លោក ហ៊ុន សែន តែងតាំងមេឈ្មួញឈើ លោក ទ្រី ភាព ជាទីប្រឹក្សាផ្ទាល់របស់លោក

0:00 / 0:00

លោក ហ៊ុន សែន ដែល​ទើប​ឡើង​កាន់​ដំណែង​ប្រធាន​ព្រឹទ្ធសភា រយៈ​ពេល​៣​ថ្ងៃ បាន​ប្រកាស​តែង​តាំង មេ​ឈ្មួញ​ល្បីល្បាញ​ខាង​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា គឺ​លោក ទ្រី ភាព ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​ ។ អ្នកការ​ការពារ​ធនធាន​ធម្មជាតិ​ថា ការ​តែងតាំង​បុគ្គល​ណា​ម្នាក់​ធ្វើ​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​ស្ថាប័ន​រដ្ឋ​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់ ​និង​មិន​ត្រូវ​ជាប់​ពាក់ព័ន្ធ​រឿង​អាស្រូវ​ឡើយ។

ឧកញ៉ា ទ្រី ភាព ដែល​ល្បី​ថា ជា​មេ​ដឹកនាំ​បណ្ដាញ​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់ និង​កំពុង​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​នោះ បាន​ក្លាយ​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន និង​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋ​មន្ត្រី។ ការ​តែង​តាំង លោក ទ្រី ភាព នេះ គឺ​លោក ហ៊ុន សែន ស្នើ​សុំ​ដោយ​ខ្លួន​ឯង​ហើយ​ចុះ​ហត្ថលេខា​តែងតាំង​ដោយ​ខ្លួន​ឯង​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ជំនួស​ព្រះមហាក្សត្រ។នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យចុះ​ថ្ងៃ​ទី​០៦ ខែ​មេសា។

ជុំ​វិញ​រឿង​នេះ សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក លី ចាន់ដារ៉ាវុត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​០៦ ខែ​មេសា​ថា លោក​​ព្រួយបារម្ភ​ចំពោះ​ផ្ដល់​តួនាទី​ជា​មន្ត្រី​ជាន់​ខ្ពស់ ដល់​បុគ្គល​ដែល​មាន​ប្រវត្តិ​មិន​ល្អ ជាប់​ពាក់ព័ន្ធ​រឿង​អាស្រូវ ក្នុង​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ ជាពិសេស​ការ​កេង​ប្រវ័ញ្ច​ទ្រព្យសម្បត្តិ​ជាតិ ព្រោះ​ពួកគេ​នឹង​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​ទង្វើ​ទាំង​អស់​នោះ​បន្ថែម​ទៀត​ ។ លោក​បន្ថែម​ថា មេ​ដឹង​នាំ​កំពូល​ៗ​គួរ​តែ​ជ្រើសរើស​ទីប្រឹក្សា​ឬ​តែងតាំង​ជា​មន្ត្រី​ជាន់​ក្នុង​ជួរ​រដ្ឋាភិបាល ត្រូវ​មាន​ឈ្មោះ​ស្អាតស្អំ មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ និង​មិន​ប្រកាន់​បក្ខពួក​និយម ដែល​អាច​មាន​សមត្ថភាព​ធ្វើ​ការងារ​បម្រើ​ជាតិ​ដោយ​ស្មោះត្រង់។

លោក លី ចាន់ដារ៉ាវុត៖ «ព្រោះ​ថា​កន្លង​មក​យើង​ឃើញ​ប្រព័ន្ធ​តែងតាំង​បក្ខពួក​និយម​វា​នាំ​ឲ្យ​វិនាសកម្ម​នៅ​ក្នុង​សង្គម​កម្ពុជា នាំ​ឲ្យ​ប្រជាពលរដ្ឋ​ឈឺចាប់​ហើយ​អ្នក​ដែល​ឡើង​មក​តាម​រយៈ​ខ្សែស្រឡាយ​និង​បក្ខពួក​ជានិច្ចកាល​គាត់​តែងតែ​គិត​ផ្ដោត​ផល​ប្រយោជន៍​របស់​ក្រុម​គ្រួសារ​របស់​គាត់​ឬ​មេ​របស់​គាត់ ជាជាង​ការ​ផ្ដោត​សំខាន់​ទៅលើ​ផល​ប្រយោជន៍​ជាតិ​ឬ​ក៏​ការ​គោរព​ច្បាប់»។

