លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅមេទ័ពរបស់លោកឱ្យដំឡើងអាវុធគ្រប់ធុន និងបាញ់គ្រាប់កាំភ្លើងពីមួយលាន ទៅពីរលានគ្រាប់ នៅតំបន់ព្រំដែនកម្ពុជា វៀតណាម ដើម្បីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ឬដ្រូន(Drone)។ ទោះយ៉ាងណា អ្នកវិភាគនយោបាយ សង្ស័យថា រឿងដ្រូនលួចហោះចូលទឹកដីកម្ពុជា ជាល្បិចរបស់លោក ហ៊ុន សែន ច្រើនជាងការពិត ហើយប្រសិនបើកងទ័ពលោក ហ៊ុន សែន ហ៊ានបាញ់ស្រោចនៅតំបន់ព្រំដែន ដូចការបញ្ជារបស់លោក ហ៊ុន សែន មែននោះ អាចនឹងប៉ះពាល់ដល់ទឹកដីវៀតណាម កើតទៅជាជម្លោះរវាងប្រទេសទាំងពីរទៀតផង។
បទបញ្ជាថ្មីរបស់លោក ហ៊ុន សែន នៅយប់ទី២៨ ខែមិថុនានេះ ត្រូវតែផ្ទុះអាវុធ ទ្រង់ទ្រាយធំ នៅតំបន់ព្រំដែនកម្ពុជាវៀតណាម ប្រសិនបើដ្រូន នៅតែបន្តលួចហោះចូលទឹកដីកម្ពុជាទៀត។ បើទោះរឿងនេះទាក់ទងសុវត្ថិភាពរបស់ជាតិក្ដី តែ លោក ហ៊ុន សែន ថ្លែងជាសាធារណៈបញ្ជាឱ្យក្រុមមេទ័ពរបស់លោកបញ្ជូនកម្លាំងទាហាន ១ម៉ឺននាក់បន្ថែមទៀត និងដឹកជញ្ជូនអាវុធគ្រប់ធុន ទៅខេត្តជាប់ព្រំដែនកម្ពុជា រួមមាន៖ ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និងខេត្តត្បូងឃ្មុំជាដើម។ លោក ហ៊ុន សែន ក៏ប្រកាសផ្ដល់រង្វាន់ជាប្រាក់២០ម៉ឺនដុល្លារដល់កងទ័ពរូបណាដែលមានសមត្ថភាពបាញ់ទម្លាក់ដ្រូនដែលលួចហោះចូលទឹកដីកម្ពុជា។ លោក ហ៊ុន សែន ក៏ព្រមានប្ដឹងទៅអង្គការសហប្រជាជាតិ នៅពេលរកឃើញថា ប្រទេសណាមួយជាអ្នកបញ្ជាឱ្យដ្រូនហោះចូលទឹកដីកម្ពុជាផងដែរ។
លោក ហ៊ុន សែន៖ «ឥឡូវពីល្ងាចនេះទៅគឺត្រូវតែបាញ់ ដាក់ទៅចំណាយពីមួយលានពីរលាន បួនប្រាំលានគ្រាប់ទៅបាញ់ទៅកាំភ្លើងយន្តកាំភ្លើងអីដាក់ទៅហ្អែង បាញ់លេងទៅខានបាញ់យូរហើយ បាញ់ទៅក្រែងគ្រាប់វាស្អុយ បាញ់ទៅវាមិនធ្វើឱ្យខ្មែរក្រទេ ដោយសារតែយើងមិនបាញ់ហ្នឹងហើយបានវាព្រហើនណាស់»។
លោក ហ៊ុន សែន ថ្លែងដូច្នេះ ក្នុងពេលចុះជួបកម្មកររោងចក្រនៅរាជធានីភ្នំពេញថ្ងៃទី២៨ ខែមិថុនា។ លោក ហ៊ុន សែន អះអាងថា ជាងមួយសប្ដាហ៍មកនេះ គឺដ្រូនចារកម្ម បានលួចហោះចូលព្រំដែនកម្ពុជា។ លោក ហ៊ុន សែន ឱ្យដឹងដែរថា កាលពីយប់ទី២៧ ខែមិថុនា មានដ្រូន៥គ្រឿងហោះចូលទឹកដីកោះញែក ខេត្តមណ្ឌលគិរី តែទ័ពរបស់លោក គ្មានសមត្ថភាពអាចបាញ់ទម្លាក់ដ្រូននោះសូម្បីតែមួយគ្រឿង។
