លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានជាថ្មីទៀតថា គណបក្សនយោបាយណា ដែលហ៊ានភ្ជាប់ទំនាក់ទំនងជាមួយលោក សម រង្ស៊ី លោកនឹងរំលាយគណបក្សនោះចោល។ ទោះយ៉ាងណាក្ដី មន្ត្រីបក្សប្រឆាំង ថា សារព្រមាននេះបង្ហាញថា លោក ហ៊ុន សែន មិនត្រឹមតែខ្លាចលោក សម រង្ស៊ី ទេ គឺសូម្បីស្រមោលលោក សម រង្ស៊ី ក៏លោក ហ៊ុន សែន ខ្លាចដែរ។
លោក ហ៊ុន សែន អះអាងថា លោកនឹងកម្ចាត់លោក សម រង្ស៊ី ឱ្យក្លាយជាអ្នកនយោបាយចោលឆ្អឹងនៅស្រុកគេ។ លោកអនុវត្តន៍ផែនការនេះ ដូចផែនការកម្ទេចក្រុមខ្មែរក្រហមដែរ។ លោកថា លោកនឹងប្រើយុទ្ធសាស្ត្រ ឌីហ្វីដ ដែលមានប្រាំតួអក្សរអង់គ្លេស DIFID (Divide Isolate Finish Integrate Develop) ប៉ុន្តែ លោកអនុវត្តន៍លើលោក សម រង្ស៊ី តែពីរអក្សរទេ គឺ អាយអែហ្វ (IF)។ ពីរតួទេ IF នេះ ពាក្យសាមញ្ញមានន័យថា ទុកឱ្យឯកោហើយត្រូវបញ្ចប់។
លោក ហ៊ុន សែន ថា បើមានកម្លាំងណាមួយ ដែលចេញមកគាំទ្រលោក សម រង្ស៊ី លោកមិនខ្លាចក្នុងការបង្ហូរឈាមនោះទេ។ លោកព្រមានថា អ្នកណាហ៊ានងើប លោកនឹងវាយអ្នកនោះ៖ « រំលាយចោលអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម ខ្ញុំធ្វើបានជោគជ័យឥឡូវខ្ញុំនឹងបន្តធ្វើតាមរយៈការអំពាវនាវ ចំពោះប្រជាពលរដ្ឋ ដែលយល់ខុស អំពីជនក្បត់ជាតិនេះ យន្តការផ្លូវច្បាប់ ក៏ត្រូវតែធ្វើ ខ្ញុំបានបញ្ជាក់ហើយ បក្សណាផ្សារភ្ជាប់ខ្លួនមនុស្សនេះក្រុមនេះ យើងត្រូវតែប្ដឹងទៅតុលាការ ដើម្បីរំលាយចោលតែម្ដង យើងស្ដាយសាច់ឈាមមនុស្ស យើងមិនចង់ប្រើប្រាស់កម្លាំងទេ ប៉ុន្តែ បើអ្នកឯងមានកម្លាំង ក៏សូមអញ្ជើញដូចខ្ញុំបញ្ជាក់ ងើបមួយវាយមួយ ងើបពីរវាយពីរ។
លោក ហ៊ុន សែន ថ្លែងដូច្នេះក្នុងពេលលោកចេញទៅចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២០ ខែតុលា ដើម្បីឱ្យត្រូវតាមថ្ងៃខែឆ្នាំកំណើតថ្មីរបស់លោក ដែលទើបតែផ្លាស់ប្ដូរ។
លោក ហ៊ុន សែន ដែលទើបចាញ់ក្ដីលោក សម រង្ស៊ី នៅតុលាការបារាំង កាលពីពេលថ្មីៗ នេះ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ ក៏ប្រកាសគាំទ្រតុលាការនៃរបបលោក ដែលបានកាត់ក្ដីផ្ដន្ទាទោសលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិនយោបាយជាស្ថាពរ ពីបទ «ប្រគល់ឱ្យរដ្ឋបរទេស» ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោក សម រង្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជាចំនួន ៤ខេត្ត ឱ្យជនជាតិដើមភាគតិចម៉ុងតាញ៉ា ដើម្បីរស់នៅ។
ទោះយ៉ាងណាក្ដី លោក សម រង្ស៊ី ឱ្យវិទ្យុអាស៊ីសេរីកាលពីយប់ទី១៩ ខែតុលា ថា ការសម្រេចរបស់តុលាការបែបនេះ ជាការសងសឹកលោកវិញតែប៉ុណ្ណោះ ក្រោយពីលោក ហ៊ុន សែន ចាញ់ក្ដីនៅប្រទេសបារាំង។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស យល់ថា ចំណាត់របស់លោក ហ៊ុន សែន លើលោក សម រង្ស៊ី ជាបន្តបន្ទាប់បែបនេះ ជាការបង្ហាញថា លោក ហ៊ុន សែន នៅតែខ្លាចប្រជាប្រិយភាពលោក សម រង្ស៊ី ដដែល។ អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិរូបនេះ លើកឡើងទៀតថា បើមានវត្តមានលោក សម រង្ស៊ី នៅក្នុងស្រុក នោះ លោក ហ៊ុន សែន នឹងមិនអាចផ្ទេរអំណាចទៅកូនប្រុសរបស់លោកបានទេ ដូច្នេះលោក ហ៊ុន សែន មានតែប្រឹងរិះរកគ្រប់មធ្យោបាយ ដើម្បីរារាំងមិនឱ្យលោក សម រង្ស៊ី វិលចូលស្រុកវិញបាន៖ « ប្រជាពលរដ្ឋនៅតែគាំទ្រលោក សម រង្ស៊ី រួមទាំងកម្លាំងប្រដាប់អាវុធផងដែរ ដូច្នេះគាត់ ( លោក ហ៊ុន សែន ) ខ្លាចឥទ្ធិពលលោក សម រង្ស៊ី ណាស់ នៅពេលលោក សម រង្ស៊ី អំពាវនាវប្រជាពលរដ្ឋឱ្យមានការផ្លាស់ប្ដូរតាមរយៈការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខនេះ ហើយលោក សម រង្ស៊ី គ្រោងវិលត្រឡប់ទៅកម្ពុជាវិញហ្នឹង ដូច្នេះ លោក ហ៊ុន សែន ខ្លាចឥទ្ធិពលរបស់លោក សម រង្ស៊ី ដូច្នេះគាត់ត្រូវតែធ្វើទុក្ខបុកម្នេញទៅដល់លោក សម រង្ស៊ី»។
