សហជីព និងកម្មករឱ្យដឹងថា រោងចក្រខ្លះ មិនទាន់បើកប្រាក់បំណាច់អតីតភាពការងារសម្រាប់ឆ្នាំ២០១៩ ឱ្យកម្មករនៅឡើយទេ។ សហជីពថា នេះជាការមិនអនុវត្តតាមប្រកាសរបស់ក្រសួងការងារ។
សហជីពរកឃើញថា រោងចក្រមួយចំនួន ពុំបានអនុវត្តតាមប្រកាសរបស់ក្រសួងការងារទេ ដោយពួកគេយឺតយ៉ាវ និងពន្យារពេលបើកប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០១៩ ឱ្យកម្មករ។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា លើកឡើងក្នុងហ្វេសប៊ុក (Facebook) ថា ក្រសួងការងារ បានតម្រូវឱ្យម្ចាស់រោងចក្រ ត្រូវបើកជូនកម្មករ នៅក្នុងខែធ្នូនេះ។ ទោះជាយ៉ាងណា លោកថា អ្នកគ្រប់គ្រងរោងចក្រខ្លះ បានលើកទៅបើកប្រាក់ជូនកម្មករ នៅខែមករា ឆ្នាំ២០២០ ចន្លោះពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី២០ ខែមករាវិញ ហើយក៏មានរោងចក្រខ្លះទៀត ពុំទាន់បានកំណត់ថ្ងៃ បើកប្រាក់ជូនកម្មករដែរ។
លោក ប៉ាវ ស៊ីណា បញ្ជាក់ថា កម្មករបានត្អូញត្អែរពីរឿងនេះ ដែលអាចជាចរន្តរុញច្រានទៅជាវិវាទនៅថ្ងៃណាមួយ ប្រសិនបើនិយោជក មិនបានអនុវត្ត តាមប្រកាសរបស់ក្រសួងការងារ ហើយក្រសួងមិនចាត់ឱ្យមន្ត្រីចុះត្រួតពិនិត្យរឿងនេះទេនោះ។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានតម្រូវឱ្យម្ចាស់រោងចក្រ សហគ្រាស បើកប្រាក់បំណាច់អតីតភាពការងារ និងការទូទាត់ប្រាក់ជូនកម្មករពីរដង ក្នុង ១ឆ្នាំ រយៈពេល ៦ខែម្តង គឺបើកជូននៅរៀងរាល់ខែមិថុនាម្ដង និងរៀងរាល់ខែធ្នូម្ដង ជារៀងរាល់ឆ្នាំ។
កម្មករម្នាក់ធ្វើការនៅ រោងចក្រ ប៊ូវឃ័រ (Bowker) នៅស្រុកអង្គស្នួល ខេត្តកណ្ដាល លោក ឡឹក សុភ័គ ប្រាប់ថា រោងចក្រមួយចំនួននៅម្ដុំផ្លូវជាតិលេខ៤ នៅស្រុកអង្គស្នួល បានទូទាត់តួលេខជាលុយរួចហើយ តែមិនទាន់បានបើកជាសាច់ប្រាក់ឱ្យកម្មករនៅឡើយទេ។ លោកថា ខាងភាគីថៅកែ រោងចក្របានសន្យាថា នឹងបើកប្រាក់បំណាច់អតីតភាពការងារទាំងនោះ ឱ្យកម្មករ នៅខែមករា៖ «ខាងម្ដុំៗ ខ្ញុំ គេដាក់តួលេខឱ្យហើយបង។ ពេលដែលបើកពាក់កណ្ដាលតែម្ដង ហើយទាល់តែថ្ងៃ១០ហ្នឹង ( ខែមករា ) បានគេបើកអារំលឹកឱ្យ ទាំងអ្នកពេញសិទ្ធិ ទាំងអ្នកដែលបណ្ដោះអាសន្ន»។
ចំណែក ប្រធានសហព័ន្ធសហជីពស៊ីខៅឌូ លោក គង់ អាទិត្យ ឱ្យដឹងថា រោងចក្រ ដែលមានសហជីពស៊ីខៅឌូប្រចាំការ បានបើកប្រាក់បំណាច់អតីតភាព ឆ្នាំ២០១៩ ឱ្យកម្មករអស់ហើយ។ លោកមិនដឹងថា រោងចក្រណា មិនទាន់បាន បើកប្រាក់អតីតភាព ឱ្យកម្មករទេ ប៉ុន្តែលោកជឿថា រោងចក្រណា ដែលមិនមានសហជីព អាចនឹងមានករណីនេះកើតឡើង៖ «នៅក្នុងសមាជិករបស់ខ្ញុំ អត់មានផង។ អត់មាន ដែលគេអត់បើកឱ្យផង។ តែប្រហែលជាមានរោងចក្រមួយចំនួន ដែលអត់មានសហជីព អត់មានអ្វីអ៊ីចឹង។ គេពន្យារពេល អត់បើក អត់អ្វីអ៊ីចឹងណា។ គេពន្យារពេល ឬក៏រត់អត់រួច។ មិនអត់ទេ»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់រឿងពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានទេ នៅថ្ងៃទី៣០ ធ្នូ ដោយសារ ទូរស័ព្ទរោទ៍គ្មានអ្នកលើក។
កាលពីចុងឆ្នាំ២០១៨ មានកម្មករ ច្រើនរោងចក្របានធ្វើបាតុកម្មជាបន្តបន្ទាប់ ដោយសារថៅកែមិនព្រមទូទាត់ប្រាក់បំណាច់ប្រចាំឆ្នាំឱ្យ។ ដោយឡែកនៅចុងឆ្នាំ២០១៩ នេះវិញ គេឃើញមានកម្មកររោងចក្រ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល សិប្បកម្ម ហុង ស៊ីង និងកម្មករនៅកាស៊ីណូ មួយចំនួន នៅខេត្តព្រះសីហនុ បានធ្វើបាតុកម្មទាមទារប្រាក់បំណាច់អតីតភាពប្រចាំឆ្នាំនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។