ទាក់ទងរឿងនេះ អ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ដែលមានក្រុមការងាររបស់លោកឃ្លាំមើលនៅតាមតំបន់ព្រំដែន និងតំបន់ផ្សេងទៀត ឱ្យវិទ្យុអាស៊ីសេរីដឹងថ្ងៃទី២៨ ខែមិថុនា ថា មកដល់ពេលនេះ មន្ត្រីនៃសមាគមរបស់លោក មិនទាន់ផ្ដល់ដំណឹងណាមួយពីវត្តមានដ្រូនលួចហោះចូលទឹកដីកម្ពុជានៅឡើយទេ។ លោកឱ្យដឹងទៀតថា សមាគមអាដហុក ក៏បានណែនាំមន្ត្រីរបស់ខ្លួនប្រចាំការនៅខេត្តជាប់ព្រំដែនកម្ពុជាវៀតណាម តាមដានស្ថានការណ៍ទាក់ទងការរំលោភសិទ្ធិមនុស្សផង និងតាមដានករណីដ្រូនហោះលួចហោះចូលទឹកដីកម្ពុជានេះផងដែរ។
លោក ស៊ឹង សែនករុណា៖ «ខាងខ្ញុំដូចជាមិនមានព័ត៌មានអីផ្ដល់មកទេ បើសិនជាករណីហ្នឹងកើតឡើងហើយមានការប៉ះពាល់អីជាមួយខាងប្រជាពលរដ្ឋគាត់រស់នៅតំបន់ហ្នឹងអាចមានការរាយការណ៍មកដល់ខាងថ្នាក់ដឹកនាំខាងភ្នំពេញហើយ ប៉ុន្តែ មកទល់ពេលនេះយើងអត់មានករណីណាមួយមានភាពមិនប្រក្រតីក៏យើងអត់ឃើញសេចក្ដីរាយការណ៍បែបហ្នឹងមកទីស្នាក់ការកណ្ដាលដែរ»។
នេះជាលើកទី២ហើយ ដែលលោក ហ៊ុន សែន បញ្ជាឱ្យចល័តកងទ័ព និងបញ្ជូនអាវុធទៅតំបន់ព្រំដែនកម្ពុជា វៀតណាម ដោយលោកចោទប្រកាន់ មានយន្តហោះគ្មានមនុស្សបើក ឬដ្រូន លួចហោះចូលទឹកដីកម្ពុជា។ កាលពីថ្ងៃទី២៧ ខែមិថុនា លោក ហ៊ុន សែន បញ្ជាឱ្យបញ្ជូនកងកម្លាំងពិសេសចំនួន ៥០០នាក់ និងអាវុធទំនើប២០០ដើម ពីភ្នំពេញទៅព្រំដែនវៀតណាម ដើម្បីបាញ់ទម្លាក់ដ្រូននោះ។
លោក ហ៊ុន សែន ក៏ស្នើទៅពលរដ្ឋរស់នៅតំបន់ព្រំដែនកម្ពុជា វៀតណាម កុំឱ្យមានការភ័យខ្លាចចំពោះការចល័តទ័ពនេះ។ ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគថា ទោះមានការអំពាវនាវបែបនេះ តែសកម្មភាពចល័តរបស់រដ្ឋាភិបាល លោក ហ៊ុន សែន នៅកៀកពេលបោះឆ្នោតដូច្នេះ នឹងធ្វើឱ្យពលរដ្ឋមានការភ័យខ្លាច។
