អ្នកជំនាញ និងមន្រ្តីសិទ្ធិមនុស្សចង់ឃើញរដ្ឋាភិបាលលោក ហ៊ុន សែន ឆ្លើយតបសំណើរបស់សហរដ្ឋអាមេរិកដោយវិជ្ជមានទាក់ទងរឿងស្តារប្រជាធិបតេយ្យឡើងវិញ ដើម្បីប្រយោជន៍ជាតិ និងស្របតាមបំណងប្រាថ្នារបស់ពលរដ្ឋខ្មែរចង់បាន។ ការលើកឡើងនេះ គឺបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joseph R. Biden) កាលពីថ្ងៃទី១២ ខែវិច្ឆិកា បានស្នើឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បើកលំហលទ្ធិប្រជាធិបតេយ្យ និងដោះលែងអ្នកទោសនយោបាយឱ្យមានសេរីភាពឡើងវិញ នៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខ។
អ្នកជំនាញនិងមន្រ្តីសិទ្ធិមនុស្សជំរុញរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការការគាបសង្កត់លើសិទ្ធិសេរីភាពរបស់ពលរដ្ឋនិងសង្គមស៊ីវិលហើយដោះលែងអ្នកទោសមនសិការឱ្យមានសេរីភាពវិញព្រមទាំងរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅឆ្នាំ២០២៣ ខាងមុខ ស្របតាមអនុសាសន៍មេដឹកនាំប្រទេសប្រជាធិបតេយ្យនិងសហគមន៍ជាតិអន្តរជាតិ។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនិងកិច្ចការអន្តរជាតិលោក ឯម សុវណ្ណារ៉ា លើកឡើងថា ដែលអាមេរិករំឭកប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាយកមកជជែងដោយត្រង់ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងជំនួបទ្វេភាគីនោះគឺជាសញ្ញាវិជ្ជមានសម្រាប់ពលរដ្ឋខ្មែរទូទៅ។ លោក ឯម សុវណ្ណារ៉ា អំពាវនាវរដ្ឋាភិបាលទម្លាក់ផលប្រយោជន៍បុគ្គលឬបក្ខពួកចោលហើយបង្ហាញឆន្ទៈពិតប្រាកដឆ្លើយតបជុំវិញកង្វល់របស់សហគមន៍អន្តរជាតិជាពិសេសអាមេរិកដើម្បីផលប្រយោជន៍ជាតិនិងបញ្ចៀសហានិភ័យទៅថ្ងៃអនាគត។ លោកយល់ថា បញ្ហានេះបើសិនរដ្ឋាភិបាលនៅតែប្រកាន់ជំហរអនុវត្តប្រជាធិបតេយ្យស្តង់ដារដូចបច្ចុប្បន្ននឹងធ្វើឱ្យកម្ពុជាខាតបង់ដូចជាទំនាក់ទំនងការទូតជាមួយប្រទេសលោកសេរី ទណ្ឌកម្មបុគ្គល បាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ (EBA)និង(GSP)ដែលធ្វើឱ្យប៉ះពាល់ដល់ទំហំពាណិជ្ជកម្មការងារធ្វើរបស់ពលរដ្ឋសេដ្ឋកិច្ចកម្ពុជាជាដើម៖
«បើសិនកម្ពុជានៅប្រកាន់លទ្ធិប្រជាធិបតេយ្យស្តង់ដារកម្ពុជាទេដោយមិនឆ្លើយតបនឹងកង្វល់ដែលលើកឡើងដោយសហរដ្ឋអាមេរិកទេឬសហគមន៍អឺរ៉ុបទេ កម្ពុជានឹងប្រឈមការខាតបង់ហើយ។ខ្ញុំសំណូមពរដល់អ្នកនយោបាយកម្ពុជាគួរគិតផលប្រយោជន៍ជាធំប្រយោជន៍រួមអាចដោះស្រាយបញ្ហានេះបានហើយអាចបញ្ចៀសហានិភ័យទៅថ្ងៃអនាគតហើយបាទ»។
ស្រដៀងគ្នានេះដែរប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក នី សុខា ថាសំណើរបស់ប្រធានាធិបតីអាមេរិកស្នើឱ្យរដ្ឋាភិបាលកម្ពុជាដើរតាមកន្លងប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្សត្រឹមត្រូវពុំមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ។ផ្ទុយទៅវិញលោកមើលឃើញថា កាយវិការអាមេរិកដែលជាម្ចាស់ហត្ថលេខីកន្លងមកនោះគឺជាការយកចិត្តទុកដាក់ក្នុងការជំរុញឱ្យកម្ពុជាអនុវត្តកាតព្វកិច្ចរបស់ខ្លួនដែលបានផ្តល់សច្ចប័នលើកតិការសញ្ញាស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិងកិច្ចព្រមព្រៀងនានា។ ទោះយ៉ាងណាលោកថា សង្ឃឹមថា រដ្ឋាភិបាលនឹងមានភាពឈ្លាសវៃទទួលយកអនុសាសន៍ទាំងនោះទៅពិនិត្យនិងដោះស្រាយដោយឈរលើប្រយោជន៍ជាតិសម្រាប់ពលរដ្ឋខ្មែរនៅថ្ងៃខាងមុខ៖
«កម្ពុជាយើងត្រូវដោះស្រាយបញ្ហាហ្នឹងដោយឈរលើប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ។បើសិនរដ្ឋាភិបាលមិនព្រមផ្លាស់ប្តូរកែប្រែអ្វីដែលគេស្នើឡើងហ្នឹងអាចមានការដាក់សម្ពាធផ្សេងទៀតយើងដឹងហើយសហភាពអឺរ៉ុបក៏នឹងមានការដាក់សម្ពាធដែររឿងហ្នឹងគេបានបញ្ជាក់ហើយពីព្រោះគេចាំមើលឥរិយាបថមុនការបោះឆ្នោតហើយការស្នើរបស់ប្រធានាធិបតីអាមេរិកចង់ឱ្យដោះស្រាយមុនការបោះឆ្នោតគឺស្របទៅនឹងយន្តការរបស់អឺរ៉ុបដែលកំពុងចាំមើលផងដែរបាទ»។
