ប្រធានព្រឹទ្ធសភា និងជាប្រធានបក្សកាន់អំណាចលោក ហ៊ុន សែន កំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ (Laos) ដើម្បីរឹតចំណងមិត្តភាពទ្វេភាគី និងពង្រឹងអំណាចរវាងបក្ស និងបក្សនៃប្រទេសទាំងពីរ។ អ្នកជំនាញកិច្ចការអន្តរជាតិវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន គឺជាការទៅស្វែងរកកិច្ចគាំទ្រពីបក្សកុម្មុយនិស្តឡាវបន្ថែម ដើម្បីពង្រឹងអំណាចបន្តដឹកនាំកម្ពុជាតវង្សត្រកូល។
លោក ហ៊ុន សែន កំពុងបំពេញទស្សនកិច្ចនៅប្រទេសឡាវចំនួន ២ថ្ងៃចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ដែលជាដំណើរទស្សនកិច្ចលោក ហ៊ុន សែន ចាត់ទុកថា មានសារៈសំខាន់ និងបន្តជំរុញឱ្យទំនាក់ទំនងកម្ពុជា និងឡាវល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។
ព្រឹទ្ធសភាកម្ពុជាឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវការចំនួន ២ថ្ងៃរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសឡាវនាពេលនេះ គឺឆ្លើយតបតាមសំណើប្រធានរដ្ឋសភាឡាវ លោក សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ដើម្បីចូលរួមធ្វើជាសហប្រធានក្នុងកិច្ចប្រជុំកំពូលលើកទី១៥ រវាងបក្សប្រជាជនកម្ពុជា និងបក្សប្រជាជនបដិវត្តន៍ឡាវ។ ក្រៅពីនេះ លោក ហ៊ុន សែន នឹងមានជំនួបទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រី ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

អត្ថបទដែលទាក់ទង៖
លោក ហ៊ុន សែន សម្រេចប្រគល់អ្នកទោសជានជាតិឡាវពីកម្ពុជា ឱ្យទៅប្រទេសឡាវវិញ
លោក ស៊ុន សែន ស្នើឡាវឱ្យគាំទ្រគម្រោងសាងសង់ព្រែកជីកហ្វូណន
យុវជនសង្គមថា ជំនួបរវាងលោក ហ៊ុន សែន ជាមួយឡាវនឹងផ្ដល់ប្រយោជន៍តិចតួចដល់កម្ពុជា
ប្រតិភូដែលអមដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅប្រទេសឡាវនេះរួមមាន លោក ស ខេង លោក ទៀ បាញ់ អ្នកស្រី ម៉ែន សំអន និងរដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន ជាដើម។
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ លើកឡើងថា លោក ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវគឺគ្មានចេតនាស្វែងរកផលចំណេញសម្រាប់ជាតិឡើយ ពោលគឺដើម្បីពង្រឹងអំណាចរវាងបក្ស និងបក្សនៃប្រទេសទាំងពីរ និងជជែកអំពីការជួយជ្រោមជ្រែងរក្សាអំណាចដល់គ្នាទៅវិញទៅមក ខណៈសេដ្ឋកិច្ចនៃប្រទេសទាំងពីរកាន់តែដុនដាបខ្លាំង។
លោក គឹម សុខ៖«លោក ហ៊ុន សែន ទៅឡាវតាមពិតទៅជជែកពីការជួយគ្នាពីការពង្រឹងអំណាចរវាងបក្សកុម្មុយនិស្តកម្ពុជាគឺគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តឡាវក្រោមឥទ្ធិពលបងធំបក្សកុម្មុយនិស្តវៀតណាម ដូច្នេះចៀសមិនផុតពីការលើកឡើងនូវប្រធានបទជួយពង្រឹងកម្លាំងគ្នាកុំឱ្យបក្សកុម្មុយនិស្តណាមួយដួលរលំស្របពេលដែលបក្សកុម្មុយនិស្តកម្ពុជាគឺគណបក្សប្រជាជនកម្ពុជាកំពុងប្រឈមនឹងវិបត្តិដួលរលំអំណាចជាងគេ ដូច្នេះត្រូវការឱ្យបក្សកុម្មុយនិស្តឡាវ និងបក្សកុម្មុយនិស្តវៀតណាមជួយជាបន្ទាន់ក្នុងក្របខ័ណ្ឌសម្ងាត់ណាមួយដែលជាប្រពៃណីបងប្អូនបក្សកុម្មុយនិស្តឥណ្ឌូចិន»។
ចំណែកអ្នកតាមដានភូមិសាស្ត្រនយោបាយ និងជានាយកកម្មវិធីតស៊ូមតិ របស់អង្គការប្រជាធិបតេយ្យខ្មែរ (KDO) ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក សេង វណ្ណលី យល់ថា លោក ហ៊ុន សែន ក្នុងតួនាទីជាប្រធានព្រឹទ្ធសភាទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ និងបណ្ដាប្រទេសផ្សេងៗ ក្នុងតំបន់នាពេលកន្លងមកនេះ គឺដើម្បីពង្រឹងនយោបាយការទូតលើឆាកអន្តរជាតិ ដើម្បីជួយការពាររដ្ឋាភិបាលកូនប្រុសរបស់លោក និងចង់បង្ហាញថា លោកគឺជាអ្នកមានឥទ្ធិពលក្នុងការដឹកនាំគ្រប់គ្រងកម្ពុជា។
លោក សេង វណ្ណលី៖«អ្វីដែលលោកប្រធានព្រឹទ្ធសភាចង់បង្ហាញនោះ ការវិលមកមានឥទ្ធិពលទៅលើគ្រប់អំណាច។ អំណាចនីតិប្រតិបត្តិអំណាចនីតិប្បញ្ញត្តិ ក៏ដូចជា ប្រធានគណបក្សគ្រប់គ្រងអំណាចបច្ចុប្បន្ន។ ក្នុងមជ្ឈដ្ឋានក្នុងស្រុកគេបានមើលឃើញថា អំណាចទាំងស្រុងគឺស្ថិតក្នុងកណ្ដាប់ដៃប្រធានព្រឹទ្ធសភាក៏ប៉ុន្តែការធ្វើបែបនេះរងការរិះគន់ដែរ ដោយសារតែការធ្វើបែបនេះលុបសមត្ថភាពនាយករដ្ឋមន្ត្រីបច្ចុប្បន្នធ្វើ មិនត្រឹមតែមិនអាចជួយលោកនាយករដ្ឋមន្ត្រីបច្ចុប្បន្នធ្វើម៉េចបង្ហាញស្នាដៃនិងសមិទ្ធផលក្នុងនាមជាមនុស្សជំនាន់ក្រោយនោះទេ តែជាការរឹតត្បិតសមត្ថភាពក្នុងការអនុវត្ត ឬក្នុងការជំរុញគោលនយោបាយទាំងថ្នាក់ជាតិ និងថ្នាក់តំបន់»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យព្រឹទ្ធសភាលោក ម៉ម ប៊ុននាង និងអ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានឡើយនៅថ្ងៃទី៦ ខែកុម្ភៈ។
អ្នកជំនាញចង់ឃើញរដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន ពង្រីកការធ្វើទំនាក់ទំនងការទូត ជាមួយបណ្ដាប្រទេសចម្រុះក្នុងតំបន់ និងបណ្ដាប្រទេសលោកសេរីឱ្យល្អប្រសើរដើម្បីទទួលបានផលប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។