សកម្មជន​សង្គម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​អ្នក​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​បណ្ឌិត កែម ឡី

សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ក្រុម​យុវជន​សកម្ម​ការងារ​សង្គម គ្រោង​ប្រារព្ធ​ពិធី​រំឭក​ខួប​មរណភាព​របស់​លោក​បណ្ឌិត កែម ឡី តាមរយៈ​សកម្មភាព​៤​ផ្សេងគ្នា ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី។

ក្រុម​យុវជន​ដែល​សកម្ម​ក្នុង​ការងារ​ទ្រទ្រង់​សង្គម គ្រោង​នឹង​ធ្វើ​កម្មវិធី​៤​យ៉ាង​ដាច់ដោយឡែក​ពី​គ្នា ដើម្បី​រំឭក​ខួប​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

សកម្មភាព​ទាំងនោះ​រួមមាន​កម្មវិធី​ផតខាសត៍ (Podcast) ជជែក​អំពី​គំរូ​ភាព និង​វីរភាព​លោក​បណ្ឌិត កែម ឡី។ កម្មវិធី​ទាត់​បាល់​ពានរង្វាន់​បណ្ឌិត កែម ឡី និង​កម្មវិធី​បង្សុកូល ឧទ្ទិស​កុសល​ជូន​លោក​បណ្ឌិត កែម ឡី នៅ​ស្តារម៉ាត ស្តុប​បូកគោ​នៅ​ថ្ងៃទី​១០ ខែ​កក្កដា ខាងមុខ​នេះ។ សម្រាប់​សកម្មជន​ចលនា​មាតា​ធម្មជាតិ ក៏​មាន​សកម្មភាព​នៅ​ទី​សាធារណៈ​មួយ​ផ្សេងទៀត ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃទី១០ ខែ​កក្កដា ខាងមុខ​នេះ​ដើម្បី​រំឭក​ពី​វីរភាព​បណ្ឌិត កែម ឡី ដែរ។

សកម្មជន​ការងារ​សង្គម និង​បរិស្ថាន លោក ម៉ា ចិត្រា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៨ មិថុនា ថា ការ​ប្រារព្ធ​ខួប​មរណភាព​នៃ បណ្ឌិត កែម ឡី នេះ​ធ្វើឡើង​ក្នុង​គោល​បំណង​៣​សំខាន់​៖ ទី​១ គឺ​ដើម្បី​បង្ហាញ​ពី​ការ​ដឹងគុណ​ចំពោះ​លោក​បណ្ឌិត កែម ឡី ទី​២ គឺ​ដើម្បី​រំឭក​ពី​វីរភាព និង​ការ​លះបង់​របស់​លោក​ក្នុង​ការ​លើកកម្ពស់​យុត្តិធម៌​សង្គម និង​ទី​៣ គឺ​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​ជន​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី​។ លោក​បន្ថែម​ថា ពិធី​នេះ ក៏​ជា​ឱកាស​សម្រាប់​ពង្រឹងស្មារតី​អ្នក​ធ្វើ​ការងារ​សង្គម ឱ្យ​មាន​មនសិការ​ស្នេហា​ជាតិ ហ៊ាន​លះបង់​ក្ដី​សុខ​ផ្ទាល់ខ្លួន ដើម្បី​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ដូច​បណ្ឌិត កែម ឡី ដែរ។

លោក ម៉ា ចិត្រា៖ «នៅ​ពេល​ដែល​ហែសព​គាត់​ពី​វត្ត​ចាស់ ទៅ​តាកែវ​ហ្នឹង គឺ​មាន​ដល់​រាប់​លាន​នាក់ អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា បងប្អូន​សាធារណជន​នឹង​ចងចាំ​នូវ​គុណ​តម្លៃ​នេះ ចងចាំ​នូវ​ធនធានមនុស្ស​ដ៏​សំខាន់​នេះ ហើយ​បើ​មិនអាច​ទៅ​ចូលរួម​នៅ​ទីតាំង​ផ្ទាល់​ទេ សូម​សាធារណជន​ហ្នឹង​ចូលរួម​ចែករំលែក​សារ​របស់​បណ្ឌិត កែម ឡី ហ្នឹង​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដើម្បី​ជា​តឹកតាង​បង្ហាញថា អ្វី​ដែល​លោក​បណ្ឌិត កែម ឡី បាន​លើកឡើង​សុទ្ធតែ​ជា​គំនិត​ដើម្បី​កសាង​សង្គម​ជាតិ ឱ្យ​មាន​ភាព​រីក​ចំរើន​ត​ទៅមុខ​ទៀត»។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់​តិច (Caltex) ក្នុង​ទីក្រុង​ភ្នំពេញ​។ ការ​បាញ់​ប្រហារ​នេះ កើត​ឡើង​ក្រោយពី​អ្នកវិភាគ​រូប​នេះ​បាន​ផ្តល់​បទសម្ភាសន៍​ដល់​បណ្ដាញ​ព័ត៌មាន អំពី​ការ​កាន់​កាប់​ទ្រព្យសម្បត្តិ និង​ក្រុមហ៊ុន​ដ៏​ច្រើន​សន្ធឹក​របស់​ក្រុម​គ្រួសារ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​លាតត្រដាង​នៅក្នុង​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លូបល វីតណេស (Global Witness)។

