សាលា​ក្ដី​ខ្មែរ​ក្រហម​នឹង​ដាក់​ដំណើរ​ការ​ពិព័រណ៍​រូប​ថត មេរៀន​អតីតកាល

សាលា​ក្ដី​ខ្មែរ​ក្រហម​​នឹង​រៀបចំ​កម្ម​វិធី​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ពិព័រណ៍​រូបថត "មេរៀន​អតីតកាល – ដើម​បណ្ដឹង​រដ្ឋប្បវេណី" ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​សំណង "អណ្ដើក​ក្លាហាន" និង​"ប្រព័ន្ធ​ផ្សព្វផ្សាយ​សហគមន៍​អំពី​ប្រជាជន​ចាម​ក្នុង​របប​ខ្មែរ​ក្រហម" ។

ពិធី​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៦ ខែកុម្ភៈ ចាប់​ពី​ម៉ោង៣ និង ៣០នាទី​រសៀល នៅ​អគារ​អនុវត្ត​​មុខងារ​សេសសល់​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ហៅ​ថា អ.វ.ត.ក. ជាប់​របង​ខាង​លិច​នៃ​អគារ​មិត្តភាព​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​។ អ្នក​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ​ រួមមាន ភ្ញៀវ​ជាតិ អន្តរជាតិ ដើម​បណ្ដឹង​រដ្ឋប្បវេណី យុវជន និង​អង្គការ​សង្គម​ស៊ីវិល​សរុប​ប្រមាណ ​៧០នាក់។

សាលា​ក្ដី​ខ្មែរ​ក្រហម​ឱ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី៥ កុម្ភៈ​នេះ​ថា ការ​តាំង​ពិព័រណ៍​នេះ​មិន​មែន​គ្រាន់​តែ​ជា​ការ​ប្រមូលផ្ដុំ​នៃ​រូបភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​សក្ខីភាព​ដ៏​មាន​អំណាច​ដែល​បង្ហាញ​ពី​ភាព​អត់ធ្មត់ ភាព​ក្លាហាន និង​ស្មារតី​ដ៏​រឹងមាំ​របស់​អ្នក​ដែល​បាន​រស់រាន​មាន​ជីវិត​ពី​ការ​ឈឺចាប់​មួយ​នៅ​ក្នុង​សម័យ​ខ្មែរក្រហម។ រូបភាព​ទាំង​នេះ​ពណ៌នា​អំពី​អតីត​កាល ដែល​បាន​កើត​ឡើង​នៅ​ក្នុង​របប​កាប់​សម្លាប់​ និង​ជា​មេរៀន ដែល​​មនុស្ស​គ្រប់​រូប​បាន​ស្វែង​យល់​អំពី​មេ​រៀន និង​រឿងរ៉ាវ​ទាំង​នេះ។ ជាពិសេស​គឺ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​បាន​ដឹង​ពី​បទ​ពិសោធន៍ ដែល​ដើម​បណ្ដឹង​រដ្ឋប្បវេណី​បាន​ឆ្លង​កាត់​ក្នុង​របប​ខ្មែរ​ក្រហម​និង​ដើម្បី​ធានា​ថា​ប្រវត្តិសាស្ត្រ​នឹង​មិន​កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។