អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បដិសេធថា លោកមិនបានចេញសែកស្អុយ ឬសែកអត់ប្រាក់ចំនួន ៥ សន្លឹកដូចការចោទ ប្រកាន់របស់តុលាការថ្នាក់ក្រោមនោះឡើយ និងស្នើទៅតុលាការកំពូលពិចារណាផ្ដល់យុត្តិធម៌ឱ្យលោក។
សំណើនេះ ធ្វើឡើងក្នុងពេលតុលាការកំពូលបើកសវនាការបណ្ដឹងសាទុក្ខរបស់លោក ថាច់ សេដ្ឋា នៅថ្ងៃទី២០ ខែឧសភា ដោយប្រឆាំងនឹងសេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោម ដែលផ្ដន្ទាទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ ពីបទចេញសែកស្អុយ។
ក្នុងសំលៀកបំពាក់ពណ៌ស្លាទុំ ដៃជាប់ខ្នោះលោក ថាច់ សេដ្ឋា មានដើម កំណើតខ្មែរក្រោម និងជាអនុប្រធានគណបក្សភ្លើងទៀន ប្រាប់ទៅកាន់ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល នៅក្នុងបន្ទប់សវនាការនៅថ្ងៃទី២០ ខែឧសភាថា លោកមិនដែលចេញសែកស្អុយ ឬសែកអត់ប្រាក់ សូម្បីតែមួយដង ទៅឱ្យក្រុមហ៊ុន រិន ឆាយ (Rin Chhay Pawn Shop)។
ឈរក្នុងរង្វង់ច្រកសេះ លោក ថាច់ សេដ្ឋា បញ្ជាក់ថា សែកអត់ប្រាក់ចំនួន ៥ សន្លឹក ដែលតុលាការថ្នាក់ក្រោមយកមកធ្វើជាភស្តុតាង ដើម្បីដាក់បន្ទុកលើរូបលោកនោះ មិនមែនជាសែករបស់លោកឡើយ។ លោកចាត់ទុកការចោទប្រកាន់ និងផ្ដន្ទាទោសឱ្យលោកជាប់ពន្ធនាគារ ១ ឆ្នាំកន្លះថា ជារឿងអយុត្តិធម៌។
រីឯសហមេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា គឺលោក សឺន ជុំជួន លើកឡើងថា សែកអត់ប្រាក់ទាំង ៥សន្លឹក ដែលតុលាការថ្នាក់ក្រោមយកមកធ្វើជាភស្តុតាងមកដាក់បន្ទុកលើកូនក្ដីរបស់លោកនេះ គឺជាសែកថតចម្លងមិនមែនជាសែកច្បាប់ដើមនោះទេ។
លោកថា កន្លងមក ក្រុមមេធាវីបានទាមទារឱ្យម្ចាស់ក្រុមហ៊ុន រិន ឆាយ ដែលជាដើមបណ្ដឹង និងតុលាការបង្ហាញសែកដែលជាឯកសារដើម ប៉ុន្តែដើមបណ្ដឹងនិង តុលាការមិនបានបង្ហាញឡើយ។ លើសពីនេះ តាំងពីនៅ សាលាដំបូងរហូតដល់តុលាការកំពូល ដើមបណ្ដឹងក៏មិនបានមកចូលរួម សវនាការនោះដែរ។
លោក ថាច់ សេដ្ឋា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ការចាប់ខ្លួននេះ ធ្វើឡើងតាមបណ្ដឹងរបស់ក្រុមហ៊ុន រិនឆាយ ផនសប ដែលបានចោទលោក ថាច់ សេដ្ឋា ថា បានខ្ចីប្រាក់ពីក្រុមហ៊ុននេះចំនួន ២ម៉ឺនដុល្លារ កាលពីអំឡុងឆ្នាំ២០១១ និងឆ្នាំ២០១២។