អ្នកវិភាគនយោបាយលោក គឹម សុខ យល់ថា រឿងដ្រូនពោរពេញដោយចម្ងល់។ លោកបន្តថា ប្រសិនបើដ្រូននោះជាប្រភេទដ្រូនឈ្លានពានកម្ពុជា បើគេអាចបញ្ជាឱ្យហោះចូលដល់ព្រំដែនកម្ពុជាបាន គឺក៏អាចបញ្ជាឱ្យហោះទៅដល់ផ្ទះលោក ហ៊ុន សែន ដែរ។ ទោះយ៉ាងណា លោកថា បញ្ហាដ្រូនហោះរំលោភដែនដីកម្ពុជាពេលនេះ ជារឿងប្រឌិតច្រើនជាងការពិត។ លោក គឹម សុខ បន្តទៀតថា លោក ហ៊ុន សែន ទំនងមិនទុកចិត្តចៅហ្វាយចាស់របស់ខ្លួនថា ដែលវៀតណាមអាចនឹងអនុញ្ញាតឱ្យលោក សម រង្ស៊ី ចូលប្រទេសកម្ពុជាតាមទឹកដីវៀតណាម ដូច្នេះលោក ហ៊ុន សែន ត្រៀមកម្លាំងដើម្បីទប់ស្កាត់ផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី ទុកជាមុន។
លោក គឹម សុខ៖ «ដូច្នេះវាហាក់ដូចជាដ្រូន ហើយនឹងការបង្ហាញសព្វាវុធឆ្លើយតបទៅនឹងយុទ្ធនាការរបស់លោក សម រង្ស៊ី ទៅវិញពីព្រោះខ្ញុំស្ដាប់សន្ទរកថា របស់លោក ហ៊ុន សែន បើទោះបីជាគាត់និយាយកាច់កុងរង្វង់មូលទៅដល់ណាក៏ដោយក៏នៅតែកៀងៗចង់ភ្ជាប់បញ្ហាដ្រូនទៅនឹងលោក សម រង្ស៊ី ដដែល»។
ទាក់ទងរឿងលោក សម រង្ស៊ី ចង់វិលចូលស្រុកនេះដែរ នៅរយៈពេលចុងក្រោយនេះ លោក សម រង្ស៊ី ប្រកាសថា លោកនឹងវិលទៅកម្ពុជាវិញក្នុងពេលឆាប់ៗ នេះ តាមព្រំដែនប្រទេសថៃ ឬប្រទេសជិតខាងជាប់កម្ពុជាផ្សេងទៀត ដែលគេអនុញ្ញាតឱ្យលោកឆ្លងកាត់។ លោក សម រង្ស៊ី ប្រកាសដូច្នេះ នៅពេលរបបក្រុងភ្នំពេញបិទមិនឱ្យគណបក្សភ្លើងទៀន ដែលមានកម្លាំងប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច អាចចូលរួមការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះទេ។ ចំណែក លោក ហ៊ុន សែន កាលពីដើមខែមិថុនា អះអាងថា មានមនុស្សក្បែរខ្លួនរបស់លោក សម រង្ស៊ី លួចផ្ដល់ដំណឹងឱ្យលោកដឹងថា លោក សម រង្ស៊ី គ្រោងប្រើលិខិតឆ្លងដែន ឬប៉ាស្ទ័រសញ្ជាតិបារាំងធ្វើដំណើរចូលមកប្រទេសវៀតណាម ដើម្បីឆ្លងចូលប្រទេសកម្ពុជា។ លោក ហ៊ុន សែន ក៏ស្នើទៅចៅហ្វាយចាស់របស់លោក ឱ្យចាប់លោក សម រង្ស៊ី បើមេដឹកនាំគណបក្សប្រឆាំងរូបនេះ ប្រើទឹកដីវៀតណាមដើម្បីចូលមកកម្ពុជាវិញ។ ទោះយ៉ាងណា មកដល់ពេលនេះ គេមិនទាន់ឃើញ ភាគីវៀតណាម ឆ្លើយតបនឹងសំណើរបស់លោក ហ៊ុន សែន នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។