ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន នៅថ្ងៃទី៧ ខែកុម្ភៈ ព្រមានបញ្ចេញសារឆ្លើយឆ្លងទាំងស្រុងរវាងលោក និងលោក សេង សារី ប្រសិនបើលោក សេង សារី នៅតែព្រហើនហ៊ានចាត់ទុកលោកជាសត្រូវ។ ការព្រមានរបស់លោក ហ៊ុន សែន គឺបន្ទាប់ពីលោក សេង សារី បានសារភាពថា ខ្លួនគឺជាចារជនឱ្យលោក ហ៊ុន សែន ហើយលោកបានធ្វើរឿងនេះរយៈពេល ៤ឆ្នាំមកហើយ។
ក្រោយពេលលោក សេង សារី បានសារភាពថា ខ្លួនពិតជាចារជនឱ្យលោក ហ៊ុន សែន និងទទួលលុយពីលោក ហ៊ុន សែន យ៉ាងហោចណាស់ ជាង ១២ម៉ឺនដុល្លារ ពេលនេះឪពុកកូនលោក ហ៊ុន សែន និងលោក សេង សារី បន្តឆ្លើយឆ្លងឌឺដងគ្នានៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។
ទាក់ទងរឿងលោក សេង សារី សារភាពថា ខ្លួនជាចារជនឱ្យលោក ហ៊ុន សែន ហើយចោទលោក ហ៊ុន សែន គឺជាអ្នកនៅពីក្រោយសារបែកធ្លាយនេះ កាលពីយប់ថ្ងៃទី៦ ខែកុម្ភៈ លោក ហ៊ុន សែន បានបង្ហោះសារទី១ របស់លោកឆ្លើយតបទៅលោក សេង សារី ដោយលោកអះអាងថា លោកមិនដែលចាត់ទុកលោក សេង សារី ជាចំណាប់ខ្មាំងឡើយ តែលោកចាត់ទុកជាអ្នកពិគ្រោះយោបល់នយោបាយមួយរូប ហើយសារសំឡេងបែកធ្លាយនេះគឺនៅស្រាល និងតិចតួចណាស់។ លោក ហ៊ុន សែន អះអាងទៀតថា លោកមានឯកសារ និងសារសំឡេងជាច្រើនដែលលោក សេង សារី បានសុំលុយរបស់លោកទៅសហរដ្ឋអាមេរិកដើម្បីកៀរគរមន្ត្រីបក្សប្រឆាំងមានដូចជា អ្នកស្រី មួរ សុខហួរ និងលោក អេង ឆៃអ៊ាង ហើយបង្កើតគណបក្សមួយក្រោមការផ្ដល់លុយពីលោក។ លោក ហ៊ុន សែន បញ្ជាក់ថា បើទោះបីជាលោក សេង សារី និយាយខុសពីការពិតក្ដីក៏មិនបញ្ចេញឯកសារទាំងនោះដែរ ពីព្រោះលោក សេង សារី តែងហៅលោកថា ពុករយៈពេល ៤ឆ្នាំកន្លងមកនេះ ហើយលោកក៏អាណិតលោក សេង សារី និងគ្រួសារ ព្រមទាំងផ្ដល់លុយឱ្យបង់រំលស់ផ្ទះ និងឱ្យលុយចាយជារៀងរាល់ខែដោយក្នុងមួយខែ ចំនួន១ម៉ឺនដុល្លាររយៈពេល១ឆ្នាំ ហើយលុយទាំងនេះមិនទាន់ពី លុយផ្សេងៗទៀតដែលលោក សេង សារី សុំទៅប្រទេសអូស្ត្រាលីឡើយ។
