ឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ លោក សឺន សូប៊ែរ កូនប្រុសបង្កើតរបស់សម្ដេចបវរសេដ្ឋាធិបតី សឺន សាន បានធ្វើពិធីរំលឹកខួប រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរលើកទី៤៥ ដើម្បីរំលឹកដល់ពលិកម្មរបស់យោធិន និងនាយទាហានទាំងអស់ ដែលបានបូជាជីវិត ដើម្បីរំដោះប្រទេសជាតិ។
សេចក្ដីប្រកាសព័ត៌មាន ដែលវិទ្យុអាស៊ីសេរីទទួលបានកាលពីថ្ងៃទី៧ តុលា ឱ្យដឹងថា ការរំលឹកខួបនេះ គឺធ្វើឡើងកាលពីថ្ងៃទី៥ តុលា ដែលចំថ្ងៃកំណើត(ថ្ងៃទី៥តុលា ឆ្នាំ១៩១១) របស់សម្ដេចសឺន សាន។ សម្ដេច សឺន សាន បានទទួលមរណភាព នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០០ នៅរាជធានីភ្នំពេញ ក្នុងព្រះជន្ម៨៩ឆ្នាំ។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា ការរំលឹកខួប ការបង្កើតរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរនេះ ក៏ដើម្បីរំលឹកដល់ការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់វៀតណាមកាលពីឆ្នាំ១៩៧៩ រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
រណសិរ្សរំដោះជាតិប្រជាពលរដ្ឋខ្មែរ ដែលសម្ដេច សឺន សាន ជាប្រធាន ត្រូវបានបង្កើតឡើងនៅ ថ្ងៃទី៩ ខែតុលាឆ្នាំ១៩៧៩ នៅក្នុងខែត្រភាគពាយព្យនៃប្រទេសកម្ពុជា ជាប់ព្រំដែនថៃ។
រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ មានគោលនយោបាយចំនួន៣គឺ “សង្គ្រោះ បម្រើ និង ការពារប្រជាពលរដ្ឋ“។ រណសិរ្សនេះ បានកំណត់គោលដៅរបស់ខ្លួនចំនួន៣ នៅក្នុងឆ្នាំ១៩៧៩នោះ គឺប្រឆាំងនឹងការវិលត្រលប់មកកាន់អំណាចវិញរបស់ខ្មែរក្រហម ប្រឆាំងនឹងការកាន់កាប់ របស់វៀតណាមនៅកម្ពុជា និងការកសាងប្រទេសកម្ពុជាឡើងវិញ ដោយឈរលើគោលការណ៍ “សេរីភាពយុត្តិធម៌ សិទ្ធិមនុស្ស ដោយរំដោះខ្លួនចេញពីការកាន់កាប់ គាបសង្កត់ និងត្រួតត្រា” ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។