សង្គមស៊ីវិល​ និង​អ្នកជំនាញ​ចង់ឃើញ​រដ្ឋាភិបាល​ឆ្លើយតប​សំណើ​អាមេរិក​ដោយ​វិជ្ជមាន​រឿង​ស្តារ​ប្រជាធិបតេយ្យ​ឡើង​វិញ

0:00 / 0:00

អ្នក​ជំនាញ និង​មន្រ្តី​សិទ្ធិ​មនុស្ស​ចង់​ឃើញ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឆ្លើយតប​សំណើ​របស់​សហរដ្ឋអាមេរិក​ដោយ​វិជ្ជមាន​ទាក់ទង​រឿង​ស្តារ​ប្រជាធិបតេយ្យ​ឡើង​វិញ ដើម្បី​ប្រយោជន៍​ជាតិ​ និង​ស្រប​តាម​បំណង​​ប្រាថ្នា​​របស់​ពលរដ្ឋ​ខ្មែរ​ចង់​បាន។ ការ​លើកឡើង​នេះ គឺបន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន (Joseph R. Biden) កាល​ពី​ថ្ងៃទី១២ ខែវិច្ឆិកា បាន​ស្នើ​ឱ្យ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បើក​លំហ​លទ្ធិប្រជាធិបតេយ្យ និង​ដោះលែង​អ្នកទោស​នយោបាយ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ នៅមុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០២៣​ខាង​មុខ។

អ្នក​ជំនាញនិង​មន្រ្តី​សិទ្ធិមនុស្ស​ជំរុញ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យបញ្ឈប់​ការ​ធ្វើទុក្ខ​បុកម្នេញ​តាម​ផ្លូវ​តុលាការការគាបសង្កត់​លើ​សិទ្ធិសេរីភាព​របស់​ពលរដ្ឋនិង​សង្គមស៊ីវិលហើយដោះលែង​អ្នកទោស​មនសិការ​ឱ្យ​មាន​សេរីភាព​វិញ​ព្រម​ទាំង​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​ឆ្នាំ២០២៣ ខាងមុខ ស្របតាម​អនុសាសន៍​មេដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យនិង​សហគមន៍​ជាតិ​អន្តរជាតិ។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយនិង​កិច្ចការអន្តរជាតិលោក ឯម សុវណ្ណារ៉ា លើកឡើងថា ដែល​អាមេរិក​រំឭក​ប្រជាធិបតេយ្យនិង​សិទ្ធិមនុស្ស​នៅកម្ពុជា​យក​មក​ជជែង​ដោយ​ត្រង់​ជា​មួយ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ជំនួប​ទ្វេភាគី​នោះគឺជា​សញ្ញាវិជ្ជមាន​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ។ លោក ឯម សុវណ្ណារ៉ា អំពាវនាវ​រដ្ឋាភិបាល​ទម្លាក់​ផលប្រយោជន៍​បុគ្គលឬ​បក្ខពួក​ចោលហើយ​បង្ហាញ​ឆន្ទៈពិតប្រាកដ​ឆ្លើយតប​ជុំវិញ​កង្វល់​របស់​សហគមន៍​អន្តរជាតិជាពិសេស​អាមេរិកដើម្បី​ផលប្រយោជន៍​ជាតិនិង​បញ្ចៀស​ហានិភ័យ​ទៅ​ថ្ងៃ​អនាគត។ លោកយល់ថា បញ្ហានេះ​បើសិន​រដ្ឋាភិបាល​នៅតែប្រកាន់​ជំហរ​អនុវត្ត​ប្រជាធិបតេយ្យ​ស្តង់ដារ​ដូច​បច្ចុប្បន្ន​នឹង​ធ្វើឱ្យ​កម្ពុជា​ខាតបង់​ដូចជាទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​លោកសេរី ទណ្ឌកម្មបុគ្គល បាត់បង់​ប្រព័ន្ធ​អនុគ្រោះពន្ធ (EBA)និង(GSP)ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ទំហំពាណិជ្ជកម្មការងារ​ធ្វើ​របស់​ពលរដ្ឋសេដ្ឋកិច្ច​កម្ពុជា​ជាដើម៖

«បើសិន​កម្ពុជា​នៅ​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ស្តង់ដារ​កម្ពុជា​ទេដោយ​មិន​ឆ្លើយតប​នឹង​កង្វល់​ដែល​លើក​ឡើង​ដោយ​សហរដ្ឋអាមេរិក​ទេឬ​សហគមន៍​អឺរ៉ុបទេ កម្ពុជា​នឹង​ប្រឈម​ការ​ខាតបង់​ហើយ។ខ្ញុំសំណូមពរ​ដល់​អ្នក​នយោបាយកម្ពុជា​គួរ​គិត​ផលប្រយោជន៍​ជា​ធំប្រយោជន៍​រួម​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ហើយអាច​បញ្ចៀស​ហានិភ័យ​ទៅ​ថ្ងៃ​អនាគត​ហើយ​បាទ»។