ជុំវិញការព្រមានរបស់លោក ហ៊ុន សែន ថា នឹងរំលាយគណបក្សណា ដែលមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី។ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ធ្លាប់ប្រាប់សារព័ត៌មានក្នុងស្រុក កាលពីខែមីនាថា សមត្ថកិច្ចបានប្រមូលភស្តុតាងជុំវិញទំនាក់ទំនងគណបក្សភ្លើងទៀនជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ដោយសង្ស័យថា អាចរំលោភច្បាប់ស្ដីពីគណបក្សនយោបាយ។
ទោះយ៉ាងណា គណបក្សភ្លើងទៀនចាត់ទុកថា នេះជាអំពើគំរាមកំហែង បំបាក់ស្មារតី ផ្នែកនយោបាយលើសកម្មជន និងអ្នកគាំទ្រមុនការបោះឆ្នោត។
ចំណែកការព្រមានរបស់លោក ហ៊ុន សែន ជាថ្មីដែលថា លោកនឹងប្ដឹងរំលាយគណបក្សណា ដែលភ្ជាប់ទំនាក់ទំនងជាមួយលោក សម រង្ស៊ី ពេលនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការធ្វើអត្ថាធិប្បាយណាមួយពីអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បានទេ នៅថ្ងៃទី២០ ខែតុលា។
គណបក្សភ្លើងទៀន ដែលមានមេដឹកនាំកើតចេញអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលមេដឹកនាំគណបក្សនេះ ភាគច្រើនមាននិន្នាការគោរពស្រឡាញ់ លោក សម រង្ស៊ី ត្រូវបានគេមើលឃើញថា ជាគណបក្សគួរប្រកួតប្រជែងដ៏ស្រួចស្រាល់ ជាមួយបក្សកាន់អំណាច ដែលនឹងអាចមានលទ្ធភាពដណ្ដើមកៅអីសភា ពីគណបក្សកាន់អំណាចយ៉ាងហោចណាស់ ២០អាសនៈ ក្រោយពីគណបក្សដណ្ដើមបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ជាង ២.០០០ (ពីរពាន់) កាលពីការបោះឆ្នោតថ្នាក់ក្រោមថ្ងៃទី៥ ខែមិថុនា កន្លងទៅ
អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស សង្កេតឃើញថា ច្បាប់គណបក្សនយោបាយកែថ្មីនេះមានចរិត គាបសង្កត់សិទ្ធិ គណបក្សនយោបាយ និងមាត្រាខ្លះចែងមិនច្បាស់លាស់ទេ។ លោកបន្តទៀត ប្រសិនបើមានជនខិលខូចចង់ធ្វើបាបលើគណបក្សណាមួយអាចនឹងធ្វើឱ្យគណបក្សនោះងាយប្រឈមនឹងត្រូវតុលាការរំលាយចោល៖ «ធ្វើឱ្យគណបក្សហ្នឹងដែលគេបានចង់ភ្ជាប់មានការលំបាកបញ្ហាប្រឈម បើតាមលក្ខណៈច្បាប់ហ្នឹង ពីព្រោះនៅកថាខណ្ឌដូចខ្ញុំលើកខាងដើមកន្លែងខ្លះគឺថា នៅតែមានភាពមន្ទិលសង្ស័យ និងការបកស្រាយតាមអ្នកនយោបាយអត់មានលក្ខណៈច្បាស់លាស់ឱ្យបានជាក់លាក់ណាមួយ ដែលថា ចំណុចត្រង់ណា ដែលកំណត់ថា ឧទាហរណ៍ទេ ថា បំផ្លាញអសន្តិសុខ ឬមួយពាក់ព័ន្ធនឹងបរទេសតើចំណុចបែបម៉េចណា។
មន្ត្រីសង្គមស៊ីវិលធ្វើការងារទាក់ទងបោះឆ្នោត លោក កន សាវាង្ស បារម្ភថា ការព្រមានការបង្ហូរឈាមពីសំណាក់លោក ហ៊ុន សែន ពេលនេះ នឹងធ្វើឱ្យប៉ះពាល់ដំណើរការនៃការបោះឆ្នោត សម្រាប់ឆ្នាំ២០២៣ ខាងមុខ។

កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលធ្វើលោក ហ៊ុន សែន បានកែធ្វើច្បាប់ស្ដីពីគណបក្ស ហាមគ្រប់គណបក្សនយោបាយមិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សរបស់ខ្លួន។ ចំពោះទោសទណ្ឌដល់គណបក្សនយោបាយដែលបានប្រព្រឹត្តផ្ទុយពីច្បាប់នេះវិញ គឺតុលាការអាចសម្រេចផ្អាកសកម្មភាពគណបក្សនយោបាយនោះរហូតដល់ ៥ឆ្នាំ ឬអាចរំលាយគណបក្សនោះចោលតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។