អ្នកច្បាប់ និងសង្គមស៊ីវិល ស្នើរដ្ឋាភិបាលសើរើសំណុំរឿងរត់ជាន់គ្នាស្លាប់នៅកោះពេជ្រ កាលពី ៥ឆ្នាំមុននោះឡើងវិញ ខណៈដែលរឿងនេះស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ថា សំណុំរឿងនេះបានបិទបញ្ចប់រួចរាល់ហើយ។
សង្គមស៊ីវិល និងអ្នកច្បាប់រិះគន់ថា ព្រឹត្តិការណ៍រត់ជាន់គ្នានៅស្ពានពេជ្រកាលពីឆ្នាំ២០១០ កន្លងទៅ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ មិនទាន់បានទទួលខុសត្រូវសមស្របដូចនឹងការបាត់បង់ដ៏ធំធេងរបស់ជនរងគ្រោះ និងសាច់ញាតិរបស់គេនោះទេ។ ការទទូចជាថ្មីនេះ ខណៈដែលមន្ត្រីទទួលខុសត្រូវលើការងារនេះ បានត្រឹមសម្ដែងការសោកស្ដាយ ប៉ុន្តែទទួលខុសត្រូវលើផ្នែកច្បាប់ គេមិនទាន់ឃើញមន្ត្រីណាមួយចេញមុខទទួលខុសត្រូវ ឬលាលែងចេញពីតំណែងឡើយ។
មេធាវីជាសមាជិកនៃគណៈមេធាវី លោក សំ សុគង់ ថា ការផ្តល់ថវិកាកន្លងមករបស់រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ គ្រាន់តែជាទឹកចិត្តមនុស្សធម៌ មិនមែនជាការទទួលខុសត្រូវផ្នែកច្បាប់ និងវិជ្ជាជីវៈការងារនោះទេ។ លោកមេធាវី ស្នើឲ្យមានការសិក្សាស្រាវជ្រាវបន្ត ហើយអ្នកទទួលខុសត្រូវដែលជាម្ចាស់ស្ពានដែលបង្កគ្រោះថ្នាក់ ត្រូវទទួលខុសត្រូវ ឬប៉ះប៉ូវបន្ថែមផ្នែកសំណងលើជនរងគ្រោះ និងសាច់ញាតិរបស់ជនរងគ្រោះ៖ «ទាក់ទងការខូចខាត យើងមើលឃើញកន្លងមក ជនរងគ្រោះមិនទាន់រកឃើញ ឬមិនទាន់ឃើញច្បាស់លាស់ គ្រាន់តែជំនួយសប្បុរសធម៌ ប៉ុន្តែប្រសិនបើរកឃើញមានកំហុស អាជ្ញាធរជាអ្នកទទួលខុសត្រូវសំណង»។
ស្រដៀងគ្នានេះដែរ មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា អ្នកមានកាតព្វកិច្ចទទួលខុសត្រូវ គឺរដ្ឋាភិបាល និងក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC)។ លោក អំ សំអាត ថា ការទទួលខុសត្រូវកន្លងមក មិនទាន់គ្រប់គ្រាន់ទេ ទាំងផ្នែកច្បាប់ និងសំណង។ យ៉ាងណាមិញលោកថា ជនរងគ្រោះនៅសេសសល់ជីវិតពីហេតុការណ៍នេះ មានអ្នកខ្លះពិការ និងអ្នកផ្សេងទៀត ប៉ះពាល់សតិអារម្មណ៍ដែលមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ៖ «យើងមិនអាចទុកចិត្តការស៊ើបអង្កេតកន្លងមកទេ ត្រូវមានក្រុមស្រាវជ្រាវឯករាជ្យមួយ ព្រោះលទ្ធផលក្រោមការស៊ើបអង្កេតមិនឃើញមានអ្នកណាម្នាក់ទទួលខុសត្រូវទេ»។
កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ក្នុងពេលផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្រោយចូលបំភ្លឺនៅរដ្ឋសភា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បដិសេធឆ្លើយនឹងសំណួររបស់វិទ្យុអាស៊ីសេរី ទាក់ទងការទទួលខុសត្រូវបន្ថែមរបស់រដ្ឋាភិបាលលើរឿងនេះ ដោយបង្វែរការទទួលខុសត្រូវទៅសាលាដំបូងរាជធានីភ្នំពេញ។

