កំណើនខ្លាំងនៃចំនួនជនជាតិចិននៅខេត្តព្រះសីហនុក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ បានធ្វើឲ្យតម្លៃអចលនទ្រព្យក្នុងខេត្តនេះឡើងថ្លៃយ៉ាងគំហុក។ ពលរដ្ឋខ្លះដែលមានដីធ្លី ឬផ្ទះសម្បែងនៅទីនោះសប្បាយរីករាយ នៅពេលពួកគាត់អាចជួលទ្រព្យសម្បត្តិទាំងនោះទៅឲ្យជនជាតិចិនបានថ្លៃ។ ប៉ុន្តែទន្ទឹមនឹងផលចំណេញទាំងនោះ ពលរដ្ឋក្រីក្រជាច្រើនដែលប្រកបរបរក្នុងខេត្តនេះ កំពុងប្រឈមនឹងការបាត់បង់សិទ្ធិលំនៅឋានសមរម្យ។
កាលពីខែតុលា ឆ្នាំ២០១៨ លោក ម៉ូ សុភ័ក្ត្រ វ័យ ៣១ឆ្នាំ បានចាកចេញពីស្រុកកំណើតក្នុងខេត្តត្បូងឃ្មុំមកប្រកបរបររត់ម៉ូតូកង់បីនៅខេត្តព្រះសីហនុ ដោយជួលបន្ទប់មួយធ្វើពីស័ង្កសី ស្ថិតនៅតំបន់ជាយក្រុង។ លោក សុភ័ក្ត្រ ឲ្យដឹងថា មុនការមកដល់យ៉ាងគំហុកនៃជនជាតិចិន ផ្ទះស័ង្កសីនេះធ្លាប់តែមានតម្លៃតែ ២០ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ តែក្រោយពេលមានជនជាតិចិនមករស់នៅច្រើន ម្ចាស់ផ្ទះបានទារឡើងថ្លៃរហូតដល់ ៧០ដុល្លារ។
ខណៈអង្គុយរង់ចាំភ្ញៀវនៅខាងមុខផ្សារលើ លោក សុភ័ក្ត្រ ប្រាប់អាស៊ីសេរីថា ការរកបន្ទប់ជួលដែលមានតម្លៃសមរម្យ ក្នុងខេត្តព្រះសីហនុនៅពេលបច្ចុប្បន្ន មានការលំបាកយ៉ាងខ្លាំងសម្រាប់អ្នកចំណាកស្រុកដូចរូបលោក៖ « ពីមុនវាមាន ៣០អី ជួល តែឥលូវអត់មានទេ មានសុទ្ធតែ ១០០ជាង។ យ៉ាងតិច ១២០ (ដុល្លារ)។ …ផ្លូវនៅតាមផ្សារ អត់មានទេ សុទ្ធតែ ៤០០ មួយបន្ទប់ៗ នៅក្រោយៗ ផ្សារអី ៤០០ » ។
តួលេខផ្លូវការបង្ហាញថា មានជនជាតិចិនប្រមាណ ៧ម៉ឺន ៨ពាន់នាក់ កំពុងរស់នៅក្នុងខេត្តព្រះសីហនុ ក្នុងនោះមានតែប្រមាណ ២ម៉ឺននាក់ប៉ុណ្ណោះ ដែលមានប័ណ្ណការងារ។ លំហូរនៃការវិនិយោគរបស់ជនជាតិចិននៅខេត្តព្រះសីហនុ ជាពិសេស ក្នុងវិស័យកាស៊ីណូ បានទាក់ទាញពលរដ្ឋខ្មែរជាច្រើនពីបណ្ដាខេត្តផ្សេងៗ មកប្រកបរបរក្នុងខេត្តនេះ។
ដោយសារពលរដ្ឋក្នុងបណ្ដាខេត្តនានា នាំគ្នាសម្រុកមកខេត្តជាប់សមុទ្រមួយនេះ ទីផ្សារនៃអ្នកប្រកបរបររត់រ៉ឺម៉ក (Remorque) ដឹកភ្ញៀវទេសចរ ក៏កាន់តែប្រកួតប្រជែងគ្នាខ្លាំង ក្នុងនោះពួកគាត់ក៏ត្រូវប្រជែងជាមួយនឹងអ្នករត់រ៉ឺម៉កជាជនជាតិចិនមួយចំនួនតូចផងដែរ។
