តុលាការ​ភ្នំពេញ​​បិទ​បញ្ចប់​ការ​សួរ​ដេញដោល​លោក កឹម សុខា ក្នុង​សំណុំរឿង​ក្បត់​ជាតិ

0:00 / 0:00

លោក កឹម សុខា ស្នើ​តុលាការ​ឱ្យ​ចេញ​សាលក្រម ក្នុង​សំណុំរឿង​លោក​ឱ្យ​បាន​លឿន ដើម្បី​បញ្ចប់​ទុក្ខ​វេទនា។ លោក កឹម សុខា លើក​ឡើង​ដូច្នេះ ក្នុង​ពេល​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​បិទ​បញ្ចប់​ការ​សួរ​ដេញដោល​នានា លើ​អង្គហេតុ​នៃ​សំណុំរឿង​ក្បត់​ជាតិ​របស់​មេបក្ស​ប្រឆាំង គឺ​លោក កឹម សុខា នៅសវនាការលើកទី៦២ ថ្ងៃទី១៩ ខែតុលា។ មេធាវី​លោក កឹម សុខា ស្វាគមន៍​ការ​សម្រេច​បិទ​បញ្ចប់​ការ​សាកសួរ​នេះ ប៉ុន្តែ​សោកស្ដាយ ដែល​តុលាការ​ទុក​អូស​បន្លាយ​រយៈ​ធ្វើ​សារណា ឬ​ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន ដែល​ត្រូវ​ចំណាយ​ជាង ២ខែ។

ទី​បំផុត​សំណុំរឿង​មេ​បក្ស​ប្រឆាំង ដែល​ស៊ីពេល​ជាង ៥ឆ្នាំត្រូវ​បាន​តុលាការ​បិទ​បញ្ចប់​ការ​សួរ​ដេញដោល​ហើយ។ ចៅក្រម​ជំនុំជម្រះ​លោក កូយ សៅ សម្រេច​ទុក​ពេល​ជាង ២ខែទៀត​ឱ្យ​ភាគី​ពាក់ព័ន្ធ​សរសេរ​សារណា​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ដាក់​ជូន​តុលាការ។

ទោះយ៉ាងណាក្ដី លោក កឹម សុខា ស្នើ​ទៅ​តុលាការ​ក្នុង​ពេល​បើក​សវនាការ​នោះ​ថា លោក​ជំរុញ​ទៅ​តុលាការ គួរ​ចេញ​សាលក្រម​កាត់​ទោស​លើ​រូប​លោក ឱ្យ​បាន​លឿន​ក្នុង​ពេល​ឆាប់ៗ នេះ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​រូប​លោក។ លោក​បន្ត​ទៀត លោក​មិន​ចង់​រង​ទុក្ខ​វេទនា​បែប​នេះ​យូរ​ទៀត​ទេ។

មេធាវីការពារក្ដីលោក កឹម សុខា លោក ចាន់ ចេន ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ចប់​សវនាការ​ថា រយៈ​ពេល​ជាង ២ខែ​នេះ ធ្វើ​ឱ្យ​ខាត​ប្រយោជន៍ ឬ​ខាត​ពេល​លោក កឹម សុខា បន្ថែម​ទៀត។ លោក​មេធាវី​បន្ត​ថា ចាប់​តាំង​សវនាការ​ទី១ ដល់​សវនាការ​ទី៦ ៣នេះ ក្រុម​មេធាវី​លោក កឹម សុខា បាន​ធ្វើ​សេចក្ដីសន្និដ្ឋាន ជា​បន្ត​បន្ទាប់​ជិត​រួចរាល់ ហើយ​ពួក​គេ​ត្រូវ​ការ​ពេល​ត្រឹម​ពីរ​សប្ដាហ៍​ប៉ុណ្ណោះ​គឺ​គ្រប់គ្រាន់​សម្រាប់​សរសេរ​សារណា​ការពារ​ប្រយោជន៍​ជូន​លោក កឹម សុខា៖ « បណ្ដា​គូភាគី​បាន​ធ្វើការ​នូវ​ចំណុច​សំខាន់ៗ រៀង​ខ្លួន​ចំណុច​កត់ត្រា​ហ្នឹង ហើយ​ជា​ផ្នែក​មួយ​នៃ​សេចក្ដី​សន្និដ្ឋាន​នេះ រឿង​ទី១។ រឿង​ទី២ គ្រប់​ភាគី​ទាំង​អស់ បាន​សិក្សា​សំណុំរឿង​ល្អិតល្អន់​ដូច​គ្នា។ សម្រាប់​យើង​គឺ​ថា រយៈ​ពីរ​សប្ដាហ៍​ហ្នឹង គឺ​ជា​ពេល​វេលា​មួយ​សមស្រប​សម្រាប់​គូភាគី​ដាក់​សេចក្ដី​សន្និដ្ឋាន​ការពារ​ប្រយោជន៍​កូនក្ដី​រៀងៗ ខ្លួន​បាទ»

