ក្រសួងការងារសន្យាជួយដោះស្រាយវិវាទការងារក្នុងក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ (Naga World) បន្ទាប់ពីមានជំនួបដាច់ដោយឡែកពីគ្នា ជាមួយតំណាងកម្មករនិយោជិក និងតំណាង ក្រុមហ៊ុនណាហ្គា វើលដ៍ នៅថ្ងៃទី៣០ ខែធ្នូ។ តំណាងកម្មករ លើកឡើងថា ប្រសិនបើគ្មានដំណោះស្រាយសមរម្យណាមួយនៅមុនថ្ងៃទី៩ ខែមករា ខាងមុខទេ កូដកម្មទ្រង់ទ្រាយធំនឹងផ្ទុះឡើង រហូតទាល់តែមានដំណោះស្រាយ។
អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្ម នៅតាមគ្រប់មុខសញ្ញានៃក្រសួងការងារ លោក ខៀវ សាវុធ លើកឡើងក្នុងកំណត់ហេតុនៃកិច្ច ប្រជុំថា លោកមានបំណងចង់ដឹងអំពីជំហរ និងការទាមទាររបស់កម្មករនិយោជិក និងឆន្ទៈដោះស្រាយរបស់ភាគីក្រុមហ៊ុន។ មន្ត្រីជាន់ខ្ពស់ក្រសួងការងាររូបនេះ ស្នើសុំឱ្យកម្មករនិយោជិក និងសហជីពអត់ធ្មត់ចូលរួមដោះស្រាយវិវាទការងារនេះដោយសន្តិវិធី ហើយលោកសន្យាថា នឹងណាត់ជួបជាមួយតំណាងកម្មករ និងតំណាងក្រុមហ៊ុន ដើម្បីប្រជុំរួមគ្នានៅដើមខែមករា ឆ្នាំ២០២០ ខាងមុខ។
ការជួបពិភាក្សា និងដោះស្រាយវិវាទការងារក្នុងក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ ជាថ្មីនេះ បន្ទាប់ពីក្រុមកម្មករ បានកំណត់ថ្ងៃធ្វើកូដកម្មទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ដើម្បីទាមទារលក្ខខណ្ឌ ៦ ចំណុចរួមមាន៖ ការឱ្យក្រុមហ៊ុនទទួលយកប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ចូលធ្វើការវិញដោយឥតលក្ខខណ្ឌ និងទូទាត់ ប្រាប់សំណងចាប់តាំងពីថ្ងៃក្រុមហ៊ុនព្យួរការងារ អនុញ្ញាតឱ្យកម្មករឈប់សម្រាក និងធ្វើការតាម គោលការណ៍ស្ម័គ្រចិត្តនៅថ្ងៃបុណ្យជាតិ បញ្ឈប់ប្រធានប្រតិបត្តិការផ្នែកកាស៊ីណូជាជនបរទេសម្នាក់ ដែលមានចរិតមិនល្អ។ ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវដំឡើងប្រាក់ឈ្នួលឱ្យបាន ៣០០ដុល្លារសម្រាប់បុគ្គលិកផ្នែកសណ្ឋាគារ និង ៥០០ដុល្លារ សម្រាប់បុគ្គលិកផ្នែកកាស៊ីណូ និងក្រុមហ៊ុន ត្រូវបង្កើតបទបញ្ញត្តិកុំឱ្យមានអំពើហិង្សា និងការបៀតបៀនផ្លូវភេទលើបុគ្គលិកស្ត្រីនៅកន្លែងការងារ ព្រមទាំងលក្ខខណ្ឌមួយចំនួនទៀត។
ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងប្រាប់អាស៊ីសេរីថា កិច្ចប្រជុំនេះមិនទាន់មានលទ្ធផលជាវិជ្ជមាន អាចឱ្យក្រុមបុគ្គលិកទទួលយកបាននៅឡើយ ដោយក្រសួង គ្រាន់តែបង្ហាញបំណងចូលរួមស្វែងរកដំណោះស្រាយជូនបុគ្គលិកប៉ុណ្ណោះ។ កញ្ញារំពឹងថា ក្រសួងនឹងមានឆន្ទៈជួយដោះស្រាយពិតប្រាកដ និងអំពាវនាវដល់ក្រុមហ៊ុនបន្ទន់ឥរិយាបថដោះស្រាយជាមួយគ្នាដោយសន្តិវិធី ដើម្បីបញ្ចៀស កុំឱ្យមានកូដកម្ម នៅថ្ងៃទី៩ ខាងមុខ៖ «ជាទូទៅខាង គ . ក . ប ចង់ដឹងអំពីជំហរនៃការទាមទាររបស់កម្មករនិយោជិកហើយយើងបានបញ្ជាក់ជំហរថា ប្រសិនបើមានដំណោះស្រាយណាមួយដែល បុគ្គលិកកម្មករទាំងអស់ គាត់អាចទទួលយកបានមុនថ្ងៃទី៩ ជាថ្ងៃកំណត់ធ្វើកូដកម្មនោះ គឺបុគ្គលិកកម្មករទាំងអស់នឹងពិចារណាថា ផ្អាក ឬបញ្ឈប់ការធ្វើកូដកម្ម ប៉ុន្តែផ្ទុយទៅវិញ បើគ្មានដំណោះស្រាយណា ដែលអាចឱ្យពួកគាត់ទទួលយកបាននៅមុនថ្ងៃទី៩ មករា ទេ គឺកូដកម្មនឹងប្រព្រឹត្តទៅតាមគម្រោង»។
