ជនជាតិដើមភាគតិចព្នង និងមន្ត្រីសង្គមស៊ីវិល សំដែងការខកចិត្តចំពោះស្ថាប័នព្រឹទ្ធសភា ដែលមិនព្រមប្រគល់សមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាចជាប់ពាក់ព័ន្ធនឹងការ ការទន្ទ្រានដីព្រៃអភិរក្សខុសច្បាប់ ជាង ៥រយហិកតារ(៥៣១) ក្នុងខេត្តមណ្ឌលគិរី ឲ្យតុលាការផ្ដន្ទាទោស។ ពួកគេប្រតិកម្មថា ករណីនេះជាបទល្មើសឧក្រិដ្ឋប្រឆាំងនឹងច្បាប់រដ្ឋ មិនត្រូវអនុគ្រោះត្រឹមតែសុំទោសនោះទេ។ជនជាតិដើមភាគតិច និងមន្ត្រីសង្គមស៊ីវិល ចាត់ទុកការការសារភាពកំហុស របស់សមាជិកព្រឹទ្ធសភា បក្សប្រជាជនកម្ពុជា លោក ណយ ស្រូន គឺជាទង្វើមិនអាចទទួលយកបានដាច់ខាត។ ពួកគេថា ប្រសិនបើសមត្ថកិច្ច និងស្ថាប័នអយ្យការខេត្តនេះ មិនដោះស្រាយសំណុំរឿង ដោយយុត្តិធម៌នោះទេ វាបញ្ជាក់ថា ពួកគេកំពុងអនុវត្តស្តង់ដារពីរ។
ជនជាតិដើមភាគតិចរស់នៅស្រុកពេជ្រដា លោក ក្លាន ថូល ប្រាប់អាស៊ីសេរី នៅថ្ងៃទី៨ តុលា ថា ដីព្រៃដែលលោក ណយ ស្រូន ច្បាមយកជាកម្មសិទ្ធិ ជាតំបន់ការពារធម្មជាតិ ឋិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលជនជាតិដើមភាគតិចធ្វើចម្ការវិលជុំ និងអាស្រ័យផលបែបប្រពៃណី។ លោកយល់ថា កំហុសរបស់សមាជិកព្រឹទ្ធសភារូបនេះ មិនអាចបញ្ចប់ត្រឹមសុំទោសនោះទេ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ដើម្បីព្រមានដល់មន្ត្រីផ្សេងៗទៀត៖ «មនុស្សខូចប៉ុណ្ណឹងហើយ រដ្ឋាភិបាលលើកលែងទៀតអ៊ីចឹង អ្នកខ្លះមានចិត្តអ៊ីចឹងទៀត ហើយថ្ងៃក្រោយនៅតែដដែល។ ម្តងគេលើកលែង ថ្ងៃក្រោយទៀតគេលើកលែងទៀតហើយ បើគំនិតខ្ញុំបើខុសហើយ មិនឱ្យគាត់កែទៀតទេ»។
ប្រធានបណ្ដាញសហគមន៍ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី លោកស្រី ភ្លឹក ភីរម្យ អះអាងថា ពួកគេកំពុងតាមដានរឿងនេះ ដោយយកចិត្តទុកដាក់ ប្រសិនសមត្ថកិច្ច និងតំណាងអយ្យការ មិនស៊ើបអង្កេតករណីនេះ ឱ្យគ្រប់ជ្រុងជ្រោយទេ ព្រៃអភិរក្សនៅតែរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។ លោកស្រីចង់ឃើញ សមត្ថកិច្ចអនុវត្តច្បាប់ ដោយស្មើភាពគ្នា មិនត្រូវអនុវត្តចំពោះតែពលរដ្ឋតូចតាច ហើយអ្នកមានអំណាចត្រូវរួចខ្លួននោះទេ៖ «រើសអើងពេលដែលអ្នកតូចធ្វើបទល្មើសបែរជាជាប់ទោស តែមួយហិកតារ ពីរហិកតារ។ គាត់អត់បានលក់ទេ គាត់គ្រាន់តែកាត់ចម្ការរបស់គាត់។ ខ្ញុំគិតថា តុលាការគួរតែមើលរឿងហ្នឹងឱ្យច្បាស់លាស់ មិនអាចទេ ដោយសារច្បាប់ចែងហើយ តែមិនអនុវត្តច្បាប់ អាហ្នឹងជាប្រទេសមួយម៉េច ?»។
អាស៊ីសេរីបានព្យាយាមទាក់ទងសមាជិកព្រឹទ្ធសភា លោក ណយ ស្រូន ដើម្បីសុំការបំភ្លឺរឿងនេះ តែកូនប្រុសរបស់លោក បានលើកទូរសព្ទជំនួសលោក ហើយឆ្លើយថា ឪពុករបស់លោក កំពុងជាប់រវល់។
កាលពីថ្ងៃទី៦ ខែតុលា ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ និងអនុប្រធានព្រឹទ្ធសភា ២រូបទៀត បានណែនាំសមាជិកព្រឹទ្ធសភា លោក ណយ ស្រូន ឱ្យឈប់ពាក់ព័ន្ធនឹងរឿងនេះទៅទៀត តាមសំណើរបស់លោក ស ខេង។ សមាជិកព្រឹទ្ធសភា លោក ណយ ស្រូន បានសារភាពទទួលកំហុស និងសន្យាថា ឈប់ពាក់ព័ន្ធការទន្ទ្រានកាន់កាប់ដីខុសច្បាប់ នៅតំបន់ការពារធម្មជាតិទំហំជាង៥ រយហិកតារ (៥៣១) ក្នុងខេត្តមណ្ឌលគិរី។
