អាជ្ញាធរ​ខេត្ត​កណ្ដាល​បញ្ជា​ឱ្យ​ឈ្មួញ​ខ្សាច់​នៅ​​ព្រែក​អញ្ចាញ រើ​ចេញ ក្រោយ​ពលរដ្ឋ​តវ៉ា​បិទ​ផ្លូវ

អាជ្ញាធរ​ខេត្ត​កណ្ដាល​បញ្ជា​ឱ្យ​ឈ្មួញ​ខ្សាច់​រើ​ទីតាំង​ចេញ​ពី​ដី​វត្ត​រតនបុប្ផារាម ក្នុង​រយៈពេល ៧​ថ្ងៃ ដោយសារ​ក្រុមហ៊ុន​បាន​រំលោភ​យក​ដី​វត្ត ជិត​១​ឆ្នាំ មក​ហើយ​។ ការ​សម្រេច​នេះ ក្រោយ​ពេល​អ្នក​ឃុំ​ព្រែកអញ្ចាញ​ច្រើន​រយ​នាក់ នាំគ្នា​តវ៉ា​បិទ​ផ្លូវជាតិ​លេខ​៦​អា ជាង​៣​ម៉ោង នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា។

អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ប្រាប់​អាស៊ីសេរី​ថា ការ​សម្រេច​ឱ្យ​ឈ្មួញ​ខ្សាច់​រើចេញ ដោយសារ​អាជ្ញាធរ​រក​ឃើញ​ឯកសារ​ថា គណៈកម្មការ អាចារ្យវត្ត បាន​ជួល​ឱ្យ​ឈ្មួញ​ដី តែ​៣​ឆ្នាំ​ទេ គឺ​បញ្ចប់​ការជួល​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០១៩ តែ​ឈ្មួញ មិន​ព្រម​រើចេញ​និង​ទាមទារ​សុំ​ជួល​ដី​វត្ត​បន្ត ដល់​២០២៩ តែ​អ្នកភូមិ មិន​ឱ្យ​ជួល ព្រោះ​ការ​ដឹក​ខ្សាច់ ធ្វើ​ឱ្យ​ហុយ​ពាសពេញ​វត្ត និង​ប៉ះពាល់​ដល់​អ្នកភូមិ​ក្បែរ​វត្ត៖ « អ៊ីចឹង ខ្ញុំ​បាន​សម្រេច​ហើយ សម្រេច​តាម​អ្វី ជា​ផ្លូវច្បាប់ តាម​អ្វី​ជា​ការ​ជួល ត្រូវ​ឱ្យ​គរុភណ្ឌ​វត្ត​វិញ ឱ្យ​មក​គណៈកម្មការ អាចារ្យ​វិញ ឱ្យ​មក​ព្រះគ្រូ​ចៅអធិការ​វិញ ហើយ​ឱ្យ​អាជ្ញាធរ​យើង​ធ្វើ​លិខិតស្នាម​គ្រប់​បែប​យ៉ាង ទទួលស្គាល់ ប្រគល់​ឱ្យ​ព្រះ​គ្រូ​ចៅអធិការ ទុកជា​សម្បត្តិ​គរុភណ្ឌ​វត្ត​វិញ​។ រឿង​មាន​ប៉ិន​ហ្នឹង​បង ហើយ​អ្វីៗ ឱ្យ​រុះរើ​ជាបន្ទាន់ ក្នុង​រយៈពេល​៧​ថ្ងៃ​។ ធម្មតា​ទេ ឱ្យ​គ្នា​រុះរើ​ឱ្យ​ស្រួល កុំ​ឱ្យ​មានការ​បែកបាក់ ក្ដៅ​ក្រហាយ អ៊ីចឹង​អ៊ី​ចុះ​ទៀត​ណា​បង »

ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ចំណុះជើងវត្ត​រតនបុប្ផារាម ហៅ​វត្ត​ព្រែក​អញ្ចាញ ចំនួន ៦​ភូមិ នៅ​ឃុំ​ព្រែកអញ្ចាញ ច្រើន​រយ​នាក់ បាន​នាំគ្នា​តវ៉ា​បិទ​ផ្លូវ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​ជិត​១១​ថ្ងៃត្រង់ ដើម្បី​ទាមទារ​ដោះស្រាយ​ករណី ឈ្មួញ​ខ្សាច់ មិន​ព្រម​រើចេញ​ពី​ដី​វត្ត​។ អ្នកភូមិ​បារម្ភ​ថា ឈ្មួញ​ខ្សាច់ ដែល​មាន​ដេប៉ូ​ឈ្មោះ ឈឿន ម៉ានី ចង់​រំលោភ​យក​វត្ត​ធ្វើ​កម្មសិទ្ធិ។

អ្នកភូមិ​ព្រែក​អញ្ចាញ និង​ជា​អតីត​កម្មករ​នៅ​ដេប៉ូ​លក់​ខ្សាច់​ឈឿន ម៉ានី ជិត​១០​ឆ្នាំ លោក ឡុញ ភីណា ឱ្យ​ដឹង​ថា ព្រះសង្ឃ និង​ពុទ្ធបរិស័ទ នាំគ្នា​តវ៉ា​ខ្លាំង នៅ​ក្នុង​វត្ត​នៅ​យប់​ថ្ងៃ​ទី​១៨ មិថុនា ហើយ​អាជ្ញាធរ​ឃុំ បាន​ស្នើ​សុំ​កុំ​ឱ្យ​តវ៉ា និង​សន្យា​ដោះស្រាយ​ជូន នៅ​ព្រឹក​ថ្ងៃទី​១៩ មិថុនា ប៉ុន្តែ ដល់​កំណត់​សន្យា​ពលរដ្ឋ​មិន​ឃើញ​អាជ្ញាធរ​ឃុំ​ចុះ​មក​ដោះស្រាយ ទើប​នាំគ្នា​តវ៉ា និង​ឈាន​ដល់​ការ​បិទ​ផ្លូវ​ជាតិ​លេខ​៦​អា ជាង​៣​ម៉ោង។

លោក​បន្ត​ថា ក្នុង​ពេល​តវ៉ា​បិទ​ផ្លូវជាតិ​លេខ​៦​អា សមត្ថកិច្ច​បង្គាប់​ឱ្យ​ពលរដ្ឋ​បំបែក​គ្នា កុំ​បិទ​ផ្លូវ​និង​ព្រមាន​ហៅ​ឡានទឹក មក​បាញ់​ទឹក បំបែក​បើ​មិន​ស្ដាប់ តែ​អ្នកភូមិ​មិន​ខ្លាច និង​បន្ត​បិទ​ផ្លូវ លុះ​ត្រា ប្រកាស​ថា អភិបាលស្រុក​មុខកំពូល និង​អភិបាល​ខេត្ត​កណ្ដាល ចុះ​មក​ដោះស្រាយ​ជូន ទើប​យល់ព្រម​បញ្ឈប់​ការ​តវ៉ា​បិទ​ផ្លូវ និង​នាំគ្នា មក​តវ៉ា​នៅ​ក្នុង​វត្ត​វិញ៖ « ព្រឹក​មិញ គាត់​ (​ ប៉ូលិស​ ) បោះ​ពាក្យ​មួយ​មាត់​ដែរ បើ​នៅតែ​មិន​ស្ដាប់​គាត់​ទៀត គាត់​ទាក់ទង​ទៅ​ខាង​ឡានទឹក ឱ្យ​ទៅ​បាញ់​បំបែកហ្វូង​បាតុករ​ហ្នឹងហើយ​។ តែ​លឺ​បាតុករ​ហ្នឹង និយាយ​ដែរ​។ ហៅ​បាតុករ​ហ្មង​ទៅ ថា អត់​ខ្លាច បើ​បាន​អ៊ីចឹង​មែន​គឺ​ល្អ »

