មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លើកឡើងថា សមាជិកប្រឹក្សាគណបក្សនេះជិត ៩០ភាគរយនៃសមាជិកក្រុមប្រឹក្សាទូទាំងប្រទេសដែលមានអាសនៈជាង២ពាន់ មិនទាន់ត្រូវបានប្រធានក្រុមប្រឹក្សាឃុំសង្កាត់ ប្រគល់ភារកិច្ចជាក់លាក់ឱ្យបំពេញនៅឡើយទេ។ មន្ត្រីសង្គមស៊ីវិលធ្វើការទាក់ទងរឿងនេះ ជំរុញទៅក្រសួងមហាផ្ទៃ គួរណែនាំមេឃុំ ឬចៅសង្កាត់ឱ្យចាត់ចែងការងាររបស់សមាជិកក្រុមប្រឹក្សាគណបក្សភ្លើងទៀន ឱ្យដូចក្រុមប្រឹក្សាគណបក្សផ្សេងៗទៀតដែរ ដោយមិនប្រកាន់និន្នាការនយោបាយ។
បើទោះជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់មានរយៈពេលជាង ១ឆ្នាំទៅហើយក្ដី តែសមាជិកក្រុមប្រឹក្សាគណបក្សភ្លើងទៀន ជិត២ពាន់នាក់ មិនទទួលភារកិច្ច ដើម្បីបម្រើពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួននៅឡើយទេ។
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន និងសមាជិកប្រឹក្សាគណបក្សនេះ ចាត់ទុកថា ការមិនទាន់ប្រគល់ភារកិច្ចឱ្យទៅសមាជិកប្រឹក្សាគណបក្សភ្លើងទៀនបែបនេះ គឺជាការរើសអើងផ្នែកនយោបាយ។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ ឱ្យវិទ្យុអាស៊ីសេរីដឹងថា សមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀន ភាគច្រើនទៅធ្វើការងារនៅសាលាឃុំសង្កាត់ ត្រឹមបានចុះឈ្មោះក្នុងបញ្ជីវត្តមានប៉ុណ្ណោះ ព្រោះការងារដែលពួកគេមានកាតព្វកិច្ចត្រូវបំពេញ មិនទាន់ត្រូវបាន មេឃុំឬចៅសង្កាត់ប្រគល់ភារកិច្ចឱ្យនៅឡើយ។ លោកបន្តថា តាមគោលការណ៍នៃការបែងចែកតួនាទីនៅរដ្ឋបាលឃុំសង្កាត់ សមាជិកក្រុមប្រឹក្សាម្នាក់ៗមានភារកិច្ច និងការទទួលខុសរៀងៗខ្លួន ប៉ុន្តែ បើទោះជាក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀនមួយចំនួនទទួលបានតួនាទីជាចៅសង្កាត់រងទី២ ឬជំទប់ទី២ ក្ដី ក៏នៅតែមិនទទួលតួនាទីជាក់លាក់ នៅក្នុងរដ្ឋបាលឃុំឬសង្កាត់នោះទេ ។ លោកយល់ថា បញ្ហាបណ្ដាលមកពីការរើសអើងផ្នែកនយោបាយ។ «»
ដូចគ្នានេះដែរ ជំទប់ទី២ ក្នុងឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មកពីគណបក្សភ្លើងទៀន លោក វ៉ាន់ ម៉ាច ប្រាប់ថា គោលការណ៍បែងចែកអំណាចនៅថ្នាក់មូលដ្ឋាន ត្រូវទទួលភារកិច្ចដោះស្រាយពាក្យបណ្ដឹង ប៉ុន្តែ លោកថា លោកមេឃុំមកពីគណបក្សកាន់អំណាច មិនបានប្រគល់ការងារអ្វីមួយក្នុងឃុំឱ្យបំពេញទេ។ លោកបន្តទៀតថា សូម្បីការងារខ្លះដែលក្រុមប្រឹក្សាឃុំត្រូវចុះទៅមូលដ្ឋាន ក៏មេឃុំនិងសមាជិកក្រុមឃុំសង្កាត់ របស់គណបក្សកាន់អំណាចមិនហៅលោកទៅចូលរួមដែរ។ «»
គណបក្សភ្លើងទៀន ដែលជាមរតកនយោបាយរបស់លោក សម រង្ស៊ី បានចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០២២ ហើយបើទោះជាការបោះឆ្នោតនោះពោរពេញដោយការធ្វើទុក្ខបុកម្នេញពីបក្សកាន់អំណាចក្ដី តែគណបក្សនេះ ទទួលបានសំឡេងគាំទ្រពីពលរដ្ឋជិត២លាននាក់ និងទទួលអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ជាង ២ពាន់ឃុំ សង្កាត់ទូទាំងប្រទេស។