ទាក់ទង​ការ​កំណត់​រយៈ​ពេល​ជាង ២ខែ ដើម្បី​គ្រប់​ភាគី​ធ្វើ​សេចក្ដី​សន្និដ្ឋាន​នេះ​ដែរ តំណាង​អយ្យការ​បាន​ស្នើសុំ​ពេល ៣ខែ ដោយ​សំអាង​ថា សំណុំរឿង​នេះ​វែង ចំណែក​មេធាវី​រដ្ឋាភិបាល ដែល​ភាគី​ដើម​បណ្ដឹង​ស្នើសុំ​រយៈ​ពេល ២ខែ ដោយ​ឡែក មេធាវី​ការពារ​លោក កឹម សុខា ស្នើសុំ​ពេល ២សប្ដាហ៍ ដើម្បី​ធ្វើ​សេចក្ដី​សន្និដ្ឋាន ហើយ​ចុង​ក្រោយ​តុលាការ​សម្រេច​ទុក​រយៈ​ពេល​ជាង ២ខែ ដើម្បី​ឱ្យ​គ្រប់​ភាគី​ធ្វើ​សេចក្ដីសន្និដ្ឋាន។ តុលាការ​តម្រូវ​ឱ្យ​គ្រប់​ភាគី​ត្រូវ​ប្រគល់​សារណាមកតុលាការនៅថ្ងៃទី២១ ខែធ្នូ ខាង​មុខ។ ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​នេះ មាន​ទាំង​ការ​សរសេរ​សារណា​ជា​លាយលក្ខណ៍​អក្សរ និង​ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ដោយ​ផ្ទាល់​មាត់​ក្នុង​សវនាការ។

ទាក់ទង​សវនាការ​សួរ​ដេញដោល​ថ្ងៃ​ចុង​ក្រោយ​នេះ​ដែរ តុលាការ​មិន​បាន​កោះហៅ​សាក្សី​មក​សាក្សី​បន្ថែម​ទៀត​ទេ ក្រោយតុលាការបានកោះហៅសាក្សីចំនួន០៩នាក់មកសាកសួរ ក្នុង​នោះ​រួម​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច អតីត​ទីប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ មន្ត្រី​សង្គម​ស៊ីវិល យុវជន​ធ្វើ​ការងារ​សង្គម និង​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់​ទៅ​រៀន​វគ្គ​សិក្សា​ខ្លី​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ជាដើម។ ទោះ​យ៉ាង​ណា តុលាការ​មិន​បាន​សាកសួរ​សាក្សី​ដែល​ជា​សមត្ថកិច្ច​ចុះ​ចាប់​ខ្លួន​លោក កឹម សុខា កាល​ពី​ឆ្នាំ២០១៧ មក​ឆ្លើយ​បំភ្លឺ​ទេ ទោះ​ជា​មាន​ការ​ទាមទារ​ពី​មេធាវី​ការពារ​លោក កឹម សុខា យ៉ាង​ណា​ក្ដី។

