សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ និងក្រុមអ្នកវិភាគវ័យក្មេង រួមគ្នាចេញសេចក្ដីថ្លែងការណ៍មួយ អំពាវនាវដល់យុវជនឱ្យបន្តឆន្ទៈលោកបណ្ឌិត កែម ឡី។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីយុវជនមួយចំនួន ដែលបានតាំងខ្លួនជាកូនសិស្សបណ្ឌិត កែម ឡី ទៅចុះចូលជាមួយរដ្ឋាភិបាល និងបានផ្លាស់ប្ដូរស្មារតីនិយាយការពិត ទៅជានិយាយការពារអ្នកមានអំណាច។
សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ និងក្រុមអ្នកវិភាគវ័យក្មេង ដែលបង្កើតឡើងដោយ បណ្ឌិត កែម ឡី បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ នៅថ្ងៃទី១៧ ខែកុម្ភៈ ដើម្បីអំពាវនាវឱ្យក្រុមយុវជនដែលតាំងខ្លួនជាកូនសិស្ស និងជាអ្នកបន្តវេនពីបណ្ឌិត កែម ឡី ត្រូវតែរក្សាជំហរ និងស្មារតីរឹងមាំ ដើម្បីរួមចំណែកកែលម្អសង្គម។ សេចក្ដីថ្លែងការណ៍បានសង្កត់ធ្ងន់ថា យុវជនគួរបន្តគំរូភាពក្នុងការនិយាយការពិត ជាជាងនិយាយការពារ។
ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ប្រាប់វិទ្យុអាស៊ីសេរីថា ការចូលរួមជីវភាពជាមួយគណបក្សនយោបាយណាមួយនោះ គឺជាសេរីភាពរបស់បុគ្គលផ្ទាល់ខ្លួន ក៏ប៉ុន្តែលោកយល់ថា ចំពោះយុវជនដែលបានធ្លាប់បានតាំងខ្លួនជាសិស្សបណ្ឌិត កែម ឡី និងថែមទាំងធ្លាប់ស្បថនៅមុខផ្នូរលោកបណ្ឌិតទៀតនោះ ពួកគេគួរថែរក្សាឆន្ទៈរបស់ខ្លួន ដើម្បីជាគំរូភាពដល់យុវជនជំនាន់ក្រោយ។ លោក កើត សារ៉ាយ បន្ថែមថា ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម និងគោរពឆន្ទៈរបស់បណ្ឌិត កែម ឡី យុវជនទាំងនោះ គួរតែរក្សាភាពស្ងៀមស្ងាត់បន្ទាប់ពីបានចុះចូល ជាជាងបន្តសកម្មភាពបញ្ចុះបញ្ចូលយុវជនដទៃទៀត ឱ្យចូលគណបក្សនយោបាយ ដើម្បីទទួលបានលាភសក្ការៈដូចខ្លួន។

លោក កើត សារ៉ាយ៖ «យើងមើលឃើញថា វាជាឥទ្ធិពលអាក្រក់ដល់បញ្ញវន្ត ដល់និស្សិត ជាពិសេសវាបានធ្វើឱ្យការលះបង់របស់លោកបណ្ឌិតរហូតដល់អាយុជីវិត ខំបង្រៀន ខំហ្វឹកហាត់ ហ៊ានលះបង់ ត្រួសត្រាយផ្លូវ សម្រាប់អ្នកជំនាន់ក្រោយ ហើយយើងជាយុវជនបានតែមួយប្រាវ ហើយបែរជានៅតែដើរគន្លងចង់បានផលប្រយោជន៍ តួនាទី ហើយបំភ្លេចតួនាទី កាតព្វកិច្ច ក្នុងការកែប្រែប្រទេសជាតិឱ្យវិវត្តទៅរកផលល្អ នេះខ្ញុំមានអារម្មណ៍ថា សោកស្ដាយ ហើយជាផលប៉ះពាល់មួយដល់អារម្មណ៍ និងស្មារតីរបស់យុវជនផ្សេងៗទៀត»។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីយុវជនមួយចំនួន ដែលធ្លាប់តាំងខ្លួនជាអ្នក កែម ឡី និយមបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាថ្នូរទៅនឹងការទទួលបានលុយ និងការងារក្នុងស្ថាប័នរដ្ឋ។ ថ្មីៗនេះ អតីតសកម្មជនបរិស្ថានកូនភ្លោះ២នាក់គឺលោក ជុំ ហួត និងលោក ជុំ ហួរ បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានតែងតាំងពួកគេជា ជំនួយការក្រសួង ដែលមានឋានៈស្មើ អនុប្រធាននាយកដ្ឋាន។