ទាក់ទងការលើកឡើងនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ឱ្យវិទ្យុអាស៊ីសេរីដឹងកាលពីយប់ទី៨ ខែកញ្ញា ថា គណបក្សភ្លើងទៀន គប្បីធ្វើរបាយការណ៍ជាផ្លូវការមកក្រសួងមហាផ្ទៃ និងលើកឡើងឱ្យចំៗថា ករណីនេះកើតមាននៅឃុំសង្កាត់ណាខ្លះ និងសមាជិកក្រុមប្រឹក្សារបស់គណបក្ស ឈ្មោះអ្វីខ្លះដែលបញ្ហា។ លោកអះអាងទៀតថា ប្រសិនបើពិនិត្យឃើញ កើតឡើងមានករណីដូច្នេះមែន ក្រសួងនឹងចាត់ការតាមនីតិវិធី។ អ្នកនាំពាក្យរូបនេះ ហាក់ថ្លែងឌឺដងទៅក្រុមប្រឹក្សាគណបក្សភ្លើងទៀនវិញថា ខ្លាចក្រែងតែ មេឃុំ ឬចៅសង្កាត់ ប្រគល់ភារកិច្ចឱ្យសមាជិកក្រុមប្រឹក្សាគណបក្សភ្លើងទៀនរួចហើយ តែពួកគេមិនបានបំពេញ ឬបំពេញដោយមិនទទួលខុសត្រូវ ឬក៏មកធ្វើការមិនទៀងទាត់ក៏មិនដឹង។ លោក ទូច សុខៈ បន្តទៀតថា ក្រសួងមហាផ្ទៃ ចង់បានរបាយការណ៍ប្រកបដោយភាពប្រាកដនិយម មានលក្ខណៈបែបវិទ្យាសាស្ត្រ ពីគណបក្សភ្លើងទៀន ពុំមែនជារបាយការណ៍បែបនយោបាយកេងចំណេញគ្នានោះទេ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃបែបនេះ អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ ប្រាប់ថា កន្លងទៅ គណបក្សភ្លើងទៀន ក៏ស្នើទៅក្រសួងមហាផ្ទៃដោះស្រាយដែរ ហើយអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និយាយ និងផ្ដល់ដំណោះស្រាយល្អ ប៉ុន្តែ ប្រធានក្រុមប្រឹក្សាឃុំសង្កាត់នៅតាមមូលដ្ឋាន មិនបានអនុវត្តតាមសំដីរបស់លោក ស ខេង នោះទេ។
ជុំវិញរឿងនេះដែរ នាយកប្រតិបត្តិអង្គការ ឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅកាត់ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី យល់ថា នៅពេលនេះក្រសួងមហាផ្ទៃមានរដ្ឋមន្ត្រីថ្មី ដូច្នេះ លោកថា គណបក្សភ្លើងទៀន គួរស្នើទៅក្រសួងមហាផ្ទៃជាថ្មីទៀត ដើម្បីឱ្យជួយរកដំណោះស្រាយ។ លោកបន្តថា ករណីមេឃុំ-ចៅសង្កាត់ មិនប្រគល់ភារកិច្ចដល់ក្រុមប្រឹក្សាឃុំសង្កាត់បែបនេះ ធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍនៅមូលដ្ឋាន ធ្វើឱ្យពលរដ្ឋម្ចាស់ឆ្នោតខកចិត្ត និងជាការខ្ជះខ្ជាយថវិកាជាតិ ដែលចំណាយលើប្រាក់ខែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងនោះ។ «»
ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ បានចែងជាក់លាក់ ពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ និងការបែងចែកសិទ្ធិអំណាច របស់ក្រុមប្រឹក្សាឃុំសង្កាត់។ មាត្រា៤០នៃច្បាប់នេះ ចែងថា ជំទប់ ឬចៅសង្កាត់រងជាជំនួយការរបស់មេឃុំ ចៅសង្កាត់ក្នុងការអនុវត្តភារកិច្ចដែលមេឃុំ ចៅសង្កាត់ប្រគល់ឱ្យ។ ជំទប់ទី១ ឬ ចៅសង្កាត់រងទី១ ទទួលជួយមេឃុំ ចៅសង្កាត់ លើកិច្ចការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ជំទប់ទី២ឬ ចៅសង្កាត់រងទី២ ទទួលជួយមេឃុំ ឬចៅសង្កាត់ លើកិច្ចការរដ្ឋបាល សង្គមកិច្ចសេវា សាធារណ និងសណ្ដាប់ធ្នាប់សាធារណជាដើម។ បើទោះជាច្បាប់បានចែងដូច្នេះក្ដី តែស្ថានការណ៍នយោបាយសព្វថ្ងៃ គណបក្សភ្លើងទៀន ឬសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សភ្លើងទៀន តែងតែរងការធ្វើទុក្ខបុកម្នេញពីសមត្ថកិច្ច ឬពីប្រព័ន្ធតុលាការ ដែលស្ថិតក្នុងឥទ្ធិពលរបស់គណបក្សប្រជាជនកម្ពុជា។ ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន តែងតែព្រមានជាញឹកញាប់ថា នឹងរំលាយគណបក្សភ្លើងទៀនចោលដោយលោកចោទប្រកាន់ថា គណបក្សនេះមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។