ស្របពេលមន្ត្រីក្រសួងការងារកំពុងជួបជាមួយតំណាងកម្មករនោះ ក្រុមបុគ្គលិកកាស៊ីណូណាហ្គា វើលដ៍ រាប់សិបនាក់បានប្រមូលផ្តុំគ្នានៅមុខក្រសួងការងារ រង់ចាំស្ដាប់លទ្ធផល និងបង្ហាញការគាំទ្រដល់តំណាងរបស់ពួកគេ។ ការជួបជុំគ្នានេះ ពុំមានការប៉ះទង្គិច គ្នាជាមួយកម្លាំងសមត្ថកិច្ចនោះទេ។អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ការជួបប្រជុំនេះ អាចជាសញ្ញាវិជ្ជមានក្នុងការដោះ ស្រាយវិវាទការងារក្នុងក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ ព្រោះក្រសួងការងារនៅមានពេលវេលា គ្រប់គ្រាន់ក្នុងការអញ្ជើញភាគីពាក់ព័ន្ធចូលតុចរចាគ្នា។ លោក ពិនិត្យឃើញថា ការទាមទាររបស់បុគ្គលិក គឺក្រុមហ៊ុនមានលទ្ធភាពផ្តល់ជូនបាន ប្រសិនបើក្រុមហ៊ុន មានឆន្ទៈចង់ដោះស្រាយ ដោយភាពស្មោះត្រង់៖ «បើសិនក្រសួងការងារនេះ ព្យាយាមជួយសម្របសម្រួលហើយ បើសិនមានការសម្បទានណាមួយដែលសមរម្យអាចទទួលយកបាន ខ្ញុំគិតថា ដំណោះស្រាយ គឺអាចដោះស្រាយបាន ទោះបីជាមានលក្ខខណ្ឌដល់ ៦ចំណុច ប៉ុន្តែចំណុចអាទិភាពសំខាន់ៗដែលខ្ញុំមើលឃើញនោះគឺរឿងទទួលយកមេដឹកនាំសហជីពចូលធ្វើការវិញ ហើយនិងការដំឡើងប្រាក់ឈ្នួលឱ្យបុគ្គលិកកម្មករ»។
វិវាទការងារក្នុងក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ នេះ កើតឡើងចាប់តាំងពីយប់ថ្ងៃទី២០ ខែកញ្ញា បន្ទាប់ពីក្រុមហ៊ុនបានព្យួរការងារប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ។ ការព្យួរការងារនេះ ដោយសារតែស្ត្រីសហជីពវ័យក្មេងរូបនេះ បានតាមសួរនាំហេតុផលរឿងសន្តិសុខក្រុមហ៊ុន ឆែកកាបូបបុគ្គលិកម្នាក់ ហើយបានឃើញ និងបានដកហូតអាវយឺតដែលមានសរសេរថា «ក្រុមហ៊ុនរីកចម្រើន បុគ្គលិកត្រូវការប្រាក់ខែរស់នៅសមរម្យ»។ ក្រុមហ៊ុនចោទកញ្ញាថា ជាមេខ្លោងនាំបុគ្គលិកពាក់អាវយឺតធ្វើយុទ្ធនាការទាមទារប្រាក់ឈ្នួល។
ក្រុមសង្គមស៊ីវិល ជាង ២០ស្ថាប័ន បានចាត់ទុកទង្វើរបស់ក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ នេះថា ជារឿងគ្មានមូលដ្ឋានច្បាប់ និងអយុត្តិធម៌។ ក្រុមសង្គមស៊ីវិលពិនិត្យឃើញថា កញ្ញា ឈឹម ស៊ីថរ គ្រាន់តែប្រើប្រាស់សិទ្ធិជាមូលដ្ឋាន និងប្រកបដោយវិជ្ជាជីវៈឯករាជ្យតំណាងឱ្យកម្មករជាង ៤ពាន់នាក់ ទាមទារឱ្យមានលក្ខខណ្ឌការងារល្អប្រសើរ និងដំឡើងប្រាក់ឈ្នួលសមរម្យសម្រាប់បុគ្គលិក ណាហ្គា វើលដ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។