូលៗ នៃគណបក្សកាន់អំណាច បានដាក់បញ្ចូលកូនៗ របស់ពួកគេទៅក្នុងតួនាទីប្រធាន និងអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាចាប់តាំងពីនៅខេត្ត រាជធានី រហូតដល់ស្រុក-ខណ្ឌ និងគ្រប់ក្រសួងស្ថាប័ន រួមទាំងសាលារៀនផង។ បន្ទាប់មកកូនចៅរបស់ពួកគេ ត្រូវបានតែងតាំងឲ្យកាន់ការងារសំខាន់ៗក្នុងជូររដ្ឋាភិបាលជាបន្តបន្ទាប់ ដូចដែលបានឃើញសព្វថ្ងៃ។ អ្នកឃ្លាំមើល សង្កេតឃើញថា ការងារស្នូលរបស់ ស.ស.យ.ក នេះ គឺគ្រាន់តែបង្កើតប្រព័ន្ធមួយឱ្យយុវជនដើរតាមសែស្រឡាយ និងបក្ខពួករបស់កូនចៅលោក ហ៊ុន សែន ប៉ុណ្ណោះ ពោលគឺមិនមែនដើម្បីផលប្រយោជន៍យុវជនទូទៅ និងសង្គមជាតិនោះឡើយ។
ជុំវិញរឿងនេះដែរ អ្នកវិភាគនយោបាយ លោក គឹម សុខ ទទួលស្គាល់ថា ស.ស.យ.ក គឺជាចលនាយុវជនធំជាងគេនៅក្នុងប្រទេសកម្ពុជា តែលោកអះអាងថា ស្ថាប័ននេះធ្វើការដើម្បីការពារអំណាចផ្ដាច់ការរបស់គ្រួសារត្រកូល ហ៊ុន ជាជាងផលប្រយោជន៍ជាតិ។ លោកបន្តថា ដោយសារតែលទ្ធិប្រជាធិបតេយ្យ និងស្ថានភាពគោរពសិទ្ធិមនុស្សកាន់តែអាក្រក់ខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះការបង្កើតព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ ស.ស.យ.ក ធ្វើឡើងក្នុងគោលបំណងពង្វក់ស្មារតីរបស់យុវជន ឱ្យភ្លេចភារកិច្ចលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតែប៉ុណ្ណោះ។
លោក គឹម សុខ ៖«ស.ស.យ.ក របស់ ហ៊ុន ម៉ានី និង ហ៊ុន ម៉ាណែត ហ្នឹង គឺជាចលនានយោបាយទុច្ចរិត ដែលប្រើលុយកខ្វក់ និងឱកាសការងារបែបបក្ខពួកនិយម ទិញទឹកចិត្តយុវជនឱ្យចូលរួមបំភ័ន្តមហាជន និងសង្គម។ អង្គការនេះគឺជាឧបករណ៍នយោបាយស៊ីវិលមួយ របស់ក្រុមគ្រួសារ ហ៊ុន ពង្វក់ឱ្យយុវជនវង្វេងភាពត្រឹមត្រូវ និងយុត្តិធម៌»។
បើទោះបីជាទទួលបានការគាំទ្រពីរដ្ឋាភិបាល និងឧបត្ថម្ភពីក្រុមហ៊ុនធំៗ របស់ឧកញ៉ាមួយចំនួនក្ដី តែយុវជន ស.ស.យ.ក ហាក់មិនសូវធ្វើការងារលើកកម្ពស់យុត្តិធម៌សង្គម និងការការពារ ធនធានធម្មជាតិនោះឡើយ។ អ្នកវិភាគនយោបាយលើកឡើងថា យុវជនមិនគួរចូលរួមជាសមាជិក ស.ស.យ.ក នោះឡើយ ពីព្រោះក្រៅតែពីមិនអាចលើកកម្ពស់យុត្តិធម៌សង្គមហើយនោះ ស្ថាប័ន ស.ស.យ.ក ក៏អាចនឹងពង្វក់ស្មារតីយុវជនឱ្យអាត្មានិយម លែងខ្វល់ខ្វាយពីបញ្ហានៅក្នុងសង្គមផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។