ប៉ុន្តែមេធាវីធ្លាប់អះអាងថា បំណុលនេះ លោក ថាច់ សេដ្ឋា បានដោះស្រាយជិតចប់ទៅហើយ ពោលនៅសល់ក្នុងកម្រិតតិចតួច គឺមិនដូចបណ្ដឹង ដែលក្រុមហ៊ុនប្ដឹងចោទប្រកាន់ទេ។
ក្រុមហ៊ុន រិនឆាយ ផនសប គឺជារបស់លោក ហៃ វ៉ាន់រិន ដែលត្រូវបានគេដឹងថា ជាមនុស្សស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា និងគ្រួសារលោក ហ៊ុន សែន។
ប្រពន្ធរបស់លោក ថាច់ សេដ្ឋា គឺលោកស្រី ថាច់ សុខបូរ៉ានី លើកឡើងថា ប្ដីរបស់លោកស្រីមានស្មារតីរឹងមាំ ហើយក៏មិនផ្លាស់ប្ដូរជំហរដែរ ទោះបីជាគាត់ជាប់ពន្ធនាគារទាំងអយុត្តិធម៌ក៏ដោយ។ លោកស្រីចាត់ទុកការចោទប្រកាន់របស់តុលាការថ្នាក់ក្រោមលើប្ដីរបស់គាត់ជារឿងនយោបាយ និងជាការបង្កវិបត្តិឱ្យគ្រួសារឈឺចាប់។
លោកស្រីស្នើទៅតុលាការកំពូល ដោះលែងប្ដីរបស់គាត់ឱ្យមានសេរីភាពវិញ ដោយថា ប្ដីរបស់លោកស្រីមិនបានចេញសែកអត់ប្រាក់ដូចការចោទប្រកាន់ឡើយ។
លោកស្រី ថាច់ សុខបូរ៉ានី៖ « សុំសំណូមពរតុលាការល្មមដោះលែងពួកគាត់់ ដែលគ្មានកំហុសអីទាំងអស់ ដូចថា ជាប់គុកដោយមិនយុត្តិធម៌ ដោយថា ជាប់គុកហើយ ឈឺចាប់ស្រុកខ្មែរ។ អ្នកដែលគេធ្វើខុសបែរជារួចខ្លួន [ អ្នក ] ដូចថា ស្របច្បាប់បែរជាជាប់គុកហ្នឹងហើយ ឱ្យអន្តរជាតិជួយមើលផងស្រុកខ្មែរ។ ប្រពន្ធកូនឈឺចាប់ណាស់រាល់ថ្ងៃ»។
រីឯមេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា ម្នាក់ទៀតគឺ លោក ជូង ជូងឺ ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់សវនាការថា តាមគោលការណ៍ច្បាប់ កាលណាមានការចោទប្រកាន់ពាក់ព័ន្ធនឹងការចេញសែកអត់ប្រាក់ គឺតុលាការត្រូវប្រើឯកសារច្បាប់ដើម មិនមែនយកសែកអត់ប្រាក់ថតចម្លងមកចោទប្រកាន់ឡើយ។ លោកថា ការយកសែកថតចម្លង ដែលមិនអាចបើកប្រាក់បាន មកធ្វើជាសែក ឬឯកសារច្បាប់ដើមនេះ គឺឃ្លាតចាកពីយុត្តិធម៌ និងស្មារតីច្បាប់ ពីព្រោះឯកសារថតចម្លងគ្រាន់តែជាព័ត៌មាន ប៉ុន្តែមិនមែនជាសែកនោះទេ។
លោក ជូង ជូងឺ៖ «ឯកសារថតចម្លងមិនមែនជាសែកទេ ពីព្រោះមិនអាចយកទៅប្រើក្នុងការបើកបានទេ ប៉ុន្តែ សាលាដំបូង និងសាលាឧទ្ធរណ៍សំអាងទៅលើឯកសារថតចម្លងដាក់ទោសកូនក្ដី។ អ៊ីចឹង ខ្ញុំសូមឱ្យតុលាការកំពូលពិចារណា និងបដិសេធ សេចក្ដីសម្រេចរបស់សាលាដំបូង ហើយនឹងសាលាឧទ្ធរណ៍ចោល ហើយលើកលែងការចោទប្រកាន់លើកូនក្ដីខ្ញុំ»។
