ទស្សនៈ​ពលរដ្ឋ​​ចំពោះ​ការ​រង់ចាំ​​ពន្លឺ​យុត្តិធម៌​​ជូន​​បណ្ឌិត កែម ឡី

0:00 / 0:00

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ បាន​ជូន​ដំណឹង​ថា នៅ​ថ្ងៃ​ទី​១ ដើម​ខែ​មីនា ខាង​មុខ តុលាការ​នឹង​បើក​សវនាការ​រឿង​ក្ដី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។

ប្រជាពលរដ្ឋ សិស្ស និស្សិត និង​អាជីវករ​នៅ​តែ​មិន​ជឿ​លើ​ការ​ស៊ើបអង្កេត និង​សវនាការ​នេះ​ថា នឹង​អាច​ផ្តល់​ភាព​យុត្តិធម៌​ចំពោះ​សព​លោក​បណ្ឌិត កែម ឡី នោះ​ទេ។

គិត​ត្រឹម​ថ្ងៃ​ទី​១០ កុម្ភៈ នេះ ការ​ទន្ទឹង​ចាំ​យុត្តិធម៌​ក្នុង​អំពើ​បាញ់​ប្រហារ​អ្នក​វិភាគ​សង្គម និង​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព បាន​អូស​បន្លាយ​ចំនួន ៧​ខែ​គត់។ ចំណែក​ក្រុម​អ្នក​តាម​ដាន​ព្រឹត្តិការណ៍​សង្គម​កម្ពុជា យល់​ឃើញ​ថា ភាព​យឺតយ៉ាវ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​របស់​តុលាការ និង​សមត្ថកិច្ច​ក្នុង​រឿង​ក្ដី​នេះ​គឺ​ជា​ចេតនា​ចង់​ជួយ​ពន្យារពេល និង​ផ្អឹប​រឿង​ទុក​ដើម្បី​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​របស់​អ្នក​ប្រព្រឹត្ត​បទល្មើស​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​ដែល​មាន​មុខ​របរ​ជា​អ្នក​រត់​ម៉ូតូ​កង់បី និង​អាជីវករ​លក់​ដូរ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ថា ពួក​គេ​មិន​មាន​ជំនឿ​ទាល់​តែ​សោះ​ទៅ​លើ​ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច និង​របាយការណ៍​ស្រាវជ្រាវ​របស់​តុលាការ​ថា អាច​ផ្ដល់​ភាព​សុក្រឹត និង​ទុក​ចិត្ត​បាន៖ «វា​មាន​អារម្មណ៍​ថា​យូរ​ដែរ បើ​តាម​តែ​យើង​ចង់​ឲ្យ​ដឹង​ភ្លាមៗ។ ប៉ុន្តែ​បើ​ចិត្ត​បង​ចង់​ឲ្យ​ដឹង​ភ្លាមៗ ថា​តើ​គេ​កាត់​ក្ដី​យ៉ាង​ម៉េច​ដែរ? ចង់​ឲ្យ​គេ​ដោះស្រាយ​វា​មាន​ហេតុផល​ត្រឹមត្រូវ​ទៅ​កុំ​ឲ្យ​វា​ទុក​កប់​ចោល​អ៊ីចឹង ហើយ​សូន្យៗ​រហូត ហើយ​ដល់​ថ្ងៃ​ក្រោយ​ទៅ​ខ្លាច​ជួប​ប្រទះ​ទៀត​ទៅ​កប់​រហូត​អ៊ីចឹង​ម៉េច​កើត»

លោកស្រី ទេព សុភី អាជីវករ​ចំណី​អាហារ​ក្នុង​រាជធានី​ភ្នំពេញ ផ្ដល់​បទសម្ភាសន៍​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Morm Moniroth
លោកស្រី ទេព សុភី អាជីវករ​ចំណី​អាហារ​ក្នុង​រាជធានី​ភ្នំពេញ ផ្ដល់​បទសម្ភាសន៍​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Morm Moniroth (RFA/Morm Moniroth)

