មន្ត្រី​បក្ស​កម្លាំង​ជាតិ​ម្នាក់​ទៀត នៅ​ខេត្តព្រៃវែង​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន

0:00 / 0:00

មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​ម្នាក់​នៅ​ខេត្តព្រៃវែង គឺ​លោក សម វិបុល ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ដោយ​គ្មាន​មូលហេតុ។ គណបក្ស​កម្លាំង​ជាតិ គ្រួសារ​ចាត់​ទុក​ចំណាត់​ការ​នេះ​ថា ជា​រូបភាព​បំភិតបំភ័យ និង​ធ្វើទុក្ខ​បុកម្នេញ ដើម្បី​បង្ក្រាប​លើ​សំឡេង​ប្រឆាំង។

សាច់ញាតិ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​នៅ​ខេត្តព្រៃវែង លោក សម វិបុល ក្រោយ​សមត្ថកិច្ច​ចាប់ខ្លួន​ជាច្រើន​ថ្ងៃ​ ដោយ​មិន​បង្ហាញ​ដីកា និង​មិន​បង្ហាញ​នូវ​ព័ត៌មាន​ជាក់លាក់។ ពួកគាត់​ទាមទារ​សមត្ថកិច្ច​ឱ្យ​ដោះលែង​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ត្រឡប់​មក​ផ្ទះ​វិញ។

ក្មួយស្រី​របស់​លោក សម វិបុល គឺ​លោកស្រី ជួន ម៉ាលីតា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៧ ខែកុម្ភៈ​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី៥ ខែកុម្ភៈ សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​មាន​គ្នា​ច្រើន​នាក់ ជិះ​ឡាន​ពណ៌ខ្មៅ​អត់​ស្លាក​លេខ​មួយ​គ្រឿង បាន​លួច​ឆ្មក់​ចាប់​លោក សំ វិបុល នៅ​ពេល​ដែល​លោក​ដើរចេញ​ពី​រោងការ នៅ​ភូមិបេង ឃុំថ្មពូន ស្រុកកញ្ជ្រៀច ហើយ​រុញ​បញ្ចូល​ឡាន​ដឹក​ចេញ​ទៅ​បាត់ ដោយ​គ្មាន​ដីកា និង​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នោះ​ទេ។ លោកស្រី​ឱ្យ​ដឹង​ថា​បច្ចុប្បន្ន​ក្រុម​គ្រួសារ​កំពុង​ដើរ​រក​លោក សម វិបុល ពី​ស្ថាប័នមួយ​ទៅ​ស្ថាប័ន​មួយ​ អស់​រយៈ​ពេល​ពីរ​ថ្ងៃ​មក​ហើយ នៅតែ​មិន​ទាន់​ដឹង​ពី​កន្លែង​ឃុំខ្លួន​គាត់​ឡើយ។

លោកស្រី ជួន ម៉ាលីតា៖ «យើង​ចង់​ដឹង​ដំណឹង​គាត់​នៅ​កន្លែង​ណា​គឺ​គេ​អត់​ប្រាប់​ទេ នេះ​សាហាវ​ជាង​អ្នក​ដែល​សម្លាប់​មនុស្ស​ឆៅៗ គេ​ប្រាប់​ក្រុម​គ្រួសារ​ដែរ​ថា អ្នក​នេះ​គេ​បញ្ជូន​ទៅ​ពន្ធនាគារ ឬ​អត់ តែ​នេះ​គឺ​សមត្ថកិច្ច​អត់​ប្រាប់​តែ​ម្ដង។ រឿង​ពូ​របស់​ខ្ញុំ​នេះ​ពាក់ព័ន្ធ​រឿង​នយោបាយ​សុទ្ធ​តែ​ម្ដង ពីព្រោះ​គាត់​ជា​មនុស្ស​ល្អ​ត្រឹមត្រូវ​នៅ​ភូមិស្រុក​នេះ​គេ​ស្រឡាញ់​គាត់ ហើយ​មួយ​រយៈ​ពេល​នេះ​គាត់​មិន​ឈ្លោះ​ប្រកែក​ជាមួយ​អ្នកណា​ម្នាក់ គឺ​អត់​ទេ គាត់​ជា​មនុស្ស​ល្អ​តែ​ម្ដង បើ​គាត់​មាន​បញ្ហា​អ្វី​ត្រឹម​ប៉ូលិស​ស្រុក មេភូមិ មេឃុំ មក​សួរ​នាំ​អ្វី​ហើយ តែ​នេះ​អត់​មាន​អ្វី​ទាំង​អស់ ស្រាប់តែ​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​បាត់ ដោយ​អត់​បញ្ជូន​ដំណឹង​មក​គ្រួសារ​ឱ្យ​ដឹង​ផង​មកដល់​ឥឡូវ​នេះ»។

ឆ្លើយ​តប​រឿង​នេះ អធិការ​រង​ស្រុកកញ្ជ្រៀច​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក រ៉ន រ៉េត ប្រាប់​វិទ្យុ​អាស៊ី​សេរី​ដោយ​ខ្លី​ថា​ការ​ចាប់​ខ្លួន​មន្ត្រី​បក្សជំទាស់​រូប​នេះ គឺ​លោក​អនុវត្ត​តាម​បទបញ្ជា​ថ្នាក់លើ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នេះ​ទេ។ ចំណែក​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង លោក ចាន់ វណ្ណៈ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ដែរ​ថា ករណី​ចាប់ខ្លួន​លោក សម វិបុល ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ។

ចំណែក​អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សំ វិច្ឆិកា និង​អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន មិន​ទាន់​ឆ្លើយតប​នឹង​សួរ​របស់​វិទ្យុ​អាស៊ី​សេរី​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

