លោក ចូ បៃឌិន លើក​ពី​កង្វល់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម និង​ជំរុញ​បើក​លំហ​សេរីភាព​ពលរដ្ឋ និង​នយោបាយ​មុន​បោះឆ្នោត

0:00 / 0:00

ប្រធានាធិបតី​អាមេរិក​លោក (Joseph R. Biden) ​បាន​ស្នើ​ឲ្យ​កម្ពុជា​រក្សា​អធិបតេយ្យភាព​និង​បូរណភាព​ទឹក​ដី​ពី​ឥទ្ធិពល​ចិនស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​និង​ដោះលែង​អ្នក​ទោស​នយោបាយ។សំណើនេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោកនិង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃទី១២ ខែវិច្ឆិកា ម្សិលមិញ។

ប្រធានាធិបតី​អាមេរិកលោក ចូ បៃឌិន (Joe Biden) ​បានលើកឡើង​ពី​កង្វល់​ទាក់ទង​នឹង​ស្ថានការណ៍​នៅ​មូលដ្ឋានទ័ព​ជើង​ទឹករាម​នៅ​ខេត្តព្រះសីហនុនិង​បានគូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​តម្លាភាព​ពេញលេញ​អំពី​សកម្មភាព​របស់​យោធានៃ​សាធារណរដ្ឋប្រជាមានិត​ចិន​ (PRC) នៅ​មូលដ្ឋានទ័ព​ជើង​ទឹក​រាម។

Biden and Hun Sen by AP-4.jpg
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងជំនួបទ្វេភាគីជាមួយលោក​ប្រធានាធិបតីអាមេរិក​ ចូសេប បៃឌិន (Joseph R. Biden) នៅ​កម្ពុជាកាលពីថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ (រូប៖ AP)

ក្តីបារម្ភ​លោក​ប្រធានាធិបតី ចូ បៃឌិន (Joseph R. Biden Jr.) ធ្វើឡើងក្នុងពេល​ជួបពិភាក្សា​ជាមួយ​លោក ហ៊ុន សែន ប្រធានអាស៊ានប្តូរវេន​សម្រាប់ ឆ្នាំ២០២២ ​កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ម្សិលមិញ។ ​ក្តី​កង្វល់​ពី​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​របស់​ប្រធានាធិបតី​អាមេរិក​នេះកើត​ឡើងក្រោយពី​សារព័ត៌មាន​អាមេរិក​ (The Washington Post) កាល​ពី​ខែមិថុនា​កន្លង​ទៅបាន​ដកស្រង់​សំដី​មន្រ្តី​ជាន់ខ្ពស់​ប្រទេស​លោក​សេរី​ថាចិនកំពុង​លួចលាក់​សាងសង់​មូលដ្ឋាន​យោធា​នៅ​កំពង់ផែរាមដើម្បី​បំរើ​វិស័យ​យោធា​ផ្តាច់​មុខ​របស់​ចិន។ មូលដ្ឋាន​យោធា​នេះជា​មូលដ្ឋាន​យុទ្ធសាស្រ្ត​ទីពីរ​ដ៏​មាន​សារៈសំខាន់ក្នុង​តំបន់ ឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific) ជា​ផ្នែក​មួយ​ក្នុង​យុទ្ធសាស្រ្ត​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដើម្បី​ឈាន​ក្លាយ​ជា​មេដឹកនាំ​យោធា​ក្នុង​ពិភពលោក។

Biden and Hun Sen by AP-5.jpg
លោក​ប្រធានាធិបតីអាមេរិក​ ចូសេប បៃឌិន (Joseph R. Biden) (ឆ្វេង) ផ្ទៀងស្តាប់ការបកស្រាយរបស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបទ្វេភាគីនៅ​កម្ពុជាកាលពីថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ (រូប៖ AP)

