រយៈពេលពីរថ្ងៃជាប់ៗគ្នាមកហើយ កម្លាំងប៉ូលិសអន្តោប្រវេសន៍ស្នាក់ការកណ្ដាលនៃច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប បានបើកប្រតិបត្តិការចុះចាប់ខ្លួនជនអន្តោប្រវេសន៍វៀតណាម ខុសច្បាប់ចំនួន ២១នាក់។
មន្ត្រីប៉ូលិសអន្តោប្រវេសន៍នោះឲ្យដឹងថា ក្នុងចំណោមជនអន្តោប្រវេសន៍វៀតណាម ដែលគេចាប់ខ្លួន ២១នាក់នោះ គឺ ១៩នាក់នឹងអាចទទួលការផាកពិន័យជាទឹកប្រាក់ ៥០ម៉ឺនរៀលក្នុងម្នាក់ៗពីបទចូលមកធ្វើការងារដោយគ្មានប័ណ្ណអនុញ្ញាតត្រឹមត្រូវ។
ប៉ូលិសអន្តោប្រវេសន៍នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីប្រចាំស្នាក់ការកណ្ដាលនៃច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប គ្រោងនឹងបញ្ជូនជនអន្តោប្រវេសន៍វៀតណាម ខុសច្បាប់ចំនួន ២១នាក់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ទីក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែសីហា។
ការសម្រេចបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះ បានធ្វើឡើងបន្ទាប់ពីប៉ូលិសបានបើកប្រតិបត្តិការឆែកឆេរ ហើយចាប់ខ្លួនមនុស្សចំនួន ២១នាក់នៅតាមផ្ទះជួល និងកន្លែងធ្វើការមួយចំនួនក្នុងទីក្រុងសៀមរាប។
អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីរបស់ស្នាក់ការកណ្ដាលនៃនគរបាលអន្តោប្រវេសន៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប គឺលោកឧត្តមសេនីយ៍ត្រី ប៉ូ សេងលាង។ លោកមានប្រសាសន៍កាលពីព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហា ថា ពេញមួយថ្ងៃទី១៥ រហូតដល់ព្រឹកថ្ងៃទី១៦ ខែសីហា គឺកម្លាំងរបស់លោកបានប្រមូលជនអន្តោប្រវេសន៍វៀតណាម ខុសច្បាប់ចំនួន ២១នាក់ពីកន្លែងចំនួនពីរផ្សេងគ្នា។ លោក ប៉ូ សេងលាង បញ្ជាក់ថា ជនអន្តោប្រវេសន៍ទាំង ២១នាក់នេះ គឺបានមកស្នាក់នៅខុសច្បាប់ក្នុងទឹកដីខេត្តសៀមរាប៖ « គាត់ ឆ្លងដែន មក គឺ មិនមាន ឯកសារអីទេ មានតែ អត្តសញ្ញាណប័ណ្ណចេញដោយអាជ្ញាធរវៀតណាម មិនមាន លិខិតឆ្លងដែន និងទិដ្ឋាការ អីត្រឹមត្រូវទេ »។
មន្ត្រីប៉ូលិសទទួលស្គាល់ថា ក្នុងចំណោមជនអន្តោប្រវេសន៍វៀតណាម ខុសច្បាប់ចំនួន ២១នាក់នោះ គឺមានខ្លះជាខ្មែរក្រោមដែលមានអត្តសញ្ញាណប័ណ្ណចេញដោយអាជ្ញាធរវៀតណាម ព្រមទាំងបញ្ជាក់ថាជនជាតិខ្មែរផង។
ទោះបីជាយ៉ាងណា មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប បញ្ជាក់ថា គេនឹងបញ្ជូនខ្មែរក្រោមមួយចំនួននោះទៅទីក្រុងភ្នំពេញ ដើម្បីឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ពិនិត្យអត្តសញ្ញាណបន្ថែម មុននឹងសម្រេចដោះលែង ឬក៏យ៉ាងណានោះ។
មន្ត្រីគម្រោងសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិជនជាតិភាគតិច លោក សឺន ជុំសុធន មានប្រសាសន៍ថា លោកអបអរសាទរចំពោះសមត្ថកិច្ចរបស់រដ្ឋាភិបាល ដែលចាត់វិធានការទៅលើជនអន្តោប្រវេសន៍ដែលស្នាក់នៅលើទឹកដីខ្មែរខុសច្បាប់ ក៏ប៉ុន្តែលោកស្នើសុំឲ្យសមត្ថកិច្ច កុំធ្វើបាបខ្មែរក្រោមមួយចំនួនដែលកំពុងស្ថិតក្នុងចំណោមជនជាតិវៀតណាម ទាំងនោះ។ លោក សឺន ជុំសុធន អំពាវនាវឲ្យនគរបាលអន្តោប្រវេសន៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប គួរតែដោះលែងខ្មែរក្រោមមួយចំនួនឲ្យមានសេរីភាពវិញ៖ « ខ្ញុំ គិតថា ប្រសិនបើ គាត់ជាខ្មែរកម្ពុជាក្រោម ក្រសួងគួរតែដោះលែងគាត់ឲ្យមានសេរីភាពវិញ កុំ បញ្ជូនទៅ ភ្នំពេញ ឬក៏ ត្រឡប់ទៅវៀតណាម អី »។
មន្ត្រីនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីរបស់ស្នាក់ការកណ្ដាលនៃនគរបាលអន្តោប្រវេសន៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ឲ្យដឹងថា ចាប់តាំងតែពីអំឡុងខែធ្នូ ឆ្នាំ២០១៥ រហូតមកដល់ពេលនេះ គេបានចុះប្រតិបត្តិការចាប់ខ្លួនជនអន្តោប្រវេសន៍វៀតណាម ខុសច្បាប់ចំនួន ៧គោលដៅមកហើយ។ ក្នុងការងារនោះ គឺគេបានចាប់ខ្លួនជនអន្តោប្រវេសន៍វៀតណាម ខុសច្បាប់ចំនួនជាង ៣០នាក់ ហើយបានបណ្ដេញចេញពីកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។