ប្រពន្ធអ្នកជំនាញកសិកម្មលោក នី ណាក់ ថ្លែងថា ប្ដីលោកស្រីសម្រេចដកពាក្យបណ្ដឹង ដែលដាក់ទៅសាលាឧទ្ធរណ៍ ប្ដឹងជំទាស់នឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញវិញ ដោយសារតែប្ដីលោកស្រីមិនមានជំនឿលើប្រព័ន្ធយុត្តិធម៌ និងមានទុក្ខលំបាកធ្វើដំណើរទៅចូលរួមសវនាការនៅ រាជធានីភ្នំពេញ។ មន្ត្រីសិទ្ធិមនុស្សថា ការដកពាក្យបណ្ដឹង គឺជាសិទ្ធិរបស់លោក នី ណាក់។
ប្រពន្ធលោក នី ណាក់ គឺលោកស្រី សុខ ស៊ីណែត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៨ ខែកុម្ភៈ ថា ប្ដីលោកស្រី បានសុំឱ្យមេធាវីជួយដកពាក្យបណ្ដឹងពីសាលាឧទ្ធរណ៍ វិញ។ លោកស្រី អះអាងថា ការដកពាក្យបណ្ដឹងនេះ មិនពាក់ព័ន្ធនឹងការចរចា សម្ងាត់ណាមួយជាថ្នូរដើម្បីឱ្យមានការដោះលែងលោក នី ណាក់ នោះទេ។
លោកស្រីថា លោកស្រី និងប្ដីដកពាក្យបណ្ដឹងពីសាលាឧទ្ធរណ៍ ពីព្រោះមិនមានសង្ឃឹមថា ទទួលបានយុត្តិធម៌ពីសាលាឧទ្ធរណ៍ និងម្យ៉ាងទៀត លោក នី ណាក់ ហត់នឿយ និងបាក់កម្លាំងក្នុងការធ្វើដំណើរពីពន្ធនាគារនៅខេត្តត្បូងឃ្មុំមកចូលរួមសវនាការនៅរាជធានីភ្នំពេញ ។
លោកស្រី សុខ ស៊ីណែត៖ «រយៈពេលមួយឆ្នាំនេះ គាត់ត្រូវបានដឹកចុះដឹកឡើង ឡើងតុលាការវាច្រើនសារហើយ ហើយចម្ងាយផ្លូវរាប់រយគីឡូ ហើយនៅក្នុងឡានជាប់ខ្នោះដៃ ជាប់ខ្នោះជើង។ អ៊ីចឹងគាត់ធុញទ្រាន់ គាត់ហត់នឿយក្នុងការឡើងចុះតុលាការ»។
លោកស្រី សុខ ស៊ីណែត ថា មកដល់ពេលនេះ គ្មានតម្រុយណាមួយ ដែលបង្ហាញពីការរកឃើញជនដៃដល់ ដែលវាយប្ដីលោកស្រីឱ្យរបួសធ្ងន់នោះទេ ប៉ុន្តែ បែរជាប្ដីលោកស្រី ដែលជាជនរងគ្រោះ ត្រូវជាប់ពន្ធនាគារទៅវិញ។ លោកស្រីនៅតែបន្តទទូចឱ្យតុលាការដោះលែងប្ដីរបស់លោកស្រី គឺលោក នី ណាក់ ដែលជាពលរដ្ឋល្អ។
លោកស្រី សុខ ស៊ីណែត៖«ការបញ្ចេញមតិរិះគន់កន្លងមករបស់គាត់ហ្នឹង គឺគាត់គ្មានចេតនាញុះញង់ ឱ្យមានការរើសដូចការចោទប្រកាន់។ អ៊ីចឹង ខ្ញុំសង្ឃឹមថា ទោះបីយ៉ាងណា ក៏សុំឱ្យតុលាការ ហើយរាជរដ្ឋាភិបាលគាត់ដោះលែងប្ដីឱ្យមានសេរីភាពវិញឆាប់ៗ នេះផង»។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបញ្ជាក់ ពីមេធាវីរបស់លោក នី ណាក់ គឺលោក ជូង ជូងី និងអ្នកនាំពាក្យសាលាឧទ្ធរណ៍លោក ឃុន លាងម៉េង រួមទាំងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានទេ នៅថ្ងៃទី៨ ខែកុម្ភៈ ។
អ្នកជំនាញកសិកម្មលោក នី ណាក់ ជាប់ពន្ធនាគារពីរលើកហើយ ទាក់ទងនឹង ការសម្ដែងមតិរបស់លោកលើបណ្ដាញសង្គមហ្វេសប៊ុក។ លើកទី១ ក្នុងឆ្នាំ២០២១ លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារ ១៨ខែ ពីបទ«ញុះញង់ឱ្យមានការរើសអើង និងការប្រមាថជាសាធារណៈ ចំពោះការបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) បែបចំអកទាក់ទងនឹង ការទិញម៉ាស់ពាក់ឱ្យមាន់ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩។
លើកទីពីរនេះ គឺកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសលោកឱ្យជាប់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០០លានរៀល ឬប្រមាណ ៥ម៉ឺនដុល្លារឱ្យទៅដើមបណ្ដឹង ដែលជារដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ក្នុងសំណុំរឿង «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង» ពាក់ព័ន្ធនឹងការបញ្ចេញមតិរបស់លោករឿងកាត់ដី ៩១ហិកតា នៅខេត្តកំពតឱ្យទៅបុគ្គលឈ្មោះ ហេង សួរ ហើយសមត្ថកិច្ចបានបញ្ជូនលោកទៅដាក់ពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ ក្បែរព្រំដែនវៀតណាម រហូតមកដល់សព្វថ្ងៃ។
