អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​ជនជាតិ​ចិន ៩នាក់ ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន

0:00 / 0:00

សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន បង្ក្រាប​ឧក្រិដ្ឋជន​ជនជាតិចិន ៩នាក់​ ពាក់ព័ន្ធ​នឹង​ការ​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​ជិត ៣៥០គីឡូ​ក្រាម។ មន្ត្រី​សង្គម​ស៊ីវិល​ ជំរុញ​ដល់​អាជ្ញាធរ​បើក​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ ដើម្បី​ស្វែងរក​អ្នក​ពាក់ព័ន្ធ​មក​ដាក់ទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​ទៅ​តាម​ច្បាប់។

កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន សហការ​ជា​មួយ​សមត្ថកិច្ច​គយ​កំពង់ផែ​ព្រះសីហនុ និង​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ចិន​ឆ្លង​ដែន​ថ្មី​មួយ​ទៀត​ចូល​មក​កម្ពុជា។ ការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ម​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នេះ ស្ថិត​នៅ​ចំណុច​វីឡា​ភ្លោះ​លេខ២១ ផ្លូវ​លេខ R03 កែង​ផ្លូវ​លេខ R07 ស្ថិត​ក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ និង​នៅ​ចំណុច​ភោជនីយដ្ឋាន អ៊ីយិនម៉ាថូវ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៩ ខែធ្នូ។

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឧក្រិដ្ឋជន​គ្រឿងញៀន​ជន​ជាតិ​ចិន ៩នាក់ ក្នុង​នោះ​មាន​ម្នាក់​ឈ្មោះ ហ្វាង រុយ ម៉ីង (HUANG RUI MING) ជា​មេ​ខ្លោង និង​បាន​រឹបអូស​គ្រឿងញៀន​ប្រភេទ មេតំហ្វេតាមីន (ICE) ចំនួន ៣៤៧គីឡូ​ក្រាម ជញ្ជីង​ថ្លឹង​គ្រឿងញៀន ២គ្រឿង និង​សម្ភារៈ​វេច​ខ្ចប់​មួយ​ចំនួន​ធំ។ សមត្ថកិច្ច ​ឱ្យ​ដឹង​ថា​ គ្រឿងញៀន​ទាំង​នោះ​ក្រុម​ឈ្មួញ​លាក់​ក្នុង​បំពង់​ដែក ៣៦៧ដើម និង ៦១កញ្ចប់​ធំ បម្រុង​ដឹក​ចេញ​បញ្ជូន​តាម​ផ្លូវ​ទឹក​ទៅ​កាន់​ប្រទេស​ទី៣។

Steel_tubes_contain_drug_in_PP_122421_Police_FB.jpg
​បំពង់​ដែក ៣៦៧ដើម ដែល​ក្រុម​ជនជាតិចិន​លាក់​​គ្រឿងញៀន​​ខាង​ក្នុង និង ៦១កញ្ចប់​ធំ បម្រុង​ដឹក​​បញ្ជូន​តាម​ផ្លូវ​ទឹក​ទៅ​កាន់​ប្រទេស​ទី៣ ហើយ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​បាន​ នៅ​វីឡា​ភ្លោះ​លេខ២១ ផ្លូវ​លេខ R03 កែង​ផ្លូវ​លេខ R07 ​ក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ និង​នៅ​ចំណុច​ភោជនីយដ្ឋាន អ៊ីយិនម៉ាថូវ ​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៩ ខែធ្នូ ឆ្នាំ២០២១។ រូប៖ នគរបាលជាតិ

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ទទួល​បន្ទុក​បង្ក្រាប​បទល្មើស​គ្រឿងញៀន លោក ម៉ក់ ជីតូ បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៣០ ខែ​ធ្នូ​ថា ករណី​បង្ក្រាប​លើក​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច បើក​ការ​ស៊ើប​អង្កេត​ស្រាវជ្រាវ​ជាង ៤ខែ​មក​ហើយ​ដោយ​ទទួល​បាន​ដំណឹង​ពី​អាជ្ញាធរ​ចិន។ លោក​ទទួល​ស្គាល់​ថា​ បទល្មើស​គ្រឿងញៀន​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​យ៉ាង​ច្រើន ប៉ុន្តែ​លោក​អះអាង​ថា​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កំពុង​ធ្វើ​ការ​ជុំវិញ​បញ្ហា​នេះ​ជា​បន្ត​បន្ទាប់។ លោក​ក៏​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ជំនាញ​គ្រប់​លំដាប់​ថ្នាក់ ចាត់​វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ក្នុង​ការ​ចុះ​បង្ក្រាប និង​ស្នើ​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ជូន​សមត្ថកិច្ច៖ « ៤ខែ​ជាង​ទើប​យើង​បង្ក្រាប​បាន ! អ៊ីចឹង​អ្នក​ដែល​រស់នៅ​លើទឹក​ដី​កម្ពុជា​ត្រូវ​តែ​ចូលរួម​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​ទាំង​អស់​គ្នា។ អត់មាន​រដ្ឋមន្ត្រី​ណា​ឆ្លើយ​ដាក់​គ្នា​បាន​ទេ។ ដោយសារ​យើង​ប្រើប្រាស់​ការងារ​ជំនាញ សហប្រតិបត្តិ​ការ​ជា​មួយ​បណ្ដា​ប្រទេស​ជា​មិត្ត​ច្រើន​មាន​ទាំង​ ប្រទេស​អូស្ត្រាលី​អាមេរិក បារាំង ចិន ជប៉ុន វៀតណាម ថៃ ជា​ដើម។ ទើប​យើង​ទទួល​ព័ត៌មាន​បាន​រៀបចំ​បង្ក្រាប​ទាន់​ពេល »

កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជូន​ក្រុម​ឧក្រិដ្ឋជន​ទាំង ៩នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី២៩ ធ្នូ ដើម្បី​សាកសួរ​បន្ថែម និង​ចោទ​ប្រកាន់​ជុំវិញ​រឿង​នេះ និង​បាន​បន្ត​ឃុំ​ខ្លួន​ពួក​គេ​នៅ​ពន្ធនាគារ​ព្រៃ​ស។

ចំណែក​គ្រឿងញៀន​របស់​ក្រុម​ឧក្រិដ្ឋជន​ចិន​វិញ លោក​បាន​បញ្ជាក់​ថា ក្រុម​ឈ្មួញ​បាន​រៀបចំ​ដោយ​ដាក់​បង្កប់​ក្នុង​បំពង់​ដែក ដើម្បី​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម និង​ប្រទេស​អូស្ត្រាលី។ លោក​បន្ថែម​ទៀត​ថា មន្ទីរ​ជំនាញ​កំពុង​ស្រាវជ្រាវ​បន្ត​ស្វែង​រក​អ្នក​ពាក់ព័ន្ធ និង​មេខ្លោង​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP Center) លោក យង់ គិមអេង សង្កេត​ឃើញ​ថា បទល្មើស​គ្រឿងញៀន​កំពុង​កើត​ឡើង​ឥត​ថមថយ ដែល​ធ្វើ​ឱ្យ​កម្ពុជា​មាន​ក្ដី​បារម្ភ និង​ប្រឈម​បញ្ហា​អសន្តិ​សុខ​សង្គម។ លោក​បន្ត​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​ចាត់​វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ គ្រប់គ្រង​ជនជាតិ​ចិន​ឱ្យ​មាន​ប្រសិទ្ធភាព និង​បើក​ការ​ស៊ើបអង្កេត​រក​មេ​ខ្លោង និង​មន្ត្រី​គ្រាក់ៗ ឃុបឃិត​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​មក​ដាក់ទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​ទៅ​តាម​ច្បាប់៖ « យើង​ក៏​ចង់​ឃើញ​សកម្មភាព​អាជ្ញាធរ​ឱ្យ​កាន់​តែ​សកម្ម​ជាង​នេះ​ ដើម្បី​កុំ​ឱ្យ​បញ្ហា​គ្រឿងញៀន​នេះ​ជា​បញ្ហា​ស្មុគស្មាញ​សម្រាប់​យុវជន និង​ប៉ះពាល់​ដល់​សង្គម​កាន់​តែ​ច្រើន។ យើង​ដឹង​ហើយ​ថា បញ្ហា​គ្រឿងញៀន​ ផល​ប៉ះពាល់​ដោយ​សារ​គ្រឿងញៀន​មិន​មាន​ការ​ថមថយ គួរ​ឱ្យ​មាន​ក្ដី​សាទរ​ទេ​ ដោយសារ​តែ​គ្រឿងញៀន​បាន​រាលដាល​ចាប់​តាំង​ពី​ទី​ក្រុង​រហូត​ដល់​ជនបទ »

ក្នុង​រយៈ​ពេល ៩ខែ ឆ្នាំ២០២១ អាជ្ញាធរ​កម្ពុជា​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ ៩.៨២៨នាក់ និង​គ្រឿង​ញៀន​សរុប ១.០៤៩គីឡូ​ក្រាម។ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​នោះ មាន​មនុស្ស ៦.០៤៤នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿងញៀន ហើយ​មនុស្ស ៣.៧៨៤នាក់ រួម​ទាំង​ជន​បរទេស ២១៧នាក់​ទៀត ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿងញៀន។ ថ្មីៗ នេះ អាជ្ញាធរ​បង្ក្រាប​សិប្បកម្ម​ផលិត​គ្រឿងញៀន​ដ៏​ធំ​មួយ​កន្លែង​នៅ​ខេត្ត​កំពង់ស្ពឺ​ដោយ​រឹបអូស​បាន​គ្រឿងញៀន​ប្រមាណ ៨០តោន និង​ឃាត់​ក្រុម​ឧក្រិដ្ឋជន​ជាង ១០នាក់​ភាគ​ច្រើន​ជា​ជនជាតិ​ចិន ហើយ​ក្នុង​នោះ​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​ ដោយ​សារ​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​ជាមួយ​សមត្ថកិច្ច។

កាលពី​ឆ្នាំ២០២០ សមត្ថកិច្ច​កម្ពុជា​បាន​ចាប់ខ្លួន​ជនជាតិ​ចិន ៥២៣នាក់ ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​នៅ​កម្ពុជា។ ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ដែរ សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជន​ជាតិ​ចិន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ភាគ​ច្រើន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ឃាតកម្ម ចាប់​ជំរិត​ទារ​ប្រាក់ អំពើ​ហិង្សា ឆបោក ចោរកម្ម រត់ពន្ធ​ថ្នាំញៀន និង​ការប្រើប្រាស់​អាវុធ​ខុស​ច្បាប់​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។