ប្រជាពលរដ្ឋរស់នៅក្រុងសំពៅពូន ខេត្តកណ្ដាល អះអាងថា បញ្ហាប្រើប្រាស់ និងជួញដូរគ្រឿងញៀនបន្តកើតមានច្រើនជាងមុននៅមូលដ្ឋាន ហើយអាជ្ញាធរហាក់មិនយកចិត្តទុកដាក់ខ្នះខ្នែងបង្ក្រាប និងមានវិធានការលើបញ្ហានេះឡើយ។ អាជ្ញាធរមូលដ្ឋានទទួលស្គាល់ថា មានបញ្ហាប្រើប្រាស់ និងជួញដូរគ្រឿងញៀនក្នុងមូលដ្ឋានពិតមែន តែអាជ្ញាធរក៏បានចុះបង្ក្រាបជាហូរហែមកដែរ។
ពលរដ្ឋរស់នៅសង្កាត់ព្រែកស្ដី ក្នុងក្រុងសំពៅពូន ជាប់ព្រំដែនកម្ពុជា-វៀតណាម អះអាងថា កំពុងព្រួយពីអនាគតកូនចៅជំនាន់ក្រោយរបស់ពួកគាត់ ដោយសារមួយរយៈចុងក្រោយនេះ បញ្ហាប្រើប្រាស់ និងការជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋានបន្តកើតមានច្រើនជាងឆ្នាំមុន។ ពួកគាត់បន្ថែមទៀតថា អាជ្ញាធរហាក់គ្មានវិធានការតឹងរ៉ឹងទៅលើបញ្ហានេះ ផ្ទុយទៅវិញ អាជ្ញាធរមូលដ្ឋាន តែងតែហៅពលរដ្ឋណាថតវីដេអូផ្សព្វផ្សាយតាមបណ្ដាញសង្គម ឬ និយាយប្រាប់អ្នកសារព័ត៌មាន។
លោក ស៊ូ វិជ័យ ឲ្យដឹងថា សព្វថ្ងៃអ្នកជួញដូរគ្រឿងញៀនហាក់គ្មានខ្លាចញញើតសមត្ថកិច្ចនោះទេ អ្នកខ្លះនាំគ្នាជួញដូរតាមចម្ការស្វាយ និងខ្លះទៀត យកទៅលក់នៅក្នុងរោងចក្រកាត់ដេរថែមទៀត។
លោក ស៊ូ វិជ័យ៖ «ឃើញទាល់តែយើងប្ដឹង ឥឡូវយើងដឹងមុខសញ្ញាយើងប្ដឹង ឬមួយកូនចៅយើងទៅជក់ទៅដើរជាមួយវាទៅយើងប្ដឹងទៅបានគេទៅចាប់ ហើយបើយើងអត់ប្ដឹងគេអត់ទៅចាប់ ហើយនរណាហ៊ានចេញមុខប្ដឹងឥឡូវ ម្នាក់ៗមិនហ៊ានចេញមុខប្ដឹងទេជាមួយពួកនោះ ពួកវាពួកសង្គមងងឹតនរណាហ៊ានទៅលេងជាមួយវា»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាពកត់សម្គាល់ឃើញថា យុវជនភាគច្រើនកំពុងរងគ្រោះដោយសារគ្រឿងញៀនកាន់តែច្រើន ពិសេសក្រុមយុវជនដែលបោះបង់ការសិក្សា។
ពលរដ្ឋម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះ៖ «ពេញហ្នឹងនិយាយរួមផ្ទះ បើក្មេងៗខ្ញុំឃើញអ្នកឈប់រៀនហើយវាទៅធ្វើសំណង់ទាំងអស់គ្នា ពួកអ្នកធ្វើសំណង់ធ្វើអីពេញហ្នឹង អាហ្នឹងតែប៉ែកខាងត្បូងខ្ញុំដឹង និយាយរួមខ្ញុំឃើញខ្ញុំទៅដល់ផ្ទះនៅជក់ពេញតែផ្ទះធ្វើម៉ែគេនៅហ្នឹង ហើយខ្ញុំសួរម៉ែគេថាអត់និយាយជាមួយកូនអត់ថាអ្វីទេ?ហឺ!ធ្វើម៉េចបើវាដាច់អត់បាន»។