សំណុំរឿង​ឃាតកម្ម​ដ៏​កក្រើក​នេះ តុលាការ​បាន​ផ្ដន្ទាទោស​បុរស​ម្នាក់​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួនឯង​ថា ជួប សម្លាប់ ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​។ នៅក្នុង​សវនាការ​ជំនុំជម្រះ ជួប សម្លាប់ ដែល​មិនដែល​ស្គាល់​បណ្ឌិត កែម ឡី សោះ​នោះ​បាន​អះអាង​សារភាព​ថា ខ្លួន​ជា​អ្នក​បាញ់​សម្លាប់​លោក កែម ឡី ដោយសារ​លោក កែម ឡី មិន​ព្រម​សង​ប្រាក់​ជំពាក់​ចំនួន ៣.០០០​ដុល្លារ។

ប៉ុន្តែ​ក្រុម​គ្រួសារ​លោក កែម ឡី និង​ក្រុម​គ្រួសារ​របស់​លោក អឿត អាង មិន​ជឿ​ថា ជា​ការ​ពិត​នោះ​ទេ​ព្រោះ​លោក អឿត អាង គឺជា​មនុស្ស​ក្រីក្រ​រស់នៅ​តំបន់​ដាច់ស្រយាល​ក្នុង​ខេត្តសៀមរាប គ្មាន​ប្រាក់​ឯណា​ឱ្យ​លោក​បណ្ឌិត កែម ឡី ខ្ចី​នោះ​ទេ។

បើ​ទោះ​ជា​គ្មាន​ភស្តុតាង និង​សាក្សី​ច្បាស់លាស់​បញ្ជាក់​ពី​អង្គហេតុ​ជុំវិញ​ឃាតកម្ម​បណ្ឌិត កែម ឡី ក្ដី ក៏​តុលាការ​ក្រុងភ្នំពេញ​ប្រើ​ពេល​តែមួយ​ព្រឹក ចេញ​សាលក្រម​កាត់ទោស ជួប សម្លាប់ ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ដោយ​បន្សល់ទុក​នូវ​ភាព​ស្រពិចស្រពិល និង​សំណួរ​ជាច្រើន​សម្រាប់​មហាជន។

ក្រោយ​មាន​ការ​រិះគន់​ខ្លាំងៗ​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ តុលាការ​បាន​សម្រេច​បំបែក​សំណុំរឿង​នេះ​ជា​ពីរ ដើម្បី​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ ក្នុង​រឿង​កាន់​អាវុធ​ខុសច្បាប់​របស់​ជួប សម្លាប់ ។ ក៏ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​២០១៦ រហូត​មក​ដល់​ពេល​នេះ តុលាការ​មិន​បាន​ផ្ដល់​ព័ត៌មាន​ស្ដីពី​ការ​វិវឌ្ឍ​នៃ​សំណុំរឿង​ទី​ពីរ​នេះ​ឡើយ។

ក្នុង​រយៈពេល​៧​ឆ្នាំ​កន្លង​ទៅ​នេះ ដែល​តុលាការ​មិនបាន​ផ្ដល់​ព័ត៌មាន​អ្វី​សោះ អំពី​ការ​វិវត្ត​នៃ​សំណុំរឿង​ទី​ពីរ​នេះ​ធ្វើ​ឱ្យ​មហាជន​សង្ស័យ​ថា តុលាការ​មិន​បាន​ធ្វើការ​ស៊ើបអង្កេត​លើ​រឿង​នេះ​ទេ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​២៨ ខែ​មិថុនា។

ដោយឡែក​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន សុំ​មិន​បកស្រាយ​ជុំវិញ​រឿង​នេះ​ឡើយ ដោយ​លោក​បញ្ជាក់​ថា លោក​មិន​បានដឹង​ពី​ដំណើររឿង​ក្ដីក្ដាំ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី នោះ​ឡើយ។

