មេធាវី​ស្នើ​តុលាការ​កាត់ក្តី​ឱ្យ​ឯករាជ្យ បន្ទាប់​ពី​លោក ហ៊ុន សែន ព្រមាន​ថា​លោក កឹម សុខា អាច​ជាប់​ទោស​បន្ថែម

មេធាវី​តំណាង​ប្រធាន​សង្គ្រោះ​ជាតិ​លោក កឹម សុខា ចង់​ឃើញ​សាលាឧទ្ធរណ៍​ភ្នំពេញ​កាត់ក្តី​ដោយ​ឯករាជ្យ​ពី​រឿង​នយោបាយ និង​ប្រគល់​សេរីភាព​ជូន​កូន​ក្តី​វិញ ។ ការ​លើកឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ​ព្រមាន​ថា លោក កឹម សុខា អាច​ជាប់​ទោស​បន្ថែម ក្រោយ​ពេល​លោក សម រង្ស៊ី បង្ហោះ​សារ​ធ្វើ​បាតុកម្ម​ប្រឆាំង​ការដឹកនាំ​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​។ អ្នកឃ្លាំមើល​យល់​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​អាវុធ​ក្នុង​ការ​បំបិទមាត់​ពលរដ្ឋ​រហូត​ដល់​អ្នក​នយោបាយ​ប្រឆាំង​គឺ​ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

មេធាវី​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា បើ​តុលាការ​បំពេញ​ការងារ​ដោយ​តម្លាភាព នឹង​ច្រានចោល​ចំពោះ​សេចក្ដី​សម្រេច​របស់​សាលាដំបូង​ដើម្បី​ផ្ដល់​យុត្តិធម៌ និង​សេរីភាព​ដល់ លោក កឹម សុខា វិញ​នៅ​ពេល​ខាង​មុខ។

សហ​មេធាវី​ការពារ​ក្តី គឺ​លោក ផែង ហេង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៦ ខែ​កក្កដា ថា​សាលាឧទ្ធរណ៍​បាន​បិទ​បញ្ចប់​ការសាកសួរ និង​សម្រេច​ធ្វើ​សេចក្ដីសន្និដ្ឋាន​ពាក់ព័ន្ធ​សំណុំរឿង​របស់​លោក កឹម សុខា នៅ​ពាក់​កណ្តាល​ខែ​កញ្ញា​ខាង​មុខ។ លោក​ថាបើ​តាមច្បាប់ និង​អង្គ​ហេតុ​ដែល​មេធាវី​បង្ហាញ​ទៅកាន់​តុលាការ​កន្លងមក គឺ​កូន​ក្តី​របស់​លោក​ជា​មនុស្ស​ស្អាតស្អំ ដោយ​មិនបាន​ធ្វើ​បាតុកម្ម​ខុសច្បាប់ ឬ​ឃុបឃិត​គ្នា​ផ្ដួលរំលំ​រដ្ឋាភិបាល​ដូច​ការចោទប្រកាន់​នោះ​ទេ​។ លោក ផែង ហេង បញ្ជាក់​ថា ទោះបី​បុគ្គល​សាធារណៈ ឬ​អ្នកនយោបាយ​រូប​ណាមួយ​ចោទប្រកាន់ ដាក់បន្ទុក​លើ​កូន​ក្តី​របស់​លោក​យ៉ាងណា តែបើ​តុលាការ​ឈរ​លើ​ភាព​ឯករាជ្យ និង​មាន​ឆន្ទានុសិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​សម្រេច​ក្តី​ដោយ​យុត្តិធម៌ កូន​ក្តី​របស់​លោក​នឹង​រួច​ផុត​ពី​ការ​ចោទប្រកាន់។

លោក ផែង ហេង៖ «ឱ្យ​តែ​តុលាការ​ឯករាជ្យ មាន​ឆន្ទានុសិទ្ធិ​ក្នុង​ការ​សម្រេច​ក្តី ខ្ញុំ​គិត​ថា​កូន​ក្តី​ខ្ញុំ​នឹង​រួចផុត​ពី​បទ​ចោទ​។ និយាយ​ជា​រួម​ទៅ អ្នកនយោបាយ​ក៏​ជា​អ្នក​សរសេរ​ច្បាប់ អ្នក​អនុម័ត​ច្បាប់ គួរតែ​យល់​ថា អ្វី​ជា​ច្បាប់ ម៉េច​បាន​ក្រៅច្បាប់ យើង​ជា​មេធាវី​មិន​មាន​ស្នើ​ដល់​ពួកគាត់​ទេ គឺ​មានតែ​ពួកគាត់​ទេ​ត្រូវ​គិត​ខ្លួនឯង​ធ្វើ​ហ្នឹង​សមជា​គំរូ​សម្រាប់​ពលរដ្ឋ​ជឿ និង​បោះឆ្នោត​ឱ្យ​ទៀត ឬក៏​អត់​តែ​ប៉ុណ្ណឹង​ទេ»។

ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ដែល​ជា​ឪពុក​លោកនាយក​រដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត ថ្លែង​សារ​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស​(CLV) កម្ពុជា ឡាវ និង​វៀតណាម កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ដោយ​លោក ហ៊ុន សែន ប្រាប់​រដ្ឋាភិបាល​កូន​របស់​លោក​កុំឱ្យ​មើលងាយ​ស្ថានការណ៍​នៅក្នុង​ប្រទេស នៅ​ពេល​ដែល​អ្នក​នយោបាយ​ក្រៅប្រទេស បង្ហោះ​វីដេអូ​ធ្វើបាតុកម្ម​ប្រឆាំង​នៅ​លើ​បណ្តាញ​សង្គម​ជា​បន្តបន្ទាប់​។ ឆ្លៀត​ក្នុង​ឱកាស​នោះ លោក ហ៊ុន សែន ព្រមាន​ទុកជាមុន​ថា​សកម្មភាព​ទាំងនោះ​នឹង​ធ្វើ​ឱ្យ​ដៃគូ​នៅក្នុង​ប្រទេស​ជាប់គុក​បន្ថែម​ទៀត​។ លោក ហ៊ុន សែន និយាយ​ដូច្នេះ​ទំនង​ចង់​សំដៅលើ​មេដឹកនាំ​គណបក្សប្រឆាំង​លោក សម រង្ស៊ី ដែល​ជា​ដៃគូ​នយោបាយ​ជាមួយ​លោក កឹម សុខា កំពុង​ជាប់​ក្ដីក្ដាំ​នៅ​សាលាឧទ្ធរណ៍​ភ្នំពេញ។

លោក ហ៊ុន សែន៖ «អា​ខ្លះ​បង្ហោះ​ហា៎ បង្ហោះ​បាតុកម្ម​ថ្មីៗ បង្ហោះ​បាតុកម្ម​ស្មើ​អី ស្មើ​អា​មួយ​នៅ​ភ្នំពេញ​ដែល​សាលាឧទ្ធរណ៍​រៀប​កាត់​បន្ថែម​ទម្ងន់ទោស​ឱ្យ​អា​មួយ​ហ្នឹង ហ្អែង​សូម​ផ្តាំ​ទៅ យុទ្ធវិធី​ហ្អែង​ធ្វើ​ឱ្យ​ដៃគូ ហ្អែង​ជាប់គុក​ថែម​តែ​ប៉ុណ្ណឹង​ទេ ចាំ​មើល​ទៅ ហ្អែង​បង្ហោះ ហ្អែង​បង្កើត​តិកតុក(ឆាណែលតិកតុក)ហ្អែង​បង្ហោះ​បាតុកម្ម​កន្លែង​នេះ​កន្លែង​នេះ ឈរ​ឆ្ការដៃឆ្ការជើង ហ៊ុន សែន អើយ ចុះ​ចេញទៅ អាហ្នឹង​ស្មើនឹង​រុញ​អា​មួយ​នៅ​ភ្នំពេញ​ជាប់គុក​ថែម ហ្អែង​ចាំ​មើលទៅ!»។

សាលាឧទ្ធរណ៍​កាលពី​ថ្ងៃ​ទី​០៤ ខែកក្កដា បាន​បិទ​បញ្ចប់​ការសាកសួរ និង​សម្រេច​ធ្វើ​សេចក្ដី​សន្និដ្ឋាន​នៅ​ថ្ងៃទី​១៩ ខែ​កញ្ញា​ខាងមុខ លើ​បណ្ដឹង​ជំទាស់​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ប្រឆាំង​នឹង​សេចក្ដីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ។

សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ បាន​ផ្ដន្ទាទោស​លោក កឹម សុខា វ័យ​៧០​ឆ្នាំ ដាក់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ឬ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ដែល​ត្រូវ​បាន​ចោទប្រកាន់​តាំងពី​ឆ្នាំ​២០១៧​។ តុលាការ​បាន​ដាក់​បម្រាម​មិន​ឱ្យ​លោក កឹម សុខា ធ្វើ​នយោបាយ មិន​ឱ្យ​ចេញពីផ្ទះ មិន​អនុញ្ញាត​ឱ្យ​ជួប​ភ្ញៀវ​បរទេស លើកលែងតែ​មានការ​អនុញ្ញាត​ពី​តុលាការ​។ ទោះជា​យ៉ាងណា​សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់ទុកថា សំណុំ​រឿង​នេះ ជា​រឿង​នយោបាយ និង​ទាមទារ​ឱ្យ​លុបចោល​ការចោទប្រកាន់​និង​ប្រគល់​សេរីភាព​ពេញលេញ​ជូន​មេ​បក្ស​ប្រឆាំង​រូប​នេះ​វិញ។

ជុំវិញ​រឿង​នេះ អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស និង​សង្គម​លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា​សារ​របស់​លោក ហ៊ុន សែន បំពាន​លើ​គោលការណ៍​ច្បាប់ ហើយ​នេះ​បង្ហាញ​ឱ្យ​សាធារណជន​ទូទៅ​មើលឃើញ​កាន់តែ​ច្បាស់​ថា ការ​សម្រេច​ក្តី​ក្នុង​សំណុំរឿង​របស់​លោក កឹម សុខា កន្លង​មក គឺជា​រឿង​នយោបាយ​ដែល​លោក​ប្រៀប​ទៅ​នឹង​ឆាកល្ខោន​សម្ដែង​តែប៉ុណ្ណោះ​។ លោក ស៊ឹង សែនករុណា មើលឃើញ​ថា ការណ៍​ដែល​លោក ហ៊ុន សែន ចេញ​មក​គំរាម​មនុស្ស​មិន​រើសមុខ ទំនង​មកពី​អ្នក​កាន់​អំណាច​រូប​នេះ​ចង់​ទប់ស្កាត់​ចរន្ត​ពលរដ្ឋ​ងើប​តវ៉ា​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌ និង​បញ្ហា​ន​ជាច្រើន​ទៀត​នៅ​ក្នុង​សង្គម។

លោក ស៊ឹង សែនករុណា៖ «ករណី​នេះ ខ្ញុំ​យល់​ថា គ្មាន​យុត្តិធម៌​អ្វី​ទេ​សម្រាប់​លោក កឹម សុខា ហ្នឹង​គាត់​គ្រាន់តែ​នៅក្នុង​ការរារាំង ការ​បិទ​សិទ្ធិ​សេរីភាព កំដរ​តាម​នីតិវិធី​តាម​ការ​គូសវៀស​ទៅ​តាម​តុលាការ​តែ​ប៉ុណ្ណឹង គ្មាន​ទទួល​បាន​យុត្តិធម៌​អ្វី​ទេ លើកលែង​តែ​មាន​សម្ពាធ​ធ្ងន់ធ្ងរ​ពី​សហគមន៍​អន្តរជាតិ​ខ្លាំងក្លា​ឡើង បើ​មិន​មាន​ការ​ជជែក​គ្នា​រវាង​អ្នកនយោបាយ​ទេ កម្ពុជា​នឹង​មាន​វិធានការ​ដាក់​សម្ពាធ​មិនអាច​ទ្រាំ​បាន អាហ្នឹង​បាន​អាច​ចាប់ផ្តើម​បញ្ចប់​នីតិវិធី​(​នៅ​តុលាការ​)​ហ្នឹង បើ​មិន​អ៊ីចឹង​ទេវា​នៅតែ​របៀប​ហ្នឹងឯង​បាទ»។

លោក ស៊ឹង សែនករុណា បញ្ជាក់​ថា ការ​បំបិទ​សិទ្ធិ​សេរីភាព និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើជា​ឧបករណ៍​នយោបាយ​ដើម្បី​បំបិទមាត់​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​មិនមែន​ជា​ដំណោះស្រាយ​សម្រាប់​ផលប្រយោជន៍​ជាតិ​ឡើយ​។ ផ្ទុយទៅវិញ​បញ្ហា​នេះ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខឹង​សម្បារ និង​នាំគ្នា​ចេញ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​កាន់តែ​ច្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។