ពាក់ព័ន្ធនឹងរឿងនេះ លោក ជុំ ហួត និង ជុំ ហួរ បានបង្ហោះសារនៅលើហ្វេសប៊ុកថា លោកទទួលបានតួនាទីនៅក្នុងរដ្ឋាភិបាល គឺដោយសារតែពួកលោក ខិតខំតស៊ូ លះបង់ អត់ធ្មត់ មានសមត្ថភាព ស្មោះត្រង់ និងមានសុជីវធម៌ ជាពិសេសមានបទពិសោធន៍នៅក្នុងកិច្ចការសង្គម និងនយោបាយ ទើបធ្វើឱ្យថ្នាក់ដឹកនាំទុកចិត្ត និងផ្ដល់តួនាទីដល់ពួកលោក។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៧ ខែកុម្ភៈ ដោយទូរស័ព្ទចូលតែពុំមានអ្នកទទួល។
ជុំវិញរឿងនេះ ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ យល់ឃើញថា ការបំភ្លេចឆន្ទៈបណ្ឌិត កែម ឡី មិនត្រឹមតែធ្វើឱ្យក្រុមយុវជនដែលចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច បាត់បង់កិត្តិយសផ្ទាល់ខ្លួននោះទេ ក៏ប៉ុន្តែក៏អាចប៉ះពាល់ដល់កិត្តិនាមរបស់បណ្ឌិត កែម ឡី ផងដែរ។ កញ្ញាបន្ថែមថា ការអំពាវនាវនេះមិនមានចេតនារើសអើង ឬក៏វាយប្រហារដល់ក្រុមយុវជន ដែលបានចុះចូលជាមួយរដ្ឋាភិបាលនោះទេ ក៏ប៉ុន្តែនេះ គឺជាសារដាស់តឿនដល់បុគ្គលទាំងនោះ ត្រូវបន្តគំរូភាពរបស់បណ្ឌិត កែម ឡី ជាពិសេសគំរូភាពនៅក្នុងការនិយាយការពិត ជាជាងនិយាយការពារ។

កញ្ញា លី ស្រីស្រង់៖ «ពួកគាត់ចុះចូលហើយ គួរតែបន្តស្មារតី កែម ឡី ហ្នឹងនៅក្នុងស្ថាប័នដែលពួកគាត់ធ្វើការចុះ ពីព្រោះការជ្រើសរើសពួកយើងអត់អាចបង្ខំនរណាឱ្យធ្វើអីដែលយើងចង់ធ្វើទេ ប៉ុន្តែខ្ញុំគ្រាន់តែជាសារមួយថា ទោះបីជាអ្នកធ្វើអីក៏ដោយ បើអ្នកធ្លាប់សន្យាជាមួយស្មារតី ខ្ញុំគិតថាយើងគួររក្សា ក៏ដូចជាទុកស្មារតីហ្នឹងនៅក្នុងខ្លួន ដើម្បីធ្វើយ៉ាងម៉េចឱ្យមានការផ្លាស់ប្ដូរ ជាវិជ្ជមាន ប៉ុន្តែដូចខ្ញុំលើកឡើងអ៊ីចឹងថា ការធ្វើការងារជាមួយគណបក្សប្រជាជនអាចនឹងមានផលលំបាក នៅក្នុងការកែប្រែហើយ ព្រោះគេមិនសូវស្ដាប់ បើយើងនិយាយឱ្យសាមញ្ញ»។
ផ្ទុយពីការចុះចូលដើម្បីទទួលបានលាភសក្ការៈនេះ ការចុះចូលរបស់ក្រុមយុវជនកន្លងមក ក៏អាចបណ្ដាលមកពីការបំភិតបំភ័យពីសំណាក់អ្នកមានអំណាចផងដែរ។ ក៏ប៉ុន្តែអ្នកវិភាគនយោបាយលើកឡើងថា ទាំងសកម្មជននយោបាយ និងសកម្មជនសង្គម ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចនោះ មិនដែលមានអនាគតល្អទេ ពីព្រោះគណបក្សប្រជាជនកម្ពុជាមិនផ្ដល់ការទុកចិត្តដល់ពួកគេនោះឡើយ។ ជាមួយគ្នានេះ អ្នកវិភាគលើកឡើងថា ការតែងតាំងអ្នកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានការងារក្របខ័ណ្ឌរដ្ឋនោះ គឺជាការធ្វើឱ្យខាតបង់ថវិកាជាតិ ពីព្រោះអ្នកទាំងនោះទទួលបានប្រាក់បៀវត្ស ក៏ប៉ុន្តែមិនបានបំពេញការងារដើម្បីប្រយោជន៍សង្គមជាតិនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។