ប្រជាពលរដ្ឋរាប់រយនាក់មកពីតាមបណ្ដាខេត្ត-រាជធានីទូទាំងប្រទេស បានលើកគ្នាមកដាក់បណ្ដឹងនៅតុលាការក្រុងភ្នំពេញ រដ្ឋសភា និងក្រសួងយុត្តិធម៌ នៅថ្ងៃទី៨ ឧសភា ដើម្បីឲ្យស្ថាប័នទាំងនេះជួយអន្តរាគមន៍រឿងក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី (EBC) ឆបោកលុយរបស់ពួកគាត់គិតជាសរុបជិត ៥០លានដុល្លារអាមេរិក។ ក្រុមពលរដ្ឋចាត់ទុកករណីនេះ មិនត្រឹមតែជាការឆបោកប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺជាសោកនាដកម្មមួយដែលបានបំផ្លាញក្តីសង្ឃឹមនៃជីវិតរបស់ពួកគាត់ទៀតផង។
ដូចការគ្រោងទុក ពលរដ្ឋមកពីតាមបណ្ដាខេត្ត-ខណ្ឌទូទាំងប្រទេស បានលើកគ្នាមកដាក់ពាក្យបណ្ដឹងនៅសាលាដំបូងរាជធានីភ្នំពេញ ករណីក្រុមហ៊ុន អែមផាយ ប៊ីក ខាភីថល (Empire Big Capital Limited) ហៅកាត់ថា ក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី (EBC) និងអ្នកពាក់ព័ន្ធ បានឆបោកលុយរបស់ពួកគាត់សរុបជាង ៤៦លានដុល្លារអាមេរិក (៤៦.២០៤.៣៥០ដុល្លារ)។
ពលរដ្ឋដែលបានផ្ដិតមេដៃជាភាគីដើមបណ្ដឹងមានចំនួនជាង ៥.៦០០គ្រួសារ (៥.៦៧៤នាក់) តំណាងដោយមនុស្សចំនួន ៥នាក់។ តំណាងពលរដ្ឋបានយកពាក្យបណ្ដឹងមួយច្បាប់ រួមនឹងភស្តុតាងជាច្រើន ដាក់ជូនអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់មកយកទៅដាក់នៅរដ្ឋសភា មុននឹងដាក់ជូនក្រសួងយុត្តិធម៌ នៅពេលរសៀល។
ពាក្យបណ្ដឹងដែលពួកគាត់ដាក់ជូនស្ថាប័នជាតិទាំងបីនេះមានខ្លឹមសារដូចគ្នា គឺប្ដឹងបុគ្គលឈ្មោះ ស៊ាន តាន់ ជនជាតិម៉ាឡេស៊ី ជាប្រធានប្រតិបត្តិការក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី (EBC) បុគ្គលឈ្មោះ ហួត សុវណ្ណ ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ (AIF) និងឈ្មោះ ជិ ហ្គោសាលី ជាប្រធានសមាគមអ្នកប្រឹក្សាយោបល់វិនិយោគ (ICA) អំពីការឆបោក ដោយពលរដ្ឋទាមទារប្រាក់ដើមទុនជាង ៤៦លានដុល្លារនោះត្រឡប់មកវិញ ព្រមទាំងសងសំណងជំងឺចិត្ត ២០លានដុល្លារបន្ថែមទៀត។
តំណាងពលរដ្ឋបញ្ជាក់ថា ការឆបោកនេះធ្វើឡើងតាមមធ្យោបាយទិញហ៊ុនវិនិយោគ ដែលមានតម្លៃ ២ពាន់ដុល្លារក្នុងមួយហ៊ុន។ ក្រុមហ៊ុនបានបញ្ចុះបញ្ចូលពលរដ្ឋថា ពួកគេនឹងផ្តល់ភាគលាភ ១០ភាគរយក្នុងមួយខែ ហើយរយៈពេល ១៨ខែ ក្រុមហ៊ុននឹងសងប្រាក់ដើមទាំងអស់មកឲ្យអ្នកវិនិយោគវិញ ក៏ប៉ុន្តែក្រោយពេលពលរដ្ឋបានដាក់លុយហើយ ក្រុមហ៊ុនស្រាប់តែបានបិទការធ្វើបណ្ដាញទីផ្សារ និងឈប់ទទួលទុនវិនិយោគនៅពាក់កណ្ដាលឆ្នាំ២០១៥ មានន័យថាទាំងប្រាក់ដើម និងទាំងភាគលាភនោះ ប្រជាពលរដ្ឋមិនទទួលបានអ្វីទាំងអស់។
