ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ក្រោយ​ពី​សន្តិសុខ​ខណ្ឌ ៧មករា ចាប់​គ្រវាត់​ផ្ទប់​នឹង​ថ្នល់​កៅស៊ូ

0:00 / 0:00

ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​បាន​រង​របួស ក្នុង​នោះ​ម្នាក់​របួស​ធ្ងន់​រហូត​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នៅ​ព្រឹក​ថ្ងៃ​ទី៤ ខែកញ្ញា​នេះ ដោយសារ​អាជ្ញាធរ​ខណ្ឌ ៧មករា បាន​ប្រើ​ហិង្សា​ពេល​ពួកគាត់​តវ៉ា​ស្វែងរក​យុត្តិធម៌​ឱ្យ​ប្ដី នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ។

ស្ត្រី​រងគ្រោះ​ដែល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នោះ គឺ​លោកស្រី សេង ចាន់ថន ជា​ប្រពន្ធ​របស់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុន ធន់។

លោកស្រី​ត្រូវ​បាន​កង​សន្តិសុខ​ខណ្ឌ ៧មករា​ម្នាក់ ក្នុង​ចំណោម​សន្តិសុខ និង​ប៉ូលិស​ប្រមាណ ៤០នាក់ ដែល​បង្ក្រាប​ក្រុម​អ្នក​តវ៉ា បាន​ចាប់​លោកស្រី​បោក​ផ្ដួល​ទៅ​លើ​ថ្នល់​កៅស៊ូ បណ្ដាល​ឱ្យ​លោកស្រី​ដួល​នៅ​ម្ខាង​ផ្លូវ​មុខ​តុលាការ​ក្រុង​ភ្នំពេញ។

ប្រពន្ធ​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក កាក់ កុម្ភារ គឺ​លោកស្រី ព្រុំ ចាន់ថា ថ្លែង​ថា ក្នុង​ពេល​ប៉ះទង្គិច​នោះ​បណ្ដាល​ឲ្យ​លោកស្រី សេង ចាន់ថន ដួល​ផ្ទប់​ទៅ​លើ​ថ្នល់​ឈឺ​ចុក​ចាប់​នៅ​ក្នុង​រាងកាយ​យ៉ាង​ខ្លាំង។ លោកស្រី​ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​ប៉ុនប៉ង​សម្លាប់​ពួក​លោកស្រី ដែល​ជា​ស្ត្រី​ទន់​ខ្សោយ ដើម្បី​បិទ​មាត់​កុំ​ឱ្យ​តវ៉ា​នៅ​ថ្ងៃ​ក្រោយ​ទៀត។ លោកស្រី​បញ្ជាក់​ថា ពួក​លោកស្រី​ប្រមាណ ២០នាក់ ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង​ប្ដី​របស់​លោកស្រី និង​អ្នក​ទោស​មនសិការ​ទាំង​អស់ ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ដោយ​អយុត្តិធម៌​ឱ្យ​មាន​សេរីភាព​វិញ៖ « វា​ពិតជា​សាហាវ​ឃោរឃៅ​បំផុត រឿង​អី​ពួក​ខ្ញុំ​ជា​ស្ត្រី​ទន់​ខ្សោយ បាតដៃ​ទទេ អត់​មាន​ស្អី​ត្រូវ​តប​ត​ជាមួយ​ពួក​គាត់ ហើយ​ពួក​គាត់​រុញ​ពួក​ខ្ញុំ​ដូច​សត្វ​ដូច​ធាតុ។ និយាយ​ទៅ​រុញ​ចាប់​បោក​ចាប់​បោះ​ទាញ​គ្រវែង​យក​តែ​ម្ដង។ ខ្ញុំ​ខ្លោចចិត្ត​ណាស់​ដែល​ខ្មែរ​ធ្វើបាប​ខ្មែរ​ដែល​ទឹកដី​ដែល​គេ​យក​អស់​មិនទៅ​ការពារ​មក​សម្លាប់​តែ​ខ្មែរ​គ្នា​ឯង​យូរ​មក​ការពារ​ស្ត្រី​ដែល​បញ្ចេញមតិ​ទាមទារ​ឱ្យ​ដោះ​លែង​ប្ដី​ក៏​មិន​បាន »

