មេដឹកនាំគណបក្សកាន់អំណាច និងប្រធានគណបក្សប្រឆាំង បានសរសេរសារជូនពរពលរដ្ឋនាឱកាសឆ្នាំថ្មីឆ្នាំសកល២០២០ តាមរយៈហ្វេសប៊ុករបស់ពួកគេ នៅថ្ងៃចុងក្រោយនៃឆ្នាំ ២០១៩ ប៉ុន្តែ ពួកគេមិនបានបង្ហាញការព្យាយាមបញ្ចប់វិបត្តិនយោបាយដែលអូសបន្លាយមួយឆ្នាំកន្លងមកនេះទេ។
សារមេដឹកនាំបក្សកាន់អំណាច និងបក្សប្រឆាំងមាន អត្ថន័យស្រដៀងគ្នា គឺចង់ឃើញកម្ពុជាមានសុខសន្តិភាព និង ប្រជាពលរដ្ឋរស់នៅបានសុខសប្បាយ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងជាប់បម្រាមតុលាការ បានសរសេរសារដ៏កម្រលើហ្វេសប៊ុក នៅថ្ងៃទី៣១ ខែធ្នូ ផ្ដើមដោយពាក្យ សួស្ដីឆ្នាំថ្មី ២០២០។
ប្រធានគណបក្សប្រឆាំងរូបនេះ ក៏បួងសួងសូមឱ្យទសវត្សរ៍ថ្មីនេះនាំមកនូវទំព័រប្រវត្តិសាស្ត្រថ្មី ដែលនាំកម្ពុជាឆ្ពោះទៅរកសន្តិភាពពិតប្រាកដ និងប្រជាពលរដ្ឋខ្មែរឱ្យទទួលបានសេចក្តីសុខទាំងកាយនិងចិត្ត។
ចំណែកប្រធានគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញក្នុងសារជូនពរឆ្នាំថ្មី មិនភ្លេចអួតអាងថា ប្រទេសមានសុខសន្តិភាពគឺផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ ធ្វើដំណើរកម្សាន្តសប្បាយឆ្ងាយជិត ទាំងនៅក្នុង និងក្រៅប្រទេស ជាពិសេសនៅក្នុងថ្ងៃចូលឆ្នាំថ្មីដោយគ្មានការបារម្ភភ័យព្រួយ។
ប៉ុន្តែ អ្នកវិភាគនយោបាយ គឹម សុខ យល់ថា ឆ្នាំ២០២០ នឹងធ្វើឱ្យពលរដ្ឋមានភាពតានតឹង និងពោរពេញដោយភាពស្មុគស្មាញក្នុងចិត្ត ត្បិតលោក ហ៊ុន សែន ជាអ្នកដឹកនាំប្រទេស នៅតែបន្តធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំងដដែលដើម្បីរក្សាអំណាចរបស់ខ្លួន។ លោកបន្តថា បញ្ហាធំៗនឹងកើតមានដូចជាការជាប់គាំងនយោបាយនៅតែបន្តកើតមានដដែល កម្ពុជាប្រឈមនឹងការទណ្ឌកម្មពីសហគមន៍អន្តរជាតិ ដូចជាបញ្ហាបាត់បង់ប្រព័ន្ធអនុគ្រោះEBA ជាដើម៖ «ភាពត្រាំត្រែងនៃស្ថានការណ៍ដ៏តឹងតែងនយោបាយគឺស្ថិតក្នុងអំណាចហួងហែងដោយលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាដដែលពីព្រោះស្ថានភាពនៅតែច្របូកច្របល់តឹងតែងនៅឡើយណា»។
ដោយឡែក ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិញ ធ្លាប់ប្រាប់អាស៊ីសេរីថា គណបក្សនេះ នឹងធ្វើយុទ្ធសាស្ត្រនយោបាយសម្រាប់ឆ្នាំ២០២០ ខាងមុខ ក្រោយពេលគណៈកម្មការអឺរ៉ុប ធ្វើសេចក្តីសម្រេចចិត្តនៅខែកុម្ភៈខាងមុខនេះ។ លោក សង្ឃឹមថា នៅឆ្នាំ ២០២០ នឹងមានព្រឹត្តិការណ៍វិជ្ជមានកើតឡើងដោយសារតែគំនាបសេដ្ឋកិច្ច និងនយោបាយពីសហគមន៍អន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។