តំណាងពលរដ្ឋមួយរូប គឺលោក សេង ចាន់ទ្រី បញ្ជាក់ថា ចំនួនពលរដ្ឋដែលរងគ្រោះដោយការឆបោកនេះ អាចមានដល់រាប់ម៉ឺននាក់ ហើយទឹកលុយសរុបអាចដល់ ១០០លានដុល្លារឯណោះ ក៏ប៉ុន្តែដោយសារពលរដ្ឋជាច្រើនផ្សេងទៀតរស់នៅទីជនបទ ខ្វះមធ្យោបាយទាក់ទងគ្នា ទើបពួកគាត់មិនបានចូលរួមជាភាគីដើមបណ្ដឹង។ លោកចាត់ទុកករណីនេះមិនមែនត្រឹមជាការឆបោកប៉ុណ្ណោះទេ តែជាសោកនាដកម្មមួយដែលបានបំផ្លាញក្តីសង្ឃឹម និងប៉ះពាល់ដល់អនាគតរបស់ពលរដ្ឋរាប់ម៉ឺននាក់៖ « នេះមិនមែនជារឿងឈឺចាប់ធម្មតាទេ ព្រោះពួកគាត់ជាង ៩០ភាគរយ យកលុយធនាគារ។ អ៊ីចឹងរាល់ថ្ងៃនេះទាំងខ្ញុំ ទាំងពួកគាត់ កំពុងសងលុយធនាគារ។ ពួកគាត់មានទុក្ខលំបាកជាខ្លាំង។ អ៊ីចឹងសូមឲ្យតុលាការ ជាពិសេសរាជរដ្ឋាភិបាលមានសម្ដេច ហ៊ុន សែន ជួយអន្តរាគមន៍ក្នុងកិច្ចការងារហ្នឹង ដើម្បីឲ្យប្រជាជនហ្នឹងអាចទទួលបានការទូទាត់ពីភាគីខាងតំណាងអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ (AIF) សមាគមអ្នកប្រឹក្សាយោបល់វិនិយោគ (ICA) និងក្រុមហ៊ុន អ៊ី . ប៊ី . ស៊ី (EBC)» ។
យោធិនពិការមួយរូបនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលធ្វើដំណើររាប់រយគីឡូម៉ែត្រមកចូលរួមដាក់បណ្ដឹងនៅតុលាការក្រុងភ្នំពេញ គឺលោក មាស ប៊ន ថ្លែងប្រាប់អាស៊ីសេរីដោយអារម្មណ៍ក្តុកក្តួលថា លោកបានចំណាយអស់ថវិកា ៦ម៉ឺនដុល្លារចំពោះការទិញហ៊ុនវិនិយោគ។ ថវិកានេះមួយភាគ បានមកពីទ្រព្យធនដែលលោកប្រឹងសន្សំ និងមួយភាគធំ គឺជាលុយដែលលោកខ្ចីពីធនាគារ ក្នុងក្តីរំពឹងថា នឹងជួយឲ្យជីវភាពរបស់គាត់មានភាពប្រសើរឡើង។ តែផ្ទុយទៅវិញ ការវិនិយោគបែបនេះបានធ្វើឲ្យគាត់បាត់បង់ទ្រព្យសម្បត្តិ ដីធ្លី និងផ្ទះសម្បែង ព្រមទាំងជំពាក់បំណុលគេវ័ណ្ឌកទៅវិញ៖ « សម្រាប់ប្រជាពលរដ្ឋដែលបានដាក់ទុនមកនេះ គឺវេទនាក្រោមសូន្យ បាត់បង់ទាំងលុយ ទាំងកិត្តិយស សូម្បីតែមិត្តភ័ក្ដិដែលយើងធ្លាប់ឲ្យលុយគេចាយ គេមិនមើលមុខយើងផង។ គេឃើញមុខយើង គេគេចមុខទៀត។ យើងធ្លាក់ដល់កម្រិតនេះ ពិបាកមែនទែនទាំងផ្លូវកាយផ្លូវចិត្ត » ។
ពលរដ្ឋរូបនេះបញ្ជាក់ថា មូលហេតុដែលអ្នកស្រុកមោងឫស្សី រាប់ពាន់នាក់ជឿទុកចិត្តក្រុមហ៊ុននេះ គឺដោយសារការធ្វើសិក្ខាសាលា និងការផ្សព្វផ្សាយ ជាពិសេសដោយសារតែក្រុមហ៊ុនត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃ៖ « ដំបូងឡើយ យើងឃើញមានការឃោសនា ហើយយើងឃើញមានច្បាប់ពីក្រសួងមហាផ្ទៃ។ ការចុះអនុស្សរណៈយោគយល់គ្នារវាងអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ (AIF) សមាគមអ្នកប្រឹក្សាយោបល់វិនិយោគ (ICA) និងក្រុមហ៊ុន អ៊ី . ប៊ី . ស៊ី (EBC) ។ ក្រោយមកយើងឃើញអង្គការទាំងនេះ ជាពិសេសលោក ហួត សុវណ្ណ ធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្ដាខេត្ត ជាពិសេសនៅខេត្តបាត់ដំបង សូម្បីតែនៅសាលាខេត្ត ក៏គេមានធ្វើសិក្ខាសាលាដែរ។ កិច្ចការទាំងនេះហើយដែលធ្វើឲ្យពួកយើងមានទំនុកចិត្តលើក្រុមហ៊ុន អ៊ី . ប៊ី . ស៊ី (EBC)» ។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេនៅថ្ងៃទី៨ ឧសភា ដើម្បីសាកសួរអំពីចំណាត់ការរបស់ក្រសួងទៅលើក្រុមហ៊ុន និងអ្នកពាក់ព័ន្ធ ដោយសារទូរស័ព្ទចូលជាច្រើនដង ប៉ុន្តែមិនមានអ្នកទទួល។
ចំណែកអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែងថា ការងារនេះ គឺជាសមត្ថកិច្ចរបស់តុលាការ តែយ៉ាងណា រដ្ឋសភានឹងធ្វើលិខិតទៅស្ថាប័នពាក់ព័ន្ធ ដើម្បីស្នើឲ្យស្ថាប័នទាំងនោះជួយអន្តរាគមន៍ករណីនេះ។
រីឯអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន វិញបញ្ជាក់ថា ក្រសួងយុត្តិធម៌ មិនមានសមត្ថកិច្ចដោះស្រាយវិវាទរវាងពលរដ្ឋ និងក្រុមហ៊ុននោះទេ។ លោកថា អ្វីដែលក្រសួងអាចធ្វើបាន គឺបញ្ជូនពាក្យបណ្ដឹង និងសំណើរបស់ពលរដ្ឋនេះទៅកាន់តុលាការ ដើម្បីអនុវត្តតាមច្បាប់។ ទោះជាយ៉ាងណា លោក ជិន ម៉ាលីន បញ្ជាក់ថា បើសិនជាតុលាការរកឃើញថា ក្រុមហ៊ុនពិតជាបានបោកប្រាស់ពលរដ្ឋមែននោះ ពួកគេនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ បើទោះជាពួកគេត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ក៏ដោយ៖ « នេះជាវិវាទរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ។ អ៊ីចឹងអ្នកដែលមានសមត្ថកិច្ចដោះស្រាយ គឺមានតែតុលាការទេដែលអាចដោះស្រាយដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់។ អ៊ីចឹងអ្វីដែលក្រសួងអាចធ្វើបាន គឺបញ្ជូនសំណើ និងពាក្យបណ្ដឹងនេះទៅកាន់ស្ថាប័នមានសមត្ថកិច្ច » ។
ទាក់ទងនឹងរឿងឆបោកតាមរយៈការទិញហ៊ុនវិនិយោគនេះ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ លោក ង៉ែត ជូ អំពាវនាវឲ្យរដ្ឋាភិបាលលូកដៃចូលអន្តរាគមន៍ជាបន្ទាន់ បើមិនដូច្នោះទេ វានឹងធ្វើឲ្យបាត់ទំនុកចិត្តទាំងទៅលើរដ្ឋាភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុដែលប្រតិបត្តិការអាជីវកម្មដោយត្រឹមត្រូវស្របតាមវិជ្ជាជីវៈ។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលគឺជាអ្នកទទួលស្គាល់សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននេះ ដូច្នេះបើមានភាពមិនប្រក្រតីកើតឡើង រដ្ឋាភិបាលក៏ត្រូវទទួលខុសត្រូវចំពោះការដោះស្រាយបញ្ហានេះដែរ៖ « បើសិនជារដ្ឋាភិបាលមិនបានលូកដៃដោះស្រាយបញ្ហាបានគត់មត់ តឹងរ៉ឹងទេ គឺវានឹងជះឥទ្ធិពលដល់ជំនឿនៅក្នុងវិស័យហិរញ្ញវត្ថុទាំងមូល ព្រោះក្រុមហ៊ុនដែលគាត់ប្រមូលប្រាក់ដែលសន្យាថាឲ្យចំណេញ ១០ភាគរយក្នុងមួយខែហ្នឹង ក៏មានការដឹងឮទទួលស្គាល់ពីរដ្ឋាភិបាលដែរ។ បន្ទាប់មក គឺបាត់ទំនុកចិត្តពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលគេដំណើរការដោយមានលក្ខណៈវិជ្ជាជីវៈសមស្រប ដូចជាធនាគារ និងមីក្រូហិរញ្ញវត្ថុ » ។
អ្នកជំនាញហិរញ្ញវត្ថុរូបនេះ បានណែនាំដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះក្រុមហ៊ុន ឬអាជីវកម្មណាដែលអះអាងថា នឹងផ្តល់ភាគលាភ ឬអត្រាការប្រាក់ ១០ភាគរយក្នុងមួយខែ ពីព្រោះវាជាការបោកប្រាស់សុទ្ធសាធ។ លោកថា ក្រុមហ៊ុនដែលអាចជឿទុកចិត្តបាន ត្រូវមានទីតាំងជាក់លាក់ និងមានអាជ្ញាប័ណ្ណត្រឹមត្រូវពីធនាគារជាតិ ហើយផលប្រយោជន៍ដែលគេអាចផ្តល់ឲ្យបាន គឺប្រមាណ ១០ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។