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា លោក ម៉ម ប៊ុននាង ប្រាប់អាស៊ីសេរីនៅថ្ងៃទី៧ តុលា ថា ក្រោយពីព្រឹទ្ធសភាបានអប់រំណែនាំ លោក ណយ ស្រូន រួចហើយ នឹងបើកផ្លូវឱ្យស្ថាប័នមានសមត្ថកិច្ចស៊ើបអង្កេតករណីនេះឱ្យច្បាស់លាស់។ លោកបញ្ជាក់ថា បើរកឃើញថា គាត់បានប្រព្រឹត្តបទល្មើសជាក់ស្ដែង កាប់រានដីព្រៃអភិរក្សខុសច្បាប់ លោកនឹងស្នើទៅព្រឹទ្ធសភា ពិចារណាក្នុងការដកអភ័យឯកសិទ្ធិសមាជិកព្រឹទ្ធសភារូបនេះ។ លោកបញ្ជាក់ទៀតថា យន្តការអប់រំណែនាំនេះមិនមែនរារាំង ការស៊ើបអង្កេតរបស់ស្ថាប័នអយ្យការ និងសមត្ថកិច្ចនោះទេ៖ «ដាក់ដឹកនាំគ្រប់ជាន់ថ្នាក់បើពិនិត្យឃើញទៅថា គាត់មានបទល្មើសជាក់ស្ដែងក្នុងការ រានដីរដ្ឋ ឬគ្រប់គ្រងដោយខុសច្បាប់ នោះគឺយើងនឹងមានការស្នើសុំមកអង្គព្រឹទ្ធសភាឡើងវិញហើយ ថាគាត់មានទោសទណ្ឌកម្រិតណា។ អ៊ីចឹងគឺយើង មិនរារាំងការស៊ើបអង្កេតចំពោះច្បាប់ទេ»។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទង អគ្គស្នងការរងនគរបាលជាតិ ហ៊ូ សាគុណ ដែលដឹកនាំក្រុមការងារថ្នាក់ជាតិ ចុះស្រាវជ្រាវបទល្មើសព្រៃឈើខេត្តមណ្ឌលគិរី បាននៅឡើយទេ ព្រោះទូរសព្ទលោកមិនអាចទាក់ទងបាន នៅថ្ងៃទី៨ តុលា។ ចំណែកអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ម៉ម វ៉ាន់ដា ក៏មិនអាចទាក់ទងបានដែរ ដោយសារលោកមិនលើកទូរស័ព្ទ។
ទោះយ៉ាងណា អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សុផាត មានយោបល់ថា សំណុំរឿងនេះ ជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ដែលព្រះរាជអាជ្ញាត្រូវធ្វើការចោទប្រកាន់ មិនមែនត្រឹមសុំទោសហើយរួចខ្លួនទេ ៖ «តាមផ្លូវច្បាប់មិនអាចរួច តាមការណែនាំតាមវិធានការរដ្ឋបាលអ៊ីចឹងទេ បើសិនជារំលោភដីរដ្ឋមែន ត្រូវអនុវត្តច្បាប់ភូមិបាល ឬមួយក៏ព្រហ្មទណ្ឌ ត្រូវជាប់ទោស មានការដាក់ទោសទណ្ឌដូចគ្នា។ វាមានភាពស្មើគ្នាទាំងអស់គ្នា មិនថាអ្នកមានអ្នកក្រ ឬជាតិសាសន៍ណា ថ្នាក់ណាក៏ដោយ។ អាហ្នឹងបានថា នីតិរដ្ឋ បើអ៊ីចឹងយើងថា នីតិរដ្ឋតែមាត់អ៊ីចឹង»។
ជាមួយគ្នាដែរ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ថ្លែងថា ប្រសិនបើសមត្ថកិច្ចមិនស្រាវជ្រាវរឿងនេះឱ្យច្បាស់លាស់ទេ វប្បធម៌និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ បានរុញ ឱ្យការអនុវត្តច្បាប់កាន់តែគ្មានប្រសិទ្ធភាព។ លោកថា សមត្ថកិច្ច និងស្ថាប័នអយ្យការ ត្រូវផ្ដល់យុត្តិធម៌ករណី នេះ ដើម្បីបញ្ជាក់ពីការអនុវត្តច្បាប់ ដោយស្មើភាពគ្នា ដើម្បីពង្រឹងនីតិរដ្ឋ៖ «បើនរណាប្រព្រឹត្តល្អ មើសត្រូវតែទទួលទោស មិនថាអ្នកនោះធំប៉ុណ្ណាឬមួយក៏ ខ្សោយប៉ុណ្ណាទេ គឺស្មើភាពគ្នា ហើយ ចំណុចនេះ អ្នកដឹកនាំរដ្ឋយើងតែងតែនិយាយជាប្រចាំ យើងសូមទាមទារសូមឱ្យមានការអនុវត្ត»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបង្កើតក្រុមការងារអន្តរក្រសួង ចុះស៊ើបអង្កេតបទល្មើសព្រៃឈើ កាប់រុករានដីព្រៃអភិរក្សខុសច្បាប់នៅខេត្តមណ្ឌលគិរី ដោយរកឃើញថា មានមន្ត្រីរាជការ អភិបាលស្រុក និងមន្ត្រីយោធា សរុបជិត ២០នាក់ មានជាប់ពាក់ព័ន្ធករណីកាប់ទន្ទ្រានដីព្រៃអភិរក្សខុសច្បាប់។ រីឯតុលាការខេត្តមណ្ឌលគិរី បានសម្រេចឃុំខ្លួនមនុស្ស ៤នាក់ ភាគច្រើនជាមន្ត្រីរាជការ មានពាក់ព័ន្ធសំណុំរឿងដូចគ្នានេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។