សំណើរបស់មន្រ្តីសិទ្ធិមនុស្ស អ្នកជំនាញ បន្ទាប់ពីជំនួបរវាងលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន (Joe Biden) និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១២ ខែវិច្ឆិកា។ ក្នុងជំនួបនោះលោកប្រធានាធិបតីBiden បានជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកឡើងវិញនូវលំហរសេរីភាពពលរដ្ឋនិងនយោបាយនៅមុនការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។លោកក៏បានអំពាវនាវឲ្យដោះលែងសកម្មជនដែលត្រូវបានតុលាការឃុំខ្លួនពីបទចោទប្រកាន់នយោបាយរួមទាំងពលរដ្ឋខ្មែរអាមេរិក កញ្ញា សេង ធារី ផងដែរ។ លោកប្រធានាធិបតី Biden បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជានិងបំណងប្រាថ្នារបស់ពលរដ្ឋខ្មែរដែលចង់ឃើញកម្ពុជាមានការរីកចម្រើន ប្រជាធិបតេយ្យ និងឯករាជ្យ។
ជាមួយគ្នានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) ដែលបានមកចូលរួមកិច្ចប្រជុំកំពូលរវាងអាស៊ាន-អង្គការសហប្រជាជាតិក៏បានអំពាវនាវដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យបើកលំហសិទ្ធិសេរីភាពជាមូលដ្ឋានដល់សកម្មជនសិទ្ធិមនុស្សសកម្មជនបរិស្ថាននិងសហការធ្វើការងារជាមួយអង្គការសង្គមស៊ីវិលឡើងវិញដែរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីឆ្លើយតបរឿងនេះបានទេនៅថ្ងៃទី១៣ ខែវិច្ឆិកា។
អ្នកនាំពាក្យផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ លោក គង់ ភោគ ប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃទី១២ ខែវិច្ឆិកាថា រដ្ឋាភិបាលកម្ពុជាមិនទាន់ឆ្លើយតបបែបណាចំពោះការលើកឡើងរបស់អាមេរិកនោះទេ។ ទោះយ៉ាងណា លោក គង់ ភោគ បានការពារទង្វើរំលោភសិទ្ធិមនុស្សនិងប្រជាធិបេត្យរបស់រដ្ឋាភិបាលកម្ពុជាកន្លងមកហើយលោកអះអាងថា ចំណាត់ការលើសកម្មជនទាំងនោះគឺជាការអនុវត្តច្បាប់៖
«បើសិនគាត់ធ្វើខុសច្បាស់ត្រូវទទួលនូវផលលំបាកចេញពីទង្វើរបស់ពួកគាត់។សម្រាប់យើងបន្តប្រឹងប្រែងឱ្យអស់លទ្ធភាពពង្រឹងប្រជាធិបតេយ្យនៅក្នុងប្រទេសយើងដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាជនយើងអាចទាញយកផលរីកចម្រើនពីសេដ្ឋកិច្ច»។
ទោះយ៉ាងណា ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានសហគមន៍ជាតិនិងអន្តរជាតិវាយតម្លៃថាកំពុងធ្លាក់ចុះខ្លាំងគួរឱ្យព្រួយបារម្ភចាប់តាំងពីរដ្ឋាភិបាលលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧និងបំបិទសិទ្ធិនយោបាយថ្នាក់ដឹកនាំគណបក្សប្រឆាំងជាហូហែ។
មកទល់ពេលនេះអ្នកជំនាញច្បាប់និងកិច្ចការអន្តរជាតិនិងជាសកម្មជនសិទ្ធិមនុស្សកញ្ញា សេង ធារី សកម្មជនគណបក្សសង្គ្រោះជាតិគណបក្សភ្លើងទៀននិងអ្នករិះគន់រដ្ឋាភិបាលជាង៦០នាក់ទៀតកំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។
ក្រុមអង្គការជាតិនិងអន្តរជាតិជាច្រើនរួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិនិងក្រុមប្រទេសប្រជាធិបតេយ្យធំៗកន្លងមកបានថ្កោលទោសជាបន្តបន្ទាប់ចំពោះរដ្ឋាភិបាលលោក ហ៊ុន សែន ដោយចាត់ទុកថាការចាប់ខ្លួនសកម្មជនទាំងនេះគឺជារឿងនយោបាយនិងគ្មានមូលដ្ឋានច្បាប់។ពួកគេបន្តទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំទាំងនោះឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌព្រមទាំងអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាបើកលំហរសេរីភាពសង្គមស៊ីវិលនិងនយោបាយក្នុងនោះក៏រាប់បញ្ចូលទាំងការលុបចោលនិងការកែទម្រង់ច្បាប់នានាដែលរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។