ក្រោយលោក ហ៊ុន សែន បង្ហោះសារលើបណ្ដាញសង្គមរយៈពេលមួយម៉ោង លោក សេង សារី ក៏បង្ហោះសារឆ្លើយតបវិញ ដោយបង្ហាញការខកចិត្ត និងនៅបន្តហៅលោក ហ៊ុន សែន ថា ជាឪពុកដដែល បើទោះជាលោក ហ៊ុន សែន ជាអ្នកបញ្ចេញសារបែកធ្លាយនោះ និងកម្ទេចជីវិតជាអ្នកវិភាគរបស់លោកក្ដី។ លោក សេង សារី រៀបរាប់ថា លោក ហ៊ុន សែន បានគំរាមសម្លុតលោកនៅពេលលោកនៅទីក្រុងបាងកក ប្រទេសថៃ ក្រោយមកក៏មានមនុស្សរបស់លោក ហ៊ុន សែន ៤នាក់តាមចាប់ខ្លួនលោក ប៉ុន្តែលោកបានគេចខ្លួនទាន់។ លុះក្រោយមក លោក ហ៊ុន សែន បានហៅទូរស័ព្ទទៅលោកដើម្បីបញ្ចុះបញ្ចូលឱ្យធ្វើជារដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី តែលោកបានបដិសេធ។ លោក សេង សារី អះអាងថា លោកបង្ខំចិត្តយកលុយពីលោក ហ៊ុន សែន ដោយសារខ្លាចលោក ហ៊ុន សែន ធ្វើបាបកូនប្រពន្ធរបស់លោកនៅក្នុងស្រុក។ លោក សេង សារី បានចោទលោក ហ៊ុន សែន ថា បានដាក់អន្ទាក់លោកឱ្យផុងខ្លួនជាចារកម្ម ហើយលោក សេង សារី ក៏បានប្រកាសខ្លួនប្រកួតប្រជែងនយោបាយជាមួយលោក ហ៊ុន សែន ប្រសិនបើមានឱកាស។
បន្ទាប់ពីលោក សេង សារី បង្ហោះសារឆ្លើយតបរួចមក លោក ហ៊ុន សែន បាន បង្ហោះសារទី២របស់ខ្លួនព្រមានថា ប្រសិនបើលោក សេង សារី ដើរហួសបន្ទាត់ក្រហម ហើយចាត់ទុកលោកជាសត្រូវលោកនឹងទម្លាយឆ្លងឆ្លើយ ២៩៥ទំព័រ ទៅក្នុងឆានែល តេឡេក្រាម (Channel Telegram) របស់លោកដែលមានសមាជិកជាង៨០ម៉ឺន ដោយមានទាំងឯកសារ និងសារសំឡេង។
ក្រោយលោក ហ៊ុន សែន ព្រមានលោក សេង សារី ដូច្នេះលោក សេង សារី ក៏បង្ហោះសារទាមទារឱ្យលោក ហ៊ុន សែន ទម្លាយសារសន្ទនាទាំងនោះឱ្យបានឆាប់រហ័ស ពីព្រោះលោកគ្មានអ្វីត្រូវលាក់បាំង និងខាតបង់ទៀតដែរ។ លោក សេង សារី អះអាងថា លោកមិនបានថតសារសន្ទនាជាមួយលោក ហ៊ុន សែន នោះទេ ដោយសារលោកមិនទម្លាប់ប្ដូរលេខតេឡេក្រាមដូចលោក ហ៊ុន សែន។ លោក សេង សារី បន្តថា បើទោះលោកព្រហើនដើរហួសបន្ទាត់ក្រហម ប៉ុន្តែលោកនៅមានសីលធម៌ជាងលោក ហ៊ុន សែន ហើយលោកនៅតែហៅលោក ហ៊ុន សែន ថា ពុកដដែល។ លោក សេង សារី ប្រកាសជំហរថា លោក ហ៊ុន សែន គឺជាសត្រូវនយោបាយទី១ ប្រសិនបើលោកមានឱកាសធ្វើជាអ្នកនយោបាយ។
