ប្រជាពលរដ្ឋប្រមាណ ៤រយនាក់តំណាងឱ្យជិត ១ពាន់គ្រួសារ នាំគ្នាតវ៉ានៅមុខសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីអាជ្ញាធរមិនចេញប្លង់កម្មសិទ្ធិដីលំនៅឋានឱ្យរបស់ពួកគាត់ ក្រោមហេតុផលថា កំពុងមានបណ្ដឹងពីពលរដ្ឋផ្សេងទៀត។ មន្ត្រីសង្គមស៊ីវិល យល់ថា អ្នកតវ៉ាទាំងនេះ មានសិទ្ធិអាទិភាពក្នុងការកាន់កាប់ដីទំនាស់នេះ។
ប្រជាពលរដ្ឋប្រមាណ ៤រយនាក់តំណាងឱ្យប្រជាពលរដ្ឋជិត១ពាន់គ្រួសារ (៩៦៣) គ្រួសារ រស់នៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្រមូលផ្តុំគ្នាតវ៉ានៅខាងមុខសាលាក្រុង ប៉ោយប៉ែត ពីរថ្ងៃជាប់គ្នាហើយ ដើម្បីស្នើសុំឱ្យអាជ្ញាធរជំនាញ ចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់ចំនួន៩៧៧ក្បាលដី។ ការទាមទារនេះ បន្ទាប់ពីអាជ្ញាធរ បានបិទប្រកាសថា ក្បាលដីទាំងនោះមិនអាចចេញប័ណ្ណកម្មសិទ្ធិបាន ដោយសារមានបណ្ដឹងពីប្រជាពលរដ្ឋផ្សេងទៀតរស់នៅភ្នំពេញ។
តំណាងប្រជាពលរដ្ឋ លោកស្រី ចោញ ឌឿន រៀបរាប់ថា ប្រជាពលរដ្ឋ បានកាន់កាប់ដីនោះ ជាបន្តបន្ទាប់តាំងពីឆ្នាំ១៩៩៥មក ប៉ុន្តែនៅឆ្នាំ២០០៣ ស្រាប់តែមានអ្នកមានអំណាច ៣៤គ្រួសារនៅក្រុងភ្នំពេញ ចេញមុខអះអាងថា ជាដីពួកគាត់ដោយមានប្លង់រឹងចេញកាលពីឆ្នាំ១៩៩៨។
លោកស្រីបន្តថា ក្នុងឆ្នាំ ២០០៤ ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញលិខិត ស.ជ.ណ សម្រេចប្រគល់ដីជូនពួកគាត់វិញ ក្រោយអ្នកភូមិតវ៉ានិងប្ដឹងផ្ដល់។ បន្ទាប់មក តុលាការខេត្តបន្ទាយមានជ័យ ក៏បានចេញដីកាប្រគល់សិទ្ធិឱ្យពួកគាត់គ្រប់គ្រងដីលំនៅឋាននោះដែរ។ លុះដល់ឆ្នាំ២០១៨ អាជ្ញាធរដែនដី បានណែនាំឱ្យពលរដ្ឋក្នុងភូមិ ទៅធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធថ្មី ប៉ុន្តែជាប់គាំងរហូត ទើបតែនៅថ្ងៃទី២ ខែកញ្ញា ខាងអាជ្ញាធរប្រកាសថា ក្បាលដីពួកគាត់មិនអាចចេញប័ណ្ណកម្មសិទ្ធិ បានទេដោយសារមានពលរដ្ឋមួយចំនួន ក្នុងចំណោម៣៤គ្រួសារកាលពីមុននោះ បន្តប្ដឹងជំទាស់៖ «ជាការទាមទាររបស់ខ្ញុំ និងប្រជាពលរដ្ឋនៅភូមិព្រៃព្រិច គឺសូមឱ្យសម្ដេចជួយបញ្ចប់ទំនាស់ដីនៅភូមិនេះ និងជួយឱ្យចេញប្លង់តែម្ដងព្រោះអីសម្ដេចធ្លាប់បាននិរាករណ៍ប្លង់របស់អ្នកទាំង ៣៤នោះហើយតាំងពីឆ្នាំ២០០៤»។
យោងតាមគំនូសប្លង់របស់អាជ្ញាធរ បង្ហាញថា ក្នុងចំណោម៣៤គ្រួសារដែលធ្លាប់អះអាងថា ជាម្ចាស់កម្មសិទ្ធិដីទំនាស់ដែរនោះ គឺមួយចំនួនជាកងកម្លាំងនគរបាល និងជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ក្នុងនោះ មានដូចជា អតីតអគ្គស្នងការនគរបាលជាតិ លោក ហុង ឡងឌី អតីតរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លោក ឯម សំអាន អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី គន់ គីម និងអគ្គស្នងការរងនគរបាលជាតិ លោក ម៉ក់ ជីតូ ជាដើម។
