កម្មកររោងសិប្បកម្មតម្បាញ ហុង ស៊ីង (Hong Xing) នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យដឹងថា មន្ត្រីក្រសួងការងារ បាននាំអាជ្ញាធរមូលដ្ឋាន ទៅចាក់សោទ្វាររបងសិប្បកម្ម ចូលទៅពិនិត្យមើលសម្ភារៈនៅសេសសល់ក្នុងទីតាំងរួចហើយ នៅព្រឹកថ្ងៃទី៣០ ធ្នូ ប៉ុន្តែមន្ត្រីទាំងនោះមិនទាន់បញ្ជាក់ប្រាប់កម្មករថា នឹងត្រូវលក់សម្ភារៈទូទាត់សងកម្មករ ឬអត់នោះទេ។
កម្មការិនីម្នាក់ ឈ្មោះ សៀ សម្បត្តិ ប្រាប់ថា សម្ភារៈមានតម្លៃ និងកុំព្យូទ័រទំនើបៗ ត្រូវបានថៅកែជនជាតិចិន លួចដឹកចេញ មុនពេលរត់ចោលកម្មករអស់រលីងហើយ គឺនៅសល់តែម៉ាស៊ីនដេរចាស់ៗជាច្រើនគ្រឿង និងសម្ភារៈ មិនសូវមានតម្លៃមួយចំនួនប៉ុណ្ណោះ។ លោកស្រី មិនដឹងថា សម្ភារៈទាំងនោះ អាចលក់បានគ្រប់តម្លៃលុយ ដែលថៅកែជំពាក់កម្មករបាន ឬអត់នោះទេ ហើយមន្ត្រីក្រសួងការងារ ក៏មិនទាន់បញ្ជាក់ប្រាប់កម្មករបែបណាដែរ ដោយគ្រាន់ប្រាប់ថា នឹងយកឯកសាររដ្ឋបាលទាំងអស់ ទៅឱ្យប្រជុំជាមួយថ្នាក់លើសិន។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីភាគីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទេ នៅថ្ងៃទី៣០ ធ្នូ ដោយសារ អ្នកនាំពាក្យ និងជាតំណាងគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្ម នៅតាមគ្រប់មុខសញ្ញា លោក ទេស រុក្ខាផល មិនទទួលទូរស័ព្ទ។
សិប្បកម្មតម្បាញហុង ស៊ីង មានកម្មករសរុប១៩០នាក់ ត្រូវបានថៅកែជនជាតិចិន ចាក់សោទ្វាររបបរត់ចោលកម្មករ តាំងពីថ្ងៃទី៩ ធ្នូ មក។ កម្មករ បានបណ្ដាក់គ្នា ដេកយាមទាំងថ្ងៃ ទាំងយប់ តាំងពីពេលនោះ មកដើម្បីយាមសម្ភារៈ ខ្លាចមានការលួចដឹកចេញបន្តទៀត ក៏ប៉ុន្តែមានកម្មករខ្លះបានចាប់ផ្ដើមស្វែងរកការងារថ្មីជាបណ្ដើរហើយៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។