មន្ត្រីគណបក្សកម្លាំងជាតិម្នាក់នៅខេត្តព្រៃវែង គឺលោក សម វិបុល ត្រូវបានអាជ្ញាធរចាប់ខ្លួន ដោយគ្មានមូលហេតុ។ គណបក្សកម្លាំងជាតិ គ្រួសារចាត់ទុកចំណាត់ការនេះថា ជារូបភាពបំភិតបំភ័យ និងធ្វើទុក្ខបុកម្នេញ ដើម្បីបង្ក្រាបលើសំឡេងប្រឆាំង។
សាច់ញាតិព្រួយបារម្ភពីសុវត្ថិភាពមន្ត្រីគណបក្សកម្លាំងជាតិនៅខេត្តព្រៃវែង លោក សម វិបុល ក្រោយសមត្ថកិច្ចចាប់ខ្លួនជាច្រើនថ្ងៃ ដោយមិនបង្ហាញដីកា និងមិនបង្ហាញនូវព័ត៌មានជាក់លាក់។ ពួកគាត់ទាមទារសមត្ថកិច្ចឱ្យដោះលែងមន្ត្រីបក្សប្រឆាំងរូបនេះត្រឡប់មកផ្ទះវិញ។
ក្មួយស្រីរបស់លោក សម វិបុល គឺលោកស្រី ជួន ម៉ាលីតា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ ខែកុម្ភៈថា កាលពីល្ងាចថ្ងៃទី៥ ខែកុម្ភៈ សមត្ថកិច្ចស្លៀកពាក់ស៊ីវិលមានគ្នាច្រើននាក់ ជិះឡានពណ៌ខ្មៅអត់ស្លាកលេខមួយគ្រឿង បានលួចឆ្មក់ចាប់លោក សំ វិបុល នៅពេលដែលលោកដើរចេញពីរោងការ នៅភូមិបេង ឃុំថ្មពូន ស្រុកកញ្ជ្រៀច ហើយរុញបញ្ចូលឡានដឹកចេញទៅបាត់ ដោយគ្មានដីកា និងមិនបានបញ្ជាក់ពីមូលហេតុនៃការចាប់ខ្លួននោះទេ។ លោកស្រីឱ្យដឹងថាបច្ចុប្បន្នក្រុមគ្រួសារកំពុងដើររកលោក សម វិបុល ពីស្ថាប័នមួយទៅស្ថាប័នមួយ អស់រយៈពេលពីរថ្ងៃមកហើយ នៅតែមិនទាន់ដឹងពីកន្លែងឃុំខ្លួនគាត់ឡើយ។
លោកស្រី ជួន ម៉ាលីតា៖ «យើងចង់ដឹងដំណឹងគាត់នៅកន្លែងណាគឺគេអត់ប្រាប់ទេ នេះសាហាវជាងអ្នកដែលសម្លាប់មនុស្សឆៅៗ គេប្រាប់ក្រុមគ្រួសារដែរថា អ្នកនេះគេបញ្ជូនទៅពន្ធនាគារ ឬអត់ តែនេះគឺសមត្ថកិច្ចអត់ប្រាប់តែម្ដង។ រឿងពូរបស់ខ្ញុំនេះពាក់ព័ន្ធរឿងនយោបាយសុទ្ធតែម្ដង ពីព្រោះគាត់ជាមនុស្សល្អត្រឹមត្រូវនៅភូមិស្រុកនេះគេស្រឡាញ់គាត់ ហើយមួយរយៈពេលនេះគាត់មិនឈ្លោះប្រកែកជាមួយអ្នកណាម្នាក់ គឺអត់ទេ គាត់ជាមនុស្សល្អតែម្ដង បើគាត់មានបញ្ហាអ្វីត្រឹមប៉ូលិសស្រុក មេភូមិ មេឃុំ មកសួរនាំអ្វីហើយ តែនេះអត់មានអ្វីទាំងអស់ ស្រាប់តែសមត្ថកិច្ចចាប់បញ្ជូនទៅបាត់ ដោយអត់បញ្ជូនដំណឹងមកគ្រួសារឱ្យដឹងផងមកដល់ឥឡូវនេះ»។
ឆ្លើយតបរឿងនេះ អធិការរងស្រុកកញ្ជ្រៀចទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ លោក រ៉ន រ៉េត ប្រាប់វិទ្យុអាស៊ីសេរីដោយខ្លីថាការចាប់ខ្លួនមន្ត្រីបក្សជំទាស់រូបនេះ គឺលោកអនុវត្តតាមបទបញ្ជាថ្នាក់លើ ប៉ុន្តែលោកមិនបញ្ជាក់ពីមូលហេតុនៃការចាប់ខ្លួននេះទេ។ ចំណែកអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រៃវែង លោក ចាន់ វណ្ណៈ ប្រាប់វិទ្យុអាស៊ីសេរីដែរថា ករណីចាប់ខ្លួនលោក សម វិបុល ជាសមត្ថកិច្ចរបស់អាជ្ញាធររាជធានីភ្នំពេញ។
ចំណែកអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សំ វិច្ឆិកា និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន មិនទាន់ឆ្លើយតបនឹងសួររបស់វិទ្យុអាស៊ីសេរីតាមប្រព័ន្ធតេឡេក្រាមនៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