អ្នករត់រ៉ឺម៉កមួយចំនួន រួមទាំងលោក ម៉ូ សុភ័ក្រ្ត ផង លើកឡើងថា ប្រាក់ចំណូលរបស់ពួកគាត់បានធ្លាក់ចុះ បើធៀបនឹងពេលមិនទាន់មានអ្នករត់រ៉ឺម៉កទេសចរណ៍ច្រើនដូចពេលនេះ៖ « វាពិបាកដែរបង។ វារកអត់សល់។ ផ្ទះក៏ថ្លៃ ហើយម្ហូបអាហារអីក៏វាថ្លៃ។ អ៊ីចឹងអត់សល់ទេ។ ហើយរបស់យើងសុទ្ធតែបង់រំលោះទៀត មិនមែនមានលុយទិញដាច់ឯណា។ ខ្ញុំមកបានកន្លះឆ្នាំហើយ តែមកដំបូងរកបានគួរសមដែរ ដល់ពេលឥឡូវ PassApp បុកចូលច្រើន។ កាលខ្ញុំមកដំបូងរត់កង់បីខ្មែរដែរហ្នឹង ហើយដើររកផ្ទះជួល ដើររក ទម្រាំបានអា៥០រៀលនៅចុង នៅជាយព្រៃ ហើយទឹកទិញគេទៀត។ ទឹក១ពាង៥ពាន់ ហើយមួយថ្ងៃប្រើមួយពាង » ។
ដើម្បីសម្រាលថ្លៃចំណាយ លោកត្រូវចែករំលែកផ្ទះស័ង្កសីនេះ ជាមួយសាច់ញាតិមួយគ្រួសារទៀត។ ភរិយាលោក ម៉ូ សុភ័ក្ត្រ គឺអ្នកស្រី សួស ដាវី វ័យ ២៥ឆ្នាំ ដែលទើបសម្រាលកូនបាន ៤ខែ មានប្រសាសន៍ថា ដោយសារផ្ទះដែលមានគុណភាពសមរម្យសុទ្ធតែមានតម្លៃថ្លៃ ហួសពីសមត្ថភាព របស់គ្រួសារអ្នកស្រី ទើបសម្រេចចិត្តរស់នៅក្នុងផ្ទះស័ង្កសីនេះជាមួយនឹងសាច់ញាតិមួយគ្រួសារទៀត៖ « និយាយទៅ តែផ្ទះឡើងថ្លៃ ឡើងអី យើងក៏គ្មានសមត្ថភាពឯណាជួលនៅដែរ បានតែជួលនៅផ្ទះថោកៗ អីអ៊ីចឹងទៅ។ បើនៅលើៗ សុទ្ធតែមួយខែ ១៥០ - ២០០ យើងមានលុយណាជួលនៅ ខ្លាចស្ទុះវាមិនរួច។ បើមុនៗ គ្រាន់រកបាន ឥឡូវតែចិនវាសម្រុកមកខ្លាំង ខ្មែរយើងសម្រុកមករកច្រើនដែរ។ ដល់អ៊ីចឹង ប្ដីខ្ញុំរកកាន់តែចុះខ្សោយ។ មកដំបូងយើងរកបានមួយថ្ងៃជួនកាល ៦០ - ៧០ ឥឡូវ ៣០អីហ្នឹងយើងតឹងណាស់ » ។
ប៉ុន្តែសម្រាប់ពលរដ្ឋមួយចំនួន ដែលជាម្ចាស់អចលនទ្រព្យក្នុងខេត្តព្រះសីហនុ កំណើនដ៏ខ្លាំងក្លានៃជនជាតិចិនក្នុងខេត្តនេះ បានជួយបង្កើនប្រាក់ចំណូលរបស់ពួកគាត់យ៉ាងឆាប់រហ័ស។
ម្ចាស់ផ្ទះល្វែងមួយកន្លែងក្នុងខេត្តព្រះសីហនុ ដែលសុំមិនបង្ហាញអត្តសញ្ញាណ ឲ្យដឹងថា ចាប់តាំងពីចុងឆ្នាំ២០១៨ មក តម្លៃផ្ទះជួលបានចាប់ផ្ដើមឡើងថ្លៃយ៉ាងគំហុក។ អ្នកស្រីប្រាប់ថា ផ្ទះពីរល្វែងរបស់អ្នកស្រី ដែលមាន៦បន្ទប់ ស្ថិតនៅតាមផ្លូវតូច នៅម្ដុំឃ្លាំងលើ ធ្លាប់ជួលឲ្យភ្ញៀវបរទេសជនជាតិផ្សេងក្នុងតម្លៃ មួយល្វែង ៣០០ដុល្លារក្នុងមួយខែ។ តែបច្ចុប្បន្នអ្នកស្រីអាចជួលឲ្យជនជាតិចិនបានរហូតដល់ ២.៥០០ដុល្លារក្នុងមួយខែ។
ទោះយ៉ាងណា អ្នកស្រីក៏មើលឃើញពីផលប៉ះពាល់នៃកំណើននេះដល់ពលរដ្ឋក្រីក្រដែលមិនមានផ្ទះសម្បែងក្នុងខេត្តព្រះសីហនុផងដែរ៖ « ព្រោះអីគ្នាធ្លាប់ជួលផ្ទះ អាមួយបន្ទប់ ៥០ - ៦០អីអ៊ីចឹង ចិនទៅដេញថ្លៃឲ្យបន្ទប់ដល់៣០០អីក៏មានដែរ។ អាជួលតូបក្នុងផ្សារអីហ្នឹង ចិនជួលយកឡើងចង់អស់ហើយ ផ្សារលើហ្នឹង។ កន្លែងអ្នកលក់បន្លែកកូរមួយនោះ ហ្នឹងគាត់ថា ជួលបានមួយខែ ៣ពាន់ ថ្លៃជាងផ្ទះទៀតណា៎ » ។