ជុំវិញ​ចម្លើយ​របស់​សាក្សី​នេះ​ដែរ មេធាវី​ការពារ​លោក កឹម សុខា ម្នាក់​ទៀត គឺ​លោក ផែង ហេង ឱ្យ​ដឹង​ដែ​រថា តុលាការ​បាន​យក​រូបភាព (ស្លាយ) ដែល​ជា​ភស្តុតាង​ចោទ​ប្រកាន់​ថា សាក្សី ដែល​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​យុវជន​ធ្វើ​ការងារ​សង្គម​ទៅ​រៀន​វគ្គ​ខ្លី​នៅ​ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) ជា​ការ​រៀន​ពី​របៀប​ធ្វើ​បដិវត្តន៍​ពណ៌ ប៉ុន្តែ សាក្សី​បំភ្លឺ​ជូន​តុលាការ​ថា ពួក​គេ​មិន​ដែល​បាន​ឃើញ​រូប​នេះ​ទេ។ លោក​មេធាវី​កត់​សម្គាល់​ចំណុច​មួយ​ទៀត គឺ​វីដេអូ ដែល​តំណាង​អយ្យការ​យក​មក​ចោទ​ប្រកាន់​លោក កឹម សុខា ជា​ភស្តុតាង​ក្លែងក្លាយ។ លោក​មេធាវី​រំពឹង​ថា កូនក្ដី​របស់​លោក នឹង​រួច​ផុត​ការ​ចោទ​ប្រកាន់​នៅ​ពេល​ខាង​មុខ​នេះ៖ « សាក្សី​ថា មិន​ដែល​ឃើញ​ស្លាយ​បែប​ហ្នឹង​ទេ ហើយ​គេ​ទៅ​រៀន​តែ​រឿង​បោះ​ឆ្នោត​ហើយទី២ យើង​មើល​តំណាង​អយ្យការ ឬ​សមត្ថកិច្ច​ដាក់​មក​នោះ ជា​វីដេអូ​កាត់​ត ចង់​មិន​ចង់ គឺ​យើង​ដឹង​ទាំង​អស់​គ្នា​ហើយ​ថា របស់​ដែល​គេ​កាត់​ត កាត់​ចិញ្ច្រាំ​ហើយ​យក​មក​តភ្ជាប់​ជា​របស់​ថ្មី​មួយ​ជា​របស់​ក្លែងក្លាយ ហើយ​មិន​មែន​ជា​របស់​ពិត​ហើយ។ បាទ​ដូច្នេះ​សម្រាប់​យើង​ជា​មេធាវី​ការពារ​ក្ដី គឺ​យើង​មិន​ឃើញ​ថា រឿង​នេះ​អត់​មាន​អង្គហេតុ​ទេ»

ទាក់ទង​ចម្លើយ​របស់​ក្រុម​សាក្សី ដែល​ធ្លាប់​បាន​ទៅ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នេះ​ដែរ ពួក​គេ​បាន​ផ្ដល់​សក្ខីកម្ម​ឬ​ចម្លើយ​ជូន​តុលាការ​ថា ពួក​គេ​ទៅ​សិក្សា​ពី​តួនាទី​យុវជន​ក្នុង​ការងារ​បោះ​ឆ្នោត មិនមែន​រៀន​ពី​ការ​ធ្វើ​បដិវត្តន៍​ពណ៌ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

ជុំវិញរឿងនេះដែរ មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក យី សុខសាន្ដ ដែល​តាម​ដាន​ដំណើរ​ការ​សវនាការ​នេះ សង្កេត​ឃើញ​ថា អង្គហេតុ ដែល​តុលាការ​ចោទ​ប្រកាន់​លោក កឹម សុខា ជុំវិញ​ការ​ធ្វើ​បាតុកម្ម​អំឡុងឆ្នាំ២០១៣ ប៉ុន្តែ​ក្រុម​យុវជន​ទៅ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី គឺនៅឆ្នាំ២០១៦ឯណោះទេ។ លោក​បន្ត​ថា ដំណើរ​ការ​យុត្តិធម៌​មិន​អាច​ទាញ​ធាក់​ថយ​ក្រោយ​ដូច្នេះ​បាន​ទេ។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ យល់ថា សំណុំរឿង ដែល​មាន​ចរិត​នយោបាយ​មួយ​នេះ​បក្សកាន់​អំណាច​គួរ​ដល់​ពេល​ដោះ​ស្រាយ​បញ្ចប់ ដើម្បី​ឆ្ពោះ​ទៅ​ការ​ផ្សះផ្សា​ជា​តិឡើង​វិញ៖ « គេ​ហៅ​ថា ផ្សះផ្សា​ជាតិ​ណា​កុំ​ឱ្យ​មាន​ការ​បែកបាក់ បើសិនជា​ចោទ​ចុះ​ចោទ​ឡើង ធ្វើ​ឱ្យ​ភាគី​នីមួយៗ រក​កំហុស​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ទី​បញ្ចប់​ហើយ​ទោះ​បី​យើង​ប្រើ​ប្រព័ន្ធ​ន្ធ​តុលាការ ក៏​ជា​រឿង​មួយ​ធ្វើ​ឱ្យ​ភាគី​ចាញ់​ក្ដី​ឈ្នះក្ដី​មិន​សុខ​ចិត្ត​ទៅ​លើ​សេចក្ដី​សម្រេច​នេះ​ដែរ។ ដូច្នេះ ភាគី​ទាំង​សង​ខាង​គួរ​តែ​រក​ចំណុច​រួម​មួយ ដើម្បី​ចរចា​បញ្ចប់​រឿង​នយោបាយ​នេះ»

