រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយសភាពាណិជ្ជកម្ម បានរៀបចំកម្មវិធីកម្សាន្ត និងតាំងពិព័រណ៍ទំនិញទាំងផលិតក្នុងស្រុក និងក្រៅស្រុករាប់រយស្តង់ ជូនភ្ញៀវទេសចរទស្សនាកម្សាន្តនាឱកាសពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០១៦-២០១៧។
អភិបាលរងខេត្តព្រះសីហនុ លោក សុខ ផន ដែលចូលរួមធ្វើពិធីក្រុងពាលីរៀបចំពិធីស្វាគមន៍បុណ្យឆ្លងឆ្នាំសកលនាឆ្នេរអូរឈើទាល កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ថា បន្ទាប់ពីពិធីបុណ្យសមុទ្របានបញ្ចប់ រដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្តនេះ បានបន្តរៀបចំកម្មវិធីកម្សាន្តផ្សេងៗ មានប្រគំតន្ត្រី និងដាក់តាំងទំនិញជាដើម ដើម្បីស្វាគមន៍បុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០១៦-២០១៧ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកកម្សាន្តខេត្តនេះឲ្យបានច្រើនថែមទៀត។
លោក សុខ ផន ស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី ឲ្យចូលមកទស្សនានៅតាមតំបន់ឆ្នេរនាឱកាសឆ្លងឆ្នាំសកល ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឲ្យបានច្រើនកុះករ ព្រោះបុណ្យឆ្លងឆ្នាំសកលឆ្នាំនេះ ព្រះមហាក្សត្រព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងមកទតខេត្តព្រះសីហនុ ផងដែរ៖ « ខេត្តបានរៀបចំឲ្យមានការតាំងពិព័រណ៍ និងការប្រគំតន្ត្រី ដោយមានសិល្បករល្បីៗមកពីព្រះរាជាណាចក្រកម្ពុជា យើង ដើម្បីសម្ដែងជូនទស្សនា ហើយនៅពេលយប់ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ នឹងមានពិធីបាញ់កាំជ្រួច ដើម្បីកម្សាន្តសប្បាយថែមទៀត »។
ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ លោកឧកញ៉ា ឡាវ កាំង ដែលជាអ្នករៀបចំកម្មវិធីកម្សាន្តឆ្លងឆ្នាំសកលឆ្នាំនេះមានប្រសាសន៍ថា គោលបំណងបង្កើតកម្មវិធីកម្សាន្តដោយមានប្រគំតន្ត្រី និងតាំងពិព័រណ៍ទំនិញគ្រប់ប្រភេទ ព្រមទាំងកម្មវិធីកម្សាន្តជាច្រើនទៀត ប្រយោជន៍ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនាខេត្តនេះឲ្យបានច្រើនថែមទៀត។ លោកថានឹងមានភាពសប្បាយរីករាយទ្វេដង នៅពេលភ្ញៀវទេសចរជ្រើសយកខេត្តព្រះសីហនុ សម្រាប់ដំណើរកម្សាន្តចុងឆ្នាំនេះ៖ « ការរៀបចំកម្មវិធីកម្សាន្តបុណ្យឆ្លងឆ្នាំសកលនាឱកាសនេះ គឺដើម្បីបង្កើតព្រឹត្តិការណ៍ប្លែក ជាការទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាកម្សាន្តខេត្តព្រះសីហនុ ឲ្យបានច្រើន និងដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍នាមូលដ្ឋាននេះផង »។
ទោះជាបែបនេះក្តី សាធារណជនបានរិះគន់ថា តម្លៃសេវាម្ហូបអាហារ និងសេវាស្នាក់នៅនៅពេលមានពិធីបុណ្យជាតិធំៗ និងបុណ្យឆ្លងឆ្នាំសកលជាដើម គឺត្រូវប្រតិបត្តិករទេសចរ ដំឡើងតម្លៃខ្ពស់ហួសហេតុពេក ជាហេតុនាំឲ្យភ្ញៀវទេសចរ ឬប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប មិនមានលទ្ធភាពធ្វើដំណើរមកកម្សាន្តខេត្តព្រះសីហនុ នោះទេ។
ភ្ញៀវទេសចរភាគច្រើន បានរអ៊ូរទាំថា ពួកគេមានការខ្លាចរអាចំពោះការដំឡើងតម្លៃសេវាស្នាក់នៅ ថ្លៃជួលទីកន្លែងអង្គុយ និងតម្លៃម្ហូបអាហារ ដែលក្រុមអាជីវករកំណត់តម្លៃខ្ពស់ខុសពីថ្ងៃធម្មតាមួយជាពីរ ឬជាប្រាំ នៅពេលមានពិធីបុណ្យជាតិធំៗ ឬពិធីបុណ្យឆ្លងឆ្នាំសកលចូលមកដល់ម្តងៗ។
បញ្ហានេះ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមមួយចំនួនប្រចាំខេត្តព្រះសីហនុ ក៏រិះគន់ការដំឡើងតម្លៃសេវាទេសចរណ៍នាពិធីបុណ្យជាតិធំៗ និងបុណ្យឆ្លងឆ្នាំសកលជារៀងរាល់ឆ្នាំនាខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះដែរ។ អ្នកឃ្លាំមើលសង្គមទាំងនោះ ព្រួយបារម្ភចំពោះការដំឡើងតម្លៃសេវាទេសចរណ៍របស់ប្រតិបត្តិករទេសចរ ខ្ពស់ហួសហេតុពេក ខ្លាចនាំឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ ហើយពួកគេខ្លាចរអាក្នុងការធ្វើដំណើរចូលមកកម្សាន្តខេត្តនេះនាថ្ងៃខាងមុខទៀត។
ទោះជាបែបនេះក្តី ពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០១៦-២០១៧ កម្លាំងសមត្ថកិច្ចជំនាញគ្រប់ស្ថាប័ន មានកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជាដើម បានអះអាងថា បានត្រៀមកម្លាំងការពារសន្តិសុខជូនភ្ញៀវទេសចរ មិនធ្វេសប្រហែសទេ ជាពិសេសនៅតាមរមណីយដ្ឋានធម្មជាតិតាមតំបន់ឆ្នេរ និងដីកោះជាដើម ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិនិយមចូលទៅកម្សាន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។