អ្នករត់រ៉ឺម៉កទេសចរណ៍ម្នាក់ឈ្មោះ ជួប និន អាយុ ៣៦ឆ្នាំ ដែលតែងតែសម្រាន្តលើរ៉ឺម៉កនៅពេលយប់ តាមផ្លូវឆ្នេរអូរឈើទាល ប្រាប់អាស៊ីសេរីថា ការស្នាក់នៅលើរ៉ឺម៉កបែបនេះ ប៉ះពាល់ដល់សុខភាព និង ធ្វើឲ្យលោកព្រួយបារម្ភពីបញ្ហាសន្តិសុខ ប៉ុន្តែលោកគ្មានជម្រើសផ្សេងឡើយ៖ « មានមូសខាំ រមាស់ ឬមួយផ្ដាសាយ ផ្ដាអី ត្រូវទឹកភ្លៀងត្រូវអីអ៊ីចឹង ហើយណាមួយយើងអត់បានគេងលក់ស្រួលដូចគេ។ ឧទាហរណ៍ដូចថា ក្នុងមួយយប់អ៊ីចឹង បាន ២ម៉ោង ១ម៉ោងអ៊ីចឹងទៅ បើមានអ៊ីចឹង ដឹកទល់ៗ ភ្លឺ បើគ្មានភ្ញៀវ យើងបានតម្រង់ខ្នងតម្រង់អីលើតុកតុកហ្នឹងបាន ១ម៉ោងអ៊ីចឹងទៅ។ អារឿងចុកចង្កេះ ចុកអី តែយើង… ដឹងស្រាប់ហើយ អាលើគ្រែវាស្រួលជាងអង្រឹងបង។ និយាយពីមូស មូសខាំណាស់ មូសខាំដៃឡើងក្រហមអស់ហើយ។ ធ្វើម៉េចបើយើងក្រ គេមានគេដេកសុទ្ធតែម៉ាស៊ីនត្រជាក់ស្រួល » ។
លោកបានចាកចេញពីស្រុកកំណើតក្នុងខេត្តតាកែវ មកប្រកបរបររត់រ៉ឺម៉កទេសចរណ៍នៅខេត្តព្រះសីហនុអស់ជាង១ឆ្នាំមកហើយ។ ទោះបីនៅខេត្តព្រះសីហនុ លោកអាចរកប្រាក់ចំណូលបានច្រើនជាងនៅស្រុកកំណើតទ្វេដងក៏ដោយ ក៏នៅតែមិនមានលទ្ធភាពជួលបន្ទប់សមរម្យមួយរស់នៅបាន។ រាល់ថ្ងៃលោក ជួប និន ត្រូវងូតនៅតាមបន្ទប់ទឹកសាធារណៈ ដែលត្រូវចំណាយយ៉ាងតិច១៥០០រៀលរាល់ពេលងូតទឹកម្ដង៖ « ខ្មែរយើង មិនដូចចិនគេមានលុយមានកាក់ហ្នឹង។ ហើយខ្មែរយើងមានលុយមានកាក់ឯណាមករកស៊ីរាល់ថ្ងៃ ធ្វើតែខ្ញុំចិនហ្នឹង។ យើងមិនបានទៅធ្វើថៅកែចិនឯណា។ អ៊ីចឹងខ្ញុំសំណូមពរឲ្យចុះផ្ទះជួលផ្ទះអីហ្នឹងឲ្យរៀងចុះថោកបន្តិចទៅ » ។
នៅតាមដងផ្លូវស្ទើរតែគ្រប់ច្រកល្ហកក្នុងក្រុងព្រះសីហនុ ពោរពេញដោយការប្រកាសលក់ ឬជួល ដី និងអគារផ្សេងៗ មិនថា ផ្លូវតូច ឬ ផ្លូវធំ ក្នុងក្រុង ឬ ជាយក្រុង។
សូម្បីដីផ្ទះស័ង្កសី ដែលគ្រួសាររបស់លោក សុភ័ក្រ្ត អ្នករត់ម៉ូតូកង់បីមកពីខេត្តត្បូងឃ្មុំ កំពុងរស់នៅសព្វថ្ងៃ ក៏កំពុងត្រូវបានម្ចាស់ប្រកាសលក់ផងដែរ។ ការណ៍នេះ កំពុងធ្វើឲ្យលោក និងគ្រួសារខ្វល់ខ្វាយ មិនដឹងថាត្រូវទៅរកផ្ទះជួលនៅទីណាទៀត ប្រសិនបើម្ចាស់ផ្ទះឈប់ជួលឲ្យលោករស់នៅតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។