បច្ចុប្បន្នចិន មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​អាហ្រ្វិក​ខាងកើត។ ពាក់ព័ន្ធ​នឹង​រឿង​នេះ លោក គង់ ភោគ អ្នក​នាំពាក្យ​ផ្លូវការ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ២០២២​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថាកម្ពុជា​មិន​បាន​លាក់បាំង​ព័ត៌មាន​ស្តីពី​ការ​សាងសង់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​នោះ​ទេ។ លោកថា កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​តំណាង​ទូត​បរទេស​មួយ​ចំនួន​ទៅ​ពិនិត្យ​មើលនៅ​មូលដ្ឋាន​ទ័ពជើងទឹក​សមុទ្រ​រាម​ខេត្តព្រះសីហនុ​ទៀត​ផង។ លោក​ស្នើ​ឲ្យ​ប្រទេស​ដែល​ចោទ​ប្រកាន់​កម្ពុជា​កន្លងមក​ផ្តល់​យុត្តិធម៌​ឲ្យ​កម្ពុជា៖

«កម្ពុជា​បាន​ផ្តល់​ចម្លើយ​ជាច្រើន​ដង​មក​ហើយ​ស្តីពី​ការ​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​កងទ័ព​រាម។អ្វីដែល​យើង​ធ្វើ​នៅ​នោះ​មិនមែន​ទើប​តែ​កើត​ឡើង​នោះទេ​តាមពិត​មានការ​វាយ​តម្លៃ​រួចរាល់​ហើយ​ដើម្បី​ចូលរួម​ក្នុង​បំណង​ផ្សេងៗ​មិន​ត្រឹម​តែ​សន្តិសុខ​និង​ការពារ​ជាតិ​ប៉ុណ្ណោះ​ទេក៏​ពាក់ព័ន្ធ​ការ​សង្គ្រោះ​នៅ​សមុទ្រ»។

កន្លងមក ទោះបី​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​តំណាង​ស្ថានទូត​បរទេសមាន​ដូចជា អាមេរិក​ទៅ​ពិនិត្យការ​សាងសង់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​ក្តីប៉ុន្តែដំណើរ​ទៅ​ពិនិត្យ​នោះធ្វើឡើង​ក្រោម​ការ​គ្រប់គ្រង​របស់​យោធា​ខ្មែរដោយ​មិន​បាន​អនុញ្ញាត​ឲ្យ​ពិនិត្យ​ដោយ​សេរី​នោះ​ទេ។ស្ថានទូត​សហរដ្ឋអាមេរិក​បាន​សុំ​ទៅ​ពិនិត្យ​ជាលើកទីពីរប៉ុន្តែ​កម្ពុជា​បាន​បដិសេធ។

Biden and Hun Sen by AP-1.jpg
លោក​ប្រធានាធិបតីអាមេរិក​ ចូសេប បៃឌិន (Joseph R. Biden) (ឆ្វេង) ជួបលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបទ្វេភាគីនៅ​កម្ពុជាកាលពីថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ (រូប៖ AP)

ពាក់ព័ន្ធរឿង​លទ្ធិប្រជាធិបតេយ្យ​វិញលោក​ប្រធានាធិបតី Biden ក៏​បានជំរុញ​ឲ្យ​លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បើក​ឡើង​វិញ​នូវ​លំហរ​សេរីភាព​ពលរដ្ឋនិង​នយោបាយ​នៅមុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​ខាង​មុខ។ លោកក៏បានអំពាវនាវ​ឲ្យមានការ​ដោះលែង​សកម្មជន​ដែល​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ពី​បទចោទ​ប្រកាន់​នយោបាយ​រួម​ទាំង​ពលរដ្ឋ​ខ្មែរ​អាមេរិក​កញ្ញា សេង ធារី ផង​ដែរ។ លោក​ប្រធានាធិបតី បៃឌិន​(Biden) បាន​រំលឹក​ឡើង​វិញ​​នូវ​ការ​​ប្តេជ្ញាចិត្ត​របស់​សហរដ្ឋអាមេរិក​ចំពោះ​ប្រជាជន​កម្ពុជា​និង​បំណង​ប្រាថ្នា​របស់​ពលរដ្ឋខ្មែរ​ដែល​ចង់​ឃើញ​កម្ពុជា​មាន​ការ​រីក​ចម្រើន ប្រជាធិបតេយ្យ និង​ឯករាជ្យ។

