អាជ្ញាធរជំនាញរកឃើញ មានទំនិញនិងចំណីអាហារមួយចំនួនខូចគុណភាព និងមានសារធាតុគីមី កំពុងចរាចរលក់ដូរក្នុងពិធីបុណ្យអុំទូក។ សង្គមស៊ីវិលយល់ថា អាជ្ញាធរជំនាញគួរតែអនុវត្តវិធានការបង្ក្រាបអោយបានទូលំទូលាយជាងនេះ និងធ្វើជាប្រចាំមិនមែនធ្វើតែមួយពេលៗឡើយ។ កាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយមន្ត្រីពាណិជ្ជកម្ម និងមន្ត្រី មន្ទីរពិសោធន៍ បានចុះត្រួតពិនិត្យមើលទំនិញនិងចំណីអាហារមួយចំនួនដែលដាក់លក់តាមស្តង់ និងតាមដងផ្លូវ ចាប់ពីផ្សាររាត្រី រហូតដល់មុខបទុមវតី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងព្រះរាជ ពិធីបុណ្យអុំទូកថ្ងៃដំបូង។
អនុប្រធានសាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក តែ អ៊ិនលាង ត្រូវសារព័ត៌មានក្នុងស្រុកដកស្រង់សម្ដីថាក្រុមលោករកឃើញថា ទំនិញនិងចំណីអាហារមួយចំនួន ខូចគុណភាពនិងមានសារធាតុគីមី ហើយត្រូវដកហូតទុកដើម្បីកម្ទេចចោល ដូចជាសាច់ត្រីបបែល និងបបែលងៀតជាដើមមានសារធាតុបូរ៉ាក់។ ក្រុមការងារទាំងនោះ ក៏បានពន្យល់ អ្នកលក់និង ប្រជាពលរដ្ឋអំពីផលប៉ះពាល់ផងដែរ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ការចាត់ វិធានការទៅលើទំនិញនិងចំណីអាហារខូចគុណភាពនេះ មិនគួរអនុវត្តតែនៅក្នុងថ្ងៃបុណ្យអុំទូក ឡើយ ពោលគឺតែអនុវត្តច្បាប់បែបនេះជាប្រចាំនិងទូលំទូលាយ ដូចជានៅតាមទីសាធារណៈ គ្រឹះ ស្ថានអប់រំនិងពិធីបុណ្យ ធំៗ រួមទាំងព្រឹត្តិការណ៍តាំងពិព័រណ៍ជាដើម៖ «វាអាចថា កម្រិតលក់ដូរច្រើន ពិបាកគ្រប់គ្រង ហើយក្នុងនោះដែរ ក៏ពាក់ព័ន្ធជាមួយភាពអសកម្ម របស់អាជ្ញាធរដែរ ដែលគាត់មិនបានត្រួតពិនិត្យអោយបានទូលំទូលាយ ព្រោះគាត់ចុះតែពិនិត្យតែម្តុំៗអ៊ីចឹងទៅ ហើយរកឃើញ។ ចុះបើប្រតិបត្តិការណ៍ទូទាំងប្រទេស គេហៅថា ធ្វើសង្គ្រាមប្រឆាំងផលិតផលហួសសុពលភាព អ៊ីចឹងវានឹងបានផលធំប៉ុណ្ណា»។
លោក សន ជ័យ បន្ថែមថា អាជ្ញាធរគួរតែ ចាត់វិធានការឱ្យបានតឹងរ៉ឹង ដោយស្វែងរកមេខ្លោង ឬក្រុមហ៊ុននាំចូល និងក្រុមហ៊ុនផលិតធំៗក្នុងស្រុក យកមកផ្ដន្ទាទោស ប្រសិនបើរកឃើញថា ពួកគេពិតជាបានធ្វើល្មើសច្បាប់មែននោះ មិនមែនគ្រាន់តែវិធានការត្រឹមតែដកហូត និងធ្វើតែទៅលើអ្នកលក់ដូរតូចៗនោះទេ៖ «បើចង់ចាប់ចោរគេត្រូវរកមេ គេចាប់កូនចៅ ដើម្បីរកតម្រុយនោះទេ ហើយ យើងសម្លឹងមើលពួកធំៗហើយម្យ៉ាងវិញទៀត ជូនកាលពួកចែកចាយបន្តក៏ពួកគាត់រងគ្រោះដែរ ដោយពួកគាត់មិនសូវមានចំណេះដឹង និងដោយសារគាត់ឃើញតម្លៃថោក ទើបគាត់ទិញមកលក់បន្ត»។
លោក សន ជ័យ យល់ថា ទំនិញ និងចំណីអាហារខូចគុណភាពនេះ ភាគច្រើនប៉ះពាល់ខ្លាំងទៅលើ អ្នកក្រ និងកុមារ ដោយសារពួកគេពុំមានចំណេះដឹង និងគ្មានលទ្ធភាពទិញនៅកន្លែងល្អៗ។ ក្នុងពិធី បុណ្យអុំទូកនេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរ តែងតែដើរកម្សាន្ត និងទិញអាហារតាមដងផ្លូវ និងទិញទំនិញតាមស្តង់ ដោយសារមានតម្លៃថោកៗ។
កន្លងមក លោក ហ៊ុន សែន បានបន្ទោសពលរដ្ឋថា មិនចេះមើលបន្លែនិងចំណីអាហារគីមីខ្លួនឯងទេ ហើយបែរជាបន្ទោសតែលើរដ្ឋាភិបាល។ សម្ដីរបស់លោក ហ៊ុន សែន បានបណ្ដាលឲ្យមជ្ឈដ្ឋានទូទៅ ប្រតិកម្មថា លោក ហ៊ុន សែន គ្មានសមត្ថភាពបម្រើពលរដ្ឋ ហើយកំពុងគេចវេះពីការទទួលខុសត្រូវរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។