បីថ្ងៃក្រោយមក លោក នី ណាក់ បានប្ដឹងទៅសាលាឧទ្ធរណ៍ភ្នំពេញ ជំទាស់នឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែ សម្រេចចិត្តដកវិញ នៅពេលនេះ។
អត្ថបទដែលទាក់ទង៖
សាលាឧទ្ធរណ៍បដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់លោក នី ណាក់
សមត្ថកិច្ចឃាត់ខ្លួនអ្នកជំនាញកសិកម្ម គឺលោក នី ណាក់ បញ្ជូនទៅតុលាការអំពីបទញុះញង់
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត ចាត់ទុកការសម្រេចដកបណ្ដឹងវិញ របស់លោក នី ណាក់ ថា ជាសិទ្ធិតាមផ្លូវច្បាប់របស់លោក។ ប៉ុន្តែ លោកសោកស្ដាយ ចំពោះការសម្រេចចិត្តនេះ។
លោកពន្យល់ថា កាលណាលោក នី ណាក់ ដកបណ្ដឹងពីសាលាឧទ្ធរណ៍ នោះលោក នី ណាក់ ត្រូវជាប់ឃុំតាមអំណាចសាលក្រមស្ថាពររបស់សាលាដំបូងរាជធានីភ្នំពេញហើយ ប៉ុន្តែ លោកថា បើលោក នី ណាក់ បន្តដំណើរការក្ដីទៅសាលាឧទ្ធរណ៍ និងតុលាការកំពូលទៀត នោះលោក នី ណាក់ អាចមានឱកាសសង្ឃឹមរួចផុតពីការចោទប្រកាន់។
ទោះជាយ៉ាងណាក្ដី លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៨ ខែកុម្ភៈ ថា ការមិនទុកចិត្តរបស់លោក នី ណាក់ ទៅលើតុលាការ គឺជាសិទ្ធិ និងការយល់ឃើញរបស់លោក ពីព្រោះលោកមានបទពិសោធន៍ជាប់ពន្ធនាគារម្ដងរួចមកហើយ ដូច្នេះ លោក អំ សំអាត ថា លោក នី ណាក់ យល់ច្បាស់អំពីការសម្រេចរបស់តុលាការ។
លោក អំ សំអាត៖ «អង្គការសង្គមស៊ីវិលដែលធ្វើការសិទ្ធិមនុស្ស ក៏ដូចជា ក្រុមប្រឹក្សាសិទ្ធិ និងអង្គការអន្តរជាតិ គេមើលឃើញករណីលើលោក នី ណាក់ វាជាសេរីភាពបញ្ចេញមតិ ប៉ុន្តែត្រូវបានចោទប្រកាន់និងធ្វើការផ្ដន្ទាទោសលោកទៅវិញ វាផ្ទុយអំពីអ្នកដែលបានប្រព្រឹត្តអំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើលោក នី ណាក់ ដែលសមត្ថកិច្ចរកមិនទាន់ឃើញ ជនដែលប្រព្រឹត្តបទល្មើសនៅឡើយទេ។ ករណីហ្នឹង គេសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការបញ្ចេញមតិរបស់លោក នី ណាក់»។
លោក នី ណាក់ កាលនៅមានសេរីភាព តែងតែបញ្ចេញមតិរិះគន់អំពីភាពមិនប្រក្រតីនៅក្នុងសង្គម។ លោកត្រូវបានក្រុមជនមិនស្គាល់មុខ ប្រដាប់ដោយដំបងដែកព្រួតគ្នាវាយទាំងកណ្ដាលថ្ងៃ ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បណ្ដាលឱ្យបែកក្បាល ហូរឈាមស្រោចខ្លួន សន្លប់ស្ដូកស្ដឹងនៅនឹងកន្លែង។ រហូតមកដល់ពេលនេះ អាជ្ញាធរនៅមិនទាន់ចាប់ខ្លួនជនដៃដល់បាននៅឡើយ បើទោះជាមានការប្ដឹងផ្ដល់ពីលោក នី ណាក់ ក៏ដោយ។
អ្នកឃ្លាំមើល លើកឡើងថា តុលាការអនុវត្តស្តង់ដារពីរ ចំពោះសំណុំរឿងរបស់លោក នី ណាក់ ខណៈលោកដែលជាអ្នករងគ្រោះជាប់គុក ព្រោះតែការសម្ដែងមតិ រិះគន់រដ្ឋាភិបាល រីឯជនល្មើសដែលវាយដំលើលោក នី ណាក់ បែរជារួចខ្លួនពីសំណាញ់ច្បាប់។ ពួកគាត់ថា កម្ពុជាអាចនឹងប្រឈមចលនាទាមទារយុត្តិធម៌នៅថ្ងៃក្រោយ ប្រសិនបើភាពអយុត្តិធម៌ នៅតែបន្តកើតមានដូចសព្វថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។