ការប្រកាសគំរាមទម្លាយសារឆ្លើយឆ្លងជាមួយលោក សេង សារី នៅពេលនេះ គឺធ្វើឡើងបន្ទាប់ពីលោក សេង សារី បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៦ ថា លោក ពិតជាទទួលលុយពីលោក ហ៊ុន សែន ដើម្បីធ្វើជាចារកម្មពិតមែន។ លោក សេង សារី បានសារភាពថា លោកបានធ្វើជាចារកម្មឱ្យលោក ហ៊ុន សែន រយៈពេល ៤ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ មក ដោយទទួលបានលុយចំនួនជាង ១២ម៉ឺនដុល្លារ ដើម្បីធ្វើសកម្មភាព និងស៊ើបពីកម្លាំងផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ ហើយផ្ដល់ព័ត៌មានអំពីយុទ្ធសាស្ត្ររបស់គណបក្សប្រឆាំងនៅខាងក្រៅប្រទេសទៅឱ្យលោក ហ៊ុន សែន។ ប៉ុន្តែលោក សេង សារី មិនបានបង្ហើបថា លោកមានគម្រោងបង្កើតគណបក្សនយោបាយដោយខ្លួនឯងនោះឡើយ ដោយលោកស្នើសុំចុះចូលជាមួយគណបក្សសង្គ្រោះជាតិក្រោមហេតុផលថា លោក មានបទពិសោធន៍ជាប់អន្ទាក់នយោបាយលោក ហ៊ុន សែន ដូច្នេះលោកអាចទប់ទល់នឹងល្បិចរបស់លោក ហ៊ុន សែន។
លោក សេង សារី៖«លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គាត់តែងតែសួរជាប្រចាំអំឡុងពេលមានព្រឹត្តិការណ៍ធំៗ ហើយពេលនោះយើងមានការស្ទាក់ស្ទើរណាស់ក្នុងការផ្ដល់ព័ត៌មាន ហើយខ្ញុំក៏ព្យាយាម ធ្វើម៉េចទិន្នន័យណាដែលខ្ញុំផ្ដល់បានខ្ញុំផ្ដល់ទិន្នន័យណាដែលមិនអាចផ្ដល់បានខ្ញុំមិនផ្ដល់ទេ។ ប៉ុន្តែចុងក្រោយនេះ ខ្ញុំក៏ជជែកជាមួយអ្នកមីង មួរ សុខហួរ ដើម្បីឱ្យមានការសម្របសម្រួលសុំជួបលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក រ៉ុង រី ដើម្បីជម្រាបរឿងទាំងអស់ហ្នឹង ដើម្បីជួយរំដោះខ្ញុំធ្វើម៉េចចេញពីល្បិចចោរកម្ម»។
ទាក់ទងផ្លូវច្បាប់វិញ អ្នកសិក្សាផ្នែកច្បាប់លោក វ៉ន ចាន់ឡូត បានបង្ហោះសារនៅគណនីហ្វេសប៊ុករបស់ខ្លួន ដោយចាត់ទុកការណ៍ដែលលោក ហ៊ុន សែន ផ្ដល់លុយឱ្យទៅនរណាម្នាក់ ដើម្បីជាថ្នូរនឹងបម្រើនយោបាយទុច្ចរិត និងបក្ខពួករបស់ខ្លួនគឺជាអំពើពុករលួយផ្នែកនយោបាយ។ អ្នកប្រព្រឹត្តត្រូវទទួលទោសតាមច្បាប់ទាំងអ្នកផ្ដើមគំនិត និងអ្នកទទួលយកផែនការទៅអនុវត្ត ដោយទោសទាំងនេះ នៅមិនទាន់រាប់បញ្ចូលទៅនឹងទោសទំនាស់ផលប្រយោជន៍ ដែលធ្វើការយកលុយពីរកន្លែងផ្សេងគ្នា។ ករណីរកឃើញថា អំពើពុករលួយផ្នែកនយោបាយនេះ បង្កព្យសនកម្ម ឬការខូចខាតដល់ឯកភាពជាតិ និងសាមគ្គីជាតិ ការផ្ដន្ទាទោសកាន់តែធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។