ដូច​គ្នា​នេះ​ដែរ​អ្នក​គាំទ្រ​លោក កឹម សុខា ម្នាក់​ដែល​មក​ឃ្លាំមើល​តុលាការ លោក ជា សាមួន សង្ឃឹមថា លោក កឹម សុខា នឹង​ទទួល​បាន​យុត្តិធម៌​ឡើង​វិញ ព្រោះ​លោក កឹម សុខា មិន​បាន​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ណា​មួយ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ៖ « ខ្ញុំ​សង្កេត​ឃើញ​រឿង​ទាំង​អស់​នេះ ការ​ដាក់​បន្ទុក​ទៅ​លើ​គាត់ ( លោក កឹម សុខា ) គឺ​ជា​រឿង​មួយ ដែល​អត់​ពិត​ប្រាកដ បើ​សម្រាប់​ខ្ញុំ ខ្ញុំ​ថា គាត់ ត្រូវតែ​ទទួល​បាន​នូវ​យុត្តិធម៌​ដ៏​ពិត​ប្រាកដ»

ទាក់ទង​សវនាការ​នេះ​ដែរ ក្រៅពី​មាន​អ្នក​គាំទ្រ​លោក​ជាង ៣០នាក់​ឈរ​នៅ​មុខ​តុលាការ នៅ​ក្នុង​បន្ទប់​តុលាការ​ក៏​មន្ត្រី​អង្គការ​សហប្រជាជាតិ តំណាង​អង្គទូត​ប្រទេស​សេរី និង​មន្ត្រី​សង្គម​ស៊ីវិល ចូលរួម​ឃ្លាំមើល​សវនាការ​នេះ​ដែរ។

លោក កឹម សុខា រង​ការ​ចាប់​ខ្លួន​ជាង ៥ឆ្នាំ និង​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន កាល​ពី​ឆ្នាំ២០១៧។ តុលាការ​បាន​ចាប់​ផ្ដើម​ជំនុំជម្រះ​សំណុំ​រឿង​នេះ កាល​ពី​ដើម​ខែមករា ឆ្នាំ២០២០ ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ១៩ តុលាការ​បាន​ផ្អាក​សវនាការ​នេះ​ជា​ញឹកញាប់។ តុលាការ​នឹង​បន្ត​សវនាការ​លោក កឹម សុខា ចាប់ពីថ្ងៃទី២១ ខែធ្នូ ខាង​ត​ទៅ​ទៀត ដើម្បី​ស្ដាប់​ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​របស់​ភាគី​ពាក់ព័ន្ធ​ជុំវិញ​សវនាការ​នេះ។ តាម​នីតិវិធី ក្រោយ​តុលាការ​ស្ដាប់​ការ​ធ្វើ​សន្និដ្ឋាន​រួច​ហើយ តុលាការ​អាច​នឹង​ប្រកាស​សាលក្រម ដែល​ជា​ការ​រក​ឃើញ​ថា លោក កឹម សុខា មានទោស ឬ​គ្មាន​ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។