ក្នុងជំនួប​ដដែល​នោះលោក​ប្រធានាធិបតី Biden ក៏បាន​ពិភាក្សា​អំពី​វិបត្តិ​នៅក្នុង​ប្រទេស​ភូមានិង​ការ​ឆ្លើយតប​របស់​អាស៊ានដោយគូស​បញ្ជាក់​ថាសហគមន៍​អន្តរជាតិ​មាន​តួនាទី​សំខាន់​ក្នុងការ​លើក​កម្ពស់​ការ​វិលត្រឡប់​ទៅ​រក​លទ្ធិប្រជាធិបតេយ្យនិង​ស្ថិរភាព​នៅក្នុង​ប្រទេស​ភូមា និង ​អាមេរិក​គាំទ្រ​ចំពោះការ​ឯកភាព​ប្រាំ​ចំណុច​របស់​អាស៊ាន​ស្តីពី​វិបត្តិ​ភូមា។

ដោយឡែក​ក្នុង​កិច្ចប្រជុំអាស៊ាន-អាមេរិក​វិញប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន (Joe Biden) ​ក៏​បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​ភាព​ជា​ដៃគូ​រវាង​សហរដ្ឋ​អាមេរិកនិង​អាស៊ាន​ដែលជា​យុទ្ធសាស្ត្ររបស់​រដ្ឋាភិបាលអាមេរិក និង​តំបន់ (Indo pacific) ជាជំហាន​សំខាន់​ដើម្បី​កសាង​និង​អភិវឌ្ឍន៍​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន៖

«យើងរួបរួមគ្នា​ដោះស្រាយ​បញ្ហា​ដ៏សំខាន់​បំផុត​ក្នុង​យុគសម័យ​របស់​យើងចាប់ពី​ការ​ប្រែប្រួល​អាកាសធាតុរហូត​ដល់​សន្តិសុខសុខភាពការពារ​ប្រឆាំង​នឹង​ការ​គម្រាម​កំហែង​សំខាន់ៗ​នៃ​សណ្តាប់​ធ្នាប់ដែល​ផ្អែក​លើ​ច្បាប់ការ​គំរាមកំហែង​ដល់​នីតិរដ្ឋនិង​ដើម្បី​កសាង​ឥណ្ឌូ-ប៉ាស៊ីហ្វិកដែល​មាន​លក្ខណៈសេរីនិង​បើក​ចំហស្ថិរភាពនិង​វិបុលភាពនិង​សុវត្ថិភាព»។

Biden and Hun Sen by AP-2.jpg
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍ប្រធានាធិបតីអាមេរិកលោក ចូសេប បៃឌិន (Joseph R. Biden) កាលពីថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ (រូប៖ AP)

លោកបន្តថា អាមេរិក​កំពុង​ដាក់​ធនធាន​ពិត​ប្រាកដ​នៅ​ពី​ក្រោយ​វិធីសាស្រ្ត​ថ្មី​នេះ គឺ មិន​មែន​គ្រាន់​តែ​ជាការ​បញ្ចេញ​វោហាសាស្ត្រ​ចោល​នោះ​ទេ។ ក្នុង​រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះអាមេរិក​បាន​ប្រកាស​ពី​គំនិត​ផ្ដួចផ្ដើម​ថ្មី​ជា​មួយ​អាស៊ាន​ក្នុង​ទឹក​ប្រាក់​ជាង ២៥០ លានដុល្លារ ហើយ​សម្រាប់​ឆ្នាំ ២០២៣ ​ខាង​មុខ​នេះលោក បៃឌិន (Biden) នឹង​ស្នើផ្តល់​ជំនួយ​ចំនួន៨២៥លាន​ដុល្លារ​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍។លោកថា សហរដ្ឋអាមេរិក បន្តកសាង​នូវ​វឌ្ឍនភាពដោយ​ធ្វើ​តាម​ការ​ប្តេជ្ញាចិត្តនិង​ដាក់​ចេញ​នូវ​គំនិតផ្តួច​ផ្តើម​ថ្មីៗ​ជាក់​ស្តែងដើម្បី​ពង្រឹង​អាស៊ាន និង បង្កើន​ការ​តភ្ជាប់​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍។ លោក ចូ បៃឌិន (Joe Biden) នឹង​ចាកចេញ​ពី​កម្ពុជា​នៅថ្ងៃទី១៣ ខែវិច្ឆិកា​នេះដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល G20 នៅ​ប្រទេស​ឥណ្ឌូណេស៊ី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។