លោក សម វិបុល អាយុ​ ៥៨ឆ្នាំ ជា​អនុប្រធាន​ក្រុមការងារ​បណ្ដោះអាសន្ន​គណបក្ស​កម្លាំង​ជាតិ​ប្រចាំ​ខេត្តព្រៃវែង និង​ជា​សមាជិក​គណៈកម្មាធិការនាយក​គណបក្ស​កម្លាំង​ជាតិ។ លោក​ធ្លាប់​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តព្រៃវែង​មកពី​គណបក្ស​សង្គ្រោះ​ជាតិ។ ក្រុម​គ្រួសារ​ឱ្យ​ដឹង​ថា មុន​ពេល​ចាប់​ខ្លួន​មាន​មន្ត្រី​គណបក្ស​កាន់​អំណាច​ដើរ​អូសទាញ​លោក សម វិបុល ជា​ច្រើនដង ប៉ុន្តែ​លោក​នៅតែ​រក្សា​ជំហរ​រឹងមាំ​ជាមួយ​បក្ស​ប្រឆាំង។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន សោកស្ដាយ និង​ចាត់​ទុក​ការ​ចាប់​ខ្លួន​លោក សម វិបុល រួម​ជាមួយ​សមាជិក​បក្ស​កម្លាំង​ជាតិ​ជា​បន្តបន្ទាប់​ថា ជា​រូបភាព​នៃ​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ នៅ​មុន​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ២០២៧ និង​ឆ្នាំ២០២៨ ​ខាង​មុខ។ លោក រ៉ុង ឈុន អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឱ្យ​បញ្ឈប់​ការ​ចាប់ចង ហើយ​ដោះលែង​អ្នកជាប់ឃុំ​ក្រោម​ហេតុ​នយោបាយ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

លោក រ៉ុង ឈុន៖ «ការ​ចាប់​ខ្លួន​បែប​នេះ​មិន​ត្រូវ​កើត​មាន​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ យើង​គួរតែ​បញ្ឈប់​ទៅ​រឿង​ទាំង​អស់ បើ​យើង​មើល​ទៅ​មតិ​ជាតិ និង​អន្តរជាតិ​ថា មិនមែន​ជា​ការអនុវត្ត​ច្បាប់​ទេ វា​ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់»។

ទាក់ទង​បញ្ហា​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី កត់សម្គាល់​ថា ការ​ឃាត់​ខ្លួន​សមាជិក​បក្សជំទាស់ និង​សកម្មជន​សង្គម​នៅ​រយៈពេល​ចុងក្រោយ​នេះ សមត្ថកិច្ច​មិន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​នីតិវិធី ដែល​នាំ​ឱ្យ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ ដូចជា​បទល្មើស​មិន​ជាក់ស្ដែង ហើយ​សមត្ថកិច្ច​មិន​បាន​បង្ហាញ​ដីកា​ចាប់ខ្លួន ឬ​មិន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​ជាដើម។ មន្ត្រី​សិទ្ធិមនុស្ស​មើល​ឃើញ​ថា ករណី​ការ​ចាប់​ខ្លួន និង​បទ​ចោទ​លើ​សកម្មជន​នយោបាយ ដោយសារ​ការអនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន​បាន​កើតឡើង​គួរ​ឱ្យ​ព្រួយបារម្ភ។

លោក យិន ម៉េងលី៖ «ការ​បញ្ចេញមតិ​របស់​អ្នកនយោបាយ​ជា​ការ​ផ្តល់​ព័ត៌មាន​ដល់​រដ្ឋាភិបាល ស្ថាប័ន​ពាក់ព័ន្ធ​នូវ​រាល់​បញ្ហា​ដែល​បាន​កើតមាន​ឡើង​ដែល រដ្ឋាភិបាល និង​ស្ថាប័ន​ទាំងនោះ​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ អ៊ីចឹង​វា​មានប្រយោជន៍​ណាស់ សូម​ឱ្យ​ដោះលែង​ពួកគាត់​ទៅ បញ្ឈប់​ការ​ចាប់​ខ្លួន​អ្នកនយោបាយ​ក្តី សកម្មជន​សិទ្ធិមនុស្ស​ក្ដី ដែល​គ្រាន់តែ​ធ្វើការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​បាទ»។

កម្ពុជា​ក្រោម​ការគ្រប់គ្រង​របស់​លោក ហ៊ុន ម៉ាណែត រយៈ​ពេល​ជាង ១ឆ្នាំ មន្ត្រី​គណបក្ស​កម្លាំង​បាន​រង​ការ​ធ្វើទុក្ខ​បុកម្នេញ​ពី​សំណាក់​អាជ្ញាធរ និង​ប្រព័ន្ធ​តុលាការ​របស់​គណបក្ស​កាន់​អំណាច​កាន់តែ​ខ្លាំង។ ក្នុង​នោះ​ប្រធាន​គណបក្ស​លោក ស៊ុន ចន្ធី ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​២ឆ្នាំ និង​បិទ​សិទ្ធិ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត ចំណែក​ទីប្រឹក្សា​គណបក្ស​លោក រ៉ុង ឈុន និង​មន្ត្រី​មួយ​ចំនួន​ទៀត​វិញ​ត្រូវ​រង​បណ្ដឹង​នៅ​តុលាការ​ថែមទៀត ដោយសារ​ការ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន។

ក្រុម​អង្គការ​ជាតិ អន្តរជាតិ រួម​ទាំង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ថ្កោលទោស​ជា​បន្ត​បន្ទាប់ ថា​ការ​ចាប់​ឃុំ​ខ្លួន​ទាំងនេះ គឺ​ជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ ហើយ​ទាមទារ​ឱ្យ​ដោះលែង​ពួកគាត់​វិញ​ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។