ការ​តវ៉ា​លើក​នេះ ក្រៅ​ពី​លោកស្រី សេង ចាន់ថន ដែល​រង​របួស​ធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ ក៏​មាន​ស្ត្រី ៥នាក់​ទៀត​របួស​ស្រាល ដោយ​ពួក​គាត់​ត្រូវ​បាន​ក្រុម​សន្តិសុខ​ក្ដិច និង​ទាត់​ធាក់​រលាត់​ដៃ និង​ជើង​ចេញ​ឈាម។

រូបភាព និង​វីដេអូ​ស្ដីពី​ការ​បង្ក្រាប​ដោយ​ហិង្សា​នេះ ត្រូវ​បាន​អ្នក​សារ​ព័ត៌មាន និង​ក្រុម​ពលរដ្ឋ បង្ហោះ​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម ក៏ប៉ុន្តែ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅ​តែ​ចេញ​មុខ​បដិសេធ​ដដែល។

អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា ប្រាប់​អាស៊ី​សេរី​ថា រឿង​នេះ​គឺ​ជា​ការ​រុញច្រាន​គ្នា​ទៅ​វិញ​ទៅ​មក​របស់​ក្រុម​អ្នក​តវ៉ា និង​កង​សន្តិសុខ​ដោយ​អាជ្ញាធរ​មិន​បាន​ប្រើ​ហិង្សា​លើ​ក្រុម​ស្ត្រី​ទាំង​នោះ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​អាជ្ញាធរ​រារាំង​មិន​ឱ្យ​តវ៉ា​ដោយសារ​ក្រុម​ស្ត្រី​ទាំង​នោះ​ធ្វើ​បាតុកម្ម​ដោយ​ខុស​ច្បាប់ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា តើ​ខុស​ច្បាប់​អ្វី​នោះ​ទេ ស្រប​ពេល​រដ្ឋធម្មនុញ្ញ​ធានា​ពី​សិទ្ធិ​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​របស់​ពលរដ្ឋ៖ « បញ្ហា​សំខាន់​សមត្ថកិច្ច ឬ​ក៏​អាជ្ញាធរ គឺ​ត្រឹមតែ​ការពារ​ទីតាំង ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា ឬ​ក៏​ការពារ​សណ្ដាប់ធ្នាប់​តែ​ប៉ុណ្ណឹង​ទេ។ មួយ​ទៀត​ទាក់ទង​ទៅ​ហ្នឹង​ការ​អនុញ្ញាត​និង​ការ​ស្រាយ​កាន់​បដា​អី​ផ្សេងៗ ចាំបាច់​បំផុត​គឺ​ត្រូវការ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី ជាពិសេស គឺ​សាលា​រាជធានី​ភ្នំពេញ »

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ការ​តវ៉ា​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង​ជន​ណា​ម្នាក់​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ស្របតាម​រដ្ឋធម្មនុញ្ញ និង​មិនមែន​ជា​ការ​ខុស​ច្បាប់​ឡើយ។ លោក​ចាត់​ទុក​ការ​បង្ក្រាប​ដោយ​ហិង្សា​នេះ​ថា ជា​ការរំលោភ​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ពលរដ្ឋ​ដោយ​ខុស​ច្បាប់៖ « អ្វី​ដែល​យើង​បាន​មើល​ឃើញ​នេះ គឺ​ជា​ការ​ប្រើប្រាស់​នូវ​កម្លាំង​មួយ​ដែល​មិន​សម​ហេតុផល ចំពោះ​ការ​បង្ក្រាប​ទៅលើ​អ្នក​តវ៉ា។ ខ្ញុំ​និយាយ​ថា​អាច​ជា​ចេតនា​ដែល​បង្ក​ឱ្យ​មាន​ជា​បញ្ហា​ភិតភ័យ​ឬក៏​រងគ្រោះ​ទៅដល់​អ្នក​តវ៉ា ដូច្នេះ​នេះ​ជា​អំពើ​មួយ​ដែល​មិន​ស្រប​ទៅ​ហ្នឹង​គោលការណ៍​ច្បាប់​ទេ មិនមែន​ដើម្បី​ឱ្យ​មាន​សន្តិសុខ សន្តិភាព​និង​ស្ថិរភាព​សង្គម​អី​ទេ »

