កម្លាំងនគរបាលខេត្តក្រចេះ បានចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីសម្លាប់អ្នកកាសែតមួយរូប ឈ្មោះ ស៊ន សិទ្ធិ នៅឃុំ២ធ្នូ ស្រុកស្នួល កាលពីអាធ្រាត្រ យប់ថ្ងៃទី៣ ខែកុម្ភៈ។
មន្ត្រីនគរបាលខេត្តក្រចេះ បានប្រាប់កាសែតក្នុងស្រុក កាលពីថ្ងៃសុក្រ ទី៨ កុម្ភៈ ថា ជនសង្ស័យឈ្មោះ វ៉ន វិញ អាយុ១៩ ឆ្នាំ ដែលសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែកុម្ភៈ បានសារភាពថា ខ្លួននិងបក្ខពួក ៣នាក់ទៀត រួមមានឈ្មោះ លឹម សុខគង់ និង រឹត សីហា អាយុ ២១ឆ្នាំ ដូចគ្នា និងឈ្មោះរដ្ឋា អាយុ១៧ ឆ្នាំ បានធ្វើសកម្មភាពវាយស្ទាក់ជនរងគ្រោះ។
ជនសង្ស័យដែលចាប់ខ្លួនបាននោះ រៀបរាប់ថា រឹត សីហា និងលឹម សុខគង់ គឺជាអ្នកយកដុំថ្ម គប់លើជនរងគ្រោះ បណ្ដាលឱ្យធ្លាក់ពីលើម៉ូតូស្លាប់នៅកន្លែងកើតហេតុ នៅចំណុចផ្លូវបំបែក៨៨ ភូមិជើងឃ្លេ ឃុំ២ធ្នូ។ ក៏ប៉ុន្តែពួកគេ ពុំបានដឹងថា ជនរងគ្រោះស្លាប់នោះទេ រហូតដល់ព្រឹកឡើងទើបបានដឹង។ ជនសង្ស័យ វ៉ន វិញ បន្តថា ក្រោយធ្វើសកម្មភាពរួច ពួកគេក៏បានហៅយុវជនឈ្មោះរដ្ឋា មកឌុបឈ្មោះ រឹត សីហា ចំណែកឯ វ៉ន វិញ ខ្លួនឯង ក៏បានជិះម៉ូតូ ជាមួយ លឹម សុខគង់ ត្រឡប់ទៅផ្ទះវិញ។
មន្ត្រីនគរបាលសន្និដ្ឋានថា ការសម្លាប់ជនរងគ្រោះ ដែលបម្រើការងារនៅអង្គភាពបាត់ដំបងប៉ុស្តិ៍នេះ គឺអាចបណ្ដាលមកពីគំនុំផ្ទាល់ខ្លួន។
អាស៊ីសេរី មិនទាន់អាចទាក់ទងសមត្ថកិច្ចនៅខេត្តក្រចេះ ដើម្បីសុំការបំភ្លឺបន្ថែមជុំវិញរឿងនេះបាន នៅឡើយទេ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីសាកសួរបន្ថែម និងកសាងសំណុំរឿង ទៅការិយាល័យជំនាញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។