ទាក់ទិននឹងបញ្ហានេះ មេប៉ុស្តិ៍នគរបាល សង្កាត់ព្រែកស្តី លោក ពុំ ប៊ុនថន ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី១៨ ខែមករាថា លោកទទួលស្គាល់បញ្ហាប្រើប្រាស់ និងការជួញដូរគ្រឿងញៀនកើតមាននៅក្នុងមូលដ្ឋានរបស់លោក ប៉ុន្តែលោកថា អាជ្ញាធរក៏បានប្រឹងប្រែងបង្ក្រាបបានករណីជាច្រើនហើយដែរ។ លោកច្រានចោល ការចោទថា ក្រុមសមត្ថកិច្ចអសកម្មក្នុងការបង្ក្រាប និងមិនចាត់វិធានការទៅលើបញ្ហានេះ។
លោក ពុំ ប៊ុនថន៖ «អ្នកថាចេះតែថាហ្នឹង!តែអ្នកធ្វើនៅតែធ្វើ។ ពីព្រោះករណីគ្រឿងញៀនវានៅក្នុងកន្លែងងងឹត និយាយឱ្យចំទៅ យើងនៅតំបន់នេះវាស្មុគស្មាញណាស់ និយាយទៅវាមិនដែលប្រើប្រាស់ឱ្យយើងឃើញទេ វាទៅតែក្នុងចម្ការស្វាយ ហើយក្នុងចម្ការពោតសុទ្ធតែខ្សែឆក់ខ្សែ គឺអត់ដែលសហការអត់ដែលរាយការណ៍មកយើងផងហ្នឹង បើគាត់រាយការណ៍ពួកខ្ញុំធ្វើតើ រាប់តាំងពីជំនាញនៅអធិការដ្ឋាន ជាមួយនឹងប៉ុស្តិ៍តែងតែសហការគ្នាធ្វើរហូតចាប់បានជាញឹកញាប់»។
រីឯប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង
លើកឡើងថា បញ្ហាគ្រឿងញៀននៅក្នុងសង្គមកម្ពុជា គឺជារឿងដែលគួរឱ្យព្រួយបារម្ភ។ លោកបន្ថែមថា ការរីករាលដាលគ្រឿងញៀនរហូតដល់មូលដ្ឋាន ដោយសារតែរដ្ឋាភិបាលនៅមានចន្លោះខ្វះខាតនូវវិធានការបង្ក្រាប និងការអនុវត្តច្បាប់របស់រដ្ឋាភិបាលនូវមានកម្រិត។
លោក យង់ គិមអេង៖ «ត្រូវតែមានការអនុវត្តច្បាប់ដោយគ្មានការលើកលែងតឹងរ៉ឹង ចំពោះអ្នកជួញដូរ អ្នកចែកចាយ ឈ្មួញជួញដូរគ្រឿងញៀនផ្សេងៗគឺតែដាក់ទោសទាន់ឱ្យបានខ្លាំងក្លាទៅតាមច្បាប់កំណត់មិនត្រូវឱ្យមានការលើកលែង ហើយក្នុងនោះដែរក៏ត្រូវពិនិត្យមើលទៅលើមន្ត្រីអនុវត្តច្បាប់ដែរ»។
តាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្ហាញថា នៅក្នុងមួយឆ្នាំ២០២៤ កម្ពុជាបានរឹបអូសគ្រឿងញៀនខុសច្បាប់ជាង ១០ (១៤,៧)តោន និងបានឃាត់ខ្លួនអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនជិត ២ម៉ឺន ៦ពាន់នាក់ ហើយ ចំនួននេះ គឺមានការកើនឡើងជាង ៣០ភាគរយ (៣០,៥%) បើធៀបនឹងក្នុងឆ្នាំ២០២៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។