ក្រោយ​ការ​តវ៉ា​ក្រុម​បាតុករ​មួយ​ចំនួន​បាន​ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ដើម្បី​ឱ្យ​ព្យាបាល​របួស​ហើយ​មួយ​ចំនួន​ទៀត​ទៅ​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ដល់​ពួក​គាត់។ មន្ត្រីទូត​អាល្លឺម៉ង់​អនុញ្ញាត​ឱ្យ​តំណាង​អ្នក​តវ៉ា ៥នាក់​ចូល​ជួប ហើយ​សន្យា​ថា នឹង​តាមដាន​រឿង​នេះ​ឲ្យអស់​ពី​លទ្ធភាព។

ប្រពន្ធ​លោក ស៊ុន ធន់ គឺ​លោកស្រី សេង ចាន់ថន បាន​ឲ្យ​ដឹង​នៅ​មុន​ការ​ផ្សាយ​បន្តិច​ថា គ្រូពេទ្យ​ទើប​បាន​អនុញ្ញាត​ឲ្យ​គាត់​ចេញ​ពី​មន្ទីរពេទ្យ​វិញ​ហើយ។ ស្ថានភាព​សុខភាព​លោកស្រី​មាន​ភាព​ប្រសើរ​ខ្លះ ដោយ​នៅ​ហើម​ពក​កែងដៃ​ស្មា និង​នៅ​ឈឺ​ចុកចាប់​ទ្រូង ដោយ​គ្រូពេទ្យ​ឆ្លុះ​ឃើញ​គ្រាំ​ខាង​ក្នុង។ លោកស្រី​ថា គ្រោះថ្នាក់​នេះ​បណ្ដាល​មក​ពី​សន្តិសុខ​ម្នាក់​ចាប់​បោក​លោកស្រី​ទាំង​ជំហរ៖ « ខ្ញុំ​ឈរ​ក្រោយ​គេ​ទេ អត់​បាន​ទៅ​រុញច្រាន​ជាមួយ​គេ​ទេ​ព្រោះ​កម្លាំង​ខ្ញុំ​ខ្សោយ​ខ្ញុំ​អត់​ហ៊ាន​ទៅ​មុខ​ទេ​ ​ស្រាប់តែ​សន្តិសុខ​មួយ​នោះ​ចាប់​ខ្ញុំ​បោក​បុក​កែងដៃ​ខ្ញុំ​ផ្ទប់​នឹង​ដី​ហ្មង​ទៅ​ទាំង​ជំហរ​អត់​មាន​ទប់​អី​បាន​ ​ទៅ​វឹង​ហ្មង​អត់មាន​ទប់​អី​បាន​អត់​ដឹងខ្លួន​ហ្មង »

ក្រុម​ស្ត្រី​ទាំងនេះ​បាន​ចេញ​តវ៉ា​ជា​រៀងរាល់​សប្ដាហ៍ ដោយសារ​ពួកគាត់​មិន​ពេញ​ចិត្ត ចំពោះ​អាជ្ញាធរ​ចាប់​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ចំនួន ២៣នាក់​ដាក់​ពន្ធនាគារ​ព្រៃ​ស​តាម​អំពើ​ចិត្ត។ តុលាការ​បាន​ចោទ​ប្រកាន់​អ្នក​ទាំង ២៣នាក់ ពី​បទ​រួមគំនិត​ក្បត់​ញុះញង់​ឲ្យ​យោធិន​មិន​ស្ដាប់​បង្គាប់​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គម និង​ពី​បទ​ប្រមាថ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល។ ប្រពន្ធ និង​កូន​សកម្មជន​បក្ស​ប្រឆាំង​ទាំង​នោះ ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ​ថា ជា​រឿង​អយុត្តិធម៌​ធ្វើ​បាប​ពលរដ្ឋ​ស្លូត​ត្រង់។ ពួកគាត់​គ្រោង​ប្រមូល​គ្នា​តវ៉ា​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​ក្រោយ​ទៀត ហើយ​ប្ដេជ្ញា​តវ៉ា​ជា​បន្ត​បន្ទាប់​រហូត​មាន​ដំណោះ​ស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។