លោក សម វិបុល អាយុ ៥៨ឆ្នាំ ជាអនុប្រធានក្រុមការងារបណ្ដោះអាសន្នគណបក្សកម្លាំងជាតិប្រចាំខេត្តព្រៃវែង និងជាសមាជិកគណៈកម្មាធិការនាយកគណបក្សកម្លាំងជាតិ។ លោកធ្លាប់ជាសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែងមកពីគណបក្សសង្គ្រោះជាតិ។ ក្រុមគ្រួសារឱ្យដឹងថា មុនពេលចាប់ខ្លួនមានមន្ត្រីគណបក្សកាន់អំណាចដើរអូសទាញលោក សម វិបុល ជាច្រើនដង ប៉ុន្តែលោកនៅតែរក្សាជំហររឹងមាំជាមួយបក្សប្រឆាំង។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន សោកស្ដាយ និងចាត់ទុកការចាប់ខ្លួនលោក សម វិបុល រួមជាមួយសមាជិកបក្សកម្លាំងជាតិជាបន្តបន្ទាប់ថា ជារូបភាពនៃការគំរាមកំហែងធ្ងន់ធ្ងរ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ នៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ។ លោក រ៉ុង ឈុន អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចឱ្យបញ្ឈប់ការចាប់ចង ហើយដោះលែងអ្នកជាប់ឃុំក្រោមហេតុនយោបាយទាំងអស់ឱ្យមានសេរីភាពឡើងវិញ។
លោក រ៉ុង ឈុន៖ «ការចាប់ខ្លួនបែបនេះមិនត្រូវកើតមាននៅក្នុងសង្គមប្រជាធិបតេយ្យ យើងគួរតែបញ្ឈប់ទៅរឿងទាំងអស់ បើយើងមើលទៅមតិជាតិ និងអន្តរជាតិថា មិនមែនជាការអនុវត្តច្បាប់ទេ វាជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់»។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី កត់សម្គាល់ថា ការឃាត់ខ្លួនសមាជិកបក្សជំទាស់ និងសកម្មជនសង្គមនៅរយៈពេលចុងក្រោយនេះ សមត្ថកិច្ចមិនបានអនុវត្តត្រឹមត្រូវតាមនីតិវិធី ដែលនាំឱ្យរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ ដូចជាបទល្មើសមិនជាក់ស្ដែង ហើយសមត្ថកិច្ចមិនបានបង្ហាញដីកាចាប់ខ្លួន ឬមិនប្រាប់ពីមូលហេតុនៃការចាប់ខ្លួនជាដើម។ មន្ត្រីសិទ្ធិមនុស្សមើលឃើញថា ករណីការចាប់ខ្លួន និងបទចោទលើសកម្មជននយោបាយ ដោយសារការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនបានកើតឡើងគួរឱ្យព្រួយបារម្ភ។
លោក យិន ម៉េងលី៖ «ការបញ្ចេញមតិរបស់អ្នកនយោបាយជាការផ្តល់ព័ត៌មានដល់រដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធនូវរាល់បញ្ហាដែលបានកើតមានឡើងដែល រដ្ឋាភិបាល និងស្ថាប័នទាំងនោះឱ្យមានការទទួលខុសត្រូវ អ៊ីចឹងវាមានប្រយោជន៍ណាស់ សូមឱ្យដោះលែងពួកគាត់ទៅ បញ្ឈប់ការចាប់ខ្លួនអ្នកនយោបាយក្តី សកម្មជនសិទ្ធិមនុស្សក្ដី ដែលគ្រាន់តែធ្វើការរិះគន់ក្នុងន័យស្ថាបនាបាទ»។
កម្ពុជាក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន ម៉ាណែត រយៈពេលជាង ១ឆ្នាំ មន្ត្រីគណបក្សកម្លាំងបានរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរ និងប្រព័ន្ធតុលាការរបស់គណបក្សកាន់អំណាចកាន់តែខ្លាំង។ ក្នុងនោះប្រធានគណបក្សលោក ស៊ុន ចន្ធី ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ និងបិទសិទ្ធិធ្វើនយោបាយអស់មួយជីវិត ចំណែកទីប្រឹក្សាគណបក្សលោក រ៉ុង ឈុន និងមន្ត្រីមួយចំនួនទៀតវិញត្រូវរងបណ្ដឹងនៅតុលាការថែមទៀត ដោយសារការអនុវត្តសិទ្ធិរបស់ខ្លួន។
ក្រុមអង្គការជាតិ អន្តរជាតិ រួមទាំងក្រុមប្រទេសប្រជាធិបតេយ្យធំៗ ថ្កោលទោសជាបន្តបន្ទាប់ ថាការចាប់ឃុំខ្លួនទាំងនេះ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ហើយទាមទារឱ្យដោះលែងពួកគាត់វិញជាបន្ទាន់ និងឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។