ស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញ បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃវិទ្យុអាស៊ីសេរី លោក ម៉ាតធ្យូ ផិននីងថុន (Matthew Pennington) បានជួបលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្នុងកិច្ចប្រជុំនោះ លោក ម៉ាតធ្យូ ផិននឹងថុន បានពិភាក្សាពីលទ្ធភាពនៃការបើកការិយាល័យរបស់វិទ្យុអាស៊ីសេរីឡើងវិញនៅក្នុងទីក្រុងភ្នំពេញក្នុងពេលអនាគត។
លោក ម៉ាតធ្យូ ផិននីងថុន ក៏បានស្នើផងដែរ ឱ្យតុលាការទម្លាក់ចោលនូវបទចោទប្រកាន់ដល់អតីតយកព័ត៌មានអាស៊ីសេរីពីររូប គឺលោក អួន ឈិន និងលោក យាង សុធារិន្ទ ព្រោះការទម្លាក់ចោលនូវបទចោទប្រកាន់ទាំងនេះ នឹងជួយដល់អ្នកសារព័ត៌មានដទៃទៀត រួមទាំងអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ឲ្យមានជំនឿចិត្ត បំពេញការងាររបស់គេដោយសុវត្ថិភាព និងក្នុងបរិយាកាសមួយស្របតាមសេរីភាពសារព័ត៌មាន និងនីតិរដ្ឋ។
កាលពីសប្ដាហ៍មុន ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក ផាទ្រីក ម័រហ្វី (Patrick Murphy) ក៏បានជួបពិភាក្សាជាមួយលោក ខៀវ កាញារីទ្ធ ដើម្បីពិភាក្សាជុំវិញតួនាទីដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅក្នុងសង្គមប្រជាធិបតេយ្យ។ ភាគីទាំងពីរក៏បានពិភាក្សាពីលទ្ធភាពដែលកម្ពុជា និងសហរដ្ឋអាមេរិកអាចធ្វើការរួមគ្នាក្នុងការស្ដារសិទ្ធិសេរីភាពសារព័ត៌មានដ៏ពេញលេញឡើងវិញនៅក្នុងប្រទេសកម្ពុជា។ ក្រោយជំនួបនោះ លោក ផាទ្រីក ម័រហ្វី ក៏បានសម្ដែងក្តីសង្ឃឹមថា ពលរដ្ឋកម្ពុជា នឹងអាចស្តាប់លឺការផ្សាយតាមរយៈវិទ្យុក្នុងស្រុកឡើងវិញ នូវសេចក្ដាំរាយការណ៍ព័ត៌មានជាតិនិងអន្តរជាតិ ពីវិទ្យុអាស៊ីសេរី និងវិទ្យុសហរដ្ឋអាមេរិក (VOA) ក្នុងពេលដ៏ខ្លីខាងមុខនេះ។
វិទ្យុអាស៊ីសេរី បានបង្ខំចិត្តបិទការិយាល័យផ្សាយរបស់ខ្លួនក្នុងក្រុងភ្នំពេញ នៅចុងឆ្នាំ២០១៧ បន្ទាប់ពីអាជ្ញាធរក្រុងភ្នំពេញ បានធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។