លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសនៅចំពោះមុខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃពុធ ទី២១ តុលា ថា លោកនឹងចែកចាយជំនួយឧបត្ថម្ភដែលលោកទទួលបានពីសប្បុរសជនដោយតម្លាភាព និងបានផ្ដាំទៅម្ចាស់អំណោយទាំងអស់កុំឲ្យបារម្ភអំពីរឿងនេះ៖ «ទទួលបានជំនួយហើយជួយដឹកទៅផ្ទះ អរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយ និងមានទឹកចិត្តជួយ ឃើញថា ជំនួយបានដល់ដៃជនរងគ្រោះពិតប្រាកដតាមរយៈខ្ញុំ»។
ការប្រកាសនេះធ្វើឡើងក្នុងពេលលោកចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែតុលា។លោក ហ៊ុន សែន ប្រកាសឲ្យដឹងដែរថា រហូតមកដល់ពេលនេះ ជំនួយដែលលោកទទួលបានគិតជាទឹកប្រាក់មានប្រមាណជិត ៨លានដុល្លារអាមេរិក។
ការប្រកាសពីតម្លាភាព នៃការចែកចាយអំណោយរបស់សប្បុរសជននេះ ក្រោយពីពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅតាមបណ្ដាខេត្តមួយចំនួន បានត្អូញត្អែរពីអាជ្ញាធរផ្ដល់ជំនួយដោយរើសអើង អ្នកគាំទ្របក្សនយោបាយ និងបក្ខពួកគ្រួសារនិយម។ សង្គមស៊ីវិលក៏បានបារម្ភថា លុយរបស់លោក ហ៊ុន សែន ទទួលបានមួយចំនួន គឺបានមកពីបុគ្គលជាប់ពាក់ព័ន្ធនឹងបញ្ហារំលោភសិទ្ធិ និងការកាប់បំផ្លាញព្រៃឈើ។ ពួកគេថា រដ្ឋាភិបាលបើកដៃឲ្យជនទាំងនោះ ប្រព្រឹត្តអំពើល្មើសបន្តទៀត ដោយសារតែពួកគេផ្ដល់លុយជំនួយជួយរដ្ឋាភិបាល ក្នុងពេលមានគ្រោះទឹកជំនន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។