ស្រដៀង​គ្នា​នេះ​ដែរប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក(Adhoc) លោក នី សុខា ថា​សំណើ​របស់​ប្រធានាធិបតី​អាមេរិក​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដើរ​តាម​កន្លង​ប្រជាធិបតេយ្យនិង​គោរព​សិទ្ធិមនុស្ស​ត្រឹមត្រូវ​ពុំមែន​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នោះ​ទេ។ផ្ទុយទៅវិញ​លោក​មើល​ឃើញថា កាយវិការអាមេរិក​ដែលជា​ម្ចាស់​ហត្ថលេខី​កន្លង​មក​នោះគឺជាការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការជំរុញ​ឱ្យ​កម្ពុជា​អនុវត្តកាតព្វកិច្ច​របស់​ខ្លួន​ដែល​បាន​ផ្តល់​សច្ចប័ន​លើកតិការ​សញ្ញា​ស្តីពី​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិនិង​កិច្ចព្រមព្រៀង​នានា។ ទោះយ៉ាងណាលោកថា សង្ឃឹមថា រដ្ឋាភិបាល​នឹង​មាន​ភាព​ឈ្លាសវៃ​ទទួល​យក​អនុសាសន៍​ទាំងនោះ​ទៅ​ពិនិត្យនិង​ដោះស្រាយ​ដោយ​ឈរ​លើ​ប្រយោជន៍ជាតិ​សម្រាប់​ពលរដ្ឋខ្មែរ​នៅ​ថ្ងៃ​ខាង​មុខ៖

«កម្ពុជា​យើង​ត្រូវ​ដោះស្រាយ​បញ្ហា​ហ្នឹង​ដោយ​ឈរ​លើ​ប្រយោជន៍​ជាតិនិង​ប្រជាពលរដ្ឋ។បើសិន​រដ្ឋាភិបាល​មិន​ព្រម​ផ្លាស់​ប្តូរកែប្រែ​អ្វី​ដែល​គេ​ស្នើឡើង​ហ្នឹង​អាច​មាន​ការ​ដាក់​សម្ពាធ​ផ្សេង​ទៀតយើង​ដឹង​ហើយ​សហភាព​អឺរ៉ុប​ក៏​នឹង​មាន​ការ​ដាក់​សម្ពាធ​ដែរ​រឿង​ហ្នឹងគេបាន​បញ្ជាក់​ហើយ​ពីព្រោះគេ​ចាំ​មើល​ឥរិយាបថ​មុន​ការ​បោះឆ្នោតហើយ​ការស្នើ​របស់​ប្រធានាធិបតីអាមេរិក​ចង់ឱ្យ​ដោះស្រាយ​មុនការ​បោះឆ្នោតគឺ​ស្រប​ទៅ​នឹង​យន្តការ​របស់​អឺរ៉ុប​ដែល​កំពុង​ចាំមើល​ផង​ដែរ​បាទ»។

សំណើរបស់មន្រ្តីសិទ្ធិមនុស្ស អ្នកជំនាញ បន្ទាប់​ពី​ជំនួប​រវាង​លោកប្រធានាធិបតី​អាមេរិក​ ចូ បៃឌិន (Joe Biden)​ និង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១២ ខែវិច្ឆិកា។ ក្នុងជំនួប​នោះលោក​ប្រធានាធិបតី​Biden បាន​ជំរុញ​ឲ្យ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកឡើងវិញ​នូវលំហរ​សេរីភាព​ពលរដ្ឋ​និង​នយោបាយ​នៅមុន​ការ​បោះឆ្នោត​ឆ្នាំ២០២៣ខាងមុខ។លោកក៏បានអំពាវនាវ​ឲ្យដោះ​លែង​សកម្មជន​ដែល​ត្រូវ​បានតុលាការ​ឃុំខ្លួនពី​បទចោទ​ប្រកាន់​នយោបាយ​រួមទាំង​ពលរដ្ឋ​ខ្មែរ​អាមេរិក កញ្ញា សេង ធារី ផងដែរ។ លោក​ប្រធានាធិបតី Biden បានរំលឹក​ឡើងវិញ​នូវការ​ប្តេជ្ញាចិត្ត​របស់​សហរដ្ឋអាមេរិក​ចំពោះ​ប្រជាជន​កម្ពុជានិង​បំណងប្រាថ្នា​របស់​ពលរដ្ឋខ្មែរ​ដែល​ចង់​ឃើញ​កម្ពុជា​មាន​ការ​រីក​ចម្រើន ប្រជាធិបតេយ្យ និងឯករាជ្យ។