ចំណែក ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ លើកឡើង​ថា ការ​បន្ត​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​ចំពោះ​បណ្ឌិត កែម ឡី នេះ ពីព្រោះ​តុលាការ​បាន​ផ្ដន្ទាទោស​តែ​បុរស​តែ​ម្នាក់​គត់​គឺ អឿ​ត អាង ហៅ​ជួប សម្លាប់ ដែល ជា​ឈ្មោះ​ដ៏​ចម្លែក​មួយ​។ ឈ្មោះ​ដ៏​ព្រឺព្រួច​នេះ សូម្បីតែ​ម្ដាយ​របស់ អឿត អាង ក៏​មិន​ដឹង​ថា​កូន​របស់​គាត់​ឈ្មោះ ជួប សម្លាប់ ដែរ​។ លោក​បន្ថែម​ថា ការ​មិន​ផ្ដល់​យុត្តិធម៌​ដល់​លោក​បណ្ឌិត កែម ឡី គ្រួសារ និង​សង្គម​កម្ពុជា មិន​ត្រឹមតែ​ទុក​ឱ្យ​អំពើ​និទ្ទណ្ឌភាព​បន្ត​កើតមាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការ​បន្ត​គំរាមកំហែង​ទៅដល់​អ្នក​ដែល​មាន​ភាព​ក្លាហាន ក្នុង​ការ​បញ្ចេញមតិ​រិះគន់​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល​ទៀត​ផង។

លោក កើត សារ៉ាយ៖ «រឿង​យុត្តិធម៌ យើង​ចង់បាន​ណាស់​សម្រាប់​បណ្ឌិត កែម ឡី ប៉ុន្តែ​លោក​បណ្ឌិត កែម ឡី ចង់បាន​ជាង​នេះ​គឺ​យុវជន​យើង​ដែល​ជា​ឈាម​ថ្មី ចាប់ផ្ដើម​ខ្វល់ខ្វាយ​អំពី​ជាតិ​មាតុភូមិ ត្រូវតែ​ពង្រឹងស្មារតី និង​ឆន្ទៈ​ឱ្យ​ដូចជា​លោក​បណ្ឌិត ដែល​ស៊ូស្លាប់​នៅតែ​និយាយ​ការពិត គោលដៅ​របស់​គាត់ គឺ​ដើម្បី​ត្រួសត្រាយ​ជួយ​សម្អាត​សង្គម​យើង​ឱ្យ​មាន​របៀប មាន​របប​ត្រឹមត្រូវ ដូច្នេះ​សុំ​កុំឱ្យ​លុះ​នៅក្នុង​លាភសក្ការៈ ផ្លាស់ប្ដូរ​ពី​មើលឃើញ​ខុស​ទៅជា​ត្រូវ មើលឃើញ​ស​ទៅជា​ខ្មៅ ឬក៏​មើលឃើញ​ខ្មៅ​ទៅជា​ស ឃើញ​អាក្រក់​ទៅជា​ល្អ។ ដូច្នេះ​ខ្ញុំ​សូម បើសិនជា​អ្នក​ទាំងអស់គ្នា​នៅ​គោរព​ស្រលាញ់​លោក​បណ្ឌិត សូម​ព្យាយាម​ពង្រឹងស្មារតី​ឱ្យ​ដូចជា​ស្មារតី​ដែល​លោក​បណ្ឌិត​ផ្ដល់​ជូន​ជា​គំរូ»។

បើ​ទោះ​បី​ជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​លើកឡើង​ថា រដ្ឋាភិបាល​របស់​លោក​គឺជា​អ្នក​ខាត​ពី​មរណភាព​បណ្ឌិត កែម ឡី និង​បាន​ចោទប្រកាន់​គណបក្សប្រឆាំង​នៅ​ពីក្រោយ​ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី យ៉ាងណាក្ដី ក៏​ភរិយា​របស់​បណ្ឌិត កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា បាន​ចោទប្រកាន់​ត្រង់ៗ តាម​ហ្វេសប៊ុក និង​សេចក្ដីថ្លែងការណ៍​ថា របប​លោក ហ៊ុន សែន ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​សម្លាប់​ប្ដី​លោកស្រី ដូច្នេះហើយ​ទើប​អ្នក​ផ្ដួច​ផ្ដើមគំនិត អ្នកផ្ដល់​មធ្យោបាយ និង​ជនដៃ​ដល់​ពិតប្រាកដ​បន្ត​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។