កាល​ពី​ចុង​ឆ្នាំ​២០១៩ក្រសួង​រតនាគារ​ជាតិ​អាមេរិក បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក ឬ​រាំង​ខ្ទប់​ទ្រព្យសម្បត្តិ​របស់ លោក ទ្រី ភាព ព្រមទាំង​ក្រុមហ៊ុន​ដែល​លោក​គ្រប់គ្រង​ចំនួន​១១​ក្រុមហ៊ុន។ក្រសួង​រតនាគារ​ជាតិ​អាមេរិក រក​ឃើញ​ថា លោក ទ្រី ភាព បាន​ប្រើប្រាស់​ខ្សែ​បណ្ដាញ​ដ៏​សម្បើម របស់​លោក​នៅ​កម្ពុជា ដើម្បី​បង្កើត​អាជីវកម្ម​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ ដោយ​បាន​ពឹង​ផ្អែក​ទៅ​លើ​អំពើ​ស៊ុមគ្រលុំ​ជា​មួយ​មន្ត្រី​រដ្ឋាភិបាល និង​ទទួល​បាន​កិច្ច​គាំពារ​ពី​រដ្ឋាភិបាល និង​មន្ត្រី​យោធា ដើម្បី​ដឹក​ជញ្ជូន​ទំនិញ​ខុស​ច្បាប់​របស់​លោក។ លោក ទ្រី ភាព ក៏​បាន​ប្រើប្រាស់​បណ្ដាញ​យោធា ដើម្បី​ឲ្យ​លោក​អាច​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ ហ៊ុប យក​ទៅ​លក់​ឲ្យ​ប្រទេស​វៀតណាម ចិន អឺរ៉ុប និង​រុស្ស៊ី ជាដើម​។

លោក ទ្រី ភាព មាន​ក្រុមហ៊ុន​ចំនួន​២១ ដែល​បាន​ចុះបញ្ជី និង​បង្ហាញ​ជា​សាធារណៈ ចំនួន​១៤​ក្រុមហ៊ុន​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល មាន​ផ្ទៃ​ដី​សរុប​ជាង ៦​ម៉ឺន​ហិកតារ (៦៨.០៨៨) និង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​២ នៅ​អូរយ៉ាដាវ ខេត្ត​រតនគីរី ជាប់​ព្រំដែន​វៀតណាម និង​មួយ​ទៀត​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ជាប់​ព្រំដែន​ថៃ​។

ទាក់​ទិន​រឿង​នេះ​ដែរ នាយក​ប្រតិបត្តិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា(CYN)លោក ហេង គឹមហុង យល់​ឃើញ​ថា ការ​តែងតាំង​នរណា​ម្នាក់​ធ្វើ​ជា​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ត្រូវ​តែ​ពិនិត្យ​លក្ខណៈសម្បត្តិ និង​ប្រវត្តិ​របស់​បុគ្គល​នោះ​ឲ្យ​បាន​ហ្មត់ចត់​ជា​មុន​សិន ដើម្បី​ជៀសវាង​យក​បុគ្គល​មាន​រឿង​អាស្រូវ និង​ប្រវត្តិ​មិន​ល្អ​ធ្វើ​ជា​មន្ត្រី។ លោក​សោកស្ដាយ​ដែល​ស្ថាប័ន​នីតិ​បញ្ញត្តិ​ជ្រើសរើស លោក ទ្រី ភាព ជា​ទីប្រឹក្សា​ប្រធាន​ព្រឹទ្ធសភា ដោយសារ លោក ទ្រី ភាព កន្លង​មក​មាន​ប្រវត្តិ​ជាប់​ពាក់ព័ន្ធ​រកស៊ី​ជួញដូរ​ឈើ​ប្រណិត​ទៅ​ក្រៅ​ប្រទេស។

លោក ហេង គឹមហុង៖ «រដ្ឋាភិបាល​ក្ដី រដ្ឋសភា​ក្ដី ព្រឹទ្ធសភា​ក្ដី ពិចារណា​ឡើង​វិញ​ចំពោះ​ការ​តែងតាំង​មន្ត្រី ដើម្បី​ធានា​ថា​មន្ត្រី​ជាន់​ខ្ពស់​ទាំង​អស់​មិន​ថា​អំណាច​ណា​មួយ​នៃ​អំណាច​ទាំង​បី ពួកគេ​គឺ​ជា​បុគ្គល​ស្អាតស្អំ ហើយ​មាន​គុណសម្បត្តិ​ពិតប្រាកដ​សម្រាប់​ជាតិ​មាតុភូមិ»។

ថ្មីៗនេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទើប​បាន​តែងតាំង​កូន​ប្រុស អ្នកឧកញ៉ា ទ្រី ភាព គឺ​ឧកញ៉ា ទ្រី ដាលុច ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជា​ទីប្រឹក្សា​ លោក ស៊ុន ចាន់ថុល ឧបនាយក​រដ្ឋមន្ត្រី ជា​អនុប្រធាន​ទី​១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស៊ី.ឌី.ស៊ី (CDC)។ ក្រៅ​ពី​នេះ លោក ហ៊ុន ម៉ាណែត ក៏​បាន​តែងតាំង​អតីត​អគ្គសេនាធិការ​រង នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អ្នកស្រី ជា រដ្ឋា ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឧក្រិដ្ឋ​ឱ្យ​ជាប់​គុក​១៨ឆ្នាំ​ករណី​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត លើ​ម្ដាយ​មីង​របស់​អតីត​បវរកញ្ញា ទេសចរណ៍ និង​ជា​តារា​សម្ដែង អ្នកនាង អ៊ិន សុលីដា ជា​ទីប្រឹក្សា​របស់​រដ្ឋាភិបាល​លោក ព្រមទាំង​តែងតាំង​ខ្មាន់​កាំភ្លើង​បាញ់​កម្មករ គឺ​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ជា​អគ្គនាយក​រង​ចំណុះ​ក្រសួងមហាផ្ទៃ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។