ជាមួយគ្នានេះ អគ្គលេខាធិការអង្គការ​សហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres)​ ​ដែលបានមក​ចូលរួម​កិច្ចប្រជុំកំពូល​រវាង​អាស៊ាន-អង្គការ​សហប្រជាជាតិក៏បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យបើក​លំហ​សិទ្ធិសេរីភាព​ជាមូលដ្ឋាន​ដល់​សកម្មជន​សិទ្ធិ​មនុស្សសកម្មជន​បរិស្ថាននិង​សហការ​ធ្វើការងារ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ឡើង​វិញ​ដែរ។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ដើម្បី​ឆ្លើយតប​រឿងនេះ​បាន​ទេ​នៅ​ថ្ងៃទី១៣ ខែវិច្ឆិកា។

អ្នក​នាំពាក្យ​ផ្លូវ​ការ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាននិង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ២០២២ លោក គង់ ភោគ ប្រាប់​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី១២ ខែវិច្ឆិកាថា រដ្ឋាភិបាលកម្ពុជា​មិនទាន់​ឆ្លើយតប​បែបណា​ចំពោះ​ការ​លើក​ឡើង​របស់​អាមេរិក​នោះ​ទេ។ ទោះយ៉ាងណា លោក គង់ ភោគ បានការពារ​ទង្វើរំលោភ​សិទ្ធិ​មនុស្សនិង​ប្រជាធិបេត្យ​របស់​រដ្ឋាភិបាល​កម្ពុជា​កន្លង​មក​ហើយ​លោកអះអាងថា ចំណាត់​ការ​លើ​សកម្មជន​ទាំង​នោះគឺជា​ការ​អនុវត្ត​ច្បាប់៖

«បើសិនគាត់​ធ្វើខុស​ច្បាស់​ត្រូវ​ទទួល​នូវ​ផលលំបាក​ចេញ​ពី​ទង្វើ​របស់​ពួកគាត់។សម្រាប់យើង​បន្តប្រឹងប្រែង​ឱ្យអស់​លទ្ធភាព​ពង្រឹង​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​យើងដើម្បីផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​យើង​អាច​ទាញ​យក​ផល​រីកចម្រើន​ពី​សេដ្ឋកិច្ច»។

ទោះយ៉ាង​ណា ស្ថានភាពសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជាត្រូវ​បាន​សហគមន៍​ជាតិនិង​អន្តរជាតិ​វាយ​តម្លៃ​ថាកំពុង​ធ្លាក់​ចុះខ្លាំង​គួរ​ឱ្យ​ព្រួយបារម្ភចាប់តាំង​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន រំលាយ​គណបក្សសង្គ្រោះជាតិ​កាល​ពី​ចុង​ឆ្នាំ​២០១៧និង​បំបិទ​សិទ្ធិ​នយោបាយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​ជា​ហូ​ហែ។

មក​ទល់​ពេល​នេះអ្នកជំនាញ​ច្បាប់និង​កិច្ចការ​អន្តរជាតិនិងជា​សកម្មជន​សិទ្ធិ​មនុស្ស​កញ្ញា សេង ធារី សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិគណបក្ស​ភ្លើង​ទៀននិង​អ្នក​រិះគន់​រដ្ឋាភិបាល​ជាង៦០​នាក់​ទៀតកំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារដោយសារ​តែការ​អនុវត្តសិទ្ធិសេរីភាព​របស់​ខ្លួន។

ក្រុមអង្គការ​ជាតិនិង​អន្តរជាតិ​ជាច្រើន​រួមទាំង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​និង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗកន្លង​មកបាន​ថ្កោលទោស​ជាបន្តបន្ទាប់​ចំពោះ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​ចាត់​ទុក​ថាការចាប់ខ្លួន​សកម្មជន​ទាំង​នេះគឺ​ជា​រឿង​នយោបាយនិង​គ្មាន​មូលដ្ឋាន​ច្បាប់។ពួកគេ​បន្តទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំងនោះឱ្យ​មាន​សេរីភាព​ឡើង​វិញ​ដោយ​ឥត​លក្ខខណ្ឌព្រមទាំង​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​កម្ពុជាបើក​លំហរ​សេរីភាព​សង្គម​ស៊ីវិល​និង​នយោបាយក្នុងនោះក៏​រាប់បញ្ចូល​ទាំង​ការ​លុបចោលនិង​ការ​កែទម្រង់​ច្បាប់​នានាដែល​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ផងដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។