ក្រោយបើកសវនាការសួរដេញដោលជាង ១ម៉ោង ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក និល ណុន សម្រេចប្រកាសសាលដីកាសំណុំរឿងនេះ នៅថ្ងៃទី៣១ ខែឧសភា។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត លើកឡើងថា ករណីលោក ថាច់ សេដ្ឋា នេះ មានការបកស្រាយចម្រូងចម្រាសគ្នាដោយសហគមន៍អន្តរជាតិចាត់ទុកសំណុំរឿងនេះថា ជារឿងនយោបាយ រីឯអាជ្ញាធរកម្ពុជាវិញថា ការជាការអនុវត្តច្បាប់។
ទោះជាយ៉ាងណាក្ដី លោកថា ការចាប់ខ្លួន និងចោទប្រកាន់នេះ ក៏មានការរិះគន់ពីសហគមន៍អន្តរជាតិថា ជាការរឹតត្បិតសិទ្ធិ និងលំហសេរីភាពនយោបាយ សម្រាប់លោក ថាច់ សេដ្ឋា ក្រោយពីលោកបានឡើងធ្វើជាអនុប្រធានគណបក្សភ្លើងទៀន ខណៈរឿងសែកនេះ គឺជារឿងចាស់ ដែលបានដោះស្រាយគ្នាពីមុនរួចមកហើយ។
លោក អំ សំអាត៖ «ប៉ុន្តែរយៈពេលជាច្រើនឆ្នាំ គ្មានការប្ដឹងផ្ដល់លោក ថាច់ សេដ្ឋាទៅតុលាការដោយសារតែ លោកបានក្លាយទៅជាអនុប្រធានគណបក្សភ្លើងទៀននោះ។ ចំណុចទាំងហ្នឹងហើយ ដែលយើងឃើញថា មានមតិសាធារណៈខ្លះ ក៏ដូចជា យើងឃើញថា អង្គការអន្តរជាតិ និងសហគមន៍អន្តរជាតិ គេមើលឃើញថា វាអាចរឿងជាប់ពាក់ព័ន្ធនយោបាយច្រើនជាងការអនុវត្តច្បាប់នោះ»។
ក្រៅពីសំណុំរឿងចេញសែកស្អុយ ឬសែកអត់ប្រាក់ ដែលតុលាការកាត់ ទោសឱ្យលោក ថាច់ សេដ្ឋា ជាប់ពន្ធនាគារចំនួន ១ឆ្នាំកន្លះហើយនោះ លោក ថាច់ សេដ្ឋា ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីខែតុលា ឆ្នាំ២០២៣ ផ្ដន្ទាទោសដាក់ពន្ធនាគារ ៣ ឆ្នាំ បន្ថែមទៀតពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានការរើសអើង ពូជសាសន៍» រឿងលោកនិយាយរិះគន់ប្រវត្តិ ៧មករា និងការសង់ស្តូប វៀតណាមនៅកម្ពុជា។
ទោះជាយ៉ាងណា លោក ថាច់ សេដ្ឋា ធ្លាប់អះអាងថា អ្វីដែលលោកបាននិយាយមិនមែនជាការញុះញង់នោះទេ ប៉ុន្តែក្នុងនាមជាអ្នកសិក្សា និងជាគ្រូបង្រៀនប្រវត្តិសាស្ត្រ លោកត្រូវតែនិយាយការពិត ដើម្បីឱ្យមនុស្សជំនាន់ក្រោយបានដឹងអំពីប្រវត្តិសាស្ត្រពិតនៅក្នុងប្រទេសរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។