កាលពីថ្ងៃទីបីនៃពិធីបុណ្យអុំទូក ត្រូវនឹងយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ មានព្រឹត្តិការណ៍រត់ជាន់គ្នានៅស្ពានពេជ្រ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៣៥៣នាក់។ ហេតុការណ៍រន្ធត់នេះ បានធ្វើឲ្យលោកនាយករដ្ឋមន្ត្រីសម្រក់ទឹកភ្នែក ក្នុងពេលឈរគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ ប៉ុន្តែមិនបានថ្លែងទទួលខុសត្រូវលើរឿងនេះទេ ក្រៅពីផ្តល់ថវិកាមួយចំនួនធំដល់សាច់ញាតិជនរងគ្រោះ។
ចំណែកអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យដឹងថា សំណុំរឿងរត់ជាន់គ្នានៅស្ពានពេជ្រ រដ្ឋាភិបាលដោះស្រាយរួចរាល់អស់ហើយ។ លោកបន្តទៀតថា សាលារាជធានីភ្នំពេញមិនលើករឿងនេះមកជជែកទៀតទេ៖ «ខ្ញុំអត់ដឹងថាមានរឿងអីទៀតត្រូវស្រាវជ្រាវបន្ថែមទេ ព្រោះរឿងនេះកើតឡើងយូរហើយ»។
ដូចគ្នានេះដែរ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថា សំណុំរឿងនេះគ្មានអ្វីស៊ើបអង្កេតផ្តល់សំណងបន្ថែមឡើយ ហើយបើអ្នកណាមិនសុខចិត្ត អាចដាក់ពាក្យមកតុលាការបាន។
ក្រោយពីការរត់ជាន់គ្នានេះដែរ សាធារណៈមតិមួយចំនួន ទាមទាររដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេប៉ូលិស អភិបាលរាជធានីភ្នំពេញដែលនៅពេលនោះ គឺលោក កែប ជុតិមា ចេញមុខទទួលខុសត្រូវ។ ជាងនេះទៅទៀត មានយុវជនម្នាក់ឈ្មោះ សួង សុភណ្ឌ បានដាក់ពាក្យប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅតុលាការ និងទាមទារឲ្យចុះចេញពីតំណែង។
ឆ្លើយរាល់ការទាមទារលើរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារមួយក្នុងក្រសួងសង្គមកិច្ច យុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៩ ខែវិច្ឆិកា បដិសេធនៃការលាលែងចេញពីតំណែង៖ «ថាយើងអសមត្ថភាពជារឿងត្រឹមត្រូវ ប៉ុន្តែអ្នកលើកឡើងឲ្យយើងលាលែងចេញពីតំណែង ខ្ញុំចង់បញ្ជាក់ទៅវិញថា ប្រធានាធិបតីអាមេរិក តើចៅហ្វាយក្រុងញីវយ៉ក លាលែងទេ នៅពេលគេព្យាករថា នឹងមានភេរវកម្មកើតឡើង»។
មន្ត្រីសង្គមស៊ីវិលរិះគន់ថា អ្នកដឹកនាំកម្ពុជា គ្មានភាពក្លាហានក្នុងការទទួលខុសត្រូវចំពោះការងារ។ ការលើកឡើងបែបនេះ ខណៈដែលមានករណីស្រដៀងគ្នាកើតឡើងនៅប្រទេសផ្សេងៗ មន្ត្រី និងអ្នកពាក់ព័ន្ធ ចេញមុខទទួលខុសត្រូវ។ ករណីជាក់ស្តែងនៅប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៤ គ្រូបង្រៀនថ្នាក់មធ្យមសិក្សាម្នាក់ឈ្មោះ លោក កាំង មិន ក្យូ (Kang Min-Gyu) បានចងកសម្លាប់ខ្លួន បន្ទាប់ពីសិស្សរបស់លោកជាង ៣០០នាក់ បានលង់ទឹកស្លាប់ក្នុងហេតុការណ៍លិចកប៉ាល់ ខណៈរូបលោក និងសិស្សរបស់លោកធ្វើដំណើរលើផ្ទៃសមុទ្រ។

