នាវា​ចម្បាំង​កាណាដា​ចាកចេញ​ពី​កម្ពុជា ក្រោយ​ទស្សនកិច្ច ៤ ថ្ងៃ

នាវា​ចម្បាំង​កាណាដា​បាន​ចាកចេញ​ពី​កម្ពុជា​ហើយ កាល​ពី​ថ្ងៃ​ទី៤ កុម្ភៈ ក្រោយ​បំពេញ​ទស្សនកិច្ច​រយៈ​ពេល ៤ថ្ងៃ។ នាវា​ចម្បាំង​កាណាដា​មួយ​គ្រឿង​នេះ មាន​ឈ្មោះ អេចអឹមស៊ីអេស អូតាវ៉ា (HMCS Ottawa) ផ្ទុក​កង​នាវិក ២៤០ នាក់ និង​បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី១ កុម្ភៈ។

ភាគី​កម្ពុជា​បាន​អះអាង​ថា ទស្សនកិច្ច​របស់​នាវា​ចម្បាំង​កាណាដា​នេះ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ជើងទឹក​នៃ​ប្រទេស​ទាំងពីរ ខណៈ​ភាគី​កាណាដា​វិញ​បាន​គូស​បញ្ជាក់​ថា ទស្សនកិច្ច​នេះ​អនុញ្ញាត​ឱ្យ​កាណាដា​បង្ហាញ​ច្បាស់​នូវ​ការ​ប្ដេជ្ញា​ចិត្ត​លើ​វិស័យ​ការពារ​ជាតិ​ដ៏​យូរ​អង្វែង​ចំពោះ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក និង​ពង្រឹង​តួនាទី​របស់​កាណាដា​ក្នុង​នាម​ជា​ដៃគូ​អន្តរជាតិ​ដ៏​គួរ​ឱ្យ​ទុកចិត្ត។

នាវា​ចម្បាំង​កាណាដា​មួយ​គ្រឿង​នេះ កំពុង​បំពេញ​បេសកកម្ម​លើក​កម្ពស់​សន្តិសុខ ស្ថិរភាព និង​សណ្ដាប់ធ្នាប់​អន្តរជាតិ​ផ្អែក​លើ​ផ្លូវ​ច្បាប់ នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ កាល​ពី​ខែ​មុន នាវា​ចម្បាំង​មួយ​​នេះ​បាន​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​រួម​គ្នា​ជាមួយ​កងទ័ព​ជើងទឹក​សហរដ្ឋអាមេរិក​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង និង​បាន​ចល័ត​ទៅ​ជិត​តំបន់​កោះ​ស្កាបូរ៉ូ (Scarborough shoal) ដែល​ជា​តំបន់​កំពុង​មាន​ភាព​តានតឹង​រវាង​ប្រទេស​ចិន និង​ហ្វីលីពីន។

យ៉ាង​ណា​ក៏​ដោយ​ចុះ ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នាវា​ចម្បាំង​កាណាដា HMCS Ottawa មិន​ត្រូវ​បាន​ភាគី​កម្ពុជា​នាំ​ទៅ​កាន់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​នោះ​ទេ គឺ​ដូចគ្នា​នឹង​នាវា​ចម្បាំង​របស់​​ប្រទេស​លោក​សេរី​ដទៃ​ទៀត​ដែរ។ រយៈពេល​ចុង​ក្រោយ​នេះ មាន​តែ​នាវា​ចម្បាំង​ចិន​ប៉ុណ្ណោះ​ដែល​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឱ្យ​ចូល​ចត​នៅ​កំពង់ផែ​រាម ខណៈ​ចិន​ជា​អ្នក​ជួយ​អភិវឌ្ឍន៍​មូលដ្ឋាន​ទ័ព​រាម ហើយ​កម្ពុជា​រង​ការ​ចោទ​ប្រកាន់​ថា បាន​ចុះ​កិច្ចព្រមព្រៀង​សម្ងាត់​ជាមួយ​ចិន​ក្នុង​ការ​អនុញ្ញាត​ឱ្យ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ឈរ​ជើង​នៅ​ទីនោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។