គិត​ចាប់​ពី​ថ្ងៃ​ដែល​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ មក​ដល់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ នេះ គឺ​មាន​រយៈពេល ៧​ខែ​គត់។ ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច និង​របាយការណ៍​ស៊ើប​អង្កេត​របស់​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ នៅ​មិន​ទាន់​បង្ហាញ​ជា​សាធារណៈ​អំពី​តម្រុយ​ណា​មួយ​ថ្មី ទាំង​ឃាតក និង​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង ក្រៅ​ពី​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នេះ​នៅ​ឡើយ​ទេ។

សេចក្ដី​ជូន​ដំណឹង​របស់​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ស្ដីពី​កំណត់​ថ្ងៃ​សវនាការ​លើ​សំណុំរឿង​ឧក្រិដ្ឋ​នេះ បង្ហាញ​ថា តុលាការ​នឹង​បើក​ការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​១ មីនា ពេល​ព្រឹក។ ដីកា​ដែល​ដាក់​ខុស​​ថ្ងៃ ខែ ឆ្នាំ​កំណើត​របស់ អឿត អាង ហៅ ជួប សម្លាប់ គឺ​លោក លាង សំណាត់ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ រី​ឯ​លោក លី សុផាណា ជា​តំណាង​អយ្យការ​ក្នុង​រឿង​ក្ដី​នេះ។

បើ​ទោះ​ជា​បែប​ណា ក្រុម​និស្សិត​មួយ​ចំនួន​នៃ​សាកល​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ បង្ហាញ​ទស្សនៈ​ថា វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ហួស​ចិត្ត ដែល​រឿង​ក្ដី​នេះ សមត្ថកិច្ច ឬ​តុលាការ​ចេះ​បន្ត​សាច់​រឿង​ទុក​រហូត​បាន​ដល់ ៧​ខែ​ទើប​ដំណើរការ។ ពួក​គេ​ក៏​មិន​រំពឹង​ទេ​ថា តុលាការ​នេះ​អាច​រក​យុត្តិធម៌​ឲ្យ​លោក​បណ្ឌិត កែម ឡី បាន៖ «ខ្ញុំ​គិត​ថា រដ្ឋាភិបាល​នៅ​តែ​បណ្ដែតបណ្ដោយ​អត់​ព្រម​រក​យុត្តិធម៌​ឲ្យ​គាត់។ គាត់​ជា​មនុស្ស​ម្នាក់​ដែល​ស្មោះ​ត្រង់​ខ្លាំង ហើយ​ក៏​ជា​អ្នក​វិភាគ​នយោបាយ​មួយ​ដែល​ខ្ញុំ​ចូល​ចិត្ត​គាត់​ដែរ។ គាត់​តែង​ផ្ដល់​គំនិត​ល្អៗ​ដល់​ពួក​ខ្ញុំ។ ចំពោះ​ខ្ញុំ​ដូច​អត់​ឃើញ​យុត្តិធម៌​អី​ផង ព្រោះ ៧​ខែ​មក​ហើយ អត់​ឃើញ​តម្រុយ​អី​តិច​ផង។ មាន​កាមេរ៉ា​នៅ​កន្លែង​ហ្នឹង​ហើយ រក​ជន​ល្មើស​អត់​ឃើញ​ទៀត»

អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ រួម​ទាំង​បក្ស​ប្រឆាំង​ផង ចាត់​ទុក​រឿង​ក្ដី​លោក​បណ្ឌិត កែម ឡី នេះ​ថា អាច​មាន​ជាប់​ទាក់ទិន​នឹង​អ្នក​មាន​អំណាច​នៅ​កម្ពុជា។ មុន​ឃាតក​បាញ់​សម្លាប់​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ លោក​បណ្ឌិត កែម ឡី បាន​វិភាគ​លើ​របាយការណ៍​ស្រាវជ្រាវ​ដ៏​ស៊ី​ជម្រៅ​មួយ​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) ដែល​និយាយ​ពី​អាណាចក្រ​ជំនួញ​របស់​ក្រុម​គ្រួសារ​ត្រកូល "ហ៊ុន"៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។