ចំណែកនៅប្រទេសឥណ្ឌា វិញ កាលពីឆ្នាំ២០០០ រដ្ឋមន្ត្រីក្រសួងអយស្ម័យយាន បានលាឈប់ពីតំណែង បន្ទាប់ពីមានហេតុការណ៍រថភ្លើងដឹកអ្នកដំណើរបុកគ្នាស្លាប់មនុស្សអស់ចំនួន ៤៦នាក់ និងរបួសប្រមាណ ១៥០នាក់។ ក្នុងលិខិតលាលែងពីតំណែងជារដ្ឋមន្ត្រីក្រសួងអយស្ម័យយាន អ្នកស្រី ម៉ាម៉ាតា បេនណឺជី (Mamata Banerjee) បញ្ជាក់ថា «នៅខណៈខ្ញុំជារដ្ឋមន្ត្រីដែលមិនពាក់ព័ន្ធនឹងភារកិច្ចត្រួតមើលដំណើរប្រតិបត្តិការរថភ្លើងប្រចាំថ្ងៃក៏ដោយ ប៉ុន្តែក្នុងនាមជាមេដឹកនាំគ្រប់គ្រងបុគ្គលិកកម្មករចំនួន ១,៦លាននាក់ក្នុងក្រសួងអយស្ម័យយាន ខ្ញុំមិនអាចគេចចេញពីការទទួលខុសត្រូវនេះទេ»។
ទាក់ទងការស៊ើបអង្កេតករណីនេះវិញ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអ្នកស៊ើបអង្កេតការរត់ជាន់គ្នានៅស្ពានពេជ្រ លោក ព្រំ សុខា ឲ្យដឹងថា រឿងនេះ គណៈកម្មការស្រាវជ្រាវបានធ្វើការងារនេះរួចរាល់អស់ហើយ ដូច្នេះ គ្មានហេតុផលអ្វីដែលសិក្សាបន្ថែមទៀតទេ។ ចំពោះការទាមទារផ្សេងៗទៀត លោក ព្រំ សុខា ថា នេះជាសិទ្ធិក្នុងការលើកឡើង។ ទោះយ៉ាងនេះក្តី មន្ត្រីរដ្ឋាភិបាលរូបនេះយល់ថា ហេតុការណ៍ដែលកើតឡើងទៅហើយនេះជាមេរៀនចំពោះសមត្ថកិច្ច ដែលរៀបចំកម្មវិធីព្រឹត្តិការណ៍ធំៗអ្វីមួយ៖ «ការទាមទារបែបណាទៀតជាសិទ្ធិរបស់អ្នកលើកឡើង ប៉ុន្តែយើងបានប្រកាសជូនអស់ហើយមកដល់ម៉ោងនេះ ទាំងអស់គ្នាគ្មានអ្នកណាម្នាក់ថាមិនសោកស្ដាយទេ»។
ស្ពានពេជ្រ ជាស្ពានឆ្លងចូលទៅមជ្ឈមណ្ឌលកោះពេជ្រ។ ស្ពាននេះ មានបង្គោល ឬសសររាងជាត្បូងពេជ្រចំនួន ៤ ដែលគេបំពាក់ភ្លើងចម្រុះពណ៌ផ្សេងៗគ្នាសម្រាប់បំភ្លឺនៅពេលរាត្រីនោះ វាជាទីកន្លែងសោកនាដកម្មប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសកម្ពុជា ត្រូវបានវាយកម្ទេចចោល បន្ទាប់ពីកើតហេតុ។
ក្រុមគ្រួសារអ្នករងគ្រោះស្លាប់នៅលើស្ពាននេះមួយចំនួន បានចោទប្រកាន់ម្ចាស់ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) ចំពោះការវាយកម្ទេចស្ពាននោះចោល ថាជារឿងចង់បំបាត់ភស្តុតាងដែលមានមនុស្សស្លាប់នៅលើស្ពានពេជ្រនោះ។
នៅថ្ងៃទី២៤ ២៥ ២៦ ខែវិច្ឆិកា ខាងមុខ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នឹងប្រារព្ធជាផ្លូវការនៅរាជធានីភ្នំពេញ។ បើទោះជាមិនមានពិធីអុំទូក ប៉ុន្តែ លោក ហ៊ុន សែន បានប្រកាសឲ្យពលរដ្ឋនៅតាមបណ្ដាខេត្តចូលរួមពិធីនេះឲ្យបានកុះករ។ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ក៏ផ្ដើមបង្ហោះរូបជាន់គ្នានៅស្ពានពេជ្រ ដើម្បីរំឭកពីព្រឹត្តិការណ៍នោះបណ្ដើរៗហើយដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។