សមត្ថកិច្ច​រក​ឃើញ​សាកសព​សិស្សសាលា២​នាក់ ក្នុង​ចំណោម​​៣​នាក់​​ដែល​បាត់​ខ្លួន

សមត្ថកិច្ច​ក្រុង​ក្រចេះ​ នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែ ធ្នូ រក​ឃើញ​សាកសព​ក្មេង​ប្រុស​សិស្សសាលា២​នាក់ ក្នុង​ចំណោម​​៣​នាក់​ ដែល​សង្ស័យ​ថា លង់​ទឹក​ទន្លេ​មេគង្គ ក្រោយ​ពេល​ពួកគេ​បាន​​ទៅ​លេង​ទឹក​នៅ​តាម​ឆ្នេរ​នៅ​លើ​កោះទ្រង់។

អធិការ​នគរបាល​ក្រុង​ក្រចេះ លោក នេត លីន ឲ្យ​អាស៊ីសេរី​ដឹង​ថា សាកសព​សិស្ស​ពីរ​នាក់​ដែល​ត្រូវ​បាន​រក​ឃើញ មិន​នៅ​ឆ្ងាយ​ពី​ទីតាំង​សម្ភារៈ​របស់​ពួកគេ​ទេ គឺ​ប្រហែល​ជា​២០​ម៉ែត្រ​ពី​ច្រាំង​ខ្សាច់​ដែល​​ពួកគេ​លេង៖ «អ៊ីចឹង​យើង​អាច​សន្និដ្ឋាន​ជំហាន​ថា ពួកគាត់​ចុះ​លេង​ទឹក ហើយ​ស្លាប់​ហើយ។ ម៉ោង​១១ . ៣០​នាទី ក្រុម​ការងារ​យើង​រក​ឃើញ​ម្នាក់ ហើយ​រហូត​មក​ដល់​ម៉ោង​១ . ៤៥នាទី យើង​រក​ឃើញ​ម្នាក់​ទៀត»។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​បញ្ជាក់​ថា សិស្ស​ទាំង​បី​នាក់​​នេះ​បាន​ចុះ​លេង​ទឹក បន្ទាប់​មក​ទំនង​មាន​ម្នាក់​លង់ទឹក ហើយ​ពីរ​នាក់​ទៀត​ចុះ​ជួយ បណ្ដាល​ឲ្យ​ពួកគេ​លង់​ស្លាប់​ទាំង​អស់​គ្នា។

លោក នេត លីន បន្ត​ថា ការ​រុករក​សាកសព​សិស្ស​ម្នាក់​ទៀត​ដែល​បាត់​ខ្លួន​នោះ និង​បន្ត​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ធ្នូ។

សិស្សសាលា​ទាំង​៣​នាក់​នេះ ជា​សិស្ស​វិទ្យាល័យ​ក្រុង​ក្រចេះ ពួកគេ​បាន​បាត់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ទី​២៩ បន្ទាប់​ពី​ចុះ​លេង​ទឹក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។