អាស៊ីសេរី មិន​អាច​សុំ​កា​របញ្ជាក់​ពី​ភាគី​ខាង​ឈ្មួញ​ខ្សាច់ ម្ចាស់​ដេប៉ូ ឈ្មោះ ឈឿន ម៉ានី បានទេ នៅ​ថ្ងៃ​ទី​១៩ មិថុនា។

ព្រះ​គ្រូសូត្រស្ដាំ វត្ត​រតន​បុប្ផារាម ព្រះអង្គ ឈឿន ម៉េងឈន់ ប្រាប់​ថា ខាង​វត្ត បាន​ជួល​ដី​វត្ត ឱ្យ​ឈ្មួញ ស្ដុក​ខ្សាច់ ដើម្បី​លក់​បន្ត ចាប់ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៩​ក្នុង​ទំហំ​ទទឹង​៥០​ម៉ែត្រ បណ្ដោយ​១០០​ម៉ែត្រ ក្នុង​តម្លៃ​ឈ្នួល​ដី ១​ឆ្នាំ​៨០០​ដុល្លារ​។ ឯ​ដី​វត្ត មាន​ទំហំ​សរុប​ប្រហែល​ជិត ៤​ហិកតារ លាតសន្ធឹង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​អា ដល់​មាត់​ទន្លេ។

ព្រះអង្គ​បន្ត​ថា ជាង​មួយ​ឆ្នាំ​ផុត​កុងត្រា​មកនេះ ឈ្មួញ​ខ្សាច់ មិន​បាន​ឱ្យ​ថ្លៃឈ្នួល​មក​វត្ត​ទេ ហើយ​បើ​ទោះ​ជា​ឱ្យ ក៏​ខាង​វត្ត​មិន​ទទួល​ដែរ ព្រោះ​វត្ត​ចង់​យក​ដី​មក​ថែរក្សា​ទុក​វិញ​។ តែ​យ៉ាងណា ព្រះអង្គ​សព្វព្រះទ័យ​ចំពោះ​ដំណោះស្រាយ​ក្នុង​ការ​សម្រេច ដក​ដី មក​ប្រគេន​វត្ត​វិញ៖ « ក្នុង​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត​កណ្ដាល ដោយ​តំណាង​នៃ​អភិបាលខេត្ត ញោម គង់ សោភណ្ឌ គឺ​ល្អ។ គាត់​បាន​ដោះស្រាយ​សាច់រឿង​ហ្នឹង​ល្អ​។ ព្រះ​ចៅអធិការ គណៈកម្មការ អាចារ្យ ព្រមទាំង​ពុទ្ធបរិស័ទ​ទាំង​៦​ភូមិ​ហ្នឹង គឺ​គេ​ទទួលយក និង​គាំទ្រ និង​ត្រេកអរ នឹង​ការ​កាត់សេចក្ដី របស់​ញោម អភិបាលខេត្ត ដែល​បាន​កាត់​សេចក្ដី ឱ្យ​ដី​គរុភណ្ឌ​ហ្នឹង មក​ឱ្យ​វត្ត​យើង​វិញ »

ព្រះគ្រូ ឈឿន ម៉េងឈន់ ប្រាប់​ថា ខាង​វត្ត នឹង​យក​ទីតាំង​ដាក់​ខ្សាច់​នោះ មក​ធ្វើជា​កន្លែង​ធ្វើបុណ្យ ឱ្យ​ពុទ្ធបរិស័ទ​ជួបជុំគ្នា លេង​កម្សាន្ត​ពេល​បុណ្យទាន និង​អភិវឌ្ឍន៍ ជា​បូជនីយដ្ឋាន​សាសនា​នៅ​ពេល​ឈ្មួញ​រើចេញ​រួចរាល់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។