លោក ម៉ក់ ជីតូ ប្រាប់អាស៊ីសេរីថា ក្រោយសម័យរដ្ឋកម្ពុជា ដីនៅតំបន់គឺជាដីទំនេរហើយអាជ្ញាធរ បានកាត់ចេញជា ៣៤ប្លង់សម្រាប់បែងចែកជូន ៣៤គ្រួសារ ក្នុងនោះក៏មានឈ្មោះរបស់លោកដែរ។ ទោះយ៉ាងណាក្តី លោកបញ្ជាក់ថា លោកមិនដែលបានទៅមើលដីនោះទេ ហើយក៏មិនធ្លាប់ប្ដឹងផ្ដល់អ្វីដែរ៖ «ខ្ញុំមិនដឹងថា ម៉េចដែរព្រោះអីដីនោះយើងបានទុកនៅនោះយូរ ហើយឥលូវវិវត្តន៍ទៅជាយ៉ាងណា ខ្ញុំអត់ដឹងដែរ ហើយគេប្ដឹងផ្ដល់គ្នាក៏ខ្ញុំអត់ដឹង។ ខ្ញុំអត់មានប្ដឹង អីទេ»។
កាលពីខែមេសា ឆ្នាំ២០០៥ សាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញដីកាសម្រេចប្រគល់ដី និងសិទ្ធិគ្រប់គ្រងដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅលើដីជាក់ស្ដែង។
ប្រធានក្រុមចុះវាស់វែងដីនៅក្រុងប៉ោយប៉ែត លោក ប្រាក់ ប៉ូលីន ឆ្លើយតបថា មូលហេតុដែល អាជ្ញាធរជំនាញ មិនទាន់អាចចេញប្លង់កម្មសិទ្ធិជូនអ្នកតវ៉ាដីធ្លីទាំងនេះបាន ដោយសារមានពលរដ្ឋ១១គ្រួសារ ក្នុងចំណោម៣៤ បានដាក់ពាក្យប្ដឹងជំទាស់។ លោកបញ្ជាក់ថា ដីទំនាស់នេះ មិនពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទៀតទេ ព្រោះមន្ត្រីទាំងនោះ បានធ្វើសម្បទានជូនពលរដ្ឋរួចហើយ។ លោកមិនដឹងថា ពលរដ្ឋ១១គ្រួសារដែលនៅទាមទារចង់បានដីនេះ រស់នៅទីណា និងមានតួនាទីអ្វីទេ ប៉ុន្តែពួកគេសុទ្ធតែមានប្លង់រឹងដែលចេញតាំងពីឆ្នាំ១៩៩៨មក៖ «បើសិនជាមានបណ្ដឹង ខ្ញុំចេញប្លង់កម្មសិទ្ធិម៉េចបាន ព្រោះអីវាខុសច្បាប់»។
អ្នកភូមិព្រៃព្រិចអះអាងថា ពួកគាត់មិនដែលស្គាល់មុខ និងមិនដែលបានជួបតទល់គ្នាជាមួយពលរដ្ឋម្ខាងទៀតដែលអះអាងថា ជាម្ចាស់ដីដែរនោះឡើយ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តបាត់ដំបង បន្ទាយមានជ័យ និងឧត្តរមាន ជ័យ លោក អ៊ិន គង់ជិត ដែលតាមដានករណីនេះ មានប្រសាសន៍ថា យោងតាមច្បាប់ភូមិបាល និងលិខិតស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រីព្រមទាំងដីកាសាលាដំបូងខេត្តបន្ទាយមានជ័យ គឺប្រជាពលរដ្ឋជិត ១ពាន់គ្រួសារនេះ គួរតែទទួលបានប្លង់កម្មសិទ្ធិកាន់កាប់ដោយស្របច្បាប់ ព្រោះពួកគេបានរស់នៅ លើដីនោះជាយូរយារណាស់មកហើយ៖ «បើពិនិត្យទៅលើឥរិយាបថនៃការកាន់កាប់របស់ប្រជាពលរដ្ឋ គឺពួកគាត់កាន់កាប់អាស្រ័យផលជាក់ស្ដែងចាប់តាំងពីពេលនោះមកជាភោគៈស្របតាមច្បាប់ភូមិបាល ត្រង់មាត្រា៣៨ ដូច្នេះពួកគាត់គួរតែជាម្ចាស់កម្មសិទ្ធិនៃអចលនទ្រព្យនេះ។ ចំណែក ៣៤គ្រួសារទៀត អត់បង្ហាញមុខ និងបង្ហាញឥរិយាបថថា កាន់កាប់នោះទេ»។
ប្រជាពលរដ្ឋប្រមាណជិត ១ពាន់គ្រួសារនេះ អះអាងថា ប្រសិនបើអាជ្ញាធរជំនាញ មិនចេញប្លង់កម្មសិទ្ធិជូនពួកគាត់ទេ នោះពួកគាត់នឹងឡើងទៅតវ៉ានៅខាងមុខសាលាក្